Tuesday, January 09, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ដោយសារមានសន្តិភាពស្ថេរភាពនយោបាយ ទើបកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២

នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា ដោយសារសន្តិភាព ស្ថេរភាពនយោបាយ និងសង្គម ទើបយើងអាចរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិបែបនេះបាន។ នេះជាមោទនភាពរបស់ជាតិយើងទាំងមូលដែលបានមកពីការរួមចំណែករបស់បងប្អូនជនរួមជាតិទាំងអស់គ្នា។ លោកបានលើកឡើងដូចនេះស្របពេលដែលប្រទេសកម្ពុជានឹងធ្វើជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong) លើកទី២ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅថ្ងៃស្អែក ទី១០-១១ ខែមករា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា ក្នុងកិច្ចប្រជុំកំពូលនេះ នឹងមានថ្នាក់ដឹកនាំរដ្ឋាភិបាល ឬប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនៅតាមដងទន្លេមេគង្គចំនួន ៦ចូលរួម ដែលមានដូចជា ប្រទេសចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សាលើបញ្ហាសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្ដោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងអស់។

កិច្ចប្រជុំកំពូលនេះ ក៏នឹងផ្តល់សារៈសំខាន់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម របស់ប្រទេសអនុតំបន់ ការធ្វើឱ្យប្រសើរឡើងសុខមាលភាពប្រជាជន ការបង្រួញគម្លាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់ អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ទាប់ពីកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងនេះ លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង នឹងអញ្ជើញបំពេញទស្សនកិច្ចបន្តនៅកម្ពុជាផងដែរ៕











លោក ហ៊ុន ម៉ាណែត ចុះពិនិត្យទីតាំងសម្រាប់ផ្តល់ជូនសមិទ្ធិផលថ្មីៗ នៅវិទ្យាល័យអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ លោក ហ៊ុន ម៉ាណែត តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អមដំណើរដោយលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចុះពិនិត្យទីតាំងសម្រាប់ផ្តល់ជូនសមិទ្ធិផលថ្មីៗជាច្រើន ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ១០៣៨ នាក់ នៅវិទ្យាល័យ អំពិល ដែលស្ថិត នៅភូមិគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមិទ្ធិផលដែលនឹងចាប់បដិសន្ធិនៅក្នុងវិទ្យាល័យអំពិលនោះរួមមាន៖
– អាគារសិក្សាមួយខ្នងកម្ពស់ ៣ ជាន់មាន ១៨បន្ទប់
– ទីចាត់ការ ១ខ្នង មាន ៣ បន្ទប់
– ខ្លោងទ្វារ របងព័ន្ធជុំវិញសាលាដែលទំហំ៤ ហិចតា
– ទីលានបាល់ទាត់ថ្មីមួយ តារាងបាល់ទះ និងតារាងបាល់បោះ
– សម្ភារៈប្រើប្រាស់ក្នុងថ្នាក់រៀន
– កុំព្យូទ័រ២៥ គ្រឿង រួមនិងម៉ាស៊ីព្រីនធើរមួយចំនួនផងដែរ៕








ស្វែងយល់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

កិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកម្រិតក្រុមការងាររួមនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចប្រជុំឧត្តមមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ សម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងចាប់ផ្តើមឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនធ្វើជាសហប្រធាន។ កិច្ចប្រជុំនេះក៏នឹងមានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នឹងធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។ កិច្ចប្រជុំកំពូ​លនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងពិភាក្សាផ្តោតសំខាន់ដល់កិច្ចស​ហ​ប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុ​មាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសដើម្បីគាំទ្រដល់ការកសា​ងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀ​តដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រក​បដោយចីរភាព។

 ឯកសារសំខាន់ៗចំនួន៤ ត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)
៣៖ បញ្ជីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដំណាក់កាលទី២
៤៖ របាយការណ៍ស្តីពីវឌ្ឍនភាពរបស់ក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ចិនបានផ្តល់ជំនួយជាង ៧.៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អនុវត្តគ​ម្រោងសំខាន់ចំនួន១៦ នៅកម្ពុជាក្នុងដំណាក់កាលទី១។

 តើអ្វីទៅជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអនុតំ​បន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានកំណត់នូវកិច្ចប្រជុំជាច្រើន បែងចែកជា ៤កម្រិត។ ក្នុងនោះកិច្ចប្រជុំក្រុមការងារធ្វើឡើង១ ឬ ២ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំឧត្តមមន្ត្រីធ្វើឡើង១ដងក្នុងមួយឆ្នាំ និងទៅតាមការចាំបាច់, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសធ្វើឡើង ១ដងក្នុងមួយឆ្នាំ ដោយឡែកកិច្ចប្រជុំកំពូលវិញ ត្រូវធ្វើឡើង២ឆ្នាំម្តង។

កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវធ្វើឡើងដោយមានប្រទេសចិនជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសតំបន់ទន្លេមេគង្គត្រូវផ្លាស់ប្តូរវេនធ្វើជាសហប្រធានទៅតាមលំដាប់តួអក្សរ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ដោយប្រទេសចិន និងថៃ ធ្វើជាសហប្រធាន​។ ស​ម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២នេះ កម្ពុជា និងចិន ធ្វើជាសហប្រធាន ហើ​យ​ឡាវ នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយប្រទេសចិនក្នុងកិច្ចប្រជុំកំពូលលើកទី៣។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយគោរពតាមគោលការណ៍កូសង់ស៊ីស ការបើកចំហរ ការបញ្ចូលគ្នា សមភាព ការពិគ្រោះយោបល់ និងការសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក និងផលប្រយោជន៍រួម និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតសហគមន៍មួយដែលរួមអនាគតគ្នាប្រកបដោយសនិ្តភាពនិងវិបុលភាព ថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ពន្លឿន «ក្រវ៉ាត់សេដ្ឋកិច្ច និងវិថីសូត្រ» «វិថីសូត្រសមុទ្រសតវត្សរ៍ទី២១» ដែលហៅកាត់ថា «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»។

សូមបញ្ជាក់ថាមេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ  កម្ពុជា និងវៀតណាម។ មានផ្ទៃស្ដុកទឹក ៧៩៥​,០០០គីឡូម៉ែត្រការ៉េ ផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕





រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី

សៀមរាប៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែល Grand News ព័ត៌មាន គ្មានព្រំដែន ទទួលបាននៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះបានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បាន ចេញសេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ដែលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុមសៀមរាប។

រាល់ព័ត៌មានលម្អិត សូមអានខ្លឹមសារដូចខាងក្រោម៖


(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាបានផ្លាស់​​ប្តូរមុខមាត់​យ៉ាងធំធេង​​តាមទិសដៅត្រឹមត្រូវ​​ស្របតាមបំណង​ប្រាថ្នា​របស់​ប្រជាជនគ្រប់រូប

(សូមទស្សនាវីដេអូ) លោក ហ៊ុន សែន ថ្លែងថា មានតែអ្នក ចង់បំផ្លាញសង្គមជាតិ និងអ្នកដែលភ្លេចកំណើត ភ្លេចជាតិ និងភ្លេចប្រជាជនរបស់ខ្លួនទេដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា

(សូមទស្សនាវីដេអូ)៖ ៧ មករាប្រស់កម្ពុជាឱ្យរស់ឡើងវិញក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