Tuesday, February 04, 2014

ទស្សនៈ តើ​សង្ឃ​ឯករាជ្យ ជា​នរ​ណា និង​មក​ពី​ណា? (ត)

       នៅក្នុងព្រះរាជាណាចក្រកម្ពុជា  ព្រះពុទ្ធសាសនា ធ្លាប់ជាសាសនាដែលមានឥទ្ធិពល​ខ្ពស់​បំផុតដល់កំរិតកំពូល ក្នុងសម័យកាលនៃព្រះបាទជ័យវរ្ម័នទី ៧ នៃចក្រភពខ្មែរ- ជាសម័យកាល​ដែលប្រទេសជាតិនេះមានឯកភាពជាតិយ៉ាងរឹងមាំ។

         ប្រាង្គប្រាសាទមួយចំនួន ដូចជា ប្រាសាទបាយ័ន  ព្រះខ័ន  តាព្រហ្ម  តាសោម បន្ទាយ​ក្តី​។ល។ ត្រូវបានស្ថាបនាឡើង ដើម្បីឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា។ តែជាប្រការគួរ​ឲ្យ​សោក​ស្តាយ​ជាទីបំផុត ដែលក្រោយមក ឥទ្ធិពលរបស់សាសនានេះបាន​ធ្លា​ក់​ចុះ​ជាបន្តបន្ទាប់ រហូតដល់រលាយ​សាបសូន្យតែម្តងក្នុងសម័យកាលដ៏ខ្មៅងងឹតនៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។

         ទើបតែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដែលសាសនា​នេះបាន​ចាប់កំណើតឡើងវិញ មានអត្ថភាព និងរីកចំរើនគួរឲ្យមោទនៈរហូតមកដល់​បច្ចុប្បន្នកាលនេះ។ ឥឡូវនេះ ជាថ្មី​ម្តង​ទៀត សញ្ញានៃការធ្លាក់ចុះ អាប់ឱន និងឈានទៅរកការរលំរលាយម្តងទៀត  ត្រូវបាន​គេ​ឃើញ​កើត​មានឡើងជាបន្តបន្ទាប់។  ប៉ុន្តែម្តងនេះ មិនមែនបណ្តាលមកពីកត្តាខាងក្រៅនោះទេ  គឺវា​ស្តែង​ចេញ​តាមរូបភាពនៃដំណើរច្រេះស៊ីដែក។ រឿងអាស្រូវជាច្រើនបានកើត​មាន​​​ឡើង​​ជាបន្ត​បន្ទាប់​ក្នុង​សង្ឃគណៈ ដោយរំលោបបំពានទៅលើវិន័យសង្ឃដែលព្រះ​ពុទ្ធជា​បរមគ្រូនៃ​យើងបាន​សំដែ​ង និងបញ្ញត្តិទុកមក។ បន្ថែមទៅលើរឿងរ៉ាវអស់​ទាំងនោះ នៅមានបុគ្គលពួកខ្លះ ដែលជា​ក្រុម​ស្វែង​រកផលប្រយោជន៍ពីនយោបាយ និងជ្រកក្រោមផ្លាកព្រះពុទ្ទសាសនា  ថ្មីៗនេះបានពោល​អះអាង​ថា តួនាទីរបស់ព្រះសង្ឃដែលឆាន់បាយប្រជាជន  ត្រូវតែជួយប្រជាជន នៅពេលដែល​ពួកគេ​មាន​ទុក្ខ។ល។ និង ។ល។

         ទោះជាដោយវិធីណាក៏ដោយ? បើនិយាយពីសតិញាណ  គេថ្លែងថាះ  « វាគ្មិនអវិជ្ជា បណ្តោ​យ​​​ឲ្យអារម្មណ៍របស់ខ្លួននិយាយ ហើយពួកគេបានសាងឡើងនូវកំហុសស្ទួនៗ ដែលសឹង​ជា​មូល​ហេតុ​​នៃសេចក្តីទុក្ខ។ វាគ្មិនឈ្លាសវៃ ទុកឲ្យវិចារណញ្ញាណរបស់គេនិយាយ ហើយរស់នៅ
ក្នុង​​​សភាពមួយ សមរម្យ ត្រឹមត្រូវ ប៉ុន្តែដូចជាមិនមែនជីវិតពិតនោះទេ។ វាគ្មិនគតិ​បណ្ឌិត ទុកឲ្យគតិបណ្ឌិតនិយាយ ហើយពួកគេក៏ក្លាយជាផ្នែកមួយនៃ អរិយសច្ចសក​ល »។


