ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិង ជាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានមានប្រសាសន៍ដោយវាយតម្លៃថា គណបក្សសង្គ្រោះជាតិ និងជនទី៣ គឺជាអ្នកបង្ករឲ្យមានអំពើអាណាធិបតេយ្យ និងអំពើហិង្សាបណ្តាលឲ្យមានការប៉ះទង្គិចជាមួយកងកម្លាំងសមត្ថកិច្ច ដែលមានភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ ក្រោយពេលដែលមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងក្រុមជនអាណាធិបតេយ្យ នៅតំបន់សេដ្ឋកិច្ចពិសេសផ្លូវជាតិលេខ៤ កាលពីថ្ងៃទី២-៣ ខែមករា និងនៅផ្លូវវេងស្រេងតំបន់សួនឧស្សាហកម្មកាណាឌីយ៉ា ខ័ណ្ឌពោធិ៍សែនជ័យ និងការចុះអនុវត្តតាមសេចក្តីប្រកាសឲ្យបិទការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃទី៤ ខែមករា ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ គឺជាអ្នកញុះញង់ឲ្យមានបាតុកម្មហិង្សាកើតឡើង។ យើងមានភស្តុតាង នៅពេលដែលពួកតំណាងរាស្ត្របក្សសង្គ្រោះជាតិ បានយកបាយទៅផ្គត់ផ្គង់ដល់ពួកអនាធិបតេយ្យនៅកន្លែងធ្វើបាតុកម្ម។ យើងបានឃើញបានដឹង ហើយនៅទីលានប្រជាធិបតេយ្យទៀតសោត គឺមេដឹកនាំគណបក្សសង្គ្រោះជាតិខ្លួនឯង ក៏បានញុះញង់កម្មករតាមរយៈការស្រែកឲ្យកម្មករកុំទទួលយកប្រសិនមិនទទួលបានប្រាក់ខែគោល ១៦០ដុល្លារអាមេរិកទេនោះ (នេះក៏ជាការញុះញង់ឲ្យកម្មករ ធ្វើបាតុកម្ម)។ ដូចនេះអ្នកទទួលខុសត្រូវ គឺគណបក្សសង្គ្រោះជាតិ និងជនទី៣ ដែលបង្កការញុះញង់ឲ្យមានបាតុកម្មហិង្សាឈានទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការបាត់បង់អាយុជីវិតកម្មករ។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍បញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាគឺធ្វើបរិយាកាសល្អ និងអំពាវនាវអូសទាញវិនិយោគ ដើម្បីឲ្យគេមកវិនិយោគមកបណ្តាក់ទុនបង្កើតរោងចក្រផ្តល់ការងារឲ្យកម្មករធ្វើ តែជំហររបស់ពួកប្រឆាំង គឺបំផ្លាញខ្ទេចបំផ្លាញខ្ទី។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា ទីបំផុតគាត់ (គណបក្សសង្គ្រោះជាតិ) ទទួលបាននូវអ្វីដែលគាត់ចង់បាន ហើយគាត់ប្តូរប្រធានបទភ្លាម គឺប្តឹងទៅតុលាការ ICC គឺចូលប្លង់របស់គាត់ (សមរង្សី) ហើយ។ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ទៀតថា ការប៉ះទង្គិចមិនមែនជាការបង្ក្រាបទេ ប្រសិនជាការបង្ក្រាប គឺតែមួយភ្លែតគឺចប់ទាំងអស់អត់មានបាតុករ គ្មានរឿងបាតុកម្មស្អីទាំងអស់ បំបែកអស់រលីងតែម្តង ព្រោះយើងមានកម្លាំងនៅក្នុងដៃ តែបញ្ហានេះវាអត់មានទាក់ទងរឿងបង្ក្រាបទេ គឺជារឿងប៉ះទង្គិចក្នុងផ្នែកមួយដែលគេចាំបាច់ត្រូវតែការពារជាពិសេស ទប់ទល់ពួកអនាធិបតេយ្យមិនអាចអនុញ្ញាតឲ្យពួកនេះបន្តអញ្ចឹងបានទៀតទេ បើទុកបែបនេះតើសង្គមខ្មែរទៅជាយ៉ាងណា គឺស្លាប់តែម្តង។ ឯកឧត្តមថា ដូចនេះត្រូវតែផ្អាកការធ្វើបាតុកម្ម ផ្អាក គឺមានន័យថា ឈប់មួយរយៈចាំដល់ស្ថេរភាពវិលមកប្រក្រតីវិញ។ ចំពោះជនដែលបាត់បង់អាយុជីវិតសមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេត ព្រោះវាអាចមានក្រុមប្រដាប់អាវុធផ្សេងទៀត ព្រោះថា កន្លងមកក៏មានក្រុមប្រដាប់អាវុធដែលធ្លាប់ប្រកាសមកពីក្រៅប្រទេសដែរ។
ឯកឧត្តម កែវ រ៉េមី ក៏បានបង្ហើបឲ្យដឹងអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់គណបក្សសង្គ្រោះជាតិថា គណបក្សសង្គ្រោះជាតិមានរបៀបវារៈរបស់ខ្លួនយ៉ាងច្បាស់លាស់ ដោយមានទីប្រឹក្សានៅចាំផ្តល់យោបល់ និងគូរវាសឲ្យដើរ។ ជាងនេះទៀតក្រុមអនាធិបតេយ្យដែលបង្កឲ្យមានអំពើហិង្សា សុទ្ធតែត្រូវបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញទៀតផង ព្រោះថានៅពេលបាតុកម្មហឹង្សានោះ ពួកនេះមានយុទ្ធវិធីក្នុងការគប់ដុំថ្មទៅលើប៉ូលិស ដោយមានជួរខាងមុខនិងខាងក្រោយពេលជួរមុខគប់រួច គេថយមកក្រោយ រួចជួរខាងក្រោយឡើងគប់បន្ត បន្ទាប់មកគេភៀសខ្លួនទៅកាន់ផ្ទះប្រជាពលរដ្ឋ។ គេមានរបៀបគប់ដបសាំងទៅលើប៉ូលិស ដូចនេះពួកគេមានការហ្វឹកហ្វឺនយ៉ាងស្ទាត់ជំនាញពីបរទេសទៀតផង។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ដោយធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានភាពស្ងប់ស្ងាត់ កុំចូលរួមធ្វើបាតុកម្ម ដោយងាកមកប្រកបរបររកទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ។ ជាមួយគ្នានេះ សូមកម្មករ កម្មការិនី ទាំងអស់វិលត្រឡប់ចូលធ្វើការងារជាប្រក្រតីឡើងវិញ។
ឯកឧត្ដម កែវ រ៉េមី ក៏បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនយល់ឃើញថា ដំណោះស្រាយប្រសើរបំផុត គឺការចរចា មិនមែនទាក់ទងទៅនឹងរឿងបាតុកម្មនោះទេ ការចរចាមានសារសំខាន់ណាស់ គឺវិលត្រឡប់មករកតុចរចា ដែលនេះជារឿងមួយល្អបំផុត ហើយគណបក្សប្រជាជនបើកទ្វារចំហជានិច្ចរាល់ការងារណា ដែលគណបក្សសង្គ្រោះជាតិមានបំណងជជែកវែកញែកជាមួយគ្នា ដើម្បីឈានទៅរកការអភិវឌ្ឍប្រទេសជាតិ៕
No comments:
Post a Comment