Sunday, January 25, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងថា ការ​សម្រេច​​បង្កើត​បាន ICC ​ព្រះវិហារ គឺជា​ជោគ​ជ័យ​ដែល​កើត​​ពីការ​​តស៊ូ​យ៉ាង​តឹង​តែង​បំផុត

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ថ្លែងថា ដំណើរការបង្កើត​ គណៈកម្មាធិការអន្តរ​ជាតិសម្រប​សម្រួល​កិច្ច​អភិ​រក្ស​​និង​​ អភិវឌ្ឍរមណីដ្ឋានប្រា​សាទព្រះ​វិហារ(ICCPreah  vihear) គឺស្ថិតក្រោមស្ថានការជំទាស់តវ៉ា​យ៉ាងតឹង​តែង​​ជាទីបំផុតពីភាគីថៃ ទំរាំគណៈកម្មាធិការមួយនេះ លេចចេញជារូបរៀងឡើងជាស្ថាពរបាន។

ធ្វើបាឋកថា ស្តីពី ដំណើរការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចអភិរក្ស  និងអភិវឌ្ឍន៏ រមណីដ្ឋាន​​ប្រាសាទព្រះវិហារ  នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៣  មករានេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ  អាន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានរំលឹកអំពីសាវតា​ទាក់ទង​និងដំណើររឿងក្តីប្រាសាទព្រះវិហារ និងភាពជោគជ័យក្នុងការបង្កើតឡើងនូវគណៈកម្មាធិការ ICCPreah  vihear​នេះ គឺបានមកដោយឆ្លងកាត់ឧបសគ្គ័ដ៏ស្មុគស្មាញក្រោម​ការប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញ​បំផុតរបស់​កម្ពុជា ក្រោ​ម​គំ​និត​ដឹក​នាំ​ដ៏​ឈ្លាសវៃ​ និង​ប៉ិន​ប្រសប់​របស់​សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសវតាជាបន្តបន្ទាប់​  ចាប់ពីសម័យកាលព្រះករុណាព្រះបាទសម្តេច​ព្រះ​​នរោត្តម​សីហនុព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ  ព្រះអង្គបានធ្វើ​ ការតស៊ូមតិនៅលើឆាក​អន្តរជាតិនិង​បាន​ប្តឹងទៅកាន់តុលាការអន្តរជាតិក្រុងឡាអេ ដើម្បី​ទាមទាយកម​ក​វិញប្រាសាទ​ព្រះវិហារ​ខ្មែរ​ ។ការទាមទានេះធ្វើ​ឡើង​ ក្នុងស្ថានការយ៉ាងតឹងតែងបំផុតក្រោមការប្រឆាំងពីភាគីថៃ។រហូតដល់ឆ្នាំ១៩៦២  តុលាការអន្តរជាតិក្រុង​ឡា​អេ​បាន​​វិនិច្ឆ័យ​លើសុំណុំ​រឿងពិនិត្យឃើញថាប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីរបស់កម្ពុជា   ទើបតុលាការសម្រេចក្តីឲ្យ​កម្ពុជាជាម្ចាស់គ្រប់គ្រង  និងបានឲ្យភាគីថៃដកឆ្មាំចេញពីតំបន់ប្រាសាទព្រះវិហារ ព្រមទាំងឲ្យថៃសងមកឲ្យកម្ពុជា​វិញនូវវត្ថុបុរាណដែលថៃបានលួចយកចេញពីប្រាសាទនេះ។

ឯកឧត្តមបានបន្តទៀតថា បើទោះបីតុលាការក្រុងឡាអេចេញសាលដីការសម្រេចឲ្យកម្ពុជាឈ្នះក្តីទទួលស្គាល់ប្រា​សាទព្រះវិហារថាជារបស់ខ្មែរក៏ពិតមែន  ប៉ុន្តែភាគីថៃនៅតែបង្ករបញ្ហាឥតឈប់ឈរ ​ដោយពិនិត្យឃើញ​ស្ថានភាព​ស្មុគស្មាញនៅតែកើតមាននៅឆ្នាំ២០០១ រាជរដ្ឋាភិបាលក​ម្ពុជាបានសម្រេចស្នើដាក់បញ្ចូលប្រាសាទព្រះ​វិហារ​ទៅ​ ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ ដំណាក់កាលនេះកម្ពុជាបានប្រឈមនឹងការជំទាសតវ៉ាពីភាគី​ថៃយ៉ាង​ក្តៅ​គគុក  ប៉ុន្តែដោយភាពអំណត់ព្យាយាម និងការប្រឹងប្រែងតស៊ូរបស់កម្ពុជា នៅ​ទីបំផុត អង្គការយូណេស្កូ បាន​សម្រេច​ចុះ​ប្រា​ សាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច  ប្រទេស​កាណាដា  កាល​ពីឆ្នាំ២០០៨។ ទោះជាប្រាសាទព្រះវិហារបានចូលជាសម្ប​ត្តិវប្បធម៌មនុស្សជាតិរបស់​ពិភព​លោក​​​ទាំង​មូលក៏ដោយ  ក៏មហិច្ឆតាឈ្នានិសរបស់ថៃនៅតែតាមដាក់បញ្ហា រហូតបង្ករឲ្យមានការរំ​លោភទាំង​កំ​រោល​ដោយកម្លាំង​ប្រដាប់​អាវុធមកលើ​អធិបតេយ្យ​កម្ពុជា​ ហើយទាហានថៃបានបាញ់បំផ្លាញយ៉ាងដំណំ​មកលើ​ប្រាង្គ​ប្រាសាទព្រះវិហារ និង​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​រវាងកម្ពុជា​‑ថៃ​។
​​
ដោយរង​នូវ​គ្រាប់​កាំ​ភ្លើងថៃ បាន​នាំ​ឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់នៃប្រាសាទបុរាណដ៏ចំណាស់មួយនេះ​ទាមទា​ឲ្យមាន​ការការ​ពារ ជួសជុល និង​អភិរក្ស​ជាបន្ទាន់  ដោយ​កម្ពុជាក៏បានស្នើសុំបង្កើត​ឡើងនូវគណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល កិច្ចអភិរក្ស និង​អភិវឌ្ឍន៏រមណីដ្ឋានប្រាសាទព្រះវិហារ​នេះឡើង។ការស្នើបង្កើត​គណៈ​កម្មាការ​អន្តរជាតិមួយនេះទទួបានលទ្ធផល ជោគ​ជ័យ​ក្រោមការគាំទ្រពីភាគីថៃដោយមានសហប្រធានដឹកនាំពីររូប គឺ ឥណ្ឌា និងចិន ។

