Thursday, December 19, 2013

សម្តេច​​តេជោ​នាំមក​ពី​ប្រទេស​​ជប៉ុន​​នូវ​​លទ្ធផល​​ល្អ​​សម្រាប់​​ការ​អភិវឌ្ឍន៍​​ជូន​​ប្រទេស​​​ជាតិ​

ឯកឧត្តម កៅ គឹមហួន ​រដ្ឋមន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋមន្ត្រី មាន​​ប្រសាសន៍​​​ឲ្យ​ដឹង​​​កាល​ពី​​រសៀល​​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៣ ថា ដំណើរ​​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នៅ​​រាជាណា​ចក្រ​​ជប៉ុន ទទួល​​បាន​​ផលផ្លែផ្កា​​យ៉ាង​​ត្រចះ​ត្រចង់ ដោយ​​រដ្ឋា​​ភិ​បាល​​ទាំង​ពី​រ​កម្ពុជា-​ជប៉ុន ​ឯកភាព​ក្នុង​​ការ​​តម្លើង​ឋានៈ​ទំនាក់​ទំនង​ទ្វេភាគី​ជា​ដៃគូ​​យុទ្ធ​សាស្រ្ត​។
 
នៅ​ក្នុង​សន្និសីទ​​សារ​ព័ត៌មាន​​នៅ​អាកាស​យានដ្ឋាន​​អន្តរជាតិ​​ភ្នំពេញ បន្ទាប់​​ពីការ​​ធ្វើ​មាតុភូមិ​និវត្តន៍​​ដោយ​​សុវត្ថិភាព​​របស់​ប្រតិភូ​​ជាន់​ខ្ពស់​​នៃ​រាជ​រដ្ឋាភិបាល​​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​​តេ​ជោ​​នាយក​​រដ្ឋមន្រ្តី ពី​ប្រទេស​​ជប៉ុន​ ឯកឧត្តម កៅ គឹមហួន បានមាន​​ប្រសាសន៍​​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោនាយក​​រដ្ឋមន្រ្តី និង​ឯកឧត្តម​ ស៊ិនហ្សូ អាបេ នាយក​​រដ្ឋ​មន្រ្តី​​ជប៉ុន បាន​ឯ​ក​ភាព​​គ្នា​ក្នុង​ការកំណត់​​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត និងបានជំរុញ​ការ​ផ្លាស់​ប្តូរ​កិច្ច​សហ​​ប្រតិបត្តិការ​​លើ​វិស័យ​​​យោធា រវាង​ប្រទេស​ទាំង​ពីរ ដែល​​កិច្ច​សហប្រតិប​ត្តិការ​ទាំងពីរ​​នេះ​មិន​ធ្លាប់​មាន​​ពីមុន​មក​ទេ។
 
ឯកឧត្តម​នាយករដ្ឋមន្រ្តីជប៉ុន ក៏បានឯកភាពតាម​សំណើរបស់សម្តេចតេជោ​ក្នុងការ​បញ្ជូន​ក្រុម ការងារ​បច្ចេកទេស​ជប៉ុន​មក ដើម្បីសិក្សា​ក្នុងការជួយ​កែទម្រង់​ប្រព័ន្ធបោះ​ឆ្នោត និង​បានឯក ភាព​បន្ត​ជួយដល់​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម (អវតក) ផងដែរ។ រដ្ឋាភិបាល​ជប៉ុន​ក៏បាន​ឯកភាព​ទៅ​ដល់ការ​ជួយ​បណ្តុះបណ្តា​ល​កម្មករកម្ពុជា​អាច​ធ្វើ​ការងារ​ផ្នែក​ផលិត​កម្ម និង​ខាងធុរកិច្ច​ផងដែរ ដោយសារ​ថា សព្វថ្ងៃ​នេះ​មានអ្នកវិនិយោគ​ជប៉ុន​ជាច្រើន បាន និង​កំពុង​មកបណ្តាក់ទុន​ជាបន្ត​បន្ទាប់​នៅកម្ពុជា ដែល​បញ្ហា​នេះ បាន​ធ្វើឡើងតាម​សំណើ​របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្នុងដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តមនាយករដ្ឋមន្រ្តី​ជប៉ុន​មក​កាន់​កម្ពុជា​កាលពី​ខែវិច្ឆិកា។
 
