Tuesday, June 25, 2013

ទស្សនៈវិភាគ៖ នយោបាយ​ទឹកឡើង​ត្រីស៊ី​ស្រមោច ទឹកហោច​ស្រមោច​ស៊ីត្រី របស់​គណបក្ស​សង្គ្រោះ​​ជាតិ នឹង​នាំមក​​នូវ​គ្រោះ​អាសន្ន​ដល់សង្គម​


          ពិធីបែបនយោបាយមួយ ត្រូវបានប្រារព្ធធ្វើ​នាឱកាសរំឭកខួប៣៨ឆ្នាំ នៅថ្ងៃ
១៧មេសា​នៅ​មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើង​ឯក ដែលសំដៅដល់ពួក​ខ្មែរក្រហមចូល​កាន់កាប់​ក្រុងភ្នំពេញ​ដោយ​ចាប់​ផ្តើមអនុវត្តរបប៣ឆ្នាំ៨ខែ២០ថ្ងៃគេឃើញលោកសមរង្ស៉ីមេបក្សប្រឆំាងដែលរស់នៅបែបនិរទេខ្លួនដោយ​​​​​​​​​ខ្លួនឯង បានថ្លែងបរិហារខ្លំាងក្លាតាម​ទំ​នើង​ចិត្តមកលើ​រាជ​រដ្ឋាភិបាល​​ តាមរបៀប​«នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ថា នៅពេលបក្សគេឈ្នះឆ្នោត​ខាងមុខ ពួកគេនឹង​មាន​ផែន​ការ”ប្រល័យចោល” នូវ​រដ្ឋាភិបាល​បច្ចុប្បន្ន ។ តើមហិច្ឆិតាបែបនេះ​ត្រូវសំអាងទៅលើ​ហេតុការណ៍​​បែបណាខ្លះ?​
          បើ​គ្រាន់​តែត្រឹម​ជាឧទាហរណ៍​ ក៏មហាជន​អាចស្រមៃបាន​ភ្លាម​ថា ប្រទេសជាតិនឹង​ត្រូវ​ជួប​នូវ​ភាព​ចលាចល និង​គ្រោះ​មហន្តរាយ​ បើ​សិន​ផែន​ការនោះ​ត្រូវ​បាន​អនុវត្តពិត​មែន​។
          ការណ៍នេះបឋម គឺនៅក្នុងសុន្ទរកថាដ៏វែងតាមឧគ្ឃោសនស័ព្ទ ​លោកសម រង្ស៉ីបានថ្លែងតាម​ទូរស័ព្ទពី​សហរដ្ឋអាមេរិកថា ”កង់យុត្តិធម៌” បានរំកិលទៅមុខយឺតណាស់ចាប់តំាង​ពីការដួល រលំ នៃរបបខ្មែរ​ក្រហមនៅ​ឆ្នាំ១៩៧៩ ហើយសមាជិករបស់រដ្ឋាភិបាល​​ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ​។
 នៅក្នុងជំនឿរបស់មេបក្ស​ប្រឆំាង​​​ដែល​លើកពី​ពាក្យ ”កង់យុត្តិធម៌”  មានន័យដូចគ្នាទៅនឹង​ការអួតក្អេងក្អាងរបស់ខ្មែរក្រហម​ដែល​ធ្លាប់ប្រើ​ក្រោមម្លប់ដ៏ត្រជាក់ គឺពាក្យថា ”កង់ប្រវត្តិសាស្រ្ត” វិលទៅមុខមហាលោតផ្លោះ​មិនឈប់ឈរ​មក​សំអាង​ដូចគ្នានេះ គឺពិតជាការគួរឲ្យ​អ្នកផង​ត្រឹះរិះមើលផងដែរ​ថា  តើពួកគេ ​ប៉ុនប៉ង​ និង​ប្រុងប្រៀបខ្លួនយ៉ាងណា​ខ្លះដើម្បីបំផ្លិចបំផ្លាចរដ្ឋាភិបាលបច្ចុប្បន្ននេះឲ្យវិនាសសាប​សូន្យ​​?​ តើហេតុអ្វី​បាន​ជា​បក្ស​ប្រឆាំង​ប្រកាសប្រយុទ្ធប្រឆំាង​នឹងស្នាដៃ​ដ៏ប្រពៃរបស់រដ្ឋាភិបាលសម័យ​តេជោ​  នេះទៅវិញ?  ក្រៅ​ពី​នេះ ក៏នៅមានបញ្ហាជាច្រើន​ទៀតដែល​ត្រូវតែ​លើក​យក​មកដាក់ចោទសួរ ព្រោះរឿងរ៉ាវ​ទាំងនេះអាចកើតមានរិតតែធ្ងន់ធ្ងរខ្លាំងបានជាពុំខាន ។
          តើ​បក្ស​ប្រឆាំង​មាន​ឥទ្ធិពល​កំ​រិត​ណា​ និង​ផ្អែក​លើទឡ្ហី​ករណ៍​អ្វី​ខ្លះ​ ដើម្បីចាប់​ផ្តើម​ធ្វើ​ការងារដែល​បំ​ពាន​ឆន្ទៈប្រជាពល​រដ្ឋ និង​បំ​ផ្លាញ​សន្តិសុខជាតិនោះ?
          ការថ្លែងដ៏គួរឲ្យសង្ស័យរបស់លោកសមរង្ស៉ីនៅ​ត្រង់ថា បើនិយាយពីថ្ងៃ១៧មេសា ​គឺចាំបាច់​ត្រូវ​ចាប់ផ្តើមនិយាយពីរដ្ឋប្រហារនៃរបបលន់នល់ទំលាក់សម្តេចព្រះនរោត្តមសីហនុ ដែលមាន​សហរដ្ឋ​អាមេរិក​នៅពីក្រោយខ្នង ដូចសេចក្តីចែងក្នុងលិខិតរបស់ព្រះអង្គម្ចាស់សិរីមតៈ ដែលសុខចិត្ត​ស្លាប់ គឺបដិសេធយ៉ាង​ដាច់ខាត​នូវការនិរទេស​ទៅសហរដ្ឋអាមេរិក បានផ្ញើរជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចំា​ក្រុងភ្នំពេញ​ថា ”ខ្ញុំមានកំហុសតែមួយគត់គឺជឿទៅលើប្រទេសឯកឧត្តម”  ។
