Tuesday, December 17, 2013

រាជ​រដ្ឋាភិបាល​​អរគុណ​អង្គការ​យូ​ណេស្កូ និង​​រដ្ឋា​ភិបាល​​អា​មេរិក ដែល​​ជួយ​​នាំ​បដិមាករ​ខ្មែរ​​ទុរយោធន៍ មក​​កម្ពុជា​​វិញ

ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា នា​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តម បណ្ឌិត​សភា​ចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ជំនាញ​ការ​ នៃ​អង្គការយូណេស្កូ ជា​ពិសេស​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយ​​​ក្នុង​ការ​នាំ​មកឲ្យ​កម្ពុជា​វិញ នូវ​បដិមាករខ្មែរ​ទុរយោធន៍ (Duryodhana) ដែល​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ជាតិ​ ហើយ​ត្រូវ​បាន​បាត់​បង់​អស់​រយៈ​ពេល ​៤១​ឆ្នាំ​មកហើយ​។

មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត ដែល​រៀប​ចំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជោគ​ជ័យ​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​នាំ​យក​បដិមាករទុរយោធន៍ (Duryodhana) ពី​ក្រុមហ៊ុន​ដេញ​ថ្លៃ​អាមេរិក SOTHEBY ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និង​ពីលោក​ស្រី RUSPOLI ជនជាតិ​បែល​ហ្សិក​ ដែល​រស់​នៅ​ប្រទេស​អង់​គ្លេស ​ដែល​ជាអ្នក​ទិញ​​បដិមាករ​ ដោយ​រាជរដ្ឋាភិបាល​មិន​ចំណាយ​ថវិកា​នោះ គឺ​មាន​កត្តា​សំខាន់៣។ ទី១ គឺ​ទិដ្ឋភាព​បុរាណ​វិត្ថុ​វិទ្យា ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ធ្វើ​ល្អ ដោយ​មាន​បញ្ជី​សារពើ​ភ័ណ្ឌ​​វិត្ថុ​បុរាណដែល​ជា​បេតិកភ័ណ្ឌជាតិ។ ជាក់​ស្តែង​ការ​រក​ឃើញ​ព្រះថែន នៃ​រូបបដិមាករទុរយោធន៍ (Duryodhana) ដែល​ត្រូវ​បាន​គេ​អារ​ផ្តាច់​ ដើម្បី​យក​ធ្វើ​ជាភ័ស្តុតាង។ ​ទី២ គឺ​ទិដ្ឋភាព​ច្បាប់រឹង​មាំ ដោយ​សារ​ព្រះ​រាជាណាចក្រកម្ពុជាមាន​ច្បាប់​បញ្ជក់​ថា វត្ថុ​បុរាណ​ទាំង​អស់​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋ​ និង​គ្មាន​ច្បាប់​សម្រាប់​នាំ​ចេញ ឬលក់​វត្ថុ​បុរាណ​ទៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​ ហើយ​ច្បាប់​ដែល​មាន​តាំង​ពី​សម័យ​អាណានិគម​បារាំង​នេះ ត្រូវ​បាន​អនុវត្ត​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩២៥ ក្នុង​ការ​ការពារ​វត្ថុ​បុរាណ​ដែល​ជា​បេតិកភ័ណ្ឌ​ជាតិ​។ ទី​៣ ទិដ្ឋភាព​នៃ​ទំនាក់​ទំនង​ទូទៅ​។ ទិដ្ឋភាព​ទី​៣ នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា យើង (ទីស្តីការ​គណៈរដ្ឋមន្ត្រី ដោយ​មាន​ការឯកភាព​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​) បាន​ធ្វើការ​ទំនាក់​ទំនង​បានល្អ​ និង​ទាន់​ពេល​តាម​រយៈអង្គការ​យូណេ​ស្កូ ពិសេស​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ជួយ​ទប់​ស្កាត់ ការ​ដាក់​លក់​ដេញ​​ថ្លៃ​បដិមាករទុរយោធន៍ (Duryodhana) ដោយ​ក្រុមហ៊ុន​ដេញ​ថ្លៃ​អាមេរិក SOTHEBY ដែល​មានទីតាំង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ហើយបាន​នាំ​​យក​បដិមាករទុរយោធន៍ (Duryodhana) មក​កម្ពុជា​វិញ ដោយ​រាជរដ្ឋាភិបាល​មិន​បាន​ចំណា​យ​​ថវិកា​ជាតិ​នោះ​ឡើយ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​ក៏​បាន​មាន​ប្រសាសន៍​ធ្វើការ​ប្រៀប​​​​​ថា នៅ​ប្រទេស​អ៊ីតាលី គេ​ត្រូវ​ចំណាយ​ពេល​អស់​១៧ឆ្នាំ និងថវិកា​អស់​ចំនួន​ជិត​ ២០លាន​ដុល្លារ ដើម្បីនាំ​យក​វត្ថុ​បុរាណ​របស់​គេ​ដែល​បាន​បាត់​បង់​ត្រឡប់​មក​ប្រទេស​វិញ ក្នុង​ពេល​ដែល​កម្ពុជា​ប្រើ​ពេល​ខ្លី និង​មិន​បាន​ចំណាយ​ថវិកា​ជាតិ​នោះ​ទេ។
​​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បដិមាករទុរយោធន៍ (Duryodhana) កសាង​នៅ​សតវត្សរ៍​ទី​១០ ដែល​ត្រូវ​បាន​គេ​លួច​ពី​ប្រាសាទ​កោះ​កែរ កាល​ពី​ឆ្នាំ​១៩៧២ ក្នុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ជា​ប្រទេស​មាន​សង្គ្រាម​ និង​អសន្តិសុខ​ និង​ត្រូវ​​នាំ​​យក​មក​កម្ពុជា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយនឹង​ត្រូវ​យក​ទៅ​តម្កល់​ទុក​ក្នុង​សារមន្ទីរ​​​ជាតិភ្នំពេញ៕​

No comments:

Post a Comment