Thursday, April 28, 2022

បន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡា SEA Games លើកទី៣១ នៅទៅក្រុងហាណូយ ប្រទេសវៀតណាម

 នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។


ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧,១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំនៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា ។
កីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវបានរៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មានសរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។

Facebook ស្រីអូនណាហ្គា បានបកអាក្រាតមេក្លោងបាតុកម្មខុសច្បាប់ និងបញ្ជាក់ថា «ដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាកសហជីព ជាការវ៉ៃបំបែកឆ្នាំងបាយនិងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ»

 

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Srey Aun Naga បានបង្ហោះផ្សាយលិខិតចំហមួយ ដែលបានបង្ហាញនូវភាពជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៃសកម្មភាព ញុះញង់ ដឹកនាំធ្វើបាតុកម្មខុសច្បាប់របស់ នាង ឈឹម ស៊ីថរ និងក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដែលត្រូវបានបញ្ឈប់ពីការងារ។ ក្នុងលិខិតចំហបានបញ្ជាល់ថា ដើរតាមសកម្មជននយោបាយ ឈឹម ស៊ីថរ ជ្រកក្រោមស្លាកសហជីព ជាការវ៉ៃបំបែកឆ្នាំងបាយនិងបំផ្លាញអនាគតខ្លួនឯងនិងគ្រួសារ។ លិខិតចំហ បានរៀបរាប់ខ្លឹមសារលំអិតបន្តយ៉ាងដូច្នេះថា៖

 មេសហជីព ឈឹម ស៊ីថរ ដែលមានវ័យជាង ៣០ឆ្នាំរូបនេះមានដើមកំណើតនៅខេត្តព្រៃវែង តែបានប្តូរទីលំនៅមករស់នៅនិង រៀនសូត្រនៅភ្នំពេញ។  នៅឆ្នាំ២០០៧ ឈឹម ស៊ីថរ ក៏បានឈានជើងចូលធ្វើការងារនៅកាស៊ីណូណាហ្កាវើលដ៏ជាអ្នកចែកបៀរ ហើយបន្តបន្ទាប់មកក៍បានក្លាយជាមេ សហជីព។

 បើគិតមកដល់ពេលបញ្ឈប់ការងារនោះ នាង ឈឹម ស៊ីថរ បានធ្វើការងារនៅក្នុងក្រុមហ៊ុនណាហ្កាវើលដ៏ រឺអាចនិយាយមួយបែបទៀតថា ក្រុមហ៊ុនបានចិញ្ចឹមនាងនិងគ្រួសារអស់រយៈ ពេល១៥ឆ្នាំរួចទៅហើយ។ 

ចាប់ផ្តើមការងារពីការចែកបៀរនៅលើតុល្បែង ពេលនេះ ឈឹម ស៊ីថរ ក៏បានឡើងតួនាទីរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ទាបម្នាក់ដែលមានប្រាក់ខែច្រើន គួរសម ផងដែរ។

 នៅក្នុងអំឡុងពេលនៃការបម្រើការងារកាលពីឆ្នាំ២០០៩ ដោយសារតែទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុសកល ក្រុមហ៊ុនណាហ្កាវើលដ៏ ក៏បានកាត់បន្ថយបុគ្គលិកមួយចំនួន ហើយពេលនោះហើយដែលជាពេលដែលនាង ស៊ីថរ បានចាប់ផ្តើមចេញមកប្រឡូកក្នុងការតវ៉ា ប្រឆាំងក្រុមហ៊ុនដែលចិញ្ចឹមនាងនិងគ្រួសារ។

 ដោយមើលឃើញនាង ឈឹម ស៊ីថរ ពូកែនិយាយនៅក្នុងសកម្មភាពបាតុកម្មតវ៉ានានាផងនោះ នាងក៏ត្រូវបានមេដឹកនាំបក្សនយោបាយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកពូ ហ៊ុន សែន ចេញមអូសទាញនិង បានបណ្តុះ បណ្តាលការងារដឹកនាំធ្វើបាតុកម្ម នេះបន្ថែមទាំងនៅ ក្នុងនិងក្រៅប្រទេស។