 ត្រង់ចំណុចនេះ        លោកសម រង្ស៉ី  ដែលកំពុង​ស្នាក់នៅសហរដ្ឋអាមេរិក​ស្រាប់គួរ តែជ្រាប​ ​ហើយមាន​ចិត្តខ្លះក្នុងការស្នើទៅរដ្ឋាភិបាលអាមេរិកឲ្យ​ពិចារណា​នូវទង្វើ​របស់​ខ្លួន ដែលបានប្រព្រឹត្តមកលើ​ប្រជាជន​កម្ពុជា​នាពេលនោះ​ ដើម្បីជួយសម្រាលនូវការឈឺ​ចាប់​ខ្លះៗ​របស់ប្រជាជនកម្ពុជា។ជាពិសេស គឺបំណុលកម្ពុជា ដែលជំពាក់សហរដ្ឋអាមេរិក​ នាសម័យនោះ​ប្រមាណ​៤០០លាន​​​ដុល្លារ ដែលកម្ពុជាខ្ចីយកមកធ្វើសង្គ្រាម ហើយដែលអាមេរិក​ក៏ធ្លាប់បានទំលាក់​គ្រប់បែក​រាប់ម៉ឺន​តោន​នៅក្នុងទឹកដីកម្ពុជាផងដែរ ។
          ត្រង់ចំណុចនេះ យើងឃើញទៀតថា លោកសម រង្ស៉ី ហាក់ពុំបាននឹកនាលើករឿងរាវទាំងនេះ​បា្រប់ម្តងណាសោះទៅដល់​សហរដ្ឋ​អាមេរិក​ ដែលជាមេបុព្វហេតុនាំឲ្យកម្ពុជា​ត្រូវទទួលរងនៅការឈឺចាប់ខ្លាច​ផ្សានោះទេ ។ ប៉ុន្តែបែរជា​ឃើញ​លោក​សម រង្ស៉ី ​ងាកមកថ្កោលទោសរដ្ឋាភិបាល ដែលជា​អ្នករំដោះ​ប្រជាជន​កម្ពុជា​​ឲ្យរួចផុតពីអំពើប្រល័យពូជសាសន៍​នេះទៅវិញ ហើយដែលសព្វថ្ងៃនេះត្រូវបានពិភពលោក​ទទួលស្គាល់​ដោយបង្កើតឲ្យមានតុលាការអន្តរជាតិកំពុងដំណើរក្តីជាភស្តុតាងស្រាប់។
            ហេតុនេះ តើអ្វីទៅជាជំហរពិតនៃការ​ឈឺចាប់របស់លោកសម រង្ស៉ី​ នៅក្នុងរបបវាល​ពិឃាត? ប្រាកដណាស់ ​គឺលោកសម រង្ស៉ី គ្រាន់តែខ្ចីទីកន្លែង​នៃជនរងគ្រោះ ដើម្បី​បើកវេទិកាវាយប្រហារ​មកលើរាជរដ្ឋាភិបាល ក្នុងគោលបំណង​បំរើឲ្យមហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
          ការពិតដែលត្រូវជជែកគ្នាបន្តទៀតនៅត្រង់ថា ​តើលោកសម រង្ស៉ី ពិតជាបានប្រុង​ប្រៀបខ្លួនច្បាស់​លាស់​ក្នុងការទទួលយល់ព្រមថា របបខ្មែរក្រហមពិតជាឃោរឃៅ ប្រល័យពូជសាសន៍ដូចអ្វីដែល​លោក​បានរៀបចំ​នៅ​ក្នុងពិធីនោះហើយឬនៅ? បើទទួលយល់ព្រមហើយ! ត្រង់ចំណុចនេះគឺប្រាកដណាស់​ថា ថ្ងៃ៧មករា គឺជា​ថ្ងៃរំដោះ​ប្រជាជនកម្ពុជាពិតប្រាកដមែន។  ដូច្នេះកាតព្វកិច្ចដែល​នូវសេសសល់ ដែល​លោកត្រូវ​បំពេញ​​​ក្នុងនាមអ្នក​នយោបាយ​​មានឈាមកតញ្ញូចំពោះជនរងគ្រោះ គឺត្រូវធ្វើការលាងសំអាត​ក្នុងអារម្មណ៍​ ជា​របៀប​សីលធម៌នូវ​កំហុសខុសឆ្គង​របស់ខ្លួន​ឯង  ដែលប្រព្រឹត្តកន្លងមក គឺការប្រឆំាងនឹងច្បាប់ដាក់ខ្មែរ​ក្រហម​ឲ្យនៅ​ក្រៅ​ច្បាប់កាលពីនីតិកាលទី១​នៃរដ្ឋសភា​ ដោយធ្វើការសុំទោសទៅ​ជនរងគ្រោះ ​ជាសាធារណៈឲ្យ​សមដូច​យើងឃើញ កាំង ហ្គិចហ្គោវ ហៅឌុច  ជាគំរូ​ភស្តុតាង​ស្រាប់ ។
ការណ៍ចុងក្រោយនេះ ប្រសិនបើលោកសម រង្ស៉ី មិនបំពេញ​ទេ មានន័យថា លោកពិតជា​មិនចូល​ចិត្ត​ទទួលរងនូវអំពើជំទាស់ឡើយ ហើយជាពិសេស គឺការរំខាន ដែលមិនឲ្យសំរេច​បាននូវបញ្ហា​ទំាងប៉ុន្មាន​ដែលលោក​សង្ឃឹម​​ថា ឆ្អិនល្មម​អាស្រ័យ​​បានមុន នោះផង ។ ហើយដែល​លទ្ធផលចុង​ក្រោយ​ គឺប្រជាជនកម្ពុជា​ដែលជាអ្នករងទុក្ខដូចសេចក្តី​រំពឹង​ទុករបស់សម្តេចតេជោហ៊ុនសែន ដែលបានព្រមានថា បើបក្សប្រឆំាង​ឈ្នះឆ្នោតមុខតែបានរុញច្រាន​កម្ពុជា ឲ្យធ្លាក់​ក្នុង​ ”សង្គ្រាមផ្ទៃក្នុង  ជាក់ជាពុំខាន  បើដូច្នេះ​ នយោបាយ​ប្រល័យ​គ្នា​រវាងត្រីនឹងស្រមោចច្បាស់ជារស់ឡើងវិញម្តងទៀត ប្រសិនបើបក្សប្រឆំាងឡើងកាន់អំណាច ។ តែបើ​ងាកមកនិយាយ ពីនយោបាយបែបនេះ ​គឺទើបតែត្រូវបានបញ្ចប់ទាំងស្រុងក្នុង សម័យតេជោ នេះ​តែប៉ុណ្ណោះ ព្រោះប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ ប្រជាជនត្រូវបានរស់យ៉ាងសុខក្សេមក្សាន្ត ជា​មហា​គ្រួសារ​ខ្មែរតែមួយ គ្មានការបែងចែកបក្ខពួក ឬពណ៌សម្បុរអ្វីឡើយ ។ រីឯនៅក្នុងការនិយាយពីរ​ការ​ហាត់រៀន​កាន់របប​ប្រជាធិបតេយ្យ​នេះទៀត​សោត​ក៏ពុំមែនធ្វើទៅកើតក្នុងរយៈកាល​តែមួយថ្ងៃបានទេ គឺត្រូវ​ប្រព្រឹត្ត​នៅកិច្ចការបន្ត​បន្ទាប់ជាប់ជា​ហូរហែរឥត​ឈប់​ឈរ ​ដូចគ្នានឹងកិច្ចការកសាងជាតិយ៉ាងដូច្នោះដែរ 

