បទវិភាគ៖
ទិដ្ឋភាពមួយនៃរបាយការណ៍ប្រចាំឆ្នាំ២០១៣
របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកជូនទៅសភា Congress៖ ការបោះឆ្នោត ថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣
របាយការណ៍ប្រចាំឆ្នាំ២០១៣របស់ក្រសួងការបរទេសអាមេរិកជូនទៅសភា
Congress រាយការណ៍ អំពីគ្រប់បញ្ហាទាំងមូលនៃការអនុវត្តន៍សិទ្ធិមនុស្ស
តាមទស្សនៈរបស់ក្រសួងការបរទេសអាមេរិក នៅក្នុង ប្រទេសនិងទឹកដីនានាជិត២០០ ដែលរួមទាំងកម្ពុជាផងដែរ ដោយផ្អែកលើការរាយការណ៍ពិតជាក់ស្តែងពី
ស្ថានទូត និងស្ថានបេសកកម្មនានានៅបរទេស។
ទាក់ទងនឹងកម្ពុជាសាធារណជនមិនអាចមិនយកចិត្តទុកដាក់អំពីសារៈសំខាន់នៃរបាយការណ៍នេះទេ។
ម៉្យាងវិញទៀត
រាជរដ្ឋាភិបាលកម្ពុជាមានទស្សនៈផ្សេងពីនោះទៅលើបញ្ហាមួយចំនួនដែលត្រូវបាន ពន្យល់ប្រាប់យ៉ាងហ្មត់ចត់នៅក្នុង
«សៀវភៅស» ចេញផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃ ទីស្តីការគណៈរដ្ឋមន្ត្រី
ដែលបានបំភ្លឺអំពីជំហររបស់រាជរដ្ឋាភិបាលទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត
ស្ថានភាពនយោបាយក្រោយការបោះឆ្នោត កលល្បិចដែលប្រើដោយគណបក្សសង្គ្រោះជាតិនៅមុនថ្ងៃបោះ
ឆ្នោត នៅថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត។ កលល្បិចដែលបានបញ្ជាក់ដោយអង្គភាពព័ត៌មាន និង ប្រតិកម្មរហ័សថាត្រូវបានគ្រោង
និងរៀបចំឡើងដោយមានកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទជាមួយអង្គការ NGO មួយចំនួន ជាសម្ព័ន្ធមិត្តរបស់គណបក្សសង្គ្រោះជាតិ
ដែលបានទទួលការគាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និង នយោបាយពីក្រៅប្រទេស។
«សៀវភៅស»ដែលចេញផ្សាយដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ហើយ និង «សៀវភៅស» កន្លងទៅ
ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ហើយដែលបានពន្យល់ និងបំភ្លឺអំពី នីតិវិធីបច្ចេកទេស
និងតាមផ្លូវច្បាប់នៃការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា នោះ
មិនត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះទេ។
ចំណុចសំខាន់មួយទៀតដែលមិនត្រូវមើលរំលងផងដែរគឺថា
របាយការណ៍នេះរាយការណ៍តែនៅក្នុង ឆ្នាំ២០១៣ប៉ុណ្ណោះ។ ក្រោយថ្ងៃទី០១ ខែ មករា
ឆ្នាំ២០១៤ នាដើមឆ្នាំនេះ មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួង ការបរទេសអាមេរិកបានធ្វើទស្សនៈកិច្ចប្រទេសកម្ពុជា
បានជួបជាមួយនឹងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៍បានពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងការទូតល្អ
ដែលផ្អែកលើផលប្រយោជន៍ទៅវិញទៅមករវាង ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ចំពោះជំនួបជាផ្លូវការអ្វីៗទាំងអស់គឺផ្ដុំ
និងផ្ដោតទៅលើបញ្ហា ទំនាក់ទំនងការទូត ទោះបីវាជាបញ្ហាការបោះឆ្នោត ការតវ៉ារបស់កម្មករ