 ចាប់ពីពេលនោះមកនាង ឈឹម ស៊ីថរ ក៍បានក្លាយទៅជាសកម្មជននយោបាយរបស់បក្សប្រឆាំងយ៉ាងពេញលេញ ដោយនាងត្រូវបានចាត់តាំងឱ្យមកបម្រើការដើម្បីជួយការងារលោកស្រី មូរ សុខ ហួរ ហើយក៍ជានិច្ចកាល នាងតែង តែទៅចូលរួមនៅក្នុងសកម្មភាពនយោបាយរបស់បក្សប្រឆាំង ហើយក៏ធ្លាប់បានចេញមកធ្វើបាតុកម្មតវ៉ានិងចូលរួមក្នុងយុទ្ធនាការ នយោបាយនានាជាកម្លាំងបង្ហាញមុខដោយចំហជាមួយនឹងមេដឹកនាំបក្សប្រឆាំងមួយចំនួនទៀត ក៏ដូចជា ជាមួយអង្គការសង្គមស៊ីវិលដែលតែងតែប្រឆាំងជាមួយរដ្ឋាភិបាលផងដែរ។

 ចាប់តាំងពីបានឡើងធ្វើជាមេសហជីព នាង ឈឹម ស៊ីថរ និងបក្ខពួក មួយចំនួនបានប្រើប្រាស់ឥទ្ធិពលនៅ កន្លែងធ្វើការរបស់ខ្លួន ដើម្បីបង្កភាពចលាចលនៅក្នុងក្រុមហ៊ុនណាហ្កាវើលដ៏ តាមរយៈ ការធ្វើសកម្មភាពញុះញង់ អុជអាល និងបំភ័ន្តបំភ័យដល់បុគ្គលិកនៅទីនោះ ធ្វើយ៉ាងណាឱ្យពួកគេ មិនពេញចិត្តនឹងសកម្មភាពរបស់ថៅកែ ហើយចេញមកធ្វើការតវ៉ាជាមួយនាង។

 គេបានសង្កេតឃើញថា នៅរាល់ការតវ៉ា នាង ស៊ីថរ តែងតែបានប្រកាសថា អ្វីដែលពួកគេកំពុងធ្វើ គឺដើម្បីការពារសិទ្ធិរបស់បុគ្គលិកនៅកន្លែងធ្វើការ ប៉ុន្តែចេតនាពិតនៃការតវ៉ាទាំងនោះគឺជាការទទួលបញ្ជាពីក្បាលម៉ាស៊ីនរបស់ក្រុម ប្រឆាំងដើម្បីឱ្យរូបនាងបង្កើតជាព្រឹត្តិកាណ៍ដើម្បីបង្កចលាចលនៅក្នុងទីក្រុងភ្នំពេញតែប៉ុណ្ណោះហើយជាពិសេស នៅឆ្នាំ២០១៣ នាងក៍បានចេញមកចូលរួមយ៉ាងសកម្មក្នុងចលនា បាតុកម្មជាមួយ មេដឹកនាំអតីតបក្សប្រឆាំងផងដែរ ។  

 បើត្រឹមតែជាកូដកម្ម នៅកន្លែងការងារដើម្បីទាមទារផលប្រយោជន៍បុគ្គលិក គឺវាមិនពិបាកក្នុងការរដំណោះស្រាយនោះទេ។ ប៉ុន្តែជាក់ស្តែង ការធ្វើបាតុកម្មខុសច្បាប់អូសបន្លាយម្តងហើយ ម្តងទៀតរបស់ក្រុមនាង ឈឹម ស៊ីថរ នេះ គឺមិនមែនមានចេតនាក្នុងការការពារដល់ផលប្រយោជន៍របស់បុគ្គលិកមួយចំនួនតូចនោះទេ ប៉ុន្តែគោលដៅពិតប្រាកដ នៃការបន្តធ្វើបាតុកម្មនេះគឺដើម្បីបង្កភាពអសន្តិសុខ និងបង្កើតជារលកនៃការតវ៉ាដើម្បីរំខានដល់ការបោះឆ្នោតខាងមុខផង និងបង្កឱ្យមានចលាចលនៅក្នុង ប្រទេសតាមការណែនាំនិងចាត់តាំង របស់ក្រុមនយោបាយប្រឆាំងតែប៉ុណ្ណោះ។

 ការសម្តែងដើម្បីបង្កឱ្យមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ទាំងពាក្យសម្តីក្នុងការស្រែកឃោសនា និងជាពិសេស «ការរៀបចំឈុតឆាក សម្តែងល្បិចសាច់កម្ម» គឺមិនមានភាព ខុសគ្នាទាល់តែសោះ ជាមួយនឹងការធ្វើ បាតុកម្មរបស់ក្រុមប្រឆាំងកាលពីពេលកន្លងទៅ។