ដោយ៖ រ័ត្ន សណ្តាប់

ទស្សនៈ​វិភាគ៖ កឹម សុខា ជា​មួយ​នឹង​ល្បិច​កល​ពស់​លេប​កណ្តុរ



ទស្សនៈវិភាគ៖ អវសាន្ត​​នៃជីវិត​​​​ន​​យោបាយ​​របស់​​សម រង្ស៊ី​

ជាមួយ​នឹងចំណងច្បាប់​យ៉ាង​​តឹង​មាំ ដែលមិន​អាចស្រាយរួច គឹបាន​សម្លាប់​ជីវិត​នយោបា​យ​របស់​លោក​សម រង្ស៊ី​ និង​​បញ្ចប់ទាំង​ស្រុង​នូវ​​ឥទ្ធិពល​របស់​មេបក្ស​ម្នាក់​នេះ​ឱ្យ​ទន់​ឆ្អឹង​​រើលែង​រួច​​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការលើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឱ្យបាន​ប្រសើឡើង​​ គឺ​រាជរដ្ឋាភិបាល​បាន​ប្រឹង​ប្រែង​​ពង្រឹង​នូវការអនុវត្តច្បាប់ជាអទិភាព និង​បាន​​ចាត់​វិធាន​ការ​ជាបន្ត​បន្ទាប់​ទៅ​លើ​ជន​ប្រព្រឹត្តបទ​ល្មើស ដោយ​មិន​ប្រកាន់​បក្ខពួក​ ឬ​និន្នាការ​នយោបាយ​ឡើយ​។

យ៉ាង​ណា​មិញ​ ករណី​សំ​នុំ​រឿង​របស់​ទណ្ឌិត សម រង្ស៊ី​ ក៏មិន​មែន​ជាប្រធាន​បទ​ក្តៅ​ ចោទ​ជាបញ្ហា​អំ​ពី​ការ​កៀប​សង្កត់​ បំ​បិទសិទ្ធិ​នយោបាយបក្សប្រឆាំង សិទ្ធិ​បញ្ចេញ​មតិ ឬ​ក៏រាជ​រដ្ឋាភិបាល​ខ្លាច​ឥទ្ធិពល​របស់​លោក សម រង្ស៊ី ទើប​បាន​ជា​រកវិធី​រាំង​ខ្ទប់​ផ្លូវ​មិន​ឱ្យ​មេបក្ស​ប្រឆាំង​ចូល​ស្រុក ដូច​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សង្គមស៊ីវិល​ និង​ក្រុម​​ដែល​មាន​គំ​និត​ខ្វែង​ជាមួយ​រដ្ឋាភិបាល​បាន​លើក​ឡើង​នោះ​ទេ គឺវាពិត​ជា​លោក សម​ រង្ស៊ី បាន​ដើរដល់​មាត់​ជ្រោះ​ដោយ​ខ្លួន​ឯង​។​

បញ្ហា​របស់​លោក​សម រង្ស៊ី គឺពិត​ជាផ្តើម​ចេញ​ពី​ការដើរខុសផ្លូវ​ផ្នែក​យុទ្ធសាស្ត្រ​នយោបាយ​ផ្ទាល់​ខ្លួន​ និងសកម្មភាព​ជុំ​វិញ​ឥរិយាបថ​នៃ​ចេតនា​ « យក​​ច្បាប់​ទ្រាប់​អង្គុយ​» ។​

តើ​ទង្វើ​ដក​បំ​ផ្លាញ​តម្រុយ​បង្គោល​ព្រំ​ដែន​ ការ​ក្លែង​ឯកសារ​ផែន​ទី ការ​ជេរប្រមាថ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ញុះញង់​ អុជអាល​ បង្ក​ចលាចលសង្គម​ អំ​ពើទាំង​នោះ  បាន​ឆ្លុះបញ្ចាំងអ្វី​ខ្លះ​ អំ​ពី​ការ​ចូល​រួម​អនុវត្តកាតព្វ​កិច្ចពង្រឹង​នីតិរដ្ឋ គោរព​លទ្ធិ​ប្រជាធិបតេយ្យ និងជា​មោទនភាពសម្រាប់​ជាតិ​ដែរឬ​ទេ? ។ (សូម្បី​តែ​សហគមន៍​អន្តរជាតិ​ក៏អស់​ជំ​នឿលើលោកសម រង្ស៊ី​ដែរ)។

តើ​អ្នក​ណាជាអ្នក​បញ្ជាឱ្យ​លោក សម រង្ស៊ី​ ទៅ​ដក​តម្រុយ​បង្គោលព្រំ​ដែន​កម្ពុជា‑វៀត​ណាម​? តើ​លោក​ សម រង្ស៊ី ដឹងទេ​ថា​ ទង្វើ​នោះ គឺជា​អំ​ពើបំ​ពាន​ច្បាប់​រដ្ឋដែរទេ?​​ តើ​អ្នក​តំ​ណាង​រាស្ត្រមាន​សិទ្ធិ​ធ្វើ​ដូច្នោះមែន​ឬ? តើ​នៅ​លើពិភព​លោកអ្នក​តំ​ណាង​រាស្ត្រ​ជាអ្នក​ដក និង​ដាំបង្គោលព្រំ​ដែន ឬ​ក៏ការងារនោះ​ជា​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាលជាអ្នក​អនុវត្ត ​?

