Thursday, April 28, 2022

វិភាគអន្តរជាតិ៖ តើអព្យាក្រឹតភាព សម្រាប់អ៊ុយក្រែនគឺជា «អន្ទាក់» ឬ?


(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមនៅតែបន្តអូសបន្លាយ កិច្ចចរចាស្វែងរកសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែនក៏កាន់តែស្រពិចស្រពិលផងដែរ។ អ៊ុយក្រែន កាលពីពេលថ្មីៗនេះបានព្រមានថានឹងដើរចេញពីកិច្ចចរចា ប្រសិនបើទាហានរបស់ខ្លួនដែលកំពុងជាប់គាំងនៅឯរោងចក្រដែកថែប ក្នុងទីក្រុងម៉ារីយូប៉ូល ត្រូវបានសម្លាប់។ ចំណែកឯ វិមានក្រឹមឡាំងបានបញ្ចេញប្រតិកម្មភា្លមៗ ដោយចោទថាអ៊ុយក្រែនគឺជាអ្នកបង្កការរាំងស្ទះដល់កិច្ចចរចា។ ប៉ុន្តែព្រមពេល ជាមួយគ្នា ក្រុមមន្ត្រីការទូតរុស្ស៉ីបានលើកឡើងជាថ្មីនូវសំណើមួយចំនួនដើម្បីបិទបញ្ចប់សង្រ្គាម ក្នុងនោះរួមមានអព្យាក្រឹតភាព និងការធ្វើវិយោធកម្ម របស់អ៊ុយក្រែន ដោយត្រូវធានាឱ្យបានថាអ៊ុយក្រែននឹងមិនចូល NATO សំដៅកុំឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះប្រើប្រាស់អ៊ុយក្រែន មកគំរាមកំហែងប្រឆាំងនឹងរុស្ស៉ី។


ការធ្វើវិយោធកម្ម ឬការរំសាយយោធា និងអព្យាក្រឹតភាពរបស់អ៊ុយក្រែន គឺជាសំណើដ៏សំខាន់របស់រុស្ស៉ី ដែលអាចឱ្យលោក ពូទីន ប្រើវាជាការឃោសនា ប្រកាសពីជ័យជម្នះនៃសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។ បានន័យថាបុរសខ្លាំងនៃវិមានក្រឹមឡាំងរូបនេះចង់យកវាទៅប្រាប់ប្រជាជន និងអ្នកនយោបាយ រុស្ស៉ីថា «ឃើញទេ! ប្រតិបត្តិការយោធារបស់យើង បានលុបបំបាត់ការគំរាមកំហែងនៃការពង្រីកឥទ្ធិពលពីសំណាក់ NATO មកលើតំបន់ព្រំដែនភាគខាងត្បូងរបស់យើង»។


មែនទែនទៅ, សម្រាប់លោក ពូទីន អព្យាក្រឹត្យភាពអ៊ុយក្រែន គឺគ្រាន់តែជាចំណែកតូចមួយនៃមហិច្ឆតារបស់លោកតែប៉ុណ្ណោះ ហើយរឿងដែលសំខាន់ បំផុត នោះគឺលោកចង់ឱ្យអ៊ុយក្រែនស្ថិតនៅក្រោមដែនឥទ្ធិពលរបស់រុស្ស៉ីជារៀងរហូត ដូចដែលលោកបានប្រកាសជាសាធារណៈថាប្រជាជនរុស្ស៉ី និងអ៊ុយក្រែន «ជាប្រជាជនតែមួយ»។


