Tuesday, May 05, 2020

លោក ហ៊ុន សែន និងភរិយា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្តេចម៉ែ ចំពោះការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារចូលរួមការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានមានប្រសាសន៍ថា «បពិត្រ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមបងប្អូន កូន ក្មួយ ព្រមទាំងចៅៗទាំងអស់ របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ មានសេចក្ដីរំភើបឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារចូលរួមរំលែក មរណទុក្ខ និងព្រះរាជទ្រព្យចូលរួមបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើត របស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ដែលលោកបានទទួល មរណភាពនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជគុណូបការៈ ប្រកបដោយទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តម ព្រមដោយ ព្រះរាជសទ្ធាជ្រះថ្លា និងព្រះរាជសាររំលែកមរណទុក្ខដ៏មានអត្ថន័យដ៏ឧត្តុង្គឧត្តម ពោរពេញដោយពាក្យពេចន៍ វិយោគ សង្វេគ ស្ដាយស្រណោះ អាឡោះអាល័យ ចំពោះសព រួមនឹងព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 20.000 USD (ម្ភៃពាន់ដុល្លារអាមេរិក) ដើម្បីបំពេញមគ្គផលព្រះរាជកុសលអានិសង្សដល់ពិធីបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រព្រឹត្តទៅបានល្អប្រសើរ តាមគន្លងប្រពៃណីជាតិ និងប្រពៃណីព្រះពុទ្ធសាសនា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលំឱនកាយក្រាបថ្វាយនូវព្រះរាជសព្ទ សាធុការពរ បវរមហាប្រសើរ សូមគុណបុណ្យតេជៈបារមី នៃព្រះរតនត្រ័យកែវទាំងបី ជួយថែរក្សាប្រោះព្រំ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកប ដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

សម្តេចម៉ែ ផ្ញើព្រះរាជសារលិខិតរំលែកមរណទុក្ខ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចំពោះមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងព្រះរាជសារលិខិតរបស់សម្តេចម៉ែ ទ្រង់បានមានព្រះរាជបន្ទូលថា «ខ្ញុំមានហឫទ័យដ៏សែនក្រៀមក្រំ អំពីអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាម្ដាបង្កើត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលមរណភាព នៅថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០២:១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦វស្សា។
ខ្ញុំសូមសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្ត ទាំងអស់នៃសព។ មរណភាពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ម្ដាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាយ៉ាងខ្ជាប់ខ្លួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង និងជា កុលធីតាដ៏ល្អប្រពៃមួយរូបនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំចងចាំជានិច្ច នូវគុណូបការដ៏ធំធេងរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ជាខេមរបុត្រីស្នេហាជាតិ មានបញ្ញាស្មារតីបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជារៀងរហូតមកដល់បច្ចុប្បន្នកាលនេះ មហាឧបាសិកា ក៏បានបន្តចូលរួមវិភាគទាន ដ៏ធំធេងក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំសូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមណាំឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា អញ្ជើញទៅកាន់សុគតិភពកុំបីខាន»៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ចំពោះការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចំពោះព្រះរាជសារចូលរួមការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី និងភរិយា បានមានប្រសាសន៍ថា «ក្នុងនាមបងប្អូន កូន ក្មួយ ព្រមទាំងចៅៗទាំងអស់ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ មានសេចក្ដីរំភើបឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវអំណរព្រះរាជគុណដ៏ជ្រាលជាអនេកប្បការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកមរណទុក្ខ និងព្រះរាជទ្រព្យចូលរួមបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើតរបស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ដែលលោកបានទទួលមរណភាពនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវស្វាមីភក្តិ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជគុណូបការៈ ប្រកបដោយទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តម ព្រមដោយព្រះរាជសារ រំលែកមរណទុក្ខដ៏មានអត្ថន័យល្អប្រពៃជ្រាលជ្រៅ ប្រកបដោយវិយោគសង្វេគ ស្ដាយស្រណោះ អាឡោះអាល័យ ចំពោះសព រួមនឹងព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 20.000USD (ម្ភៃពាន់ដុល្លារអាមេរិក) ដើម្បីបំពេញមគ្គផលព្រះរាជកុសលអានិសង្ស ដល់ពិធីបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រព្រឹត្តទៅបានល្អប្រសើរតាមគន្លងប្រពៃណីជាតិ និងប្រពៃណីព្រះពុទ្ធសាសនា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលំឱនកាយក្រាបថ្វាយនូវព្រះរាជសព្ទ សាធុការពរ បវរមហាប្រសើរ សូមគុណបុណ្យតេជៈបារមី នៃព្រះរតនត្រ័យកែវទាំងបី ជួយថែរក្សា ព្រោះព្រំ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយ ព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ផ្ញើព្រះរាជសារលិខិតរំលែកមរណទុក្ខ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចំពោះមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ បានផ្ញើព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ទ្រង់បានមានព្រះរាជបន្ទូលថា «ខ្ញុំបានទទួលដំណឹងយ៉ាងក្រៀមក្រំ អំពីអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលមរណភាព នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។
ខ្ញុំសូមសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅបំផុត និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។ ដំណឹងមរណភាពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ម្ដាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធសាសនិកជន ដែលមានសទ្ធាជ្រះថ្លាយ៉ាងខ្ជាប់ខ្លួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង និងជាកុលធីតាដ៏ល្អប្រពៃឧត្តុង្គឧត្តមមួយរូប នៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។
ខ្ញុំសូមសម្ដែងនូវការគោរព និងសូមបួងសួង សូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា អញ្ជើញទៅកាន់សុគតិភពកុំបីខាន»៕