ឯកឧត្តមបានឲ្យដឹងថា ការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចអភិរក្ស និងអភិវឌ្ឍន៏រមណី​ដ្ឋាន​ព្រះវិ​ហារនេះ   គឺដើម្បីស្វែងរកការជួយឧបត្ថមគាំទ្រពីបណ្តាប្រទេសមិត្តភក្តិនានាក្នុងការជួយជួសជុលអភិវឌ្ឍន៏ ​តំប​ន់​​ប្រា​សាទព្រះ​វិហារនេះឡើងវិញដោយសារប្រាសាទព្រះវិហារ បាន​ដាក់ជាសម្បត្តវប្បធម៌​របស់មនុស្សជាតិ​នៅ​លើ​សកលលោកទាំងមូល។
សូមបញ្ចាក់ថា ​ បន្ទាប់ពីប្រកាសឲ្យដំណើរការគណៈកម្មាធិការ (ICC PREAH VIHEAR ) នេះ កាលពីថ្ងៃទី២ និង​​ទី៣​ខែធ្នូឆ្នាំ២០១៤​កន្លងមកនេះគណៈកម្មាធិការ (ICC PREAH VIHEAR )  ក៏បានបើកកិច្ច​ប្រជុំលើកទី១​របស់​ខ្លួន​ដោយ​​បាន​សំដែងទស្សនៈជាឯកច្ឆ័ន​យល់ស្រប់លើកគម្រោងអាទិភាពសំខាន់ៗ ដើម្បីស្តារនិង​ជួសជុល​ជា​​បន្ទាន់។

ក្នុងនោះគណៈកម្មាធិការ (ICC PREAH VIHEAR )  បានសម្រេច​ដាក់​គោបុរៈទី៥ ទៅក្នុងគម្រោងអាទិភាព​ចាំ​បាច់​ ដោយពិនិត្យឃើញថា ស្ថានភាពនៃគោ​បុរៈ​ទី៥នេះកំពុង​ទទួល​រងនូវ​ភាព​ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរស្ទើរតែរលំទៅ​ហើយ គ្រោងចំណាយទឹក​​ប្រាក់​​ប្រហែលចន្លោះពី​១លាន៨សែន​​ ទៅ​២​លាន​ដុល្លារសហរដ្ឋអាមេរិកសម្រាប់រយៈ​ពេលអនុវត្ត៥ឆ្នាំ។

ចំពោះគម្រោងជួសជុល​គោ​បុរៈផ្សេងៗទៀត​ក៏​បាន​វាយតម្លៃរួចរាល់ផងដែរក្នុងនោះ​​គោបុរៈ​​​ទី១ តាមផែន​ការ​​គ្រោង​អនុ​វត្ត​​​ រយៈពេល១៥ឆ្នាំ ​ក្នុងទំហំទឹកប្រាក់ ប្រមាណ​ជាង៥លាន​ដុល្លារ អាមេរិក​។ ​គោ​បុរៈទី៣ ​ត្រូវ​ប្រើ​ប្រាស់រយៈពេលជួសជុលក្នុងចន្លោះពី៣​ទៅ៥​ឆ្នាំ  គ្រោង​​ចំណាយ​​ថ​វិការ​ប្រមាណ​ជាង២លាន ៥​សែន​ដុល្លារ​។ និងគម្រោងជួសជុលស្រះទឹកនៅគោ​បុរៈ​​ទី៤ គ្រោងនឹងចំណាយទឹកប្រាក់៣លាន ៥​សែន​ដុល្លារ​​អាមេរិក​ ក្នុងរយៈពេល៣ឆ្នាំ។​

ឯកឧត្តម​បានឲ្យដឹងថា ICCព្រះវិហារ នេះមាតួនាទីសំខាន់ណាស់ មិនត្រឹមតែជួយដល់ការងារគ្រប់​គ្រង​ប៉ុណ្ណោះទេ ប៉ុន្តែ​​​គណៈ​កម្មាធិការអន្តរជាតិមួយនេះ ​គឺជាអ្នកជួយក្នុងការគៀងគរថវិកា ​និងការសិក្សា​អំពី​បច្ចេកទេស សម្រាប់​ការ​ងារអភិ​រក្ស ជួសជុល និង​ការអ​ភិវឌ្ឍប្រាសាទព្រះវិហារ បានយ៉ាងពេញលេញ​។​ ហើយអ្វីជាសារៈប្រយោជន៍​​ធំទទួលបានពីការអភិរក្ស​ និងអភិវឌ្ឍន៍​ប្រាសាទព្រះវិហារនេះ ​​គឺប្រជាពល​រដ្ឋ​កម្ពុជាដែល​រស់នៅក្នុងតំបន់នេះ​ទទួល​បាន​អត្ថ​​ប្រយោជន៍​ជាច្រើន ពីគម្រោងអភិវឌ្ឍន៍​ទាំង​​ឡាយ  ​អាចជួយលើក​ស្ទួយជីវភាពរស់នៅរបស់​ពួកគាត់​ឲ្យ​កាន់តែរីកចំរើនប្រសើរថែមទៀត។