 ដូច្នេះ តាមរយៈលិខិតជំហនេះខ្ញុំសូមអោយ មិត្តភ័ក្តិដែលកំពុងបន្តធ្វើការតវ៉ាតាមការញុះញង់ អូសទាញរបស់ក្រុមនាង ឈឹម ស៊ីថរ ដែលធ្វើឱ្យយើងពិតជាខាតបង់ពេលវេលានិងប៉ះពាល់ជីវភាពរស់នៅផង ហើយ ជាពិសេស គឺធ្វើឱ្យពួកយើងម្នាក់ៗមានឈ្មោះនិងមុខមិនល្អ ពិបាករកការងារធ្វើបន្ត សូមគិតគូរពិចារណាឡើងវិញដោយងាកមកទទួល យកសំណងពីក្រុមហ៊ុនតាមផ្លូវច្បាប់ និងរកការងារថ្មីដើម្បីទ្រទ្រង់ជីវភាពខ្លួន 

និងក្រុមគ្រួសារ។

 

ដោយ ៖ អតីតមិត្តរួមការងារសហជីព ណាហ្កាវើលដ៏

https://www.facebook.com/102321985655823/posts/142766554944699/?d=n














វិភាគអន្តរជាតិ៖ តើអព្យាក្រឹតភាព សម្រាប់អ៊ុយក្រែនគឺជា «អន្ទាក់» ឬ?


(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមនៅតែបន្តអូសបន្លាយ កិច្ចចរចាស្វែងរកសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនក៏កាន់តែស្រពិចស្រពិលផងដែរ។ អ៊ុយក្រែន កាលពីពេលថ្មីៗនេះបានព្រមានថានឹងដើរចេញពីកិច្ចចរចា ប្រសិនបើទាហានរបស់ខ្លួនដែលកំពុងជាប់គាំងនៅឯរោងចក្រដែកថែប ក្នុងទីក្រុងម៉ារីយូប៉ូល ត្រូវបានសម្លាប់។ ចំណែកឯ វិមានក្រឹមឡាំងបានបញ្ចេញប្រតិកម្មភា្លមៗ ដោយចោទថាអ៊ុយក្រែនគឺជាអ្នកបង្កការរាំងស្ទះដល់កិច្ចចរចា។ ប៉ុន្តែព្រមពេល ជាមួយគ្នា ក្រុមមន្ត្រីការទូតរុស្ស៉ីបានលើកឡើងជាថ្មីនូវសំណើមួយចំនួនដើម្បីបិទបញ្ចប់សង្រ្គាម ក្នុងនោះរួមមានអព្យាក្រឹតភាព និងការធ្វើវិយោធកម្ម របស់អ៊ុយក្រែន ដោយត្រូវធានាឱ្យបានថាអ៊ុយក្រែននឹងមិនចូល NATO សំដៅកុំឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះប្រើប្រាស់អ៊ុយក្រែន មកគំរាមកំហែងប្រឆាំងនឹងរុស្ស៉ី។


ការធ្វើវិយោធកម្ម ឬការរំសាយយោធា និងអព្យាក្រឹតភាពរបស់អ៊ុយក្រែន គឺជាសំណើដ៏សំខាន់របស់រុស្ស៉ី ដែលអាចឱ្យលោក ពូទីន ប្រើវាជាការឃោសនា ប្រកាសពីជ័យជម្នះនៃសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។ បានន័យថាបុរសខ្លាំងនៃវិមានក្រឹមឡាំងរូបនេះចង់យកវាទៅប្រាប់ប្រជាជន និងអ្នកនយោបាយ រុស្ស៉ីថា «ឃើញទេ! ប្រតិបត្តិការយោធារបស់យើង បានលុបបំបាត់ការគំរាមកំហែងនៃការពង្រីកឥទ្ធិពលពីសំណាក់ NATO មកលើតំបន់ព្រំដែនភាគខាងត្បូងរបស់យើង»។


មែនទែនទៅ, សម្រាប់លោក ពូទីន អព្យាក្រឹត្យភាពអ៊ុយក្រែន គឺគ្រាន់តែជាចំណែកតូចមួយនៃមហិច្ឆតារបស់លោកតែប៉ុណ្ណោះ ហើយរឿងដែលសំខាន់ បំផុត នោះគឺលោកចង់ឱ្យអ៊ុយក្រែនស្ថិតនៅក្រោមដែនឥទ្ធិពលរបស់រុស្ស៉ីជារៀងរហូត ដូចដែលលោកបានប្រកាសជាសាធារណៈថាប្រជាជនរុស្ស៉ី និងអ៊ុយក្រែន «ជាប្រជាជនតែមួយ»។