ប្រទេស​នៅ​លើសកលលោក ដែល​មាននូវ​ការ​អភិវឌ្ឍរីក​ចំ​រើន ការ​ធានានូវ​សន្តិសុខ ស្ថិរភាព​នយោបាយ​ សណ្តាប់​ធ្នាប់​សង្គម​ គឺគេខិត​ខំ​រិត​បន្តឹងខ្លាំង​ណាស់​​ការ​គោរព និង​អនុវត្ត​ច្បាប់យក​ធ្វើ​ជាមូល​ដ្ឋាន​។​ចុះ​អំ​ពើរបស់​លោក សម រង្ស៊ី តើលោកបាន​ដើរត្រឹម​ត្រូវ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ​ឬទេ? គឺគេអាច​ឆ្លើយ​បាន​ភ្លាម​ថា ពិត​ជា​បញ្រ្ចាស់​ពី​គោលការ​ណ៍​ច្បាប់​ទាំង​ស្រុង​​។ ផ្ទុយ​ទៅ​វិញ​ លោកសម រង្ស៊ី បាន​សម្រេចចិត្តយក​ច្បាប់​ព្រៃមក​អនុវត្ត បើ​ទោះ​ជា​ដឹង​ថា សកម្មភាព​របស់​គាត់​មិន​អាច​ទាក់​ទាញ​សម្លេង​គាំទ្រពី​សាធារណមតិជាតិ និង​សហគមន៍អន្តរជាតិ​ក៏ដោយ​ក្តី​។

រាជ​រដ្ឋាភិបាល​បាន​រងគ្រោះ​ច្រើន​ពេក​ហើយ ដែល​ត្រូវ​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំ​នួ​ន វាយប្រហារ ចោទប្រកាន់​ជាបន្តបន្ទាប់ដោយ​គ្មាន​មូល​ដ្ឋាន​ ក្រោម​លេសថា ប្រព័ន្ធ​តុលាការ​ស្ថិត​ក្រោម​សម្ពាធនយោបាយរបស់​រាជរដ្ឋាភិបាល​ ប៉ុន្តែ ផ្ទុយទៅ​វិញ​​ពួក​គេនាំគ្នា​ខិត​ខំ​បំ​ភ្លេច​​​ចោល​ទាំង​ស្រុង​នូវទ​ង្វើ​ខុសច្បាប់ដ៏ធ្ងន់​ធ្ងរដែល​ទណ្ឌិត​ម្នាក់​នេះ​ បាន​ប្រឹង​ប្រែង​ទាញ​ទម្លាក់នីតិរដ្ឋឱ្យ​ធ្លាក់​ចុះ​ដល់​បាត​ដាល ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ដើរស្រប​តាម​ផល​ប្រយោជន៍​ក្រុម​ និង​បក្ខពួក​របស់ពួក​គេ​។

ជាញឹក​ញ៉ាប់​ទណ្ឌិត​ សម រង្ស៊ី បាន​ប្រើ​ឧបករណ៍បំ​ពង​សម្លេង​ពី​ក្រៅ​ប្រទេស​ដូច​ជា​ វី​ដេអូ ខន់ហ្វើ​រិន និង​បាន​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេម​រភាសាមួយ​​ចំ​នួន ​មក​បំ​ពុល​បរិយាកាសសង្គម​ខ្មែរ​ ថា​ការ​ដឹក​នាំរបស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​​​​អាក្រក់​បំ​ផុត​ដោយ​មិន​បាន​គោរព​សិទ្ធិ​មនុស្ស និង​ចោទ​ថា​ ការបោះ​ឆ្នោត​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ភាព​ត្រឹម​ត្រូវ សេរី និង​យុត្តិធម៌នោះ​ទេ។

ប៉ុន្តែ ទណ្ឌិតរូប​នេះ មិន​មាន​អំ​ណះ​អំ​ណាង​ផ្លូវ​ច្បាប់​ណាមួយ​រឹង​មាំ ​និង​ច្បាស់​លាស់​​ ដើម្បី​បកស្រាយ​ការពារខ្លួន​ និង​មាននូវ​​ភាព​ក្លាហាន​តតាំង​គ្នា​នៅ​ចំ​ពោះ​មុខតុលាការ​ម្តង​ណាឡើយ ក្រៅ​តែពី​ការ​ប្រព្រឹត្តខុសច្បាប់​ហើយ​ រត់​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស និង​យក​ទឹក​ដី​បរទេស​សម្រាប់ធ្វើ​​ជា​ទីលាន​វាយប្រហារ​ កំ​ទេចស្រុក​ខ្មែរ​ ដើម្បីបិទ​បាំង​កំ​ហុសរបស់​ខ្លួន​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ  បុគ្គល​រូប​នេះគ្មាន​ភាពច្បាស់​លាស់​ និង​រក្សានូវ​សម្តី​របស់​ខ្លួន​ម្តង​ណាទេ គឺបន្ទាប់​ពី​កសាង​កំ​ហុសម្តង​ហើយ​ម្តង​ទៀត និង​បាន​សុំ​ទោសជាសាធារណៈថា​ ខ្លួនគាត់​​នឹង​ឈប់​ប្រព្រឹត្តនូវ​កំ​ហុសឆ្គង​សារ​ជាថ្មី​ទៀត​ហើយ  ប៉ុន្តែ រូប​គាត់(សម រង្ស៊ី)​ មិន​បាន​ទម្លាក់​ចោល​នូវ​គំ​នុំផ្ទាល់​ខ្លួន​នោះទេ គឺបន្ត​សង​សឹក​ត្រឡប់​វិញ​ ដូច​អ្វី​ដែល​ទណ្ឌិត​រូប​នេះ​ធ្លាប់​ប្រកាសថា ធ្វើ​យ៉ាង​ណា​ឱ្យ​ស្រុក​ខ្មែរឆោឡោ និង​ចលាចល​។