ជា​ចុង​បញ្ចប់​នៃបទបឋកថា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា​ នៅ​ពេល​នេះ កម្ពុជា​ មាន​ប្រទេស​មហាយក្ស​ធំៗចំ​នួន​ពីរ គឺ​ សាធារណរដ្ឋប្រជា​មាន​និតចិន និង​ឥណ្ឌា ធ្វើ​ជា​សហប្រធាន​ ICC – Preah Vihear គឺបាន​នាំ​ឲ្យ​បរិកាសនៃ​ប្រាសាទ​ព្រះ​វិហារ​ប្រៀប​បាន​នឹង​ ច័ន្ទ​ពេញ​ទឹកឃ្មុំ​ បន្ទាប់​ពី​បាន​ឆ្លង​នូវ​ដំ​ណាក់​កាល​តស៊ូ​ដ៏​ស្វិត​ស្វាញ​តាំង​ពី​ឆ្នាំ​២០០១‑ ២០០៨ មក​ឆ្នាំ​២០១៤ និង​មកដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក​នេះ មាន​ការ​ផ្លាស់​ប្តូរមួយ​ដ៏​​យ៉ាងធំ គឺ​ផ្លាស់​ប្តូរ​ពី​ការ​ប្រទុសរាយ​ មក​ជា​ការ​កសាង​សន្តិភាព​ មិត្តភាព​ និង​សហប្រតិបត្តិការ ដោយ​មាន​ប្រទេសមហាអំ​ណាច និង​អង្គ​ការ​យូណេស្កូ​ ចូលរួម​គាំ​ទ្រជ្រោម​ជ្រែង។​ នេះ​ ជា​ជោគ​ជ័យ​ដ៏​ធំ​ធេង​បំ​ផុត​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​តេជោ​​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា​៕





Friday, January 23, 2015

ទស្សនៈ ដោយ សុខ អភិវឌ្ឍន៍​ ៖ លោក ហ៊ុន សែន គ្មាន​សម​ត្ថកិច្ច​​លើ​ស្ថាប័ន​​តុលាការ​ទេ

ច្បាប់​បង្កើត​ឡើង​សម្រាប់​គ្រប់​គ្រង​ការ​​ទំនាក់​ទំនង​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​​មាន​នូវ​សន្ដិ​សុខ សណ្ដាប់​ធ្នាប់​សាធារណៈ គឺ​ដើម្បី​ធានា​នូវ​ភាព​សុខ​សាន្ដ​ជូន​ប្រជាពលរដ្ឋ​ និង​ក្នុង​គោល​បំណង​រៀប​ចំ​សង្គម​មួយឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា រស់​នៅ​ស្ថិត​ក្រោម​ច្បាប់ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រស់​នៅ​​ក្រៅ​ច្បាប់​នោះ​ដែរ។

កម្ពុជា ក៏​មិន​ខុស​គ្នា​ទៅ​នឹង​ប្រទេស​ដទៃ​នោះទេ ព្រោះ​កម្ពុជា​ជា​រដ្ឋ​ដែល​មាន​អធិប​តេយ្យ​ មាន​របប​នយោបាយប្រជាជនទឹក​ដីមួយ​ច្បាស់​លាស់ និង​ក៏​មាន​ប្រព័ន្ធ​ច្បាប់​សម្រាប់​អនុវត្ត​​ផង​ដែរ។

ប្រព័ន្ធ​ច្បាប់​កម្ពុជា ត្រូវ​បាន​បែង​ចែក​ជា ៣ ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​អំណាច​នីតិ​ប្ប​ញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ។ អំណាច​ទាំង​ ៣ ត្រូវ​បាន​បែង​ចែក​នូវ​ការ​ទទួល​ខុសត្រូវការ​គ្រប់​គ្រង និង​សមត្ថកិច្ច​រៀង​ៗ​ខ្លួន ជា​ពិសេស​ស្ថាប័ន​ទាំង​នេះ មិន​អាច​ជ្រៀត​ជ្រែក ឬ​លូក​ដៃ​ចូល​ក្នុង​សមត្ថ​កិច្ច​នៃ​ស្ថាប័ន​ណា​មួយ​ បាន​នោះឡើយ។

យោង​លើ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ឱកាស​ប្រគល់​សញ្ញា​​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី ១៩ ខែមករា កន្លង​មក​ បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំពោះ​ករណី​ដែល​សុំ​ឲ្យ​លោក​​មានការ​អន្ដរាគមន៍​លើ​សមត្ថ​កិច្ច​តុលាការ​ចំពោះ​ការ​លុប​បណ្ដឹង​អាជ្ញា ដើម្បី​ឲ្យ​អ្នក​ទាំង ៧នាក់​ របស់​គណបក្ស​សង្រ្គោះ​ជាតិ ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើសព្រហ្ម​ទណ្ឌ ត្រូវ​បាន​រួច​ខ្លួន និង​រួច​ពី​ការ​ចោទ​ប្រកាន់ គឺ​​មិន​​ត្រូវ​បាន​កើត​ឡើង​ឡើយ។

ស្ថិត​ក្នុង​បរិការ​នេះ លោក ហ៊ុន សែន ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​ជា​ធំ និង​យល់​ច្បាស់​អំពី​ច្បាប់​ទម្លាប់ ដោយ​ចង់​បង្ហាញ​ឲ្យឃើញ​ថា ប្រទេស​មាន​ច្បាប់ គ្រួសារ​មាន​វិន័យ ដូច្នេះលោក​គ្មានសិទ្ធិ​អំណាច​អ្វី​ដែល​អាច​បញ្ជា​ទៅ​លើ​ស្ថាប័ន​តុលាការ​បាន​នោះ​ទេ។

​សូម​បញ្ជាក់​ផងដែរ​ថា នៅ​ក្នុង​រឿង​ក្ដី​ព្រហ្ម​ទណ្ឌ រាល់​ការ​ចោទ​ ឬ​មិន​ចោទ​ ឬ​លើក​ការ​ចោទ​ ជា​សមត្ថកិច្ច​តែ​មួយ​គត់​របស់​ព្រះ​រាជអាជ្ញាតែ​ប៉ុណ្ណោះ​។