កាលពីខែធ្នូ ឆ្នាំ២០២១, រុស្ស៉ីបានដាក់សំណើសន្តិសុខទៅកាន់សហរដ្ឋអាមេរិក និង NATO ដោយដឹងជាមុនរួចទៅហើយថាលោកខាងលិចនឹងមិនអាច ធ្វើតាមសំណើទាំងនោះឡើយ ហើយលោក ពូទីនក៏ដឹងដែរថាយុទ្ធសាស្ត្របែបនេះមិនអាចជោគជ័យទេ នៅលើឆាកអន្តរជាតិ ប៉ុន្តែលោកចង់ប្រើដើម្បី បញ្ជាក់ពីភាពត្រឹមត្រូវនៃការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែន និងឱ្យប្រជាជនរុស្ស៉ីជឿថាអាមេរិក និង NATO ជាអ្នកទទួលខុសត្រូវ ដោយសារតែ ពួកគេមិនអើពើនឹងសំណើសន្តិសុខរបស់រុស្ស៉ី។


ដូចគ្នាដែរ, នៅក្នុងកិច្ចចរចាសន្តិភាពលើកចុងក្រោយបំផុត, រុស្ស៉ីបានស្នើសុំជាថ្មីនូវលក្ខខណ្ឌជាច្រើនក្នុងនោះរួមមាន អ៊ុយក្រែនត្រូវតែក្លាយជាប្រទេស អព្យាក្រឹត ជាមួយការបោះបង់ចោលគំនិតចង់ចូល NATO, រំសាយយោធា, ព្រមទាំងទទួលស្គាល់តំបន់ដូណេត និងលូហានគ្រប់គ្រងដោយក្រុមឧទ្ទាម ផ្ដាច់ទឹកដីគាំទ្ររុស្ស៉ី ជារដ្ឋឯករាជ្យដូចដែលលោក ពូទីនបានប្រកាសទទួលស្គាល់។ និយាយពីរឿងអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ហាក់ដូចជាមានជំហរម៉ឺងម៉ាត់ ប៉ុន្តែលោកបានបង្ហាញពីចំណាប់អារម្មណ៍ចង់ពិភាក្សាពីអព្យាក្រឹតភាពជាមួយ លោក ពូទីន។ តួយ៉ាងកាលពីថ្ងៃទី១៥ ខែមីនា លោក ហ្សេលេនស្គីបានកត់សម្គាល់ថាទោះបីជា NATO នៅតែបើកចំហទ្វារក៏ដោយ តែលោកជឿជាក់ថា អ៊ុយក្រែនមិនអាចដើរចូលតាមទ្វារនេះបានឡើយ ហើយការបង្ហាញការខកចិត្តនេះគឺជារឿងត្រឹមត្រូវ ពីព្រោះថា NATO ខ្លួនឯងបានបដិសេធទទួលយក អ៊ុយក្រែន និងហ្ស៊កហ្ស៉ីជាសមាជិកកាលពីឆ្នាំ២០០៨ ដោយទុកឱ្យប្រទេសទាំង២នៅក្រៅបក្សសម្ព័ន្ធយោធា ដើម្បីបញ្ចៀសជម្លោះជាមួយរុស្ស៉ី។


ក៏ប៉ុន្តែ «អព្យាក្រឹតភាព» របស់ហ្ស៊កហ្ស៊ី ឬអ៊ុយក្រែនមិនអាចទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីបានឡើយ ហើយជារឿយៗវាតែងតែត្រូវបានលោក ពូទីន ប្រើជាថ្នាំ ដើម្បីបន្សាបឥទ្ធិពលលោកខាងលិច។ នៅពេលនិយាយដល់អព្យាក្រឹតភាព គេនឹកឃើញមុនគេដល់ប្រទេស២ នៅអឺរ៉ុប នោះគឺស្វីស និងអូទ្រីស ដែលជាប្រទេសអព្យាក្រឹត។ តែករណីអ៊ុយក្រែន មិនដូចប្រទេសទំាង២នេះទេ។ អូទ្រីស និងស្វីសមានសមត្ថភាពអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ឱ្យរីកចម្រើនដោយខ្លួនឯង ខណៈបន្តស្ថិតនៅក្រៅបក្សសម្ព័ន្ធយោធា NATO។ ប៉ុន្តែ សម្រាប់លោក ពូទីន អព្យាក្រឹតភាពរបស់អ៊ុយក្រែនមិនមែនសំដៅតែ ទៅលើការធានាមិនឱ្យទីក្រុងកៀវចូល NATO នោះទេ ពោលគឺលោកចង់ឱ្យបានអ៊ុយក្រែនទាំងមូលតែម្ដង។