កាលពីខែធ្នូ ឆ្នាំ២០២១, រុស្ស៉ីបានដាក់សំណើសន្តិសុខទៅកាន់សហរដ្ឋអាមេរិក និង NATO ដោយដឹងជាមុនរួចទៅហើយថាលោកខាងលិចនឹងមិនអាច ធ្វើតាមសំណើទាំងនោះឡើយ ហើយលោក ពូទីនក៏ដឹងដែរថាយុទ្ធសាស្ត្របែបនេះមិនអាចជោគជ័យទេ នៅលើឆាកអន្តរជាតិ ប៉ុន្តែលោកចង់ប្រើដើម្បី បញ្ជាក់ពីភាពត្រឹមត្រូវនៃការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែន និងឱ្យប្រជាជនរុស្ស៉ីជឿថាអាមេរិក និង NATO ជាអ្នកទទួលខុសត្រូវ ដោយសារតែ ពួកគេមិនអើពើនឹងសំណើសន្តិសុខរបស់រុស្ស៉ី។


ដូចគ្នាដែរ, នៅក្នុងកិច្ចចរចាសន្តិភាពលើកចុងក្រោយបំផុត, រុស្ស៉ីបានស្នើសុំជាថ្មីនូវលក្ខខណ្ឌជាច្រើនក្នុងនោះរួមមាន អ៊ុយក្រែនត្រូវតែក្លាយជាប្រទេស អព្យាក្រឹត ជាមួយការបោះបង់ចោលគំនិតចង់ចូល NATO, រំសាយយោធា, ព្រមទាំងទទួលស្គាល់តំបន់ដូណេត និងលូហានគ្រប់គ្រងដោយក្រុមឧទ្ទាម ផ្ដាច់ទឹកដីគាំទ្ររុស្ស៉ី ជារដ្ឋឯករាជ្យដូចដែលលោក ពូទីនបានប្រកាសទទួលស្គាល់។ និយាយពីរឿងអធិបតេយ្យភាព និងបូរណភាពទឹកដី ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ហាក់ដូចជាមានជំហរម៉ឺងម៉ាត់ ប៉ុន្តែលោកបានបង្ហាញពីចំណាប់អារម្មណ៍ចង់ពិភាក្សាពីអព្យាក្រឹតភាពជាមួយ លោក ពូទីន។ តួយ៉ាងកាលពីថ្ងៃទី១៥ ខែមីនា លោក ហ្សេលេនស្គីបានកត់សម្គាល់ថាទោះបីជា NATO នៅតែបើកចំហទ្វារក៏ដោយ តែលោកជឿជាក់ថា អ៊ុយក្រែនមិនអាចដើរចូលតាមទ្វារនេះបានឡើយ ហើយការបង្ហាញការខកចិត្តនេះគឺជារឿងត្រឹមត្រូវ ពីព្រោះថា NATO ខ្លួនឯងបានបដិសេធទទួលយក អ៊ុយក្រែន និងហ្ស៊កហ្ស៉ីជាសមាជិកកាលពីឆ្នាំ២០០៨ ដោយទុកឱ្យប្រទេសទាំង២នៅក្រៅបក្សសម្ព័ន្ធយោធា ដើម្បីបញ្ចៀសជម្លោះជាមួយរុស្ស៉ី។


ក៏ប៉ុន្តែ «អព្យាក្រឹតភាព» របស់ហ្ស៊កហ្ស៊ី ឬអ៊ុយក្រែនមិនអាចទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីបានឡើយ ហើយជារឿយៗវាតែងតែត្រូវបានលោក ពូទីន ប្រើជាថ្នាំ ដើម្បីបន្សាបឥទ្ធិពលលោកខាងលិច។ នៅពេលនិយាយដល់អព្យាក្រឹតភាព គេនឹកឃើញមុនគេដល់ប្រទេស២ នៅអឺរ៉ុប នោះគឺស្វីស និងអូទ្រីស ដែលជាប្រទេសអព្យាក្រឹត។ តែករណីអ៊ុយក្រែន មិនដូចប្រទេសទំាង២នេះទេ។ អូទ្រីស និងស្វីសមានសមត្ថភាពអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ឱ្យរីកចម្រើនដោយខ្លួនឯង ខណៈបន្តស្ថិតនៅក្រៅបក្សសម្ព័ន្ធយោធា NATO។ ប៉ុន្តែ សម្រាប់លោក ពូទីន អព្យាក្រឹតភាពរបស់អ៊ុយក្រែនមិនមែនសំដៅតែ ទៅលើការធានាមិនឱ្យទីក្រុងកៀវចូល NATO នោះទេ ពោលគឺលោកចង់ឱ្យបានអ៊ុយក្រែនទាំងមូលតែម្ដង។