ឯកឧត្តម កៅ គឹម ហួន បាន​បញ្ជាក់​ថា រដ្ឋាភិបាលទាំងពីរបានឯកភាព​គ្នាលើការ​សម្រួល​ទិដ្ឋាការ​​សម្រាប់​ប្រជាពលរដ្ឋ នៃ​ប្រ​ទេស​ទាំងពីរ (ជប៉ុន-កម្ពុជា) ដើម្បីជំរុញធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋអាច​ធ្វើ​​ដំណើរ​ទៅវិញទៅមក ជា​ពិសេ​ស​​ទេសចរជប៉ុន​អាចមកកាន់​កម្ពុជាកាន់​តែច្រើនឡើង។ ចំពោះ​ការ​ហោះហើរវិញរដ្ឋាភិ​បាល​ជប៉ុន បានឯក​ភាព​នៅក្នុង​ការធ្វើ​ការចរចា​ទៅ​លើអាកាស​ចរណ៍​ស៊ីវិលនេះ ក្នុងទិស​ដៅ​ឲ្យ​មា​ន​ការហោះហើរ​ត្រង់​ពី​ប្រទេសជប៉ុន​មក​កាន់​កម្ពុជា​នៅពេលខាង​មុខនេះ។ ពាក់ព័ន្ធនឹង​ការ​ផ្លា​ស់​ប្តូរ ឬការពិគ្រោះ​យោបល់នេះ ភាគី​ទាំង​ពីរ​មានយន្តការរួចហើយ គឺកម្រិតឧត្តមមន្រ្តី ដែល​នឹង​ធ្វើ​ការជាបន្ត​បន្ទាប់​រវាង​ប្រទេស​ទាំង​ពីរ ដែលនឹងមាន​ការប្រជុំ​ជាទៀងទាត់។
 
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោ​បាន​ស្នើធ្វើយ៉ាងណាឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា អាចទៅធ្វើការបាននៅប្រទេ​ស​ជប៉ុន ដែ​ល​នេះ​ជា​សំណើ​មួយត្រូវបាន​ភាគី​ជប៉ុនយក​ទៅពិចារណា។
 
ឯកឧត្តម កៅ គឹមហួន មានប្រសាសន៍ថា ក្នុងដំណើទស្សនកិច្ចនេះ​មានឯកសារ​សំខាន់ៗ ចំនួន​៤ ត្រូវចុះ​ហត្ថលេខា ក្នុងនោះទី ១ លិខិតប្តូរ​សារ ស្តីពីគម្រោង​កែលម្អផ្លូវជាតិលេខ១ ទី ២ លិខិតប្តូរសារស្តីពី​គម្រោងការធ្វើឲ្យ​ប្រសើរឡើង​នូវមន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ ទី៣ លិខិតប្តូរសារស្តីពី​គម្រោង​កែលម្អសម្ភារ​សម្រាប់​ការជួសជុល​ស្ពាន​ហាលខាង​លិច នៃ​ប្រា​សា​ទ​​អង្គរវត្ត ដែល​ចុះហត្ថលេខា​រវាង​ឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួង​ការ​បរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ ឯកឧត្តម គូម៉ាម៉ារូ យូជី ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងទី៤ អនុស្សរណៈ​ស្តីពី​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហ​ប្រតិបត្តិការយោធា​រវាង​ក្រសួងការពារ​ជាតិជប៉ុន និងក្រសួង​ការពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែលចុះហត្ថលេខា​រវាងឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​ការពារជាតិនៃ​ព្រះរាជាណាចក្រកម្ពុជា ជាមួយឯក ឧត្តម អីស៊ួណូរី អូណូដេរ៉ា (Itsunori ONODERA) រដ្ឋមន្រ្តីការពារ​ជាតិ​ជប៉ុន។
 