ប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី ប្រព័ន្ធពន្ធ ធនាគារ ការដោះស្រាយនៃការតវ៉ា និងបញ្ហាផ្សេងៗទៀត
ដែលត្រូវបានរៀបរាប់យ៉ាងពេញលេញនិងយ៉ាង ជាក់ស្ដែងនៅក្នុងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះក៍ដោយ។
ការគោរពគ្នាទៅវិញទៅមក រវាងរដ្ឋ និងរដ្ឋាភិបាលអធិបតេយ្យពីរបានរារាំងអាមេរិកមិនឱ្យប្រើពាក្យ
និងឃ្លាឃ្លោង ដែលអាចនាំឱ្យមាន ការបកស្រាយនិងបំផ្លើសពាសវាលពាសកាលមិនសមហេតុផលថាជាការលូកដៃចូលជ្រៀតជ្រែក
កិច្ចការផ្ទៃ ក្នុងរបស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ
សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភរបស់ខ្លួនជាផ្លូវការ ក្នុងជំនួបទាំងនោះ។
រដ្ឋមន្ត្រីការបរទេសលោក
John F. Kerry
នៅក្នុងអារម្ភកថារបស់ខ្លួន បានលើកឡើងអំពីទស្សនៈវិជ្ជា នយោបាយរបស់អាមេរិកដោយនិយាយក្នុងលក្ខណៈដូច្នេះថា៖ «រដ្ឋាភិបាលដែលការពារសិទ្ធិមនុស្ស
និង ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួន គឺទទួលបានសុវត្ថិភាពជាង គឺបានពង្រឹងសន្តិភាព និងសន្តិសុខ
អន្តរជាតិ និងទទួលបានវិបុលភាពរួមជាមួយនឹងប្រទេសប្រជាធិបតេយ្យដែលមានស្ថិរភាពទាំងឡាយនៅជុំវិញ ពិភពលោក។ ប្រទេសដែលខកខានមិនបានលើកស្ទួយសិទ្ធិមនុស្ស អាចប្រឈមមុខនឹងភាពខ្សត់ខ្សោយ
សេដ្ឋកិច្ច និងភាពឯកោឃ្លាតចេញពីអន្តរជាតិ»។ ដឹងថាតើរាជរដ្ឋាភិបាលកម្ពុជាយល់ស្របទៅ នឹងទស្សនៈវិជ្ជានយោបាយរបស់អាមេរិកនេះដែរឬអត់
នោះគឺមិនមែនជាការងាយស្រួលនោះទេ។
ចុះប្រជាជនកម្ពុជាវិញ? ប្រជាជនកម្ពុជាភាគខ្លះ
អាចនឹងយល់ស្របជាមួយនឹងរដ្ឋមន្ត្រីការបរទេស អាមេរិកនេះ ហើយខ្លះទៀតអាចនឹងមិនយល់ស្របជាមួយទេ។
ក្នុងបរិយាកាសធម្មតានៃអវត្តមានការពិភាក្សា បើកចំហរនិងដោយស្ម័គ្រចិត្តស្តីពីនយោបាយនៃរដ្ឋាភិបាលនោះមិនមានអ្វីជាការលើកទឹកចិត្តដល់នរណាម្នាក់
និយាយឱ្យមនុស្សផ្សេងទៀតដឹងអំពីទស្សនៈរបស់ខ្លួននោះទេ។ក៍ប៉ុន្តែនៅមានក្រុមមនុស្សផ្សេងទៀត
ដែល ទទួលបានផលប្រយោជន៍ពីការអនុវត្តរបស់រដ្ឋាភិបាល។
អ្នកទាំងនេះអាចនឹងមិនខ្វល់ខ្វាយពីកិច្ចការនយោបាយ នោះទេ ហើយគេនឹងផ្តោតប្រាជ្ញាស្មារតី
ទៅលើការរកលុយទទួលទានឆ្ងាញ់ រស់នៅសុខស្រួល និងមានពេល វេលាកំសាន្តសប្បាយរីករាយថែមទៀត។
ទាក់ទងនឹងការបោះឆ្នោតចុងក្រោយនេះដែលបានធ្វើឡើងនៅថ្ងៃទី២៨
ខែ កក្កដា ទស្សនៈឥតផ្លាស់ ប្ដូរប្រែប្រួល ដែលបានសម្តែងចេញដោយរដ្ឋាភិបាលអាមេរិក
គឺផ្ទុយគ្នាទាំងស្រុងទៅនឹងទស្សនៈឥតផ្លាស់ប្ដូរ ប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជាផ្អែកទៅលើអ្នកសង្កេតការណ៍ មកពី
«រដ្ឋាភិបាលបរទេសនានា អង្គការអន្តរជាតិនានា គណបក្សនយោបាយនានា» ហើយទស្សនៈរបស់ រដ្ឋាភិបាលអាមេរិកផ្អែកទៅលើ«អ្នកសង្កេតការណ៍របស់NGOsក្នុងស្រុក និងអន្តរជាតិ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានរៀបចំឡើងភ្លាមៗក្រោយពេលដែលប្រកាសអំពីលទ្ធផលបណ្ណោះអាសន្ននោះ
