Monday, January 06, 2014

ទស្សនៈ តើ​សង្ឃ​ឯក​រាជ្យ​ ជា​នរណា និង​មកពីណា?



យោងមាត្រា៤៣នៃច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាត្រូវបាន​ទទួលស្គាល់​​ថាជា“​សាសនារបស់រដ្ឋ។ ដោយមានការទទួលស្គាល់ខាងផ្លូវច្បាប់ដូចនេះ និងដោយមានការគោរពបូជាពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដ៏​​ច្រើនលើសលុបថែមទៀតផងនោះគេសង្កេតឃើញថា មានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សខាងវិស័យព្រះពុទ្ធសាសនា​​គួរជាទីមោទនៈទាំងខាងបរិមាណវត្តអារាម និងចំនួនព្រះសង្ឃដែលជាភិក្ខុសាមណេរផងដែរ។ ប៉ុន្តែ​ទន្ទឹមនឹងការរីកចម្រើនខាងបរិមាណខាងលើនេះ គេសង្កេតឃើញផងដែរនូវការធ្លាក់ចុះគួរឲ្យព្រួយ​បារម្ភផ្នែកខាងគុណភាពគឺសីលធម៌ព្រះពុទ្ធសាសនានេះតែម្ដង។ពាក់ព័ន្ធបញ្ហា​នេះមាននិន្នាការ​ថ្មីមួយដែលមានចរិតជឿលឿនប្រាសចាកពីច្បាប់ ឬវិន័យរបស់សាសនា​​គួរឲ្យកត់សម្គាល់។ជាក់ស្ដែងចាប់ពីការរៀបចំការបោះឆ្នោតអាណត្តិទី៣នៃ រដ្ឋសភាឆ្នាំ២០០៣មក គេឃើញ​មានបញ្ហា​​ចម្រូងចម្រាស់ជាច្រើនជុំវិញសិទ្ធិបោះឆ្នោតរបស់ព្រះសង្ឃ​ព្រះពុទ្ធសា​សនា ជាពិសេស មុនពេលក្នុងពេលនិងក្រោយពេលបោះឆ្នោតសកលម្តងៗ។

ក្នុងករណីនេះគេសង្កេតឃើញថា ទាំងព្រះមហាក្សត្រ ទាំប្រមុខរាជរដ្ឋាភិបាលជាពិសេសទាំង សម្ដេច​​អគ្គមហាសង្ឃ រាជាធិបតីដែលជាប្រមុខទទួលខុសត្រូវក្នុងវិស័យសាសនាក៏មិនហ៊ានជំទាស់ទៅនឹងសិទ្ធិខាងលើនេះដែរ ដែលខ្មែរជឿនលឿនក្រុមខ្លះបានអះអាងថា ព្រះសង្ឃក៏ជាពលរដ្ឋខ្មែរ ដែលត្រូវតែមានសិទ្ធិដូចប្រជាពលរដ្ឋខ្មែរដទៃទៀតក្នុងការបោះឆ្នោត។ ទន្ទឹមនឹងនេះ គេក៏សង្កេតឃើញផងដែរថា ក្រៅពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលព្យាយាមជួយសម្រួលដល់ការចុះឈ្មោះ និងការចូលរួមបោះឆ្នោតរបស់ព្រះសង្ឃនោះ នៅមាន​​អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយខ្លះ ចេញមុខជួយធ្វើអន្ដរាគមន៍ដោយចំហថែមទៀតផង។ដូច្នេះនិន្នាការនេះហាក់ដូចជាបាននិងកំពុងទទួលការគាំទ្រយ៉ាងទូលំ​​ទូលាយពីសំណាក់អ្នកនយោបាយខ្លះ និងមជ្ឈដ្ឋានសង្គមស៊ីវិលខ្លះដែលកំពុងចូលប្រឡូកយ៉ាងសកម្មក្នុងនយោបាយខ្មែរបច្ចុប្បន្ននេះ ព្រោះគេសំអាងតែម្យ៉ាងទៅលើសិទ្ធិរបស់ព្រះសង្ឃ ក្នុង​នាមជាប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ គឺគេមិនរវល់អើពើទៅ នឹងច្បាប់ព្រះពុទ្ធសាសនាព្រះធម៌ ព្រះវិន័យសម្រាប់សង្ឃ​​ដែលជាភិក្ខុនិងសាមណេរគោរពប្រតិបត្តិនោះផងទេ។ នៅក្នុងព្រះពុទ្ធសាសនាព្រះសង្ឃត្រូវបានគេចាត់ថា ជាស្រែបុណ្យ ជាឧត្តមភេទជាបុគ្គលជាទីសក្ការៈជាសរណៈបុគ្គលដែលសូម្បីតែស្ដេចផែនដី និងបុគ្គលជាឪពុក ម្ដាយ​បង្កើត​របស់​ព្រះសង្ឃ និងពុទ្ធសាសនិកដែល​​ជាគ្រហស្ថដទៃទៀតក៏ក្រាបសំពះថ្វាយបង្គំបុគ្គលដែលជាបុព្វជិត (អ្នកបួស) ដូចជាក្រាបសំពះនិងថ្វាយបង្គំព្រះពុទ្ធជាអង្គម្ចាស់ដូច្នោះដែរ។

