Thursday, December 19, 2013

ទស្សនៈវិភាគ ដោយ ពង្ស សុក្រឹត្យ «ដើម្បី​​យុត្តិធម៌ជូន​ម្ចាស់​ឆ្នោត​ ឬ​ដើម្បី​អំណាច​»

ទស្សនៈវិភាគ៖                  
ដោយ ពង្ស សុក្រឹត្យ​

ដើម្បី​​យុត្តិធម៌ជូន​ម្ចាស់​ឆ្នោត​ ឬ​ដើម្បី​អំណាច​?

វាគឺជារឿង​មួយ​ដែល​ចម្លែក ខុសពី​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យនានា​​ លើ​ពិភព​លោក ដោយ​សារ​តែ​គណបក្ស​ជំទាស់​នៅកម្ពុជា​ លើក​យក​ការទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ មក​តវ៉ា​​​ជាប្រធាន​បទ​ថ្មី​ នៅពេល​ដែល​ការ​បោះឆ្នោត​ និង​លទ្ធផល​ឆ្នោត​ ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់ដោយ​ស្ថាប័ន​ជាតិ​កំពូលៗ​​ រួម​មាន​ គណៈកម្មា ធិការ​ជាតិរៀបចំការ​បោះ​ឆ្នោត​ ( គ ជ ប ) និង​​​​ ក្រុម​ប្រឹក្សាធម្មនុញ្ញ​ រួចហើយ​ក្តី​។​ បើ​គិត​មក​ទល់​​ពេល​នេះ​ គឺ​មាន​រយៈ​ពេល​ជាង​ ៣​ខែ​ ទៅ​ហើយ ក្រោយ​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​​ផ្លូវ​ការ​ ។​ បញ្ហា​ គឺ​គណបក្ស​ជំទាស់​ មាន​ជំហរ​ និង​ឆន្ទៈ​ មិនប្រាកដ​ប្រជា​ទាល់​តែ​សោះ​ ក្នុង​ការ​ចរចា​ ដើម្បី​រក​ដំណោះស្រាយ​ បើទោះបី​ជាបក្ស​កាន់​អំណាច​បាន​បន្ទន់​ឥរិយាបទ ក្នុង​ការ​កែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ខាងមុខ​ហើយ​ក៏ដោយ​។​ ចំណុច​​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ និង​អ្នក​តាម​ដាន​ស្ថានការណ៍​​នយោបាយ​ ដែល​មាន​​ជំហរ​ជា​កណ្តាល​នៅ​កម្ពុជា គិត​​ឡើង​វិល​ក្បុងតាម​មិនទាន់​។
​​​          ចំពោះ​បញ្ហានេះ​ បើយើង​​ក្រឡេក​មើល​អំពី​ប្រវត្តិ​ នៃ​ចរឹត​របស់​បក្ស​ជំទាស់​​​ កាល​ពី​មុន​បោះ​ឆ្នោត​ បាន​អះអាង​ថា​ នឹង​​មិន​ចូល​​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទេ​ បើ​ ស្ថាប័ន​ គ ជ ប មិនមាន​​ការ​ផ្លាស់​ប្តូរ​​ ឬ​បើមិន​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញទេ​​។ ពេល​នោះ​អ្នក​វិភាគ​បាន​យល់​ថា​ វាជាការ​ត្រឹម​ត្រូវ​ដែល​បក្ស​ជំទាស់​ធ្វើ​ពហិកា​ បែប​នេះ​។ ប៉ុន្តែ​ លុះ​ដល់​​ថ្ងៃ​ ចុង​ក្រោយ​នៃ​ការ​ចុះ​ឈ្មោះ​​​ ក៏​ស្រាប់​តែ​មក​ចុះ​ឈ្មោះ​​ចូល​រួម​​ប្រកួត​​ប្រជែង​​ការ​បោះ​ឆ្នោត​​នឹង​គេ​ដែរ​ ដែល​ធ្វើ​ឲ្យ​ចំនួន​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ ឡើង​ដល់​ចំនួន​ ៨ គណ​បក្ស​នយោបាយ​។ ចំណុច​នេះ​ចង់​បញ្ជាក់​ថា​ រាល់​គណបក្ស​នយោបាយ​ ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​ ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ គឺ​មាន​ន័យ​ថា​ ព្រម​ទទួល​ស្គាល់​ ស្ថាប័ន​ច្បាប់​ ដែល​មាន​ គ ជ ប និងក្រុម​ប្រឹក្សាធម្មនុញ្ញ​ ជាអាជ្ញាកណ្តាល​ សម្រាប់​ការ​ប្រកួត​រួចទៅ​ហើយ​​ ប៉ុន្តែ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ឆ្នោត​​ បក្ស​ជំទាស់​ដែល​ចាញ់​ឆ្នោត​បែរ​ជាមិន​ទទួល​ស្គាល់​​លទ្ធផល​ ហើយ​ថែមទាំង​ចោទប្រកាន់​ថា​ ស្ថាប័ន​អាជ្ញាកណ្តាល​​នេះ​ មិន​អព្យាក្រឹត្យ​​ទៅ​វិញ​។ អញ្ចឹង​ បើ​អ្នក​ដែល​ចាញ់ការ​បោះ​ឆ្នោត​ មិន​ទទួល​​ស្គាល់​លទ្ធផល​ ពេលនោះ​ ជម្លោះ​​នឹង​​គ្មាន​ទី​​បញ្ចប់​ឡើយ​ ហើយ​អ្នក​ដែល​រងគ្រោះ​ គឺ​ប្រជាពលរដ្ឋ​ និង​សង្គម​ខ្មែរ​ នឹង​ក្លាយ​ជាចំណាប់​ខ្មាំង​ របស់​បក្ស​នយោបាយ​ដែល​ចាញ់​ ហើយ​​ទី​បំផុត​ សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស ជាពិសេស​ជីវភាព​របស់​ប្រជាពលរដ្ឋ​​​ កាន់​តែ​​ក្រីក្រ​ថែម​ទៀត​ជាមិនខាន​។​​​
          ចំណុច​មួយទៀត​ គឺ​ក្រោយ​ពី​មាន​ជំនួប​កំពូល​​រវាង​អ្នកនយោបាយ កាលពី​ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៣   បក្ស​ជំទាស់​បាន​​ព្រម​ព្រៀង​គ្នាលើ​ចំ​នុច​អាទិ​ភាព​​​៣ សម្រាប់​ដោះ​ស្រាយ​​បញ្ហា​​របស់​ជាតិ ក្នុង​នោះ​រួម​មាន​៖​ ទី១ គណបក្ស​ទាំង​ពីរប្តេជ្ញា អនុវត្ត​ដោយ​​ហ្មត់​ចត់​តាម​​ព្រះ​រាជសាររបស់​ព្រះ​មហាក្សត្រ​ ដែល​បាន​អំ​ពាវ​នាវ​ដល់​ជន​រួម​ជាតិ​ទាំងមូលឲ្យ​មាន​ការ​​អត់​ធ្មត់​ជាអតិ​បរិមា ដើម្បី​បញ្ចៀស​អស្ថិរភាព​​នៃ​ជាតិ​​ ព្រម​ទាំង​រក្សាភាព​ថ្លៃ​ថ្នូ​រ និង​ភាព​ស្ងប់​ស្ងៀម​ ដើម្បី​ទុ​ក​ឱកាស​​រក​ដំ​ណោះ​ស្រាយ​​​​បញ្ហាជាតិ​ទាំង​អស់​គ្នា​។​ ទី​២ បក្ស​ទាំងពីរ​​ក៏បាន​ព្រម​ព្រៀង​គ្នាផងដែរ​ថា​នឹង​បង្កើត​យន្ត​ការ​មួយ​​ដើម្បី​កែ​​ទម្រង់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ។ ​ទី៣​ គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​បន្ត​ជួប​​ចរចា​គ្នា​តទៅ​ទៀត​តាម​គ្រប់កម្រិត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ​។