អ្នកសង្កេតការណ៍អន្តរជាតិដែលត្រូវបានអញ្ជើញមកដោយ គ.ជ.ប បានថ្លែងថា ការ បោះឆ្នោតបានត្រូវធ្វើឡើងនៅក្នុងលក្ខណៈប្រកួតប្រជែង
សេរី យុត្តិធម៌ និងប្រកបដោយតម្លាភាព ដោយ មានការចូលរួមពីគណបក្សនយោបាយប្រាំបី
ដែលរួមទាំងគណបក្សសង្គ្រោះជាតិផងដែរ។ អ្នកសង្កេត ការណ៍ទាំងនោះ
ក៏បានអបអរសាទរចំពោះប្រជាជនកម្ពុជាដែលបានទទួលជោគជ័យដ៏ធំធេងក្នុងការបោះ ឆ្នោតថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ ដែលត្រូវបានព័ណ៌នាថាមានលក្ខណៈអហិង្សា រស់ រវើក និងប្រកួត ប្រជែង
ហើយបង្ហាញនូវការគោរពសេរីភាពជាមូលដ្ឋានដ៏ពិតប្រាកដ។
ប៉ុន្តែផ្ទុយទៅវិញ របាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានសរសេរថា៖
«ដំណើរការ បោះឆ្នោតមានបញ្ហាពេញទៅដោយភាពមិនប្រក្រតីផ្សេងៗ»។
របាយការណ៍បន្តទៀតថា «តាមការគណនា របស់រដ្ឋាភិបាលខ្លួនឯងផ្ទាល់
អ្នកមានសិទ្ធិបោះឆ្នោតជាង៩% មិនអាចបោះឆ្នោតបានដោយសារមានបញ្ហា
ជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោត។ នៅពេលដែលបញ្ហានៃអ្នកបោះឆ្នោតដែលត្រូវបានគេដកសិទ្ធិត្រូវបានរក
ឃើញច្បាស់ដោយអង្គការសង្គមស៊ីវិលមួយចំនួននៅមុនការបោះឆ្នោតនោះ
គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត មិនបានចាត់វិធានការកែតម្រូវជាដុំកំភួននោះទេ។
អ្នកសង្កេតការណ៍បានបង្ហាញថាកម្រិតនៃភាព មិនប្រក្រតីនៃការបោះឆ្នោត តម្រូវជាចាំបាច់ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ
ក៍ប៉ុន្តែការស៊ើបអង្កេតពេញ លេញ និងមានតម្លាភាពនោះមិនបានកើតមានឡើងទេ»។
ជម្លោះលើការបោះឆ្នោតរវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ បានបន្តរហូត មកដល់បច្ចុប្បន្ន ទោះបីជាមានការអំពាវនាវដ៍សន្ដោសប្រណី
ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា
ដល់គណបក្សទាំងពីរនេះឱ្យបន្តកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហានៅសេសសល់ និងជម្លោះនានា
ដោយសន្តិវិធីក៏ដោយ។ គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរដ្ឋសភា
នៅពេលរដ្ឋសភាកោះប្រជុំ ដំបូងនៅថ្ងៃទី ២៣ ខែ កញ្ញា។
គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះសម្លេងភាគច្រើននៃអសនៈសភា ១២៣ បានជុំរុញដំណើរការទៅមុខដោយតែងតាំងរដ្ឋាភិបាលនៃរដ្ឋសភាអណត្តិទី៥។
យោងទៅតាម សមាជិករដ្ឋសភាគណបក្សប្រជាជន មិនមានការជាប់គាំង ឧបសគ្គ
និងកាលៈទេសៈមិនប្រក្រតីនោះទេ។ សមាជិករដ្ឋសភាជាប់ឆ្នោត៥៥រូបរបស់គណបក្សសង្គ្រោះជាតិ
បានបដិសេធមិនចូលរដ្ឋសភារហូតមកដល់ ពេលនេះ ហើយបានបន្តទាមទារឱ្យមានការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣
ការបោះឆ្នោតថ្មីមួយមុនឆ្នាំ២០១៨
និងកំណែទម្រង់ការបោះឆ្នោត ដោយមានការចូលរួមពាក់ព័ន្ធទូលំទូលាយ ជាងមុន។ ដោយផ្អែកទៅលើមាត្រានៃរដ្ឋធម្មនុញ្ញ
និងច្បាប់នានា គណបក្សប្រជាជនកម្ពុជា មិនបានផ្លាស់ប្តូរ គោលជំហរទេ ដែលជាការមិនបានបន្សល់