អ៊ុយក្រែនក៏ធ្លាប់បានព្យាយាមស្ថិតនៅជាប្រទេសអព្យាក្រឹតមួយផងដែរ ក្រោយទទួលបានឯករាជ្យភាពពីអតីតសហភាពសូវៀត។ តែទោះជាបែបនេះក្ដី អព្យាក្រឹតភាពមិនអាចរារាំងរុស្ស៉ីបានឡើយ ដោយកាលពីឆ្នាំ២០១៤ រុស្ស៉ីបានក្រសោបយកឧបទ្វីបគ្រីមៀ និងតំបន់ដុនបាស់ពីអ៊ុយក្រែន និងចុងក្រោយគេបំផុត គឺសង្រ្គាមរបស់លោក ពូទីនក្នុងពេលបច្ចុប្បន្ន។


លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់រួចហើយថាអ៊ុយក្រែនអាចនឹងមិនចូល NATO តែអ៊ុយក្រែនចង់បានការធានាមួយពីបរទេសខាងក្រៅដូចជាអាមេរិក អង់គ្លេស ឬសហភាពអឺរ៉ុប ដែលប្ដេជ្ញាចិត្តថាធ្វើអន្តរាគមន៍ជួយអ៊ុយក្រែនដោយផ្ទាល់ នៅក្នុងករណីមានការវាយប្រហារណាមួយពីរុស្ស៉ីនៅពេលអនាគត។ តែរឿងបែបនេះវាគឺអាស្រ័យថាតើមេដឹកនាំលោកខាងលិចមានភាពក្លាហានប៉ុនណា ក្នុងការប្រឈមមុខជាមួយរុស្ស៉ី ព្រោះថាលោក ពូទីន ប្រហែលជា នឹងមិនអាចទទួលយកសំណើបែបនេះទេ។


គួរបញ្ជាក់ថា សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនបានចូលដំណាក់កាលទី២ ដោយកងទ័ពរុស្ស៉ីកំពុងផ្ដោតលើតំបន់ភាគខាងកើត និងភាគខាងត្បូង អ៊ុយក្រែន ហើយវាក៏ជាដំណាក់មួយដ៏គ្រោះថ្នាក់ និងកំណត់អ្នកឈ្នះអ្នកចាញ់នៅក្នុងសង្រ្គាមនេះដែរ។ ក្រុមមន្ត្រីអាមេរិកបានបង្ហាញការព្រួយបារម្ភថា នៅចំពោះមុខការផ្ដល់ជំនួយយោធាដូចទឹកបាក់ទំនប់ពីបណ្ដាប្រទេសលោកខាងលិច លោក ពូទីនអាចនឹងប្រើប្រាស់អាវុធគីមី ឬក៏អាវុធនុយក្លេអ៊ែរ តាក់ទិក វាយផ្ដាច់ព្រ័ត្រតែម្ដង ខណៈអ្នកជំនាញជាច្រើនយល់ថាលោក ពូទីនត្រូវការជ័យជម្នះឱ្យបានមុនថ្ងៃទី៩ ខែឧសភាក្រោយនេះដែលជាថ្ងៃ បុណ្យជាតិរុស្ស៉ី នោះគឺទិវាជ័យជម្នះរបស់កងទ័ពរុស្ស៉ីលើកងទ័ពណាហ្ស៉ីរបស់ហ៊ីត្លែរក្នុងសង្រ្គាមលោកលើកទី២៕


ប្រភព៖ Foreign Policy (ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News



No comments:

Post a Comment