បន្ទាប់ពីសិទ្ធិបោះឆ្នោតពីឆ្នាំ២០០៣មកព្រះសង្ឃទទួលបានសិទ្ធិជាបន្ដបន្ទាប់មួយទៀត គឺសិទ្ធិធ្វើបាតុកម្មដែលនៅឆ្នាំ២០០៨ មានមហាបាតុកម្មសង្ឃមួយ​​នៅកណ្ដាលទីក្រុងភ្នំពេញដែល​​​​គេប្រសិទ្ធិនាមថា ជា​“ធម្មយាត្រាខណៈដែលសង្ឃជាបាតុករកាន់បដាសរសេរថាសម​ណ​​​និសិ្សត​ទាមទារលទ្ធិប្រជាធិបតេយ្យ​”ជាដើម។ និយាយយោងទៅលើច្បាប់​​រដ្ឋធម្មនុញ្ញដែលថាព្រះសង្ឃជាពលរដ្ឋខ្មែរ​​មួយរូបត្រូវតែមានសិទ្ធិបោះឆ្នោត បន្ទាប់មកមានសិទ្ធិធ្វើបាតុកម្មផងដែរនោះ គឺសិទ្ធិនេះពិតជាមិនចប់ត្រឹមហ្នឹងឡើយ ព្រោះថាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុលើសពី១៨ឆ្នាំ ក៏អាចមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យផងដែរ ហើយបន្ទាប់មកទៀត ក៏​ត្រូវ​​​មានសិទ្ធិទៅអង្គុយក្នុងរដ្ឋសភា ជាតំណាងរបស់ប្រជាពលរដ្ឋក្នុងមណ្ឌលណាមួយ របស់គណ​បក្សនយោបាយណាមួយថែមទៀត។ លើសពីនេះទៀត ព្រះសង្ឃដែលជាប់ឆ្នោតក៏អាចឡើង​ដឹកនាំប្រទេសជាតិ ក្នុងតួនាទីជានាយករដ្ឋមន្ដ្រីថែមទៀតផង។ ដូច្នេះវាគ្មានហេតុផលអ្វីចាំបាច់បែង​ចែកឲ្យមានជានយោបាយនិងសាសនាជាព្រះសង្ឃ និងគ្រហស្ថ ជាពុទ្ធចក្រ និងអាណា​ចក្រ​​នោះឡើយ។