ជម្រើសអ្វីដល់គណបក្សសង្គ្រោះជាតិ ក្រៅតែពីការដឹកនាំធ្វើ បាតុកម្មនៅឯ «ទីលានប្រជាធិបតេយ្យ» និងនៅតាមដងផ្លូវនានា ដើម្បីថ្កោលទោសគណបក្សប្រជាជនកម្ពុជា
គ.ជ.ប និងរាជរដ្ឋាភិបាលកម្ពុជា។
ថ្មីៗនេះ
មានសកម្មភាពនានាដែលឈានទៅរកការចរចាររវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ហាក់បីដូចជាមានការប្រុងប្រយ័ត្នខ្លាំង
ដោយភ័យខ្លាចថា ទង្វើខុសឆ្គងណាមួយអាចមានគ្រោះថ្នាក់ដល់ជីវិតនយោបាយរបស់ខ្លួន
ខណៈដែលគណបក្សប្រជាជន កម្ពុជាហាក់ដូចជាមានអារម្មណ៍ធូរស្រាល និងមានទំនុកចិត្តនិងការជឿជាក់យ៉ាងខ្លាំង។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ
គឺបានធ្វើឡើងជាប្រពៃណីសម្រាប់សភា Congress របស់អាមេរិក ដែលជាអំណាចមួយនៃអំណាចទាំងបីនៃរដ្ឋាភិបាលអាមេរិក
ដែលមានអំណាចពិនិត្យ និងធ្វើ ឱ្យមានតុល្យភាពជាមួយនឹងរដ្ឋបាលអាមេរិក និងតុលាការកំពូល។ របាយការណ៍នេះ នឹងត្រូវបានប្រើប្រាស់ ដោយសភា Congress នេះ «នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តជុំវិញជំនួយផ្នែកសន្តិសុខ ការបរទេស និងជំនួយសេដ្ឋកិច្ច»។ របាយការណ៍នេះនឹងត្រូវបានប្រើប្រាស់ ដោយក្រសួងការបរទេស
និងទីភ្នាក់ងាររដ្ឋា ភិបាលអាមេរិកផ្សេងទៀតក្នុង «ការរចនាគោលនយោបាយការបរទេសអាមេរិក»។ វាក៏នឹងត្រូវបានប្រើប្រាស់ ផងដែរដោយប្រជាពលរដ្ឋអាមេរិក NGOអន្តរជាតិនានា
រដ្ឋាភិបាលបរទេស អ្នកការពារសិទ្ធិមនុស្ស អ្នកច្បាប់ អ្នកសារព័ត៌មាន
អ្នកសិក្សាស្រាវជ្រាវ និងអ្នកផ្សេងៗទៀត «ក្នុងការប្តេជ្ញាចិត្តរបស់ពួកគេ
ដើម្បីលើកកំពស់ សេចក្តីថ្លៃថ្នូររបស់សមុស្សជាតិ»។
ការអានរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនេះ
មិនបានផ្តល់នូវអត្ថន័យមួយនៃភាពចាំ បន្ទាន់ទាក់ទងទៅនឹងស្ថានភាពបច្ចុប្បន្នក្នុងប្រទេសកម្ពុជាទេ
ពីព្រោះទីកន្លែងជាច្រើននៅលើពិភពលោក កំពុងត្រូវបានញាំញីទៅដោយអស្ថិរភាព និងអសន្តិសុខ
ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីអាមេរិក
ភ្លាមៗ។ ដោយឡែករាជរដ្ឋាភិបាលកម្ពុជារីករាយជាមួយនឹងស្ថានភាពបច្ចុប្បន្ន ហើយក៍កំពុងតែប្រឹងប្រែង
ធ្វើការ «កែទម្រង់ដ៏ស៊ីជម្រៅ» តាំងតែពីថ្ងៃដំបូងមក។គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្ស នយោបាយដែលមានសក្ដានុពល និងមានទេពកោសល្យថែមទៀត។
ទោះបីជាទទួលបានប្រជាប្រីយភាពខ្លាំងជាងមុន
និងទទួលបានកំណើនអសនៈក្នុងការបោះឆ្នោត ចុងក្រោយនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣នេះក៏ដោយ ក៏មិនមានការធានាថា គណបក្សសង្គ្រោះជាតិ នឹង មានដំណើរដ៏រលូនទៅមុខដើម្បីសម្រេចបានគោលដៅរបស់ខ្លួននោះទេ
ទោះជាគោលដៅនោះជាអ្វីក៏ដោយ។
ថ្ងៃទី ០៤ ខែ មីនា
ឆ្នាំ២០១៤
សាស្ត្រាចារ្យ
ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ
ភ្នំពេញ កម្ពុជា
pngoeun@puthisastra.edu.kh
No comments:
Post a Comment