          ប៉ុន្តែ​​ រហូត​មក​ដល់​ពេល​នេះ​ បក្ស​ជំទាស់​មិន​បាន​អនុវត្ត​តាម​ព្រះរាជតំរិៈ​ព្រះ​មហាក្សត្រ​​​ឡើយ​។​ ទី​១​ គឺ​មេ​បក្ស​​បែរ​ជា​​ដឹក​នាំ​ធ្វើ​បាតុ​កម្ម​ ដោយ​ហែរក្បួន​យ៉ាង​អាណា​ធិបតេយ្យ​​​ក្នុង​ទី​ក្រុង​ ទី​ប្រជុំ​ជន និង​នៅ​តាម​​បណ្តា​​ខេត្ត​នានា​ បង្កចលាចល​ក្នុង​សង្គម​ ដែល​ផ្ទុយ​ពី​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​ទាំងស្រុង​។​ ទាក់​ទង​នឹង​ការ​កែទម្រង់​ការ​​បោះឆ្នោត​នាពេល​ខាង​មុខ​​ គណបក្ស​ជំទាស់​ បែរ​ជា​ទាមទារ​​ឲ្យ​​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ហើយ​បែរ​ជា​ស្រែក​សុំ​ឲ្យ​ឆា​ចោល​ការ​បោះ​ឆ្នោត​ របៀប​​ដូច​ជា​​ល្បែង​​ស៊ីសង​​ទៅ​វិញ​​។​
នយោបាយ​​ដែល​​​គ្មាន​​គោល​ការណ៍​​ច្បាស់​លាស់​ ​ធ្វើ​តាម​​​​អារម្មណ៍​​រវើ​រវាយ​ ម្តង​គិត​ឃើញ​ចង់​ធ្វើ​នេះ ម្តង​គិត​ឃើញ​ចង់ធ្វើ​​នោះ​ តាមតែ​អំពើចិត្ត​បែបនេះ​ បាន​ធ្វើ​​​ឲ្យ​ប្រជាពលរដ្ឋ​ និង​អ្នក​តាម​ដាន​ស្ថានការណ៍​​នយោបាយ​ ដែល​មាន​ជំហរ​ជា​កណ្តាល​នៅ​កម្ពុជា បាន​រិះ​គន់ត្រង់​ៗ​ចំពោះ​មេដឹក​នាំ​​​​បក្ស​​ប្រឆាំង​ថា ​កំ​ពុង​លេង​ល្បែង​នយោបាយ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ចំ​ពោះ​​ខ្លួន​ឯង។ គ្រោះ​ថ្នាក់​នោះ​ គឺ​ការ​ភ្លេចគិត​អំ​ពី​ផល​វិបាក​​ត្រឡប់​មក​ពួក​ខ្លួន​វិញ​ ឬ​ក៏​អាច​នឹង​កើតមាន​​ឡើង​នូវ​បញ្ហា​ធ្ងន់​ធ្ងរ​​ដល់ប្រជាពល​រដ្ឋ​​​ដែល​គាំ​ទ្រខ្លួន​​ នៅ​ពេល​ដែល​​សក​ម្មភាព​​​នៃបាតុកម្មតវ៉ា​ ​ឈាន​ដល់​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ បទ​ល្មើសកុបកម្ម​ តាម​រយៈអំពើ​ញុះ​ញង់​ បះ​បោរ​ ចលាចល​​ ប៉ះ​ពាល់​​​ដល់​សណ្តាប់​ធ្នាប់​​សាធារណៈ និង​​​សន្តិសុខជាតិ​ ខណៈ​ដែល​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​​អនុវត្ត​​​វិធាន​ការ​​​ច្បាប់​​។ 
          ដូច្នេះ ការទាម​ទារ​ តាម​អំពើចិត្ត​ របៀប​ឡាំ​ប៉ា​ ឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​​បែប​នេះ​ គឺ​​មិនអាច​​ធ្វើ​ឲ្យ​ជម្លោះ​នយោបាយ​បញ្ចប់​​បាន​​នោះ​ទេ​។ ​ប្រការ​ដែល​គណបក្ស​ទាំង​ពីរ​ ត្រូវ​គិត​ គឺផល​​ប្រយោជន៍ជាតិ​ជាធំ​។ គឺ​មាន​តែការងាក​មករ​ក​តុ​ចរចា​គ្នា​តែ​ប៉ុណ្ណោះ​​ ទើប​អាច​រក​ដំណោះ​ស្រាយ​ និង​រួបរួម​គ្នា​ កសាង​ជាតិ​បាន​។ ការ​ទាម​ទារ​អំណាច​ តាម​បែប​ផ្តួល​រំលំ​ដោយ​ការ​ធ្វើ​​បដិវត្តន៍​​ប្រជាជន​ គឺ​មិនអាច​ទៅរួច​​ដូច​បណ្តាប្រទេស​នៅអារ៉ាប់​ឡើយ​ ពីព្រោះ​កម្ពុជា​ធ្លាប់​បាន​ឆ្លង​កាត់​នូវ​សង្គ្រាម​វិនាសកម្ម​​​​​​ រាប់​ទស្សវត្ស​កន្លង​មក​ហើយ​ ។ យើង​មិនចង់​ឃើញ​ប្រទេស​យើង​ ជួប​នូវ​វិបត្តិ​នោះ​សារ​ជាថ្មី​ទៀត​ឡើយ​៕​​

No comments:

Post a Comment