ឥឡូវនេះទៀត គេបានបង្កើតនូវអ្វីដែលហៅថា ក្រុមអ្នកវិភាគនយោបាយឯករាជ្យ ក្រុម​អ្នករាយការណ៍ឯករាជ្យ និងក្រុមសង្ឃឯករាជ្យ..។ ដោយឡែកក្រុមសង្ឃឯករាជ្យនៅក្នុងព្រះពុទ្ធសាសនានេះ ស្មើ​នឹងចលនាបដិវត្តមួយកំពុងព្យាយាមកំទេចនូវក្បួនគម្ពីចាស់ដែលជាធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូបានត្រាស់សម្ដែង និងបានបញ្ញត្តិទុកមករាប់ពាន់ឆ្នាំមកហើយ ហើយបង្កើតនូវទ្រឹស្ដីថ្មី ប្រតិកិរិយាមកជំនួសវិញ។ ម្យ៉ាងទៀតនិយាយតាមការមើលឃើញ​ជាក់ស្ដែង ចលនានេះកំពុងតែព្យាយាមធ្វើការបំបែកសង្ឃគណៈ នៅក្នុងព្រះពុទ្ធសាសនា​ខ្មែរ។ ទង្វើបែបនេះ ត្រូវបានចាត់ចូលទៅក្នុងអំពើកម្មជាអកុសល​​ដែលត្រូវទទួល​​ផលយ៉ាងធ្ងន់ធ្ងរបំផុត លើសអំពីអកុសលកម្មដទៃទៀត ដែលព្រះពុទ្ធបានសម្ដែងថា ជា​“អនន្ដរិយកម្មជាកម្មដែលច្រានបុគ្គល​ដែលប្រព្រឹត្តទម្លាក់ចុះទៅក្នុងរណ្ដៅនរកអវចី​ដូចជាទេវទត្តក្នុងសម័យពុទ្ធកាលដូច្នោះ​ដែរ​។ លើសពីនេះទៀត វាជាចលនានាំទៅរកការបំផ្លិចបំផ្លាញព្រះពុទ្ធសាសនាឲ្យវិនាស​អន្តរាយដែលអាចប្រៀបបានទៅនឹងច្រេះស៊ីដែកដូច្នោះដែរ។ មុនព្រះអង្គយាងចូលព្រះបរិនិព្វាន ព្រះពុទ្ធជាម្ចាស់បានផ្ដាំផ្ញើសាសនារបស់ព្រះអង្គនឹបុគ្គលបួនពួក គឺភក្ខុ ភក្ខុនី ឧបាសក និងឧបាសិកា។ ក្នុងន័យនេះ ព្រះពុទ្ធសាសនា អាចគង់វង្ស​​ រីកចម្រើនវិនាសអន្ដរាយទៅបានគឺអាស្រ័យលើបុគ្គលទាំងបួនពួកនេះហើយ។ មិនមែនព្រោះតែការហូរចូលមកនៃបណ្ដា សាសនាដទៃដែលជាពាហិរៈសាសនា(សាសនាដទៃ)នោះទេ ឬដោយសារការគាបសង្កត់ខាងនយោបាយដូចដែលគេធ្លាប់បានចោទមកលើរដ្ឋាភិបាលកាលពីទសវត្ស​​ឆ្នាំ​​៨០​​នោះឡើយ។ អាក្រក់​​ជានេះទៅទៀត គឺការជាន់ឈ្លីវិន័យជាសង្ឃដែលព្រះពុទ្ធត្រាស់បញ្ញត្តិសម្រាប់ភិក្ខុសាមណេរគោរប្រតិបត្តិជាពិសេសការសង្រួម​​នៅក្នុងសីល(សីលសំវរៈ)​ ​ការសង្រួមនៅក្នុងឥន្ទ្រីយទាំង (ឥន្ទ្រីយសំវរៈ​)​គឺសង្រួមក្នុង ភ្នែក ច្រម៉ុះ ត្រចៀក អណ្តាត កាយ និង ចិត្ត  ជាដើម។ល។

ព្រះពុទ្ធជាម្ចាស់បានប្រៀនប្រដៅធម៌ខន្ដិ អហិង្សា និងសច្ចៈធម៌ដល់សាវកទាំងឡាយ​របស់ព្រះអង្គ។ សូម្បីតែលោកមហាត្មៈគន្ធី ដែលជាសាសនិកហិណ្ឌូដ៏ស្មោះស្ម័គ្រម្នាក់ក៏គោរពនិងប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួននូវធម៌ទាំងបី​​​នេះដែរ។ ពាក់ព័ន្ធនឹងធម៌ខាងលើនេះព្រះពុទ្ធ​​បានសម្ដែងថា : “ ខន្ដិ ធីរស្ស លង្ការោ ខន្ដិ តបោ តបស្សិណោ ខន្ដិ ពលំវ យតីនំខន្ដិ ហិតា សុខា វហា ..” មានន័យថា: “ សេចក្ដីអត់ធន់ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញទាំងឡាយ សេចក្ដីអត់ធន់ជាគ្រឿងដុតបង់នូវបាបរបស់អ្នកដែលមានតបធម៌ សេចក្ដីអត់ធន់ជាកម្លាំងរបស់អ្នកប្រព្រឹត្តធម៌ សេចក្ដីអត់ធន់ជាគុណជាតិនាំមកនូវប្រយោជន៍ និងសេចក្ដីសុខ.....