ឯកឧត្តម កៅ គឹមហួន បាន​ឲ្យ​ដឹង​ថា ឯកឧត្តមនាយករដ្ឋមន្រ្តី​ជប៉ុន​បានថ្លែងអំណរ​គុណ​ចំពោះ​​សម្តេ​ច​​តេជោនាយករដ្ឋមន្ត្រី ដែល​បានជួយជំរុញ​ធ្វើយ៉ាងណា​ឲ្យកិច្ច​ប្រជុំកំពូលរំលឹក​ខួប​អនុ​ស្សា​វ​​រីយ៍អាស៊ាន-ជប៉ុនលើកទី៤០ បានទទួល​ជោគជ័យ ហើយដោយសារកម្ពុជា ជា​ប្រ​ទេស​សម្រប​​សម្រួលអាស៊ាន-ជប៉ុននោះ សម្តេច​តេជោ​បានចាត់ទុក​ទស្សន​កិច្ច​របស់​ឯក​ឧត្តម​​នា​យ​ក​​រដ្ឋមន្រ្តីជប៉ុន​នៅ​កម្ពុជា និងទស្សនកិច្ច​របស់សម្តេច​នៅប្រទេសជប៉ុននេះ គឺបាន​បញ្ជាក់ អំពី​ការ​ពង្រឹងនូវទំនាក់​ទ្វេភាគី​រវាងកម្ពុជា-ជប៉ុន ជាពិសេស​ដោយសារ ឆ្នាំនេះជាខួប​ទី៦០ ឆ្នាំ​នៃ​ការ​បង្កើតទំនាក់ទំនងការទូត​រវាងប្រទេស​ទាំងពីរ។
 
ក្នុង​ឱកាស​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​​ នៅខេត្តក្យូតូ​ ​​សម្តេចតេជោនាយករដ្ឋមន្ត្រី​បាន​ជំរុញឲ្យ​ខេត្ត​នេះ ចងសម័្ពន្ធភាពជាមួយខេត្តសៀមរាបនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ មូល​ហេតុ​ត្រូវ​បាន​សម្តេច​តេជោ​មានប្រ​សាសន៍បញ្ជាក់​​ថា ខេត្តសៀមរាបក៏ជា​អតីត​រាជធានីរបស់កម្ពុជា រីឯខេត្ត​ក្យូតូក៏ជាអតីត​រាជ​ធានី​​របស់​ជប៉ុន  មិនតែប៉ុណ្ណោះខេត្ត​សៀមរាប​មានបេតិកភណ្ឌពិភពលោក ហើយខេត្ត​ក្យូតូ​​​ក៏​ជា​​​ខេត្តដែលមានបេតិកភណ្ឌដែរ ដូច្នេះ​ខេត្ត​ទាំង​ពីរគួរតែអាចចង​សម្ព័ន្ធភាព​ជា​មួយ​គ្នា​បាន។
 
ឯកឧត្តម កៅ គឹមហួន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេចតេជោ​បានឯកភាព​ជាមួយ​ឧត្តម​នាយក​រដ្ឋមន្រ្តីជប៉ុន ​អំពីការហោះហើរ​ត្រង់ (ជប៉ុន-កម្ពុជា) ដែល​តាមរយៈនៃការ​ហោះ​ហើរ​នេះ​វារឹត​តែនឹងជំរុញ​ការ​ផ្លាស់ប្តូរវប្បធម៌ និងទេសចររវាង​ខេត្ត​​​សៀមរាប និងខេត្តក្យូតូបានល្អ​៕

No comments:

Post a Comment