       ការចូលប្រឡូកយ៉ាងសកម្មក្នុងហ្វូងបាតុករ ជាមួយនឹងកាយវិការ លោតកញ្ឆេ​ង ច្រងេ​ង​ច្រងាង  ពោលពាក្យអសុរោះ ហិង្សា អា មឹង ទៅលើអ្នកសារព័ត៌មាន និង​​មនុស្ស​ដទៃ​ទៀត​ដែល​មិនគាំទ្រ និង ព្យាយាមទប់ស្កាត់បាតុកម្មហិង្សារបស់ក្រុមដែល​ហៅ​ខ្លួនឯងថាជា « សង្ឃឯករាជ្យ​»​ នោះ ត្រូវបានចោទជាសំនួរថា តើព្រះសម្មាសម្ពុ​ទ្ធ​ជា​អម្ចាស់ ពិតជាបានត្រាស់សំដែង និង​បញ្ញត្តិ​ទុក​មកថា សង្ឃជាសាវករបស់ព្រះអង្គ ហើយដែលត្រូវបានគេចាត់ទុកថាជា ឧត្តមភេទ ជា​ស្រែ​បុណ្យ​ជាសរណបុគ្គល ( បុគ្គលជាទីពឹង ទីរឭក )។ល។ នោះ ហើយដែលឆាន់បាយប្រជា
ជន ត្រូវតែជួយប្រជាជនដែលមានទុក្ខ ដូចអ្វីដែល «សង្ឃឯករាជ្យ» បានធ្វើកន្លងមកហើ​យ​នោះមែនឬ?
 
       ពាក់ព័ន្ធនឹងសំនួរនេះ  ព្រះពុទ្ធជាបរមគ្រូនៃយើង មុនព្រះអង្គយាងចូលព្រះបរិ​និព្វាន ព្រះ​អង្គ​បានមានព្រះរាជបន្ទូលទៅកាន់សាវករបស់ព្រះអង្គដែលកំពុងតែមានទុក្ខ​ក្រៀមក្រំថា៖ «ម្នាល​ភិក្ខុ​​​ទាំងឡាយ អត់ពីតថាគតទៅ ធម៌ឯណាដែលតថាគតបាន​សំដែងហើយ វិន័យឯណា​ដែល​តថាគតបានបញ្ញត្តិទុកហើយ  ធម៌ និងវិន័យ​នោះ ជាគ្រូរបស់អ្នកហើយ...»។ ដោយធម៌ និង​វិន័យ​ទាំងអស់នោះ មាននៅក្នុងគម្ពីរព្រះ​ត្រៃបិដក ទើបបានជាអ្នកប្រាជ្ញ បណ្ឌិត ទាំងឡាយ​តែង​ពោលថា៖ «គម្ពីរព្រះត្រៃបិដក ជាព្រះពុទ្ធសាសនា ឬ ព្រះពុទ្ធសាសនា គឺគម្ពីរព្រះត្រៃបិដក»។

         គម្ពីរព្រះត្រៃបិដកនេះចែកចេញជាបីផ្នែកផ្សេងគ្នាគឺ  ផ្នែកវិន័យបិដក ផ្នែកប្រសូត្រ
ឬសុតន្តបិដក និងផ្នែក អភិធម្មបិដក។

         ដោយឡែក អ្វីដែលមាននៅក្នុងវិន័យបិដកនោះ គឺជាធម៌ ជាវិន័យដែលព្រះពុទ្ធជា​អម្ចាស់ បានត្រាស់សំដែង និងបញ្ញត្តិទុកមកយ៉ាងពិតប្រាកដ មិនមែនសម្រាប់តែព្រះសង្ឃ​ដែលជាភិក្ខុ និងសាមណេរប៉ុណ្ណោះទេ គឺសម្រាប់ពុទ្ធបរិស័ទដែលជាគ្រហ​ស្ថ ​គោរព និងប្រតិបត្តិផងដែរ។​តែគួរឲ្យសោកស្តាយ នៅក្នុងវិន័យបិដកដែលមានទាំង​អស់ ១៣ គម្ពីរក្នុងបណ្តារ ១១០ គម្ពីរនោះ មិនមានឃើញកន្លែងណាមួយដែលព្រះពុទ្ធជាបរមគ្រូបញ្ញត្តិថា សាវកទាំងឡាយរបស់ព្រះអង្គ ដែលជាភិក្ខុ សាមណេរ ត្រូវតែជួយប្រជាជន នៅពេលដែលពួកគេមានទុក្ខ ដូចអ្វីដែលក្រុម
«សង្ឃ​ឯករាជ្យ» បានអះអាង និងកំពុងធ្វើនៅកម្ពុជានោះឡើយ។