សម រង្ស៊ី គួរគប្បី​បញ្ឈប់​នូវ​សកម្មភាព​របស់​ខ្លួន​ និង​គួរឈប់​លាបពណ៌ ឬ​ក៏បង្ក​នូវ​ភាព​កករល្អក់​ដាក់​មកលើ​រាជ​រដ្ឋាភិបាល​ ពី​ព្រោះ​រូប​លោកសព្វ​ថ្ងៃជាទណ្ឌិត គឺសិទ្ធិនយោបាយ​ត្រូវ​បាន​បញ្ចប់​ហើយ​ ហើយ​ម៉្យាង​ទៀត ធាតុពិត​ការ​រត់ចោល​ស្រុក​របស់​លោក​ គឺមិន​មែន​សម្តេច​តេជោ ហ៊ុន សែន ជា​អ្នក​បណ្តេញ​នោះ​ទេ គឺរូប​គាត់​សម្រេចចិត្ត​រត់​ចោល​ស្រុក​ដោយ​ខ្លួន​ឯង​បន្ទាប់​ពី​ដឹង​ថា​ ខ្លួន​ធ្វើ​ខុសច្បាប់​ហើយ​នោះ​។

ក្នុង​បរិបទ​​នេះ​ លោក សម រង្ស៊ី កំពុង​ប្រឈម​នឹង​នីតិវិធី​បន្ថែម​ទៀត​របស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ទាក់​ទង​នឹង​សកម្មភាព​ឃោសនា​របស់​លោកពី​ក្រៅ​ប្រទេស​ ពី​ព្រោះ​តាម​ច្បាប់​«ទណ្ឌិត គឺត្រូវ​បាន​បញ្ចប់​ជាស្ថាពរអំពី​សិទ្ធិ​ធ្វើ​នយោបាយ​​ ​ ​និង​ក៏ពុំ​មាន​សិទ្ធិ​បោះ​ឆ្នោត​ ហើយ​ក៏គ្មាន​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេបោះ​ឆ្នោត​ឱ្យដែរ»។

ដោយ​ឡែក កិច្ចខិត​ខំប្រឹង​ប្រែង​ណាមួយ​របស់​លោក​ប្រេដ អាដាម នាយកប្រចាំតំ​បន់​អាស៊ី  នៃអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដូច​មាន​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចេញ​ផ្សាយ​ថ្ងៃទី​១០ ខែ កក្កដា ឆ្នាំ ២០១២ ថា​ គួរតែ​លោកស្រី ហ៊ីល​ឡារី គ្លីន​តុន​ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ប្រើ​ការ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ដើម្បី​បើ​កផ្លូវ​ឱ្យ​ លោក​សម រង្ស៊ី​ចូល​ស្រុកដើម្បី​​ចូល​រួម​បោះ​ឆ្នោត​ឆ្នាំ ២០១៣ នោះ​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​ខ្លះ​គិត​ថា បញ្ហាបុគ្គល​ម្នាក់ជាទណ្ឌិតដូច​ជារូប​លោក​សម​ រង្ស៊ី គឺជា​អនុវត្ត​ដែន​សមត្ថកិច្ចនៃប្រព័ន្ធច្បាប់​របស់កម្ពុជា ហើយ​វា​មិន​ស្ថិត​នៅ​ក្នុង​របៀប​វារៈនៃកិច្ច​ប្រជុំ​អាស៊ាន​នោះ​ទេ។​

និយាយជារួម​ទណ្ឌិត​ សម រង្ស៊ី បាន​ដើរដល់​មាត់​ជ្រោះដោយ​ខ្លួន​ឯង​​ ដែល​ជា​ទី​អវសាន្ត នៃជីវិត​នយោបាយ​​៕
អត្ថបទដោយៈ សុខ សំ​ណាង​ ​

បទវិភាគនយោបាយ ៖ ​តើ​មេបក្ស​ថ្មី​ជា​នរណា ?


ក្រោយ​ពីការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​អណត្តិទី៣ រួចមក លទ្ធផល​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ថា​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​សន្ធឹក​សន្ធាប់​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ហើយ​ក៏ជា​សារ​នយោបាយ​មួយ​សម្រាប់​ការ​បោះឆ្នោត​សកលនា​ឆ្នាំ​២០១៣ ខាង​មុខនេះ​ដែរ ។ រីឯក្រុម​គណបក្ស ប្រឆាំង​បានទទួល​ការគាំទ្រ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ នេះ​ក៏ដោយ​សារតែ​ទង្វើ​នៃ​សកម្មភាព និង កាយ​វិការ​របស់​ក្រុម គណបក្ស​ប្រឆាំង​តែងតែ​រិះគន់​ជេរ​ប្រមាថ​រាជ​រដ្ឋាភិបាល មិនឆ្លុះ​បញ្ចាំង​ការពិត មិនដឹង​ខុសត្រូវ​នោះដែរ ។

ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ដោយ​ផ្អែក​លទ្ធផល​ជាក់​ស្តែងថា មិនអាច​យកជ័យ​ជំនះ លើ​គណបក្ស​ប្រជាជន​កម្ពុជាបាន ក៏​លើកយក​រូបមន្ត​ចងសម្ព័ន្ធ​ភាព​មកធ្វើការ​បោកប្រាស់​ ប្រជាពល​រដ្ឋ​សម្រាប់ការ បោះ​ឆ្នោត​នា​ពេលខាង​មុខ ហើយ​គណបក្ស​ទាំងពីរ គឺ​គណបក្ស សម រង្ស៊ី និង គណបក្ស សិទិ្ធមនុស្ស បាន​ប្រកាស​នឹង​បង្កើត​គណបក្ស​ថ្មី​មួយទៀត សម្រាប់​ការបោះ​ឆ្នោត​សកលឆ្នាំ​២០១៣ ។​ ប៉ុន្តែ​បើយើង​ពិនិត្យ​មើល​នូវលក្ខណៈ សម្បតិ្ត​នៃ​គណបក្ស​ទាំងពីរ​នេះឃើញថា បើ​សិនជា​រួបរួម​ទៅជា​គណបក្ស​តែមួយ​នោះ តើ​មេបក្ស​ថ្មី​ជា​នរណា ?

