ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អណត្តិទី៣ រួចមក លទ្ធផលបានបញ្ជាក់យ៉ាងច្បាស់ ថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយក៏ជាសារនយោបាយមួយសម្រាប់ការបោះឆ្នោតសកលនាឆ្នាំ២០១៣ ខាងមុខនេះដែរ ។ រីឯក្រុមគណបក្ស ប្រឆាំងបានទទួលការគាំទ្រតែបន្តិចបន្តួចប៉ុណ្ណោះ នេះក៏ដោយសារតែទង្វើនៃសកម្មភាព និង កាយវិការរបស់ក្រុម គណបក្សប្រឆាំងតែងតែរិះគន់ជេរប្រមាថរាជរដ្ឋាភិបាល មិនឆ្លុះបញ្ចាំងការពិត មិនដឹងខុសត្រូវនោះដែរ ។
ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយផ្អែកលទ្ធផលជាក់ស្តែងថា មិនអាចយកជ័យជំនះ លើគណបក្សប្រជាជនកម្ពុជាបាន ក៏លើកយករូបមន្តចងសម្ព័ន្ធភាពមកធ្វើការបោកប្រាស់ ប្រជាពលរដ្ឋសម្រាប់ការ បោះឆ្នោតនាពេលខាងមុខ ហើយគណបក្សទាំងពីរ គឺគណបក្ស សម រង្ស៊ី និង គណបក្ស សិទិ្ធមនុស្ស បានប្រកាសនឹងបង្កើតគណបក្សថ្មីមួយទៀត សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៣ ។ ប៉ុន្តែបើយើងពិនិត្យមើលនូវលក្ខណៈ សម្បតិ្តនៃគណបក្សទាំងពីរនេះឃើញថា បើសិនជារួបរួមទៅជាគណបក្សតែមួយនោះ តើមេបក្សថ្មីជានរណា ?
គួរតែលោក សម រង្ស៊ី ឬ លោក កឹម សុខា ធ្វើជាប្រធានគណបក្សថ្មីនេះ តែបើលោក សម រង្ស៊ី វិញហាក់ ដូចជាមានសមត្ថភាព និងចំណេះដឹងខ្ពស់ជាងលោក កឹម សុខា ។ ម៉្យាងទៀត គណបក្ស សម រង្ស៊ី ក៏ជាគណបក្ស មួយដែលមានសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាខេត្ត/រាជធានី ស្រុក/ខ័ណ្ឌ/ក្រុង និង ឃុំ/សង្កាត់ ច្រើនលើស លុបបើធៀបទៅនឹងគណបក្ស សិទិ្ធមនុស្ស របស់លោក កឹម សុខា នោះ ។ ពិសេសសមាសភាពថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់នៃគណបក្ស សិទិ្ធមនុស្ស ស្ទើរតែទាំងអស់សុទ្ធសឹងតែចេញមកពីគណបក្ស សម រង្ស៊ី ផងដែរ ។
ដូច្នេះប្រធានគណបក្សថ្មី គួរតែបានមកលោក សម រង្ស៊ី ។
រីឯក្រុមអ្នកគាំទ្រគណបក្ស សិទិ្ធមនុស្ស តែងតែគិតថាគួរឲ្យលោក កឹម សុខា ធ្វើជាប្រធានទៅវិញ ដោយ សំអាងទៅលើលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ថ្មីៗនេះ មានការគាំទ្រដែរ ។ ម៉្យាងទៀតបើរំពឹងលើ លោក សម រង្ស៊ី ខ្លាចក្រែងមិនអាចចូលស្រុកបានព្រោះគាត់ជាទណ្ឌិតនៅឡើយ ។
សរុបសេចក្តីមក បើលោក កឹម សុខា ក្លាយជាប្រធានគណបក្សថ្មី នៃគណបក្សសម្ព័ន្ធភាពនោះ មានន័យថា គណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងធំជាងគេបង្អស់នឹងរលាយបាត់រូបរាង ដូចអំបិលត្រូវទឹកជាស្វ័យ ប្រវត្តិ ហើយប្រវត្តិសាស្រ្តនឹងស្តីបន្ទោសលោក សម រង្ស៊ី ជាក់ជាពុំខាន ហើយលោក កឹម សុខា អាចនឹងលេបយក អំណាចនៅក្នុងគណបក្សតែម្នាក់ឯង ពិសេសឈានដល់លុបបំបាត់ទាំងស្រុងនូវអត្តសញ្ញាណដើម នៃការតស៊ូ កន្លងមករបស់លោក សម រង្ស៊ី ក៏ដូចថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណបក្ស សម រង្ស៊ី ដែរ ។
ដូច្នេះតើមេបក្សថ្មីជានរណា ? គួរលោក សម រង្ស៊ី ឬ លោក កឹម សុខា ?
ប៉ុន្តែអ្វីគួរឲ្យកត់សម្គាល់នោះគឺ ទោះបីគណបក្សទាំងពីរនេះរួមគ្នា ក៏មិនឈ្នះគណបក្សប្រជាជនកម្ពុជាដែរ ។
ជាតិខ្មែរ
No comments:
Post a Comment