បទអត្ថាធិប្បាយ
គេមិនអាចប្រៀបធៀបស្ថានការណ៍នយោបាយប្រទេសអ៊ុយក្រែន
មកនឹងកម្ពុជាបានទេ!
ដោយៈ
សម សុត្ថា
ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ដោយសារវិបត្តិនយោបាយនៅប្រទេសអ៊ុយក្រែន និងវិបត្តិបូរណភាពទឹកដីនៅតំបន់ក្រាយមៀ
(Crimea) ដែលជាតំបន់រដ្ឋស្វយ័តរបស់អ៊ុយក្រែន។
នៅថ្ងៃទី២២
ខែកុម្ភៈ កន្លងទៅនេះ ក្រុមបក្សប្រឆាំងប្រទេសអ៊ុយក្រែន បានប្រមូលតំណាងរាស្ដ្រលើសពី
២ភាគ៣ បោះឆ្នោតទម្លាក់លោកប្រធានាធិបតី Viktor Yanukovick ពីតំណែង បន្ទាប់ពីរូបលោករត់ចេញពីទីក្រុងគីវ។ ព្រឹត្តិការណ៍នេះ បានញ៉ាំងឲ្យប្រទេសរុស្ស៊ីចាប់ផ្ដើមធ្វើការគាបសង្កត់ដោយប្រើប្រាស់កងកម្លាំងយោធា
ដែលមាននៅទីនោះស្រាប់ នៅទីក្រុងសេវាស្ដូប៉ូល (Seveastopol) ជាកំពង់ផែចំណតនាវាចម្បាំងរបស់រុស្ស៊ីផងដែរ ដែលមានទីតាំងនៅទីនោះ។ កងកម្លាំងទ័ពរុស្ស៊ីនៅក្រាយមៀបានដណ្ដើមយកវិមានរដ្ឋាភិបាល
និងវិមានសភាតំណាងរាស្រ្ដ។ នៅចុងខែកុម្ភៈ សភាក្រាយមៀបានតែងតាំង លោក Sergei
Aksyonov ជានាយករដ្ឋមន្រ្ដី។ រូបលោកនេះឯងបានរៀបចំកម្លាំងប៉ូលិស
និងយោធាថ្មីទាំងអស់។ នៅថ្ងៃទី១៦ ខែមីនា ប្រជាពលរដ្ឋនៅតំបន់ស្វយ័តក្រាយមៀ
បានបោះឆ្នោតប្រជាមតិសម្រេចផ្ដាច់ខ្លួនចេញពីអធិបតេយ្យរបស់អ៊ុយក្រែន ដើម្បីភ្ជាប់តំបន់ស្វយ័តនេះ
ទៅនៅក្រោមអធិបតេយ្យរបស់រុស្ស៊ីវិញ។
រឿងរ៉ាវនៅប្រទេសអ៊ុយក្រែន
និងតំបន់ស្វយ័តក្រាយមៀ បានកញ្ឆក់អារម្មណ៍ពិភពលោកតាមរយៈទំព័រកាសែត
និងទូរទស្សន៍អន្ដរជាតិគ្រប់ទីកន្លែង។ ម្យ៉ាងវិញទៀត
វិបត្តិនេះបានឈានដល់ការប្រឈមមុខគ្នារវាងរុស្ស៊ី ដែលជាមហាអំណាចបរមាណូ
និងជាមហាអំណាចសេដ្ឋកិច្ចនៅលោកខាងកើត និងសហរដ្ឋអាមេរិកដែលជាមេដឹកនាំកម្លាំងយោធាអូតង់
(OTAN ឬ NATO) រួមទាំងការប្រឈមមុខជាមួយសហភាពអឺរ៉ុបផងដែរ។
ដោយទ្បែកនៅកម្ពុជា
បក្សប្រឆាំងតាមរយៈបទវិភាគរបស់ខ្លួន បានភ្ជាប់រឿងរ៉ាវនេះទៅនឹង ប្រធានបទយ៉ាងនេះថា
«តើជម្លោះនៅតំបន់ក្រាយមៀ អាចជាបទពិសោធន៍សម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាឬទេ?