គួរតែលោក សម រង្ស៊ី ឬ លោក កឹម សុខា ធ្វើ​ជាប្រធាន​គណបក្ស​ថ្មីនេះ តែ​បើ​លោក សម រង្ស៊ី វិញហាក់ ដូចជា​មាន​សមត្ថភាព និង​ចំណេះ​ដឹង​ខ្ពស់​ជាង​លោក កឹម សុខា ។ ម៉្យាងទៀត គណបក្ស សម រង្ស៊ី ក៏​ជា​គណបក្ស មួយ​ដែល​មាន​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សា​ខេត្ត/រាជធានី ស្រុក/ខ័ណ្ឌ/ក្រុង និង ឃុំ/សង្កាត់ ច្រើន​លើស លុប​បើធៀប​ទៅនឹង​គណបក្ស សិទិ្ធ​មនុស្ស របស់​លោក កឹម សុខា នោះ ។ ពិសេសស​មាសភាព​ថ្នាក់ដឹក​នាំ​គ្រប់ លំដាប់​ថ្នាក់​នៃ​គណបក្ស សិទិ្ធ​មនុស្ស ស្ទើរ​តែទាំង​អស់សុទ្ធ​សឹងតែ​ចេញមក​ពី​គណបក្ស សម រង្ស៊ី ផងដែរ ។

ដូច្នេះ​ប្រធាន​គណបក្ស​ថ្មី គួរ​តែបាន​មក​លោក សម រង្ស៊ី ។

រីឯ​ក្រុមអ្នក​គាំទ្រ​គណបក្ស សិទិ្ធ​មនុស្ស តែងតែ​គិតថា​គួរ​ឲ្យ​លោក​ កឹម សុខា ធ្វើ​ជាប្រធាន​ទៅវិញ ដោយ សំអាង​ទៅលើ​លទ្ធផល​នៃការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ/សង្កាត់​ថ្មីៗ​នេះ មាន​ការគាំទ្រ​ដែរ ។ ម៉្យាង​ទៀត​បើរំពឹង​លើ លោក សម រង្ស៊ី ខ្លាច​ក្រែង​មិនអាច​ចូលស្រុក​បាន​ព្រោះ​គាត់​ជា​ទណ្ឌិត​នៅឡើយ ។

សរុបសេច​ក្តីមក បើ​លោក កឹម សុខា ក្លាយ​ជា​ប្រធាន​គណបក្ស​ថ្មី នៃ​គណបក្ស​សម្ព័ន្ធភាព​នោះ មាន​ន័យថា គណបក្ស សម រង្ស៊ី ដែល​ជាគណបក្ស​ប្រឆាំង​ធំជាង​គេបង្អស់​នឹង​រលាយ​បាត់​រូបរាង ដូច​អំបិល​ត្រូវ​ទឹក​ជាស្វ័យ ប្រវត្តិ ហើយ​ប្រវត្តិសាស្រ្ត​នឹង​ស្តីបន្ទោស​លោក សម រង្ស៊ី ជាក់​ជាពុំខាន ហើយ​លោក កឹម សុខា អាច​នឹង​លេបយក អំណាច​នៅក្នុង​គណបក្ស​តែម្នាក់ឯង ពិសេស​ឈានដល់​លុបបំបាត់​ទាំងស្រុង​នូវអត្ត​សញ្ញាណ​ដើម នៃ​ការតស៊ូ កន្លង​មក​របស់​លោក សម រង្ស៊ី ក៏ដូច​ថ្នាក់ដឹក​នាំគ្រប់​លំដាប់​ថ្នាក់ នៃ​គណបក្ស សម​ រង្ស៊ី ដែរ ។

ដូច្នេះ​តើ​មេបក្សថ្មី​ជានរណា ? គួរ​លោក សម រង្ស៊ី ឬ លោក កឹម សុខា ?
ប៉ុន្តែអ្វី​គួរឲ្យកត់​សម្គាល់​នោះគឺ ទោះបី​គណបក្ស​ទាំងពីរ​នេះរួមគ្នា ក៏​មិនឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ។
ជាតិខ្មែរ

ទស្សនៈវិភាគ៖ ភាព​បរាជ័យ​របស់ សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់



បទវិភាគៈ ពលរដ្ឋ​​ខ្មែរ​​គ្មាន​​ជំនឿ​​លើ​​គណ​បក្ស​​ប្រឆាំង

រដូវកាលបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ បានខិតជិតមកដល់ គណបក្សនយោបាយទាំងអស់ នៅកម្ពុជា ក៏បាននិងកំពុងមមាញឹកស្វះស្វែងរកបេក្ខជនមានសមត្ថភាព និង​មាន​ប្រជាប្រិយភាពគ្រប់ ច្រកល្ហកដើម្បីយកមកបង្ហាញ និងបង្អួតដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការត្រៀមលក្ខណៈដណ្តើមជ័យជំនះ សម្រាប់ការ បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់ ឆ្នាំ២០១២ នាពេលខាងមុខ ។

ប៉ុន្តែរឿងគួរឲ្យសោកស្តាយ គឺក្រុមគណបក្សជំទាស់ទាំងអស់នោះ ពុំមានលទ្ធភាព និងសមត្ថភាព គ្រប់គ្រាន់​អាច​ទាក់​ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរឲ្យ​ជឿជាក់​លើគោល​នយោបាយ និងមេដឹកនាំរបស់ខ្លួន ទើបក្លាយជាឧបសគ្គយ៉ាងខ្លាំង លើការស្វែងរកបេក្ខជនមកប្រកួតប្រជែងនៅលើទីលានប្រជាធិបតេយ្យ នៃការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់នេះ ។

បើយើងពិនិត្យមើលឲ្យបានដិតដល់ នឹងកាន់តែស៊ីជំរៅទៅលើក្រុមគណបក្សជំទាស់ទាំងអស់នោះ យើងនឹងឃើញភ្លាមគឺពួកគេខ្វះខាតសព្វបែបយ៉ាងដូចជា គោល​នយោបាយ​ល្អ មេដឹកនាំដែលអាចទុក ចិត្តបាន ពិសេសភាពទទួលខុសត្រូវនៅមានកម្រិត នៃក្រុមការងារទ្រទ្រង់គណបក្សរបស់ពួកគេនៅតាម បណ្តាខេត្ត/រាជធានី។

