Tuesday, May 05, 2020

លោក ហ៊ុន សែន និងភរិយា ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្តេចម៉ែ ចំពោះការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារចូលរួមការរំលែកមរណទុក្ខ នៃមរណភាពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បានមានប្រសាសន៍ថា «បពិត្រ សម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមបងប្អូន កូន ក្មួយ ព្រមទាំងចៅៗទាំងអស់ របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ មានសេចក្ដីរំភើបឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយ នូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារចូលរួមរំលែក មរណទុក្ខ និងព្រះរាជទ្រព្យចូលរួមបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាមាតាបង្កើត របស់ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ដែលលោកបានទទួល មរណភាពនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០២:១២នាទី ទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦វស្សា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជគុណូបការៈ ប្រកបដោយទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តម ព្រមដោយ ព្រះរាជសទ្ធាជ្រះថ្លា និងព្រះរាជសាររំលែកមរណទុក្ខដ៏មានអត្ថន័យដ៏ឧត្តុង្គឧត្តម ពោរពេញដោយពាក្យពេចន៍ វិយោគ សង្វេគ ស្ដាយស្រណោះ អាឡោះអាល័យ ចំពោះសព រួមនឹងព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 20.000 USD (ម្ភៃពាន់ដុល្លារអាមេរិក) ដើម្បីបំពេញមគ្គផលព្រះរាជកុសលអានិសង្សដល់ពិធីបុណ្យសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រព្រឹត្តទៅបានល្អប្រសើរ តាមគន្លងប្រពៃណីជាតិ និងប្រពៃណីព្រះពុទ្ធសាសនា។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលំឱនកាយក្រាបថ្វាយនូវព្រះរាជសព្ទ សាធុការពរ បវរមហាប្រសើរ សូមគុណបុណ្យតេជៈបារមី នៃព្រះរតនត្រ័យកែវទាំងបី ជួយថែរក្សាប្រោះព្រំ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកប ដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

No comments:

Post a Comment