Tuesday, December 17, 2013

នាយក​រដ្ឋមន្ត្រី​​កម្ពុជា និង​ជប៉ុន ប្តេជ្ញា​​ធ្វើ​ឲ្យ​​ទំនាក់​​ទំនង​​ទ្វេភាគី​ឈាន​​ដល់​ភាព​​ជា​ដៃ​​យុទ្ធសាស្រ្ត​

នៅនិវេសនដ្ឋាន​ផ្លូវការ​របស់​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ក្នុង​ទីក្រុង​តូក្យូ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុង​ពិធី​លាង​សាយ​ភោជន៍​ជា​មហា​កិត្តិយស​ជូន​គណៈ​ប្រតិភូជាន់ខ្ពស់​នៃរាជ​រដ្ឋាភិបាល​កម្ពុជា ដែលបាន​អញ្ជើញ​បំពេញ​ទស្សន​កិច្ចការងារ​ផ្លូវការ​នៅទីក្រុង​តូក្យូ នៃព្រះរាជា​ណាចក្រ​ជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីជប៉ុន  និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​សុន្ទរកថា​ទៅកាន់​អ្នក​ចូល​រួម​ទាំង​អស់​ពីការប្តេជ្ញា​ចិត្ត​រួមគ្នាថា និងធ្វើឲ្​យទំនាក់​ទំនង​កិច្ចសហប្រតិ​បត្តិការ​ក្នុង​ភាព​ជាដៃ​គួយុទ្ធសាស្រ្ត​កាន់តែ​ទទួល​បាន​នូវភាព​ជោគ​ជ័យ​ថែម​ទៀត។
 
ទូរទស្សន៍​ជាតិ​កម្ពុជាបាន​ឲ្យ​ដឹងថា ពិធីលាងសាយ​ភោជន៍​ត្រូ​វបាន​ធ្វើឡើង ក្រោយពេល​ប្រមុខ​រាជរ​ដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ​បានជួប​ពិភា​ក្សា​ការងារ និងធ្វើ​ជាអធិ​បតី​ភាព​ក្នុង​ពិធី​ចុះហត្ថ​លេខា​ផ្តល់ និងទទួល​នូវ​គម្រោង​មួយ​ចំនួន​សម្រាប់​ការ​អភិវឌ្ឍន៍​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។
 
លិខិត​ប្តូរសារ និង​អនុស្ស​រណៈ​សំខាន់​ៗចំនួន ៤ ដែលត្រូវ​បាន​ចុះហត្ថ​លេខា​នាឱកាស​នោះ រួមមាន៖
 
ទី១ លិខិតប្តូរសារស្តីពីគម្រោងកែលម្អផ្លូវជាតិលេខ ១។
 
ទី២ លិខិតប្តូរសារ ស្តីពីគម្រោងការធ្វើឲ្យប្រសើរឡើងនូវមន្ទីរបង្អែកខេត្តព្រះសីហនុ។
 
ទី៣ លិខិតប្តូរសារ ស្តីពីគម្រោងកែ​លម្អស​ម្ភារ​សម្រាប់​ការជួសជុលស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ដែលចុះហត្ថលេខារវាងឯកឧត្តម ឡុង វិសាលោ រដ្ឋ​លេខាធិការក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ជាមួយឯកឧត្តម គូម៉ាម៉ារូ យូជី ឯក​អគ្គ​រាជ​ទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំកម្ពុជា។
 
និងទី៤ អនុស្សរណៈស្តីពីការផ្លាស់ប្តូរ និង​កិច្ច​សហ​ប្រតិបត្តិការយោធារវាងក្រសួងការពារជាតិជប៉ុន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះហត្ថលេខារវាងឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួង​ការពារ​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជាជាមួយនិងឯកឧត្តម អីស៊ួណូរី អូណូដេរ៉ា (Itsunori ONODERA)រដ្ឋមន្រ្តីការពារជាតិជប៉ុន។
 
នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមានអាយុកាល ៦០ឆ្នាំកន្លងមក។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុង ការរិះរកវិធីសាស្រ្តនានាក្នងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីមួយទៀត ពោលគឺពេលនេះប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានដល់ភាពជាដៃយុទ្ធសាស្រ្ត នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
 
ដោយឡែកនៅក្នុងជំនួបពិភាក្សាទ្វេភាគី ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើការគាំទ្រ និងបញ្ជូនអ្នកស្រាវជ្រាវក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងសម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរផងដែរចំពោះវឌ្ឍនភាពថ្មីៗដែលកម្ពុជាសម្រេចបាន ពិសេសលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគី ដែលធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់ប្រទេសជប៉ុន ពោលគឺកិច្ចពិភាក្សាគ្នាទាក់ទិនទៅ និងការហោះត្រង់នៃប្រទេសទាំងពីរកម្ពុជា ជប៉ុន។
 
សូមបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន មកកាន់ប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើជាសាក្សីពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរក្នុងនោះគឺ ទី១ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល ជប៉ុនជាមួយរាជរដ្ឋាភិបាលកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលក្នុងក្រប ខណ្ឌសហប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងទី២ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលការងារ និងសុខមាលភាពជប៉ុន។
 
បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៤០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុនលើកទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ និង១៤ ខែធ្នូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិតបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារផ្លូវការរយៈ ០២ថ្ងៃក្នុងនាមជាភ្ញៀវរបស់នាយករដ្ឋមន្ត្រីជប៉ុន។
 
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយទទួលបាននូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីមន្ត្រីជាន់ខ្ពស់ជប៉ុន ពិសេសលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ៕

No comments:

Post a Comment