» ។
ឆ្លើយតបទៅនឹងបទវិភាគ
ដែលពុំបានផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ដ យើងយល់ថា បក្សប្រឆាំងមិនបានយល់ច្បាស់អំពីព្រឹតិ្ដការណ៍នយោបាយ
និងភូមិសាស្ដ្រនៃតំបន់នោះ ហើយខិតខំ លើកយកមកប្រៀបធៀបជាមួយព្រឹត្តិការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា។
ក្នុងន័យនេះហើយ ដែលចាំបាច់ឲ្យយើងធ្វើការលើកបង្ហាញ ដើម្បីជៀសវាងការយល់ច្រឡំពីសំណាក់បងប្អូនជនរួមជាតិខ្មែរ
ដែលមានខ្លឹមសារដូចខាងក្រោម៖
ទី១៖
ប្រវត្តិសាស្ដ្របានបង្ហាញថា ភូមិភាគក្រាយមៀ ម្ដងស្ថិតក្រោមអធិបតេយ្យរបស់រុស្ស៊ី
នៅក្រោមសហភាពសូវៀត អស់រយៈពេលជាង ២០០ឆ្នាំមកហើយ។ នៅឆ្នាំ១៩៥៤
គណៈដឹកនាំជាន់ខ្ពស់សូវៀត បានផ្ទេរក្រាយមៀឲ្យស្ថិតនៅក្រោមអធិបតេយ្យរបស់អ៊ុយក្រែន។
ក្រោយមក
នៅឆ្នាំ១៩៩១ បន្ទាប់ពីសហភាពសូវៀតត្រូវបានដួលរលំ ប្រទេសរុស្ស៊ី
សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស បានឯកភាពរៀបចំធ្វើកិច្ចព្រមព្រៀងរួមគ្នាមួយដើម្បីឲ្យប្រទេសអ៊ុយក្រែនទទួលបាននូវឯករាជ្យបរិបូរណ៍
និងឲ្យភូមិភាគក្រាយមៀស្ថិតនៅក្រោមអធិបតេយ្យរបស់អ៊ុយក្រែន។
ទី២៖
ដោយហេតុថា ប្រទេសអ៊ុយក្រែន កាលពីនៅក្រោមអធិបតេយ្យរបស់សហភាពសូវៀតនោះ
ជាសាធារណរដ្ឋមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាជាប្រទេសលេខ៣ ខាងផលិតគ្រាប់បែកបរមាណូ។
ប៉ុន្ដែក្រោយពីសហភាពសូវៀតដួលរលំ មហាអំណាចទាំងអស់មិនចង់ឲ្យមានប្រទេសមួយទៀត
ក្លាយទៅជាមហាអំណាចបរមាណូទី៦ នោះទេ។ ដូចនេះ កិច្ចព្រមព្រៀងឆ្នាំ១៩៩៤ ត្រូវទទួលស្គាល់ឯករាជ្យពេញលេញរបស់អ៊ុយក្រែន
តម្រូវឲ្យប្រទេសអ៊ុយក្រែនបំផ្លាញចោលឲ្យអស់នូវគ្រាប់បែកបរមាណូរបស់ខ្លួនដែលមាន។
បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រទេសអ៊ុយក្រែនបានបញ្ជូនគ្រាប់បែកទាំងអស់
ប្រមាណ ១៩០០គ្រាប់ ប្រគល់ឲ្យប្រទេសរុស្ស៊ីកម្ទេចចោលទាំងស្រុង។
ទី៣៖
បើពិនិត្យអំពីសភាពការណ៍នៃការចាកចេញនៃជនជាតិរុស្ស៊ី តាំងពីដើមមក
ពិសេសជំនាន់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន
ស្ថិតក្រោមអធិបតេយ្យរបស់សហភាពសូវៀតនោះ បានចាកចេញជាច្រើនម៉ឺនសែននាក់ ទៅនៅជ្រកកោនប្រទេសនានា
(ហើយបានក្លាយទៅជាប្រជាពលរដ្ឋយ៉ាងស្របច្បាប់របស់ប្រទេសទាំងនោះ)។ ឧទារហណ៍