ជុំ​វិញ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន បាន​រំលេច​ឲ្យ​ឃើញ​ថា មិន​ថា​​បុគ្គល​ណា​នោះ​ទេ បើ​បាន​ប្រព្រឹត្ត​អ្វី​ដែល​ផ្ទុយ ឬ​លើស​ពី​ការ​កម្រិត​របស់ច្បាប់ ​បុគ្គល​នោះ​ត្រូវ​តែ​ប្រឈម​ជា​ដាច់​ខាត​ចំពោះ​មុខ​ច្បាប់ ទោះ​បី​ជន​នោះ មាន​បុព្វ​សិទ្ធិ អភ័យឯកសិទ្ធិ​សភា ឬ​ជា​ជន​ធម្មតា​ក៏​ដោយ ក៏​ត្រូវ​តែ​ទទួល​ទោស​ដូច​គ្នា។ ច្បាប់​មិន​បាន​បែង​ចែក​ខ្ពស់​ ទាប មាន ក្រទេ តែ​ច្បាប់​​បាន​បែង​ចែក​អ្នក​ប្រព្រឹត្ត​ខុស គឺ​ចាំបាច់​ត្រូវ​ចាប់​យក​មក​ផ្ដន្ទាទោស។

បើ​សិន​ជា​លោក ហ៊ុន សែន ក៏​ដូច​ជា​តំណាង​រាស្ដ្រ​ទាំង​ ៦៨​រូប​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ទៅ​តាម​ការ​ទទូច​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ពេល​នោះ កម្ពុជា​នឹង​បង្កើត​ឲ្យ​មាន​នូវ​អំពើ​និទណ្ឌ​ភាព​ ហើយ​អ្នក​មាន​អំណាច មាន​លុយ​មាន​កាក់ នឹង​ត្រូវ​បាន​រួច​ខ្លួន។ ក្នុង​ន័យ​នេះហើយ​ក្នុង​នាម​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​ផង​នោះ ទើប​លោក ហ៊ុន សែន បាន​ប្រកាស​ជំហរ​​មិន​យល់​ព្រម​ជា​ដាច់​ខាត។

យើង​នៅ​ចាំ​បាន​ថា រាល់​លើក​នៃ​ការ​ធ្វើ​សកម្ម​ភាព​ណា​មួយ មិនថា​ការ​ចុះ​ជួប​ពលរដ្ឋ ឬ​ការ​ធ្វើ​បាតុកម្ម កុប្ប​កម្ម​ ​ពីថ្នាក់​ដឹកនាំ​​គណបក្ស​ប្រឆាំង​មួយចំនួន​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ចូល​ចិត្ត​លើក​ឡើង​ដោយ​ក្អេង​ក្អាង និង​បង្កប់​នូវ​ភាព​អុច​អាល ញុះ​ញង់ បញ្ឆេះ​កំហឹង​ឲ្យ​ខ្មែរ​ស្អប់​ខ្មែរ ជា​ពិសេស​ហាក់​បង្ហាញ​ប្រាប់​ថា ខ្លួន​មាន​សិទ្ធិ​អំណាចគ្រប់​បែប​យ៉ាង​ ទោះ​បី​ជា​ប្រទេស​មាន​ច្បាប់​ក៏ដោយ ក៏​មិន​អាច​ធ្វើ​អ្វី​ខ្លួន​កើត​ដែរ។

ស្ថិត​ក្នុង​ទិដ្ឋ​ភាព​នេះ ត្រូវ​បាន​អ្នកវិភាគ​មួយចំនួន​លើក​ឡើង​ជា​រឿយ​ៗ​ថា ការ​ធ្វើ​សកម្ម​ភាព​ស្ទើរ​តែ​រាល់​លើក​របស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ចូល​ចិត្ត​បំពារ​បំពាន ស្វែង​រក​ប្រយោជន៍ និងចូ​ល​ចិត្ត​​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខែល​ដើម្បី​បិទ​បាំង​​ទង្វើ​ដែល​ខ្លួន​​បាន​ធ្វើ​ខុស​។

សរុបមក​ ក្នុង​នាម​ជា​អ្នក​និពន្ធ​មួយ​រូប ខ្ញុំ​សូម​​មិន​គាំទ្រ​ជា​ដាច់​ខាត​នូវ​ទង្វើ​របស់​គណបក្ស​ នយោបាយ​ណាមួយ ដែល​ព្យា​​យាម​រុញ​ឲ្យ​កម្ពុជាកើត​មាន​នូវ​អំពើ​និទណ្ឌ​ភាព​ និង​ម្យ៉ាង​ទៀត​ ដូច​ការ​​រៀប​រាប់​ខាង​លើនេះ ខ្ញុំ​​មិន​បាន​មើល​ឃើញ​ថា លោក ហ៊ុន សែន មាន​ការ​ជ្រៀត​ជ្រែក លូក​ដៃ​ទៅ​លើ​សមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ​មតិ​យោបល់​ដែល​លោក ហ៊ុន សែន បានលើក​ឡើង​ក្នុង​ន័យ​ជំរុញ​ឲ្យ​តុលាការ​មាន​វិធានការ​តឹង​រឹង​ទៅ​លើ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស គឺ​ជា​ការ​ចូល​រួម​ពង្រឹង​នីតិ​រដ្ឋ​នៅកម្ពុជា​​​តែ​ប៉ុណ្ណោះ។

ដូច្នេះ​តុលាការ​ មាន​សមត្ថកិច្ច និង​​ជា​អ្នក​ធ្វើ​ឲ្យ​សង្គម​ទទួល​បាន​នូវ​យុត្តិ​ធម៌ គប្បី​​​​ត្រូវ​តែ​ចាប់​​​អ្នក​ប្រព្រឹត្ត​​ល្មើស​យក​ទៅ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ដោយ​មិនឲ្យ​ជន​ណា​ម្នាក់​ដែល​ធ្វើ​ខុស​ហើយ គេ​ច​ផុត​ពី​សំណាញ់​ច្បាប់ឡើយ។


