ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្ដម Chen Fengxiang អនុរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនចូល ជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យមាននូវទំនាក់ទំនង និងផ្លាស់ប្ដូរទស្សនកិច្ចរវាងយុវជន និងយុវជន នៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសម នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម Chen Fengxiang បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីជំនួប រវាងឯកឧត្ដមផ្ទាល់ជាមួយឯកឧត្ដម សាយ ឈុំ ដែលបានពិភាក្សាគ្នាយ៉ាងល្អប្រសើរ ក្នុងការជំរុញការអនុវត្តការងាររួមគ្នា លើអ្វីដែលថ្នាក់ដឹកនាំទាំងពីរបាឯកភាពគ្នាកន្លងមក។
ឯកឧត្តម Chen Fengxiang អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន បានមានប្រសាសន៍ឲ្យដឹងថា កិច្ចពិភាក្សានោះក៏បានផ្ដោតទៅលើការផ្លាស់ប្ដូរបទពិសោធន៍រវាងគណបក្សទាំងពីរ (គណបក្សកុម្មុយនីស្តចិន-គណបក្សប្រជាជនកម្ពុជា) ធ្វើយ៉ាងណាជំរុញឲ្យគណបក្សទាំងពីរ មានការស្និទ្ធស្នាលកាន់តែខ្លាំងឡើង និងពិភាក្សាទៅដល់ការផ្លាស់ប្ដូរព័ត៌មាន និងជំរុញឲ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់ទៀត ជាពិសេសក្នុងស្រទាប់យុវជន។ ឯកឧត្ដម Chen Fengxiang បានមានប្រសាសន៍ថា ភាគីចិនមានសុទិដ្ឋិនិយមចំពោះជោគជ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍ និងកោតសរសើរដល់កិច្ចពិភាក្សានោះ ដោយសម្តេចបានមានប្រសាសន៍ថា ត្រូវជំរុញបន្តកិច្ចសហប្រតិបត្តិការនេះ ជាពិសេសលើអ្វីដែលថ្នាក់ដឹកនាំទាំងពីរបានសម្រេចរួចមកហើយ និងត្រូវជំរុញផងដែរនូវទំនាក់ទំនង និងផ្លាស់ប្ដូរទស្សនកិច្ច រវាងយុវជន និងយុវជន ព្រោះថាយុវជនគឺជាអ្នកស្នងដំណែងនាពេលអនាគត៕
No comments:
Post a Comment