ចំណែកឯនៅក្នុងច្បាប់អាណាចក្រវិញជាពិសេសនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ គ្មានចំណុចណាដែលអាចជួយធ្វើ​​យុត្តិកម្ម​ (Justify) ទៅលើអំពើដែលសង្ឃឯករាជ្យ កំពុងតែធ្វើនេះបានឡើយ ព្រោះនៅក្នុងរបបប្រជាធិបតេយ្យចំណុចសំខាន់គឺចែងអំពីសិទ្ធិរបស់មនុស្ស ក្នុងនោះរួមមានសិទ្ធិក្នុងការរស់រានមានជីវិត សិទ្ធិទទួលបាននូវការអប់រំ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ល។ ជាពិសេសសិទ្ធិចុងក្រោយនេះ កំពុងត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតព្រោះថាសិទ្ធិនេះ ត្រូវបានចងដោយករណីយកិច្ច(Rights and duty) គឺករណីយកិច្ចគោរពសិទ្ធិអ្នកដទៃផងដែរដូច្នេះពាក្យថា អ្នកវិភាគឯករាជ្យ អ្នករាយការណ៍ឯករាជ្យ និងសង្ឃ​​ឯករាជ្យនេះ ពិតជាមិនអាចទៅរួចទេ ព្រោះអ្វីដែលគេវិភាគ  គេរាយការណ៍ បូកផ្សំ នឹងអ្វីដែលគេបាន និង​កំពុង​ធ្វើ​ឆ្លុះ​បញ្ចាំង​ឲ្យឃើញច្បាស់ណាស់ អំពីអគតិទាំង៤ គឺៈ លំអៀងព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះ​ការភ័យខ្លាច និងព្រោះតែល្ងង់មិនដឹងការពិត។ ដូច្នេះសិទ្ធក្នុងការបញ្ចេញមតិដែល​គ្មាន​ការ​ទទួលខុសត្រូវ រំលោភបំពានទៅលើសិទ្ធអ្នកដ៏ទៃ ទាំងកំរោល និង ប្រជាធិបតេយ្យបែបនេះ វានឹងឈានទៅរកអនាធិបតេយ្យ ដែលសិទ្ធិរបស់​​ពលរដ្ឋម្នាក់ៗ នឹងលែងមានការធានាហើយសណ្ដាប់ធ្នាប់សង្គមក៏ នឹងត្រូវវិនាសអន្ដរាយផងដែរ។ក្នុងករណីនេះ សូមពិនិត្យមើលទាំងអស់គ្នាថា តើក្រុមសង្ឃឯករាជ្យបាននិងកំពុងធ្វើ​​អ្វីខ្លះ ដែល​ស្របទៅ នឹងពុទ្ធភាសិតខាងលើនៅមុខវត្តស្ទឹងមានជ័យ នៅមុខសាលារាជធានីភ្នំពេញ នៅទីលានប្រជាធិបតេយ្យ ។ល។ និង ។ល។ នេះជាការគោរពប្រតិបត្តិពីសំណាក់ក្រុមសង្ឃឯករាជ្យ​​ខាងលើចំពោះធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ បានត្រាស់សម្ដែងនិងបញ្ញត្តិទុកមក?​

សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងនយោបាយអាណាចក្រគេអាចធ្វើវិសោធនកម្មច្បាប់​រដ្ឋធម្មនុញ្ញបាន ប៉ុន្ដែគេមិនដែលនិងមិនអាចធ្វើវិសោធនកម្មច្បាប់គម្ពីសាសនាឡើយ។ ដោយសារហេតុ​​ផល​នេះហើយ បានជាគេចាត់ទុកសាសនាថា មានចរិត​"សិទ្ធាន្ដនិយម" (Dogmatism)

សុខ សាធ
អ្នកនិពន្ធសៀវភៅ​ “កំណប់សីលធម៌និង​ “​កំរងអភិសមាចារ

No comments:

Post a Comment