អត្ថបទ៖ សុខ អភិវឌ្ឍន៍

Thursday, January 22, 2015

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន៖ ការបង្កើត ICC-ព្រះវិហារ ជាជោគ​ជ័យ​ថ្មី​​របស់​​កម្ពុជា​​ក្នុង​​វិស័យ​​បេតិកភ័ណ្ឌ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ បានថ្លែងឲ្យ​ដឹង​ថា ការ​ប្រកាស​បង្កើតគណៈកម្មាធិការ​សម្របសម្រួល​អន្តរ​ជាតិ ​សម្រាប់រមណីយដ្ឋាន​ប្រាសាទ​ព្រះ​វិហារ (ICC-ព្រះវិហារ) ​កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅក្នុង​សម័យ​ប្រជុំ​ដំបូងនៅ​​ខេត្ត​សៀម​រាប ដោយមានប្រទេស​ចិន និង​ឥណ្ឌា​ជា​សហ​ប្រធាន ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជោគ​ជ័យ​ដ៏​ធំធេង​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា បន្ទាប់​ពីការ​តស៊ូ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អស់​រយៈពេល ១៤ឆ្នាំ (២០០១-២០១៤) ក្នុង​ការចុះ​បញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក។​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា នេះ​គឺជាជោគជ័យ​ដ៏ធំធេងថ្មី​មួយ​ទៀត​សម្រាប់វិស័យ​បេតិកភណ្ឌ​របស់ក​ម្ពុជា បន្ថែមលើសមិទ្ធផល​ជាច្រើន​នៅ​ក្នុង​ក្រប​ខ័ណ្ឌនៃ ICC-អង្គរ ដែល​បានសហការ​យ៉ាងជិតស្និទ និងមាន​ប្រសិទ្ធភាព​ជាមួយ​អាជ្ញាធរជាតិ​អប្សរា​អស់រយៈ​ពេល​ជាង ២០ឆ្នាំ​មកនេះ ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍ​រមណីយ​ដ្ឋាន​អង្គរ ហើយ​ក្របខ័ណ្ឌ ICC-អង្គរនេះ ត្រូវ​បាន​ពិភព​លោកចាត់​ទុក​ជាគំរូ​និងបាន​យក​ទៅ​អនុវត្ត​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ថែម​ទៀត​ផង។

ការ​វាយ​តម្លៃរបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីបិទ​សន្និបាត​បូក​សរុប​ការ​ងារវប្បធម៌ឆ្នាំ២០១៤ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥ នៅ​សាល​សន្និសីទ​ចតុមុខ​។

ក្នុង​ឱកាស​នោះ ក្នុង​នាម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​ថ្លែង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​ការគ្រប់​លំដាប់​ថ្នាក់​នៃក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ព្រមទាំងការ​រួមចំណែក​របស់​បណ្តា​ក្រសួង ស្ថាប័​ន វិស័យ​ឯកជន និង​ដៃគូអភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិជាពិ​សេស​អង្គការ​យូណេស្កូ ក្នុង​បុព្វហេតុ​អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌវប្ប​ធម៌​ខ្មែរ។  ជា​ពិសេស ការ​កោតសរសើរ​ដ៏ស្មោះ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ អ្នក​គ្រូ សាស្ត្រា​ចារ្យ និងព្រឹទ្ធាចារ្យសិល្បៈវប្បធម៌​ទាំងអស់​ដែល​ជាមរតកមនុស្ស​រស់ ក្នុង​ការ​លើក​ស្ទួយវិស័យ​សិល្បៈវប្បធម៌​ជាតិឲ្យ​រស់​ឡើង​ចាប់​ពី​ក្រោយ​ថ្ងៃរំដោះ ៧មករា ឆ្នាំ​១៩៧៩ និង​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ជាលំដាប់​ដូច​សព្វ​ថ្ងៃ​នេះ។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បច្ចុប្បន្ន បេតិក​ភណ្ឌ​វប្បធម៌សំខាន់ៗរបស់យើង មិន​ត្រឹម​តែជា​កេតនភណ្ឌ​របស់ជាតិ​ដែល​ត្រូវ​បាន​បន្សល់ទុកដោយ​បុព្វបុរសខ្មែរ​ជាច្រើនតំណមកប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ត្រូវបាន​ចាត់​ទុកជាធនធាន​សេដ្ឋកិច្ច​មួយ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់ផងដែរ ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ។ ជាក់​ស្តែងវិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទាំង​មូល​បាន​ក្លាយ​ជាក្បាល​ម៉ាស៊ីន​នៃកំណើន​សេដ្ឋ​កិច្ច ដោយ​បានរួម​ចំណែក​រហូត​ដល់​ប្រមាណ​ជា១៦% នៃផលិតផល​ក្នុង​ស្រុក​សរុប (GDP) និងបាន​បង្កើត​ការងារ​ជូន​ប្រជា​ជន​ដោយ​ផ្ទាល់​ជាង ៥០០​ពាន់ និង​ដោយ​ប្រយោល​រាប់​សិប​ពាន់​ផ្សេង​ទៀត កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ​ខណៈ​ដែល​មាន​ភ្ញៀវ​ទេស​ចរ​បរទេស​ប្រមាណ ៤,៥លាននាក់ បាន​ចូល​មក​ទស្សនា​កម្ពុជា ក្នុងនោះ​ប្រមាណ​ ២លាន​នាក់​ បាន​ទៅ​ទស្សនា​តំបន់​សៀម​រាប​អង្គរ។