បច្ចុប្បន្ននៅប្រទេសអ៊ុយក្រែនមានជនជាតិរុស្ស៊ីចំនួនជាង ៨លាននាក់
ប្រទេសអ៊ីស្រាអែល ១លាននាក់។ល។ ដោយឡែក នៅតំបន់ស្វយ័តក្រាយមៀ មានជាជនជាតិរុស្ស៊ីចំនួនភាគច្រើនដាច់ខាតលើសពី
៥៨% (ឬជាង ១លាននាក់ក្នុងចំណោមតំបន់ក្រាយមៀ ដែលមានប្រជាជនតែ ២លាននាក់ប៉ុណ្ណោះ)
។
ដូច្នេះ
ការរៀបរាប់ខាងលើនេះ បើយកមកឆ្លុះបញ្ចាំងសភាពការណ៍នៅកម្ពុជានោះ
គឺខុសទាំងស្រុងតែម្ដង។
បក្សប្រឆាំងតែងលើកឡើងដោយភ្ជាប់ជនជាតិវៀតណាម
ដែលបានមករស់នៅមួយចំនួននៅកម្ពុជាជាត្រីមុខក្នុងរបរនយោបាយរបស់ខ្លួន។
តាមធាតុពិតនេះ គ្រាន់តែជាលេសរបស់បក្សប្រឆាំងដើម្បីលេងល្បែងនយោបាយប្រជាភិថុតិ
ក្នុងន័យបញ្ឆេះកំហឹងជាតិសាសន៍ ដើម្បីបម្រើឲ្យមហិច្ឆតាស្រេកឃ្លានអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
ព្រោះថា ជនជាតិវៀតណាមដែលរស់នៅកម្ពុជាទាំងនោះ ដែលមានសែស្រឡាយជាវៀតណាម
តែទម្លាប់ ប្រពៃណីរបស់ពួកគេជាពលរដ្ឋខ្មែរទៅហើយ ដូចអនិកជនខ្មែររាប់ម៉ឺនរាប់សែននាក់
ដែលភៀសខ្លួនពីកម្ពុជា តាំងពីឆ្នាំ១៩៧៥ ទៅរស់នៅប្រទេសបារាំង
សហរដ្ឋអាមេរិក អូស្ដ្រាលី កាណាដា។ល។
គេបានក្លាយខ្លួនជាប្រជាពលរដ្ឋរបស់ប្រទេសនោះនោះទៅហើយ។
ក្នុងន័យដែលបក្សប្រឆាំងថា
ខ្លួនភ័យបារម្ភចំពោះជនជាតិវៀតណាមដែលមានសញ្ជាតិខ្មែរ រស់នៅលើទឹកដីកម្ពុជានោះ
គឺជនជាតិវៀតណាមទាំងនោះ មិនអាចលើកគ្នាទាមទារធ្វើប្រជាមតិដូចនៅក្រាយមៀខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជាបានឡើយ។
ម្យ៉ាងវិញទៀតព្រឹត្តិការណ៍នៃការបោះឆ្នោតកន្លងទៅ ដែលបានរៀបចំទ្បើងនៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ នេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋកម្ពុជា ១០០%
បានសម្ដែងឆន្ទៈរៀងៗខ្លួន បោះឆ្នោតសម្រេចជ្រើសរើសតំណាងរបស់ខ្លួន
ដើម្បីការពារសុខមាលភាព និងសុខដុមរមនា ពិសេសសន្ដិភាព និងស្ថេរភាពសង្គម។
នៅក្រាយមៀ ការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅនេះ បានបង្ហាញថា
រដ្ឋបាល តំណាងរាស្ដ្រ និងប្រជាជនរបស់ក្រាយមៀដែលចេញទៅបោះឆ្នោតចំនួន ៨៣% បានសម្ដែងមតិ៩៦,៧%
ដើម្បីភ្ជាប់ខ្លួនទៅនឹងអធិបតេយ្យរបស់រុស្ស៊ី។
ដូច្នេះ
គេត្រូវយល់ថា ដើមចមនៃការបំបែកភូមិភាគក្រាយមៀ គឺមកពីប្រជាជនអ៊ុយក្រែន