អ៊ុយក្រែនក៏ធ្លាប់បានព្យាយាមស្ថិតនៅជាប្រទេសអព្យាក្រឹតមួយផងដែរ ក្រោយទទួលបានឯករាជ្យភាពពីអតីតសហភាពសូវៀត។ តែទោះជាបែបនេះក្ដី អព្យាក្រឹតភាពមិនអាចរារាំងរុស្ស៉ីបានឡើយ ដោយកាលពីឆ្នាំ២០១៤ រុស្ស៉ីបានក្រសោបយកឧបទ្វីបគ្រីមៀ និងតំបន់ដុនបាស់ពីអ៊ុយក្រែន និងចុងក្រោយគេបំផុត គឺសង្រ្គាមរបស់លោក ពូទីនក្នុងពេលបច្ចុប្បន្ន។


លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់រួចហើយថាអ៊ុយក្រែនអាចនឹងមិនចូល NATO តែអ៊ុយក្រែនចង់បានការធានាមួយពីបរទេសខាងក្រៅដូចជាអាមេរិក អង់គ្លេស ឬសហភាពអឺរ៉ុប ដែលប្ដេជ្ញាចិត្តថាធ្វើអន្តរាគមន៍ជួយអ៊ុយក្រែនដោយផ្ទាល់ នៅក្នុងករណីមានការវាយប្រហារណាមួយពីរុស្ស៉ីនៅពេលអនាគត។ តែរឿងបែបនេះវាគឺអាស្រ័យថាតើមេដឹកនាំលោកខាងលិចមានភាពក្លាហានប៉ុនណា ក្នុងការប្រឈមមុខជាមួយរុស្ស៉ី ព្រោះថាលោក ពូទីន ប្រហែលជា នឹងមិនអាចទទួលយកសំណើបែបនេះទេ។


គួរបញ្ជាក់ថា សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនបានចូលដំណាក់កាលទី២ ដោយកងទ័ពរុស្ស៉ីកំពុងផ្ដោតលើតំបន់ភាគខាងកើត និងភាគខាងត្បូង អ៊ុយក្រែន ហើយវាក៏ជាដំណាក់មួយដ៏គ្រោះថ្នាក់ និងកំណត់អ្នកឈ្នះអ្នកចាញ់នៅក្នុងសង្រ្គាមនេះដែរ។ ក្រុមមន្ត្រីអាមេរិកបានបង្ហាញការព្រួយបារម្ភថា នៅចំពោះមុខការផ្ដល់ជំនួយយោធាដូចទឹកបាក់ទំនប់ពីបណ្ដាប្រទេសលោកខាងលិច លោក ពូទីនអាចនឹងប្រើប្រាស់អាវុធគីមី ឬក៏អាវុធនុយក្លេអ៊ែរ តាក់ទិក វាយផ្ដាច់ព្រ័ត្រតែម្ដង ខណៈអ្នកជំនាញជាច្រើនយល់ថាលោក ពូទីនត្រូវការជ័យជម្នះឱ្យបានមុនថ្ងៃទី៩ ខែឧសភាក្រោយនេះដែលជាថ្ងៃ បុណ្យជាតិរុស្ស៉ី នោះគឺទិវាជ័យជម្នះរបស់កងទ័ពរុស្ស៉ីលើកងទ័ពណាហ្ស៉ីរបស់ហ៊ីត្លែរក្នុងសង្រ្គាមលោកលើកទី២៕


ប្រភព៖ Foreign Policy (ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News



Wednesday, April 27, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា


នៅរសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។



ពិធីបិទសន្និបាតអប់រំយុវជននិងកីឡានេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ សន្និបាតអប់រំនេះ បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡាជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតី-ភាពជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញមោទនភាពចំពោះក្រសួងអប់រំយុវជន និងកីឡាដែលបានធ្វើកិច្ចសហការជិតស្អិតជាមួយថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរ- ដែនដី ក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនស្របតាមតួនាទី ភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។ សម្តេចតេជោមានមានប្រសាសន៍ថា ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា។