សមិទ្ធិផល​នេះ ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន មាន​ប្រសាសន៍ ចាត់​ទុក​ថា គឺ​ដោយ​សារមាន​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​វិស័យវប្បធម៌ និង​មាន​ការគិតគូរ​យ៉ាងច្បាស់​លាស់ក្នុង​ការ​ការ​ពារ​អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ប្រកប​ដោយចីរភាព​ដោយឈរ​លើ​គោល​ការណ៍ «អភិរក្ស​ដើម្បី​អភិវឌ្ឍ​និង​អភិវឌ្ឍ​ដើម្បី​អភិរក្ស» សំដៅ​ទាញ​យក​ប្រយោជន៍​សមស្របសម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ និងផ្ទេរមរតក​ដ៏មាន​តម្លៃ​នេះ​ដល់​ជំនាន់​ក្រោយ​ៗ​ទៀត។ ជាពិសេស​គឺ​សុខ​សន្តិភាព ដែល​កើត​ឡើង​ដោយ​សារ​ការ​ដាក់​ចេញ​នយោបាយ​ឈ្នះឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន។

អនុវត្ត​តាម​ពាក្យ​ស្លោក កម្ពុជា៖ព្រះជា​រាជាណាចក្រនៃ​វប្បធម៌ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ក៏​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន ៩ចំណុច ជូន​អង្គ​សន្និបាតដើម្បី​លើក​កម្ពស់​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​វប្បធម៌ ដែល​រួម​មាន៖

-ត្រូវ​បន្ត​ជំរុញ​ការបណ្តុះ​បណ្តាល និង​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​។

-ត្រូវ​បន្ត​ពង្រឹង​ការ​គ្រប់គ្រង និង​ការរៀប​ចំ​តំបន់​បេតិក​ភណ្ឌវប្បធម៌ រមណីយ​ដ្ឋាន​វប្បធម៌​និង​ប្រវត្តិ​សាស្ត្រ ឱ្យ​បានកាន់​តែប្រសើរ​ឡើង​បន្ថែម​ទៀត សំដៅ​ថែរក្សា​អភិរក្សនូវ​មរតក​វប្បធម៌​ដ៏មានតម្លៃ​របស់ជាតិ​ផង និង​ប្រែក្លាយ​ជាគោលដៅ​ទេសចរណ៍​វប្បធម៌​ផង។ ចំពោះ​មុខ​ ក្រសួង​ត្រូវ​គិត​គូរ​អំពី​ការ​រៀប​ចំបង្កើត​អាជ្ញាធរដើម្បី​ទទួល​បន្ទុក​អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក។ ការរៀប​ចំតំបន់​រមណីយ​ដ្ឋាន​ឱ្យ​បាន​ល្អ ក៏​អាចធ្វើ​ឱ្យកម្ពុជា​ក្លាយ​ជា​ទីកន្លែង​សម្រាប់​ការថតខ្សែ​ភាព​យន្ត​អន្តរជាតិ ផងដែរ។

-ត្រូវ​បន្ត​យក​ចិត្តទុក​ដាក់​បង្កើន​ធនធាន​មនុស្ស​សម្រាប់​ការគ្រប់​គ្រង និង​លើក​ស្ទួយ​សកម្មភាព​វប្បធម៌​របស់ជនជាតិ​ភាគតិច និង​ជនជាតិ​ដើមភាគតិច និង​ភាព​ផ្សេងគ្នានៃ​វប្បធម៌ ជា​ពិសេស​នៅតាម​តំបន់​ដាច់​ស្រយាល​។

-គួរ​ជំរុញ​ការបង្កើត​មជ្ឈមណ្ឌល​វប្បធម៌​នៅ​តាម​រាជធានី ខេត្ត ដើម្បី​បង្ហាញ​ពី​ប្រពៃណី​ទំនៀមទំលាប់ និង​របៀបរបប​រស់នៅ​របស់​ប្រជាជន​ខ្មែរ។

-ត្រូវ​បន្ត​យកចិត្តទុក​ដាក់​បង្កើន​ការ​ផលិត និង​ការផ្សព្វ​ផ្សាយ​ផលិតផល​វប្បធម៌ សិល្បៈ​ទស្សនីយភាព សិល្បៈ​សូនរូប និង​សិល្បៈសិប្បកម្ម តាម​រយៈ​ការជំរុញ​ការ​រៀប​ចំ​មហោស្រព ការ​តាំង​ពិព័រណ៌ និង​ការបង្ហាញ​ស្នាដៃថ្មី​ឱ្យបាន​ច្រើន​ទាំងកម្រិត​ជាតិ និង​អន្តរជាតិ​ជាមួយគ្នា​នេះ គួររិះរក​វិធី​ជំរុញ​លើកទឹកចិត្ត​ដល់ការ​ផលិត​ខ្សែភាពយន្ត និងសិល្បៈ​ខែ្មរ​ទាំង​បរិមាណ និងគុណភាព ក្នុង​គោលដៅ​កាត់​បន្ថយការ​នាំ​ចូល​សិល្បៈ និង​ភាព​យន្តបរទេស។

-ត្រូវ​បន្តយក​ចិត្ត​ទុកដាក់​ដល់​ការកសាង​បញ្ជី​សារពើភណ្ឌ និង​ធ្វើផែនទី​កំណត់​ធន​ធាន​វប្បធម៌។

-ត្រូវ​បន្ត​សិក្សា​ស្រាវជ្រាវ​អំពី​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និងអរូបី​ដែលកំពុង​ប្រឈម​នឹង​ការបាត់​បង់ ដើម្បី​ចងក្រង​ទុក​ជាឯកសារ សំដៅ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​ទាំងនោះ​ឱ្យ​បានគង់វង្ស។

-ត្រូវ​បន្តពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទដ្ឋានគតិយុត្ត​ដែល​មានស្រាប់ និង​កសាង​បទ​ដ្ឋាន​គតិយុត្តថ្មី​ដែល​ចាំបាច់​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​ការអភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ជាតិ​ប្រកបដោយ​ចីរភាព។

