នៅក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ឲ្យដឹងថា វៀតណាមចង់ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍ និងរៀបចំផែនការមេ សម្រាប់ការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ឯកឧត្ដម Bui Quang Vinh បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីធ្វើការជាមួយក្រសួងផែនការកម្ពុជា និងចូលរួមប្រជុំលើកទី៥ រវាងរដ្ឋមន្ត្រីក្រសួងផែនការនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងក្រសួងផែនការនៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)។ សម្តេចតេជោបានមានប្រសាសន៍ថា ប្រធានបទនាពេលនេះ គឺការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រគល់តួនាទីនេះ ជូនរដ្ឋមន្ត្រីក្រសួងផែនការនៃប្រទេសទាំងពីរ ធ្វើការរួមគ្នាដើរតួនាំមុខពិភាក្សាឲ្យអស់លើការតភ្ជាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដោយបើកទស្សនៈឲ្យធំទូលំទូលាយ ដើម្បីបើកការតភ្ជាប់នេះឲ្យបានល្អប្រសើរ៕
No comments:
Post a Comment