Monday, May 04, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបង្កចលាចល និងភាពវឹកវរក្នុងសង្គម គួរឱ្យខ្លាចជាងជំងឺកូវីដ១៩ទៅទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ថ្វីត្បិតតែការឆ្លងរីករាលដាលវីរុសកូវីដ១៩ មានលក្ខណៈកាចសាហាវ និងបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនៅលើសកលលោកទាំងមូលក៏ដោយ ក៏ជំងឺនេះមិនបង្ករគ្រោះថ្នាក់ពិសពុលកាចសាហាវដូចការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនដែលបង្ករឡើងដោយជនអគតិមួយក្តាប់តូចដែលតែងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបំផ្លិចបំផ្លាញសេចក្តីសុខ ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះដែរ។ លោកបានលើកឡើងដូចនេះនៅក្នុងសារលិខិតអបអរសាទរក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ឆ្នាំ២០២០។
នៅក្នុងសារលិខិតដដែលនោះ បានឱ្យដឹងថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចជាសាកលលោកទាំងមូលកំពុងជួបប្រទះមហន្តរាយនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំបង្កចលាចល ភាពវឹកវរនៅក្នុងសង្គម និងធ្វើឱ្យប្រជាជនកើតជំងឺភ័យខ្លាច ហើយទម្លាក់កំហុសនិងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា៕





Friday, May 01, 2020

វេទិកាតុមូល ស្តីពី សេរីភាពសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃ សុក្រ ទី ០១ ខែ ឧសភា ឆ្នាំ ២០២០



រសៀលថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១៤:៣០នាទី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាតុមូលស្ដីពី «សេរីភាពសារព័ត៌មាននៅកម្ពុជា» សមាសភាពវាគ្មិន ដែលមកពីអគ្គស្នងការនគរបាលជាតិ
១. ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា
២. លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​ជា​និពន្ធ​នាយក​ព័ត៌មាន​ទូរទស្សន៍ PNN
៣. លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា និងជាភ្នាក់សារព័ត៌មានក្យូដូប្រចាំកម្ពុជា
៤. លោក គី សុខលីម នាយកគ្រប់គ្រងសារព័ត៌មានអនឡាញថ្មីៗ

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៧ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០







សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៧ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០