-ក្នុង​កាលៈទេសៈ​ដែល​វិភាជន៍​ថវិការដ្ឋ​នៅ​មាន​កម្រិត ហើយ​ការងារ​មាន​ទំហំធំ​ធេង ក្រសួង​ត្រូវ​ធ្វើសនិទានកម្ម និង​កំណត់ជា​អាទិភាព​នូវកម្មវិធី​ការងារ​របស់ខ្លួន ហើយ​ទន្ទឹម​នឹង​នោះ គួរ​បន្តស្វះ​ស្វែង​រក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​អង្គការ សមាគម និង​វិស័យ​ឯកជន សំដៅ​កៀរគរ​ការចូលរួម​គាំទ្រ​កាន់​តែ​សកម្ម​បន្ថែម​ទៀត ដូច​ដែលក្រ​សួង​ធ្លាប់បានអនុវត្ត​កន្លងមក ដោយឈរ​លើ​គោល​ការណ៍​ «រដ្ឋ​គាំទ្រ​ដៃ​គូឯកជន​ជាអ្នក​អនុវត្ដ»ស្របតាម​គោល​នយោបាយ​ជាតិ​ស្តីពី​វិស័យវប្បធម៌។

លោក​ជុំ​ទាវ ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សន្និបាត​បូក​សរុប​ការ​ងារវប្បធម៌ឆ្នាំ២០១៤ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥ បានឯកភាពកំណត់​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​សរុប ចំនួន ៤៨១សកម្មភាព សម្រាប់​ឆ្នាំ២០១៥​ខាង​មុខ​នេះ៕











សារាចរ​ណែនាំ ស្តីពី​ការ​អនិវត្ត​កាតព្វកិច្ច​កាត់​ទុកពន្ធ​​លើ​ប្រាក់​បៀវត្ស​ និងពន្ធ​លើ​អត្ថ​ប្រយោជន៍បន្ថែម


សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការ​ងារ​វប្បធម៌​ឆ្នាំ​២០១៤ និង លើកទិស​ដៅកា​រងារ​សម្រាប់​ឆ្នាំ២០១៥ ​សាល​សន្និសីទ​ចតុម្មុខ ថ្ងៃទី​២២ ខែ​មករា ឆ្នាំ២០១៥

- លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
- អង្គសន្និបាតជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមជាមួយ លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ២០១៤ និងលើកទិសដៅការ​ងារ​​​​​ឆ្នាំ២០១៥ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាពេលនេះ។ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ខ្ញុំសូម​សម្តែង​នូវ​ការកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងវប្បធម៌និង​វិចិត្រ​សិល្បៈ​​ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរៀងៗខ្លួន ដើម្បី​​បុព្វហេតុវប្បធម៌ជាតិ ប្រកបដោយស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និងទទួលបានលទ្ធផលជាច្រើនគួរជាទីមោទនៈ ។

តាមរបាយការណ៍របស់លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អង្គសន្និបាតបានធ្វើការពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទនានា ដែលពាក់ព័ន្ធនឹង​សមត្ថកិច្ច​របស់ក្រសួង ជាលក្ខណៈផ្ទៃក្នុង ស៊ីជម្រៅ និងត្រង់ៗចំបញ្ហា ដោយឆ្លុះបញ្ចាំង​អំពី​លទ្ធផល​​ជាក់ស្តែងដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងទិសដៅ​ការងារ​សម្រាប់អនុវត្តបន្ត​នៅក្នុង​ឆ្នាំ២០១៥។ ខ្ញុំសូម​អបអរ​សាទរ​ចំពោះលទ្ធផលដែលសន្និបាតនេះសម្រេចបាន និង​ចាត់​ទុក​​ថា លទ្ធផលនៃ​កិច្ចពិភាក្សា​​នេះ​​​ពិតជាមានសារសំខាន់ណាស់ ក្នុងការផ្តល់ជាធាតុចូល​សម្រាប់​ការរៀបចំ​​ផែនការសកម្ម​ភាព​​ការងារ និង​ផែនការថវិកាឱ្យមានសង្គតិភាព សំដៅកែលម្អ​ការអនុវត្ត​ការងារអភិរក្ស និងអភិវឌ្ឍ​វប្បធម៌​​​ជាតិ។

លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី
ដូចដែលយើងទាំងអស់គ្នា​បាន​ដឹង​ហើយថា វប្បធម៌គឺជាដួងព្រលឹងជាតិ ជាកោសិកា​នៃ​សង្គម ប៉ុន្តែគួរឱ្យសោកស្តាយ វិស័យវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗដទៃទៀត​ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង​ដោយ​​របបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងបានខិតខំ​កសាង​​ប្រទេសលើគ្រប់វិស័យពីបាតដៃទទេ ហើយនៅពេលនោះ វរៈសិល្បករ-សិល្បការិនី​យើង​​ដែលនៅ​សេសសល់ពីការស្លាប់ បានខិតខំរួមគ្នាតាមគ្រប់រូបភាពនិងតាមគ្រប់លទ្ធភាព ដើម្បី​ស្រោច​ស្រង់​វិស័យវប្បធម៌ឱ្យរស់រានឡើងវិញ។ ខ្ញុំនៅចាំបានថា ក្នុងរយៈពេលតែប្រមាណពីរ-បីខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសត្រូវបានរំដោះ ក្រុមសិល្បៈរបាំល្ខោន និងតន្ត្រីត្រូវបាន​បង្កើតឡើង​នៅតាម​គ្រប់ខេត្ត ក្រុង ហើយក្រុមសិល្បៈទាំងអស់បានស្ម័គ្រចិត្តសម្តែងបម្រើប្រជាជន ដោយពុំខ្លាចនឿយហត់ និងពុំគិតផលកម្រៃអ្វីឡើយ គឺទទួលបានត្រឹមតែម្ហូបអាហារនៅពេលសម្តែងតែប៉ុណ្ណោះ។ ទាំងអស់នេះ សបញ្ជាក់​ឱ្យឃើញនូវការលះបង់ ​និងទំហំទឹកចិត្តស្រឡាញ់​យ៉ាងជ្រាលជ្រៅ​របស់​បង​ប្អូន​សិល្បករ-សិល្បការិនីចំពោះវប្បធម៌​ជាតិ។ ការរស់​ឡើងវិញ​នូវ​បេតិកភណ្ឌ​អរូបី​យ៉ាង​ឆាប់រហ័ស​បែបនេះ ក៏ដោយ​សារ​បេតិកភណ្ឌ​អរូបី កើត​ចេញ​ពីចិត្ត​គំនិត និង​បាន​ដក់ជាប់ក្នុង​បេះដូង​របស់​ប្រជាពល​រដ្ឋគ្រប់រូប​។ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវគារវ​ភក្ដី និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិល្បករ-សិល្បការិនីចាស់ទុំជាព្រឹទ្ធាចារ្យ វរៈសិល្បករ-សិល្បការិនី មរតកមនុស្សរស់ ដែលបានខិតខំលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ​ឱ្យរស់រានឡើងវិញ និងមានការរីកចម្រើនជាលំដាប់ដូចសព្វថ្ងៃនេះ។