ក្នុងពិធីបិទសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន០៦ចំនុចដូចខាងក្រោម: 

១- បន្តពង្រឹងប្រព័ន្ធអប់រំឲ្យមានភាពធន់បុរេសកម្ម ឆ្លើយតបទៅ នឹងបរិការណ៏ជាតិអន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ បន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្នព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិត និងយុវជនដែលរងផលប៉ះពាល់ដោយកូវីដ-១៩។

២- ណែនាំឱ្យកសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមានការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន។

៣- បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិត  វីដេអូបង្រៀន និងមាតិកាឌីជីថលលើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។

៤- បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា  «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម ។

៥- បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន សហព័ន្ធ-កីឡា បំប៉ន និងហ្វឹកហាក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់ ជំរុញសកម្មភាពអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល។

៦- បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម «៣កុំ និង ៣ការពារ» ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាព ចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។ បន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោល ដោយសារជំងឺ កូវីដ-១៩។ ត្រង់ចំនុចនេះ សម្តេចតេជោបានមានបានប្រសាសន៍ថា បើទោះបីកាតព្វកិច្ចពាក់ម៉ាស ត្រូវបានលើកលែង តែសម្តេចនៅតែលើកទឹកចិត្តឱ្យមានការពាក់ម៉ាស។

សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋ បើទោះបីសម្តេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ តែសម្តេចសង្កេតឃើញពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅតែបន្តពាក់ម៉ាស នេះបញ្ជាក់ពីការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាការពារសុខភាពរបស់ខ្លួន។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា ការសម្រេចចិត្ត និងបញ្ជាលើការងារចាក់វ៉ាក់សាំងមិនងាយស្រួល និងមិនធម្មតានោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើពេលនោះសម្តេចធ្វើតាមការទាមទារពីតាមបណ្តាខេត្ត ដែលទាមទារយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានា​មុនពេលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ​ និងខេត្តកណ្តាល​ នោះ គឺមិនអាចបង្កើតភាពសាំសហគមន៍បាននោះឡើយ។ ដូច្នេះសម្ដេចតេជោនៅតែជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ ការពារការចម្លងជំងឺកូវីដ-១៩នេះ ជាបន្តទៀត៕

















សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។



នៅក្នុងជំនួបនេះ ឯកឧត្តម ចនសេន ដឺសុន បានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលឯកឧត្តម មានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្រ្តយ៉ាងច្រើន ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។

ឯកឧត្តម ចនសេន ដឺសុន បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជាពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ជាមួយការចូលរួមចំណែកក្នុងកិច្ចការពិភពលោក កិច្ចការតំបន់ និងជាពិសេស ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ការទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យ ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តម ចនសេន ដឺសុន អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជា ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលដរាបរៀងមក តែងបានផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ៕












សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយជូនជនរួមជាតិ ដោយសម្តែងការអបអរសាទរដល់ខួប អនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២នេះ ដែលនឹងប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព សុខភាព និង សន្តិសុខការងារ»។


តាមរយៈសារលិខិតដែលទទួលបាននៅថ្ងៃទី២៧ ខែមេសានេះ សម្តេចតេជោ បានចាត់ទុកថា ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្តជាសកល ជាពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំ រាប់សតវត្សរ៍មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ ស្ថិរភាព ការងារ និងសន្តិសុខការងារក្នុងបរិបទជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំង ពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបីឆ្នាំនេះ ប្រទេសជាតិយើង និងប្រទេសនានានៅក្នុងសកលលោក កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ក៏កម្ពុជានៅតែអាចបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ ព្រមទាំងនៅត បន្តឱ្យមានការរៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាព ជាក់ស្តែង៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖








បន្តផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១

នៅរសៀល ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។

   

 ពិធីបិទសន្និបាតអប់រំយុវជននិងកីឡានេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២។ សន្និបាតអប់រំនេះ បានលើកមកពិនិត្យ និងពិភាក្សាលើការងារជាច្រើន ពាក់ព័ន្ធការអប់រំនៅកម្ពុជា ព្រមទាំងបានលើកនូវទិសដៅជាច្រើន ដើម្បីកែលំអរការអប់រំ និងបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរក្នុងឆ្នាំសិក្សា២០២១-២០២២។