ដោយឡែកចំពោះក្រុមគណបក្សជំទាស់ដែលទើបបង្កើតថ្មីថ្មោង នៅមានភាពស្ទាក់ស្ទើរយ៉ាងខ្លាំង ក្នុង​ការចំណាយ ពីព្រោះ​ពួកគេ​ដឹងច្បាស់​ថានឹងមិន​ទទួល​បានការ​គាំទ្រ​ច្រើនពីប្រជាពលរដ្ឋទេ ដែលអាច ធ្វើឲ្យខាតបង់ថវិកាឥតប្រយោជន៍ ជាពិសេសអាចនឹងមានប៉ះពាល់ ឬបាត់ការគាំទ្ររឹតតែខ្លាំងបន្ថែមទៀត ព្រោះភាពបរាជ័យ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់នេះ គឺជាការឆ្លុះយ៉ាងធំធេង ទៅលើលទ្ធផល សម្រាប់ការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្រ្តនាឆ្នាំ២០១៣ ។

ហេតុផលខាលើនេះហើយ ដែលក្រុមគណបក្សជំទាស់ទាំងអស់នោះ បានបង្វែរការទទួលខុសត្រូវ ក្នុងគណបក្សខ្លួន ដោយបង្កើតជាលេសគ្រប់បែបយ៉ាងតាមតែអាចទៅរួច មកដា​ក់បន្ទុក ឬ ទម្លាក់កំហុស មកលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាមិនសេរី មិនយុតិ្តធម៌ និងគណបក្សប្រជាជនកម្ពុជា ជា​គណបក្សកាន់អំណាចថាដើរគំរាមកំហែងសកម្មជនពួកគេមិនឲ្យឈរជាបេក្ខជនគណបក្សរបស់ខ្លួន ។

តាមពិតទៅ នេះគឺគ្រាន់តែជាលេស សម្រាប់ឲ្យមតិជាតិ អន្តរជាតិមួយចំនួន ដែលខ្វះការតាមដាន និង ពិចារណាដោយម៉ត់ចត់នោះ អាចនឹងវង្វេងព័ត៌មាន និង ស្មារតី ហើយងាកទៅរកភាពអាណិតអាសូរ លើកកលល្បិចនយោបាយបោកបញ្ឆោតដោយមិនដឹងខ្លួន ។

សរុបសេចក្តីមក អ្វីៗដែលគណបក្សជំទាស់ទាំងអស់ អំពាវនាវឲ្យមតិជាតិ និង អន្តរជាតិ ជួយនោះ គឺជាល្បិចចុងក្រោយ សម្រាប់​ការ​បិទបាំង​នូវភាព​បរាជ័យ​ដែល​មិន​ទាន់​មកដល់តែប៉ុណ្ណោះ ។
ភូមិន្ទ

អត្ថបទ​វិភាគ​នយោបាយ៖ ល្បែង​ពាល​ស៊ីពាល ពាក្យ​ចាស់​លោក​ពោល​ថា «នាង​រត់រក​អ្នក​ រីឯ​មីខាត​លក្ខណ៍រត់​រក​អាបាក់​អន្សា»

ការវាយប្រហារ ហែកហួរ បរិហារកេរ្តិ៍គ្នាតាមរយៈពាក្យសម្តីដ៏អសុរោះ ​ រវាងមេបក្ស​ប្រឆាំង​ពីរ​រូប​​​ ដែល​ដឹកនាំ​ដោយ កឹ​ម សុខា និង សម រង្ស៊ី  គឺមហា​ជនបានដឹង​​ច្បាស់ហើយនូវ​គំនិត​មាយាទ​អាក្រក់របស់​អ្នកទាំងពីរនេះ​ និង​បាន​ចាត់​ទុកសកម្មភាព​របស់​​ពួកគេថា បាន​ និង​កំ​ពុង​តែបញ្ចេញ​នូវពុត​ត្បុត​អាក្រក់​ដ៏ឥតអៀន​ខ្មាស់។​

 បើមេបក្សប្រឆាំង​ទាំងពីររូបស្ថិតក្នុង​ភាព​មិន​ទុកចិត្តគ្នាយ៉ាង​នេះ​ តើគណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​បង្កើត​ឡើង​នេះ​ ដើម្បីសង្រ្គោះ​​ជាតិពិត​ប្រាកដ ឬ​ក៏ដើម្បី​បំផ្លាញជាតិ?

សម​ រង្ស៊ី ធ្លាប់បានលើក​ឡើងអំពី​​ទង្វើ​​អាក្រក់​របស់​កឹម សុខា​ទាក់ទងនឹង​អំពើ​ពុក​រលួយ​កាល​ពីគាត់នៅជាប្រធាន​អង្គការ​សិទ្ធិមនុស្ស គឺធ្លាប់​បាន​ចោទ កឹម សុខា ថា មាន​ការ​កេង​ប្រវ័ញ្ចយ​ក​លុយ​កាក់ពី​​ម្ចាស់ជំនួយមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ហើយ​រឿងដ៏​អាក្រក់​មួយ​ទៀត​នោះគឺ កឹម សុខា​ ធ្លាប់​បាន​ធ្វើ​ជា​ចោរលួចអង្ករបស់រដ្ឋ​​ កាលពីប្រទេស​ទើបតែរំដោះចេញ​ពី​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត។​កាល​នោះ ប្រជា​ជន​​កម្ពុជាកំពុង​ជួបនឹងភាពអត់ឃ្លាន នេះ គឺជាភាពអមនុស្សធម៌មួយ​ដែល​ពលរដ្ឋ​​មិន​អាច​​អត់ឱន​ឲ្យបាន។