ជាងនេះទៅទៀត បច្ចុប្បន្ន បេតិកភណ្ឌវប្បធម៌សំខាន់ៗរបស់យើង មិន​ត្រឹម​តែជា​កេតនភណ្ឌ​​របស់ជាតិ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​​ត្រូវបានចាត់ទុកជាធនធានសេដ្ឋកិច្ចមួយប្រកបដោយសក្តានុពល​ខ្ពស់ផងដែរ។ ជាការពិត សម្បត្តិវប្បធម៌ដ៏សម្បូរណ៍បែបរបស់ប្រទេសយើង ដែល​ត្រូវ​បាន​បន្សល់ទុកដោយ​បុព្វបុរសខ្មែរ​ជាច្រើនតំណមក បានចូល​រួមចំណែកយ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច​សង្គម​ និង​ការ​កាត់​បន្ថយភាពក្រីក្រ ជាពិសេសតាមរយៈទេសចរណ៍បេតិកភណ្ឌ​និង​វប្បធម៌ដែលជា​វិស័យ​កំពុងមានសន្ទុះយ៉ាង​ខ្លាំងក្លា ដោយបាននាំមកនូវចំណូលរាប់ពាន់លាន​ដុល្លារទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​​ជាតិ។ ជាក់ស្តែង វិស័យ​​ទេសចរណ៍នៅកម្ពុជាទាំងមូលបានក្លាយជាក្បាលម៉ាស៊ីន​នៃកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែករហូតដល់​ប្រមាណ​ជា ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបាន​​បង្កើត​​ការងារ​ជូនប្រជាជន​​ដោយ​ផ្ទាល់​ជាង ៥០០ពាន់ និង​ដោយប្រយោល​រាប់សិបពាន់​​ផ្សេង​ទៀត កាលពីឆ្នាំ២០១៤ កន្លងទៅ ខណៈដែលមានភ្ញៀវទេសចរបរទេសប្រមាណ៤,៥លាននាក់ បានចូលមកទស្សនាកម្ពុជា ក្នុងនោះ​ ប្រមាណ​ ២លាននាក់​ បាន​ទៅ​ទស្សនា​តំបន់​សៀមរាប​អង្គរ។

ដោយហេតុនេះ រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បាននិងកំពុង​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះវិស័យវប្បធម៌ និងមានការគិតគូរ​យ៉ាងច្បាស់​លាស់ក្នុង​ការការពារ អភិរក្ស និង​​អភិវឌ្ឍ​​បេតិកភណ្ឌវប្បធម៌ជាតិប្រកប​ដោយចីរភាព ដោយឈរលើ​គោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្របសម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ និងផ្ទេរមរតក​ដ៏មានតម្លៃនេះដល់ជំនាន់ក្រោយៗទៀត។

ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌ បានស្តែងចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ និងការដាក់ចេញនូវគោលនយោបាយផ្សេងៗ ដោយទទួលបានសមិទ្ធផលយ៉ាងច្រើនជាបន្តបន្ទាប់នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាដែល​​គេធ្លាប់​ស្គាល់ថាជាវាលពិឃាត មកជាព្រះរាជាណាចក្រនៃវប្បធម៌ ជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក។ ជាក់ស្តែង បន្ទាប់ពីការទទួលបានជោគជ័យដ៏ធំធេងក្នុងការចុះប្រាសាទព្រះវិហារជាទីសក្ការៈរបស់យើងក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ រួចមក ថ្មីៗនេះ យើងបានខិតខំកៀរគរការគាំទ្រពីសហគមន៍អន្តរជាតិ សម្រាប់ការបង្កើតគណៈកម្មាធិការ​សម្របសម្រួលអន្តរជាតិមួយទៀតសម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) ដោយ​ជោគជ័យ ដែលសម័យប្រជុំលើកដំបូងទើបត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ដោយមានប្រទេសជាមហាមិត្តរបស់យើង គឺ ចិន និង ឥណ្ឌា ជា​សហប្រធាន។ សម័យប្រជុំលើកដំបូងនោះ អាចចាត់ទុកថាជាជោគជ័យដ៏ធំធេងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និង​​ជារណសិរ្សបង្រួបបង្រួមបណ្តាភាគីទំនាស់ពីមុន ឱ្យក្លាយជាភាគីមិត្តភាព និងសហប្រតិបត្តិការ ហើយតំបន់ប្រាសាទព្រះវិហារ ដែលពីមុនតែងតែចាត់ទុកថាជាតំបន់មានសក្តានុពលទំនាស់យោធា និងការទូត បច្ចុប្បន្នត្រូវបានប្រែក