និងតំណាងរាស្ដ្រជាង ២ភាគ៣
របស់ប្រទេសអ៊ុយក្រែនបានបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Viktor
Yanukovick ។
នៅឆ្នាំ២០១០
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបានប្រព្រឹត្តិទៅដោយមានកម្លាំងប៉ូលពីរប្រទាញគ្នាគឺ
កម្លាំងប្រជាពលរដ្ឋដែលនិយាយភាសារុស្ស៊ី នៅភូមិភាគខាងកើតគាំទ្រលោក Yanukovick
និងប្រមាណពាក់កណ្ដាលទៀត
នៅភូមិភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដែលនិយាយភាសាអ៊ុយក្រែន និងមានទំនោរទៅសហគមន៍អឺរ៉ុប
ដែលបានបោះឆ្នោតឲ្យលោកស្រី Yulia Tymoshinko ។
លទ្ធផលនៃការបោះឆ្នោតកាលនោះ លោកស្រី Tymoshinko ទទួលបានប្រមាណជាង
៤៩% និងលោក Yanukovick បានប្រមាណជាង ៥០% ប៉ុណ្ណោះ។
គណបក្សរបស់លោក Yanukovick ជាអ្នកនិយមប៉ូលរុស៊្សី ត្រូវការរំពឹងលើសេដ្ឋកិច្ច
នឹងពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី។ រីឯគណបក្សសម្ព័ន្ធរបស់លោកស្រី Tymoshinko
ជាក្រុមដែលនិយមលោកខាងលិច
ហើយខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យប្រទេសអ៊ុយក្រែន ចូលជាសមាជិកក្នុងសហគមន៍អឺរ៉ុប។
ជាសរុប
ការប្រៀបធៀបស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា ទៅនឹងស្ថានភាពនយោបាយ
សេដ្ឋកិច្ច ភូមិសាស្ដ្រ និងប្រវត្តិសាស្ដ្ររបស់ប្រទេសរុស្ស៊ី
និងប្រទេសអ៊ុយក្រែន និងតំបន់ស្វយ័តក្រាយមៀ គឺផ្ទុយស្រឡះ។
យើងយល់ថា
បក្សប្រឆាំងក្ដី អ្នកតាំងខ្លួនជាអ្នកវិភាគឯករាជ្យក្ដី សង្គមស៊ីវិលក្ដី គួរខិតខំស្រាវជ្រាវស្វែងយល់ឲ្យច្បាស់អំពីស្ថានភាពនយោបាយ
ព្រឹត្តិការណ៍ពិត ដែលប្រទេសនានាបានជួបប្រទះ ដូចកាលបក្សប្រឆាំងបានយកបដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់មកប្រៀបធៀបសភាពការណ៍កម្ពុជា
ដើម្បីធ្វើវិទ្ធង្សនា ប្រជាភិថុតិ អុចអាល បំផុសបំផុល បំបះបំបោរសភាពការណ៍ដែលកំពុងស្ងប់ស្ងាត់នៅកម្ពុជាឲ្យផ្ទុះឡើងតែប៉ុណ្ណោះ។
ក្នុងន័យនេះ
ក្នុងឋានៈខ្លួនជាគណបក្សចាញ់ឆ្នោតត្រូវចេះសម្របស្រួលជាមួយគណបក្សឈ្នះឆ្នោត
ជាជាងចំណាយពេលឥតប្រយោជន៍យករឿងរ៉ាវប្រទេសគេ មកប្រៀបធៀបប្រទេស របស់ខ្លួនក្នុងការកេងចំណេញផ្នែកនយោបាយតទៅទៀត៕
No comments:
Post a Comment