         ពិតមែនតែមានការបែងចែក រវាងវិន័យសម្រាប់សង្ឃ និងវិន័យសម្រាប់គ្រហស្ថក៏ដោយ ក៏ពុទ្ធបរិស័ទដែលជាគ្រហស្ថ គួរតែយល់ដឹងអំពីវិន័យសម្រាប់សង្ឃឲ្យបាន​ច្រើនផងដែរ ចៀស​វាង​​ធ្វើការគោរពបូជាទាំងងងឹត ងងល់ ចំពោះសង្ឃ​បង់វិន័យ សង្ឃក្លែងក្លាយ សង្ឃ​ដែល​ជា​ស្រែ​បាប។

         នៅក្នុងព្រះពុទ្ធសាសនា ដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនជីដូនជីតា បុព្វការីជន ដែល​បាក់​បែក​ចែកស្ថានទៅហើយ ឲ្យបានសំរេចផលនោះ កូនចៅត្រូវធ្វើតាមរយៈអ្នកមានសីល ដែលពុទ្ធ
សាសនិកទាំងឡាយតែងតែយល់ថា អ្នកមានសីលនោះ គឺអ្នកបួសហ្នឹងឯងហើយ ហើយ​បើធ្វើ​តាមរយៈ​អ្នកបួសដែលជាសង្ឃបង់វិន័យ និងទ្រុស្តសីលវិញនោះ ទោះជាខំប្រឹង​បរិច្ចាក​ធន​ធាន​ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ ក៏មិនបានបុណ្យកុសលអ្វីមក​ដល់ខ្លួនឡើយ ហើយ​បុណ្យ​កុសលដែលឧទ្ទិសជូនជីដូនជីតា បុព្វការីជន​នោះ ក៏រិតតែមិនបានដល់ថែមទៀតផង។

         ពាក់ព័ន្ធនឹងរឿងព្រះសង្ឃឆាន់បាយប្រជាជន ត្រូវតែជួយប្រជាជននេះទៀត វាពិតជាមិន​ខុសអ្វីទេបើបដិបត្តិឲ្យបានត្រឹមត្រូវតាមព្រះវិន័យដែលជាពុទ្ធបញ្ញត្តិពិតប្រាកនោះ។

         តួនាទីសំខាន់របស់ព្រះសង្ឃនៅក្នុងព្រះសាសនានេះ ដែលព្រះពុទ្ធជាអម្ចាស់​បាន​សំដែង​ទុក​មកគឺ ការព្យាយាមរៀនសូត្រធម៌ វិន័យរបស់ព្រះអង្គ និងផ្សព្វផ្សាយ​ធម៌ វិន័យនោះ​ដល់​ពុទ្ធបរិស័ទដែលជាគ្រហស្ថ ឲ្យបានយល់ជ្រួតជ្រាបពីសីលធម៌​ព្រះពុទ្ធសាសនា ឲ្យស្គាល់បុណ្យ ស្គាល់បាប លះបង់អំពើជាអកុសល ហើយងាកមករកអំពើ​ដែលជាកុសលវិញ។ល។ ដូចពុទ្ធ​ភាសិត​មួយឃ្លាបានចែងថា៖

         ‑ «សព្វបាបស្ស អករណំ    ការមិនធ្វើអំពើ​បាបទាំង​ពួង ដោយកាយ ដោយវាចារ
    
និងដោយចិត្ត ១

       
    ‑កុសលស្សូ បសម្បទា ការញ៉ាំងកុសលឲ្យដល់ព្រមដោយកាយ ដោយ
                                             
                                                 វា​ចា​​​រ និង ដោយចិត្ត ១
         ‑សចិត្តបរិយោ ទបនំ   ការជំរះចិត្តឲ្យបរិសុទ្ធ មិនមានកិលេស ជាគ្រឿង
សៅហ្មង ១