ម៉្យាងវិញទៀត កឹម សុខា ពេលដែល​ខ្លួនបា​ន​ប្រមូលលុយ​កាក់​ពីអង្គ​ការ​​បានសម​ល្មម​ អាច​នឹង​​បើ​ក​គណ​​បក្សបានហើយ ខ្លួនក៏ចាប់​ផ្ដើម​បង្កើត​​​​គណបក្ស​មួយ​ឈ្មោះ​​​​គណបក្សសិទ្ធិមនុស្ស ដែល​មហា​ជន និងសម រង្ស៊ីបានហៅ​កឹម សុខា​ថា ​ជាជនឆ្លៀត​ឱ​កាស​ រឺហៅ​ម្យ៉ាង​ទៀត​ថាជា​«ត្រី​ងៀត​ឆ្លៀត​ពង» ដោយសា​តែឃើញរាល់​ទង្វើរដ៏អាក្រក់​របស់ កឹម សុខា​​ នេះហើយ ទើបសម រង្ស៊ីប្រកាស​ម្ដងហើយ​ម្ដង​ទៀត​យ៉ាង​ដាច់ខាតថា មិន​បង្រួប​បង្រួម​​ជាមួយកឹម​ សុខាជាដាច់ខាត។ រីឯកឹម សុខា​វិញបាន​ដាក់​ឈ្មោះឲ្យសម រង្ស៊ីថា ជាមេបក្ស​ប្រឆាំង​មានជើងមិនជាប់ដី មិនចេះ​ប្រឈមមុ​ខ​នឹង​​ការពិត បក្ស​ពួកនិយម គ្រួសារនិយម ល្បីថា​មានចំណេះខ្លះដែរ​ តែមិន​ចេះ​គិត ខ្លួនជា​អ្នក​​ចូល​រួម​បង្កើត​​ច្បាប់ក្នុង​រដ្ឋ​សភា តែបែរទៅ​ជា​ប្រព្រឹត្ត​ផ្ទុយខុសនឹង​ច្បាប់ទៅ​វិញ គឺទៅនាំប្រ​ជា​ពល​រដ្ឋឱ្យទៅ​ដក​តម្រុយ​បង្គោល​​ព្រំដែន​កម្ពុជា-​វៀតណាម​ ហើយបានរត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស និង​បានដើរ​ស្រែក​បង្អើល​អន្តរជាតិថា រាជរដ្ឋាភិបាល​ខ្លាចគាត់ និង​មិន​ហ៊ាន​អោយ​គាត់ (សម រង្ស៊ី) ចូល​ស្រុក មិនត្រឹម​តែប៉ុណ្ណោះ ​កឹម​ សុខា​ បាន​ហៅ​សម រង្ស៊ី​ថា​ ជា​មនុស្សល្ងង់​ស្រេកឃ្លាន​នឹង​អំណាចសម្លឹង មិន​បានវែងឆ្ងាយ។​

ជាការ​ពិតណាស់ ពួកគេ​ទាំង​ពីរ​ប្រៀប​បីដូច​ជាកីឡាក​រអញ្ចឹង​ មា​នន័យថា សម រង្ស៊ី ព្យាយាម​ញាក់បាល់ ប៉ុន្តែបែរជា​ទាត់​ចូល​​ទីខ្លួនឯង រីឯ កឹម សុខា វិញ​បាននឹង​កំពុង​ប៉ែងជើង សម រង្ស៊ី ឲ្យដួលផ្កាប់មុខ។​ ដើម្បី​ស្វះស្វែងរកឱកាសចូល​ស្រុក​ សម ​រង្ស៊ី ក៏បាន​ព្យាយាម​បន្ទន់​ឥរិយា​បទ ជាមួយ​​ ​កឹម សុខា​ ដោយ​យល់ព្រមបង្រួប​បង្រួមគ្នា​​ទាំងសោកស្តាយជាទីបំផុត ដោយ​រំ​ពឹង​ថា នឹង​ដណ្តើម​ជោគ​ជ័យ​លើ​គណ​បក្ស​ប្រជាជន​​កម្ពុជា ប៉ុន្តែ សកម្មភាពនយោបាយរបស់ សម រង្ស៊ី កាន់​តែខ្សោះខ្យល់ទៅៗ និង​កាន់​តែអាក្រក់​បំ​ផុត​សម្រាប់រូបគាត់ (សម រង្ស៊ី) ។​​ ក្រោយ​មក​ទើប​ដឹង​ថា​​ កឹម សុខា ឆ្លៀត​ប្រើយុទ្ធវិធី« ពស់​លេប​កង្កែប» ។ ​ចំណែក​ឯ កឹម សុខា វិញ រាប់​ចាប់​តាំង​​ពី​ខ្លួននិងសម រង្ស៊ី​​ព្រម​បង្រួប​បង្រួមគ្នា បុគ្គលរូប​នេះ​បាន​កើតរឿងសង្ស័យជាប់ជានិច្ចថា ហេតុ​អ្វី​​​បានជា​បុគ្គល​ដែល​ធ្លាប់តែមាក់ងាយខ្លួន បែរទៅ​ជា​ព្រម​បន្ទន់​ឥរិយាបថស្រួលៗបែបនេះ​។ ហេតុនេះ​ មហា​ជន​​ក៏​បាន​មើលឃើញ​យ៉ាងច្បាស់ថា ដោយ​សារ​តែ​ភាព​សង្ស័យ​នេះហើយ ទើបភ្លាមៗ កឹម សុ​ខា ​មិន​ព្រម​លា​លែង​ពី​ដំណែងជាប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ព្រោះ​ខ្លួនខ្លាច សម រ​ង្ស៊ី ចូល​ស្រុក​វិញ​បាន​ ពេលនោះ​ប្រាកដជា «ប្រាក់ក៏បង់ថង់ក៏ដាច»។

ប៉ុន្តែដោយ​សារតែថ្មីៗនេះសម រង្ស៊ីបាន​ប្រកាស​ម្តង​ទៀតថា ​​យុទ្ធសាស្ត្រឈ្នះ‑ឈ្នះ គឺខ្លួនមិន​ចូល​រួម​ការបោះ​ឆ្នោត​ ដូច្នេះហើយជា​ឱកាសដ៏ល្អកម្ររកបាន ត្រូវធ្លាក់ចូលក្នុង​ដៃ​របស់កឹម សុខា​ពិត​ប្រាកដ។​

ភាព​ក្រឡិចក្រឡុចរបស់​មេបក្សប្រឆាំងទាំងពីររូប​ គឺពួក​គេ បាន និង​កំ​ពុង​តែកើតមាន​នូវ​ភាព​មន្ទិល​សង្ស័យ​ ការមិន​ទុកចិត្តគ្នា​ទៅ​វិញ​ទៅ​មកកាន់​តែខ្លាំង​ឡើងៗ ហើយ​ភាព​ប្រេះ​ស្រាំ និង​ការ​បែក​បាក់ក៏​បានចាប់​ផ្តើមកើតមានជាបន្តបន្ទាប់​​​ផងដែរ ។ ​នេះហើយ គឺជា « ល្បែង​​ពាល​ស៊ីពាល​» របស់​អ្នក​ទាំង​ពីរ។
អត្ថបទដោយៈ សៀន វិបុត្រ