      
     ឥតំ ពុទ្ធានសាសនំ                ពាក្យនេះឯងជាសាសនៈ ពាក្យប្រៀនប្រដៅ នៃព្រះពុទ្ធ
                                             
                      ទាំងឡាយ »។


         នៅក្នុងសម័យពុទ្ធកាល ក៏ដូចជាសម័យបច្ចុប្បន្នកាលនេះដែរ ទំនាស់តែងកើត​មាន​ជា​ធម្មតា ដូចជាទំនាស់ក្នុងគ្រួសារ ក្នុងសង្គម និងរហូតដល់មានទំនាស់រវាង​ប្រទេស និង​ប្រទេស​ថែម​ទៀត​ផង។ ពាក់ព័ន្ធនឹងបញ្ហាទំនាស់នេះ ព្រះពុទ្ធជាម្ចាស់ មិនដែលបដិសេធ​តួនាទី​ជា​អ្នក​សម្របសម្រួល និង​ជួយរកដំណោះស្រាយនោះ​ឡើយ តែវិធីដោះស្រាយរបស់ព្រះអង្គ គឺ​ផ្អែក​លើសច្ចធម៌ និង​អហិង្សា លើការអត់​ឱន និងយោគយល់គ្នា។

         ទន្ទឹមនឹងប្រៀនប្រដៅ និង​ផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យរបស់​ព្រះអង្គ ព្រះពុទ្ធនៅ​បានជួយ​ដោះស្រាយវិវាទជាច្រើនផងដែរ ដូចជា ៖ នាសម័យថ្ងៃមួយ ប្រជារាស្ត្រនៃនគរ «កោលិយៈ»​និងនគរ « សក្យៈ » ដែលជាប្រទេស​ជិតខាង​គ្នាពីរ ស្ថិតនៅជាប់នឹងដងស្ទឹង​ «រោហិណី » មាន​ទំនា​ស់​​​នឹងគ្នាដោយសារតែដណ្តើមទឹកគ្នា ដែលស្ទើរតែរីងស្ងួតអស់ទៅហើយនោះ ដើម្បីស្រោចស្រព​ស្រែរៀងៗខ្លួន។ ក្រោយពីការជេរប្រមាថ និងវាយតប់គ្នាទៅវិញទៅមកព័ត៌​មាន​នេះ​ក៏បាន​លេច​ឮទៅដល់ព្រះរាជានៃប្រទេសទាំងពីរ។ ពេលនោះ ទំនាស់នោះលែងជា​ទំនាស់បញ្ហា​ទឹកធ្វើស្រែ​ទៀត​ហើយ ព្រោះព័ត៌មានដែលព្រះរាជាទទួលបា​ន គឺជាការជេរប្រមាថចំពោះព្រះរាជា ពី​សំណាក់​ប្រជារាស្ត្រនៃប្រទេសទាំងពីរទៅវិញ។​ អធិករណ៍នេះបានឈាន​ដល់ការ​ត្រៀម​កម្លាំង​ទ័ព​រៀងៗខ្លួនដើម្បីធ្វើសង្គ្រាម។
 
       
    បន្ទាប់មក រឿងរ៉ាវខាងលើនេះក៏បានលេចឮទៅដល់ព្រះពុទ្ធជាអម្ចាស់ដែលកំពុង​គង់​សមា​ធិ​​នៅឯក្រុងកបិលវត្ថុ( នគរសក្យៈ ) ។ ព្រះអង្គឈ្វេងយល់ថា បញ្ហានេះធ្ងន់​ធ្ងរណាស់ បើព្រះអង្គ​មិនប្រញាប់ទៅជួយទេ ពួកគេនឹងសម្លាប់គ្នាទៅវិញទៅមកជា​មិនខាន។ ពេលយាងទៅដល់ ព្រះ​អង្គបានគង់ប្រថាប់នៅចន្លោះកងទ័ពទាំងសង្ខាងដែលត្រៀមនឹងប្រយុទ្ធគ្នា។ ខណៈ​នោះ​ព្រះ​អង្គ​​បានត្រាស់សួរទៅព្រះរាជា «សក្យៈ» អំពីមូលហេតុដែ​លបណ្តាលឲ្យមានអធិករណ៍​នេះ​កើត​ឡើង​។

         ទាំងព្រះ​រាជា ទាំងមហាមន្ត្រីក្នុងព្រះរាជវាំង សុទ្ធតែមិនបានដឹង​ពីមូលហេតុ​ពិត​នៃ​ជំ​លោះ​នោះ​ទាំងអស់។ ទីបញ្ចប់មានតែពលករនៃប្រទេសទាំងពីរប៉ុណ្ណោះដែលទូលថ្វាយការ​ពិត ថា​ទំនា​ស់នេះកើតចេញពីការដណ្តើមទឹកគ្នាធ្វើស្រែប៉ុណ្ណោះ។ បន្ទាប់មកព្រះពុទ្ធ​បានត្រាស់​សួរទៅ​ព្រះរាជា «សក្យៈ» ថា តើទឹកនោះថ្លៃប៉ុន្មាន? ព្រះរាជាឆ្លើយតប​ថា ទឹកនោះមានតម្លៃ​តិចតួច​ណាស់។ ព្រះពុទ្ធបានសួរទៀតថា បពិត្រព្រះមហារាជ ចុះមនុស្សទាំងឡាយរបស់ព្រះអង្គ មាន​តម្លៃប៉ុន្មានដែរ? បពិត្រព្រះអង្គ មនុស្សទាំងអស់​នោះ​មានតម្លៃកាត់ថ្លៃមិនបានទេ។ ទីបញ្ចប់ ព្រះពុទ្ធជាអម្ចាស់បានជួយបំបែកអធិករណ៍នោះបានដោយជោគជ័យ។

         អធិករណ៍ខាងលើនេះ បើព្រះអង្គយាងទៅមិនទាន់​ពេលទេនោះ ស្ទឹង ​« រោហិណី »​ នឹង​ក្លាយ​​ជាស្ទឹងឈាមបាត់ទៅហើយ។ បន្ទាប់មក ព្រះអង្គក៏បានណែនាំឲ្យប្រជារាស្ត្រ​នៃប្រទេស​ទាំងពីរ រស់នៅដោយសុខសាន្តជាមួយគ្នា លះបង់នូវគំនុំសងសឹកនឹងគ្នាទៅថ្ងៃក្រោយ។

         រឿងដែលបានដកស្រង់មកជាគតិខាងលើនេះ សមល្មមនឹងពុទ្ធបរិស័ទដែលជាសង្ឃ​​សា​វក​ពិតប្រាកដ និងពុទ្ធបរិស័ទដែលជាគ្រហស្ថ អាចយល់បាន និងប្រតិបត្តិតាម​​បាន ដោយ​លះ​បង់​នូវហិង្សាទាំងបីគឺ : ហិង្សាដោយគំនិត  ហិង្សាដោយពាក្យសំដី  និងហិង្សាដោយកាយ  ( វៀរ​ប្រ​ព្រឹត្ត​​ខុសក្នុងកាយកម្ម  វចីកម្ម មនោកម្ម ) ដោយនាំគ្នាងាកមក​រកគម្ពីរព្រះត្រៃ​បិដកដែល​ជា​ព្រះពុទ្ធ​បរមគ្រូនៃយើង។

         ព្រះពុទ្ធបានប្រៀនប្រដៅ ធម៌អហិង្សា ធម៌ខន្តិ និង សច្ចធម៌ ដែលសុទ្ធតែ​ជាធម៌​នាំផ្លូវ​មនុស្សទៅរកសន្តិភាព។ 

         ទង្វើផ្ទុយពីនេះ មនុស្សជាតិពិតជាមិន​អាចឃើញនូវពន្លឺ​សន្តិភាពបាន​ឡើយ។
          « ធម្មោ ហវេ រក្ខតិ ធម្មចារី » - ធម៌ រមែងរក្សានូវអ្នកដែលប្រព្រឹត្តធម៌ ៕


អត្ថបទ៖ សុខ - សាធ

អ្នកនិពន្ធសៀវភៅ 'កំណប់សីលធម៌' និង'កំរងអភិសមាចារ'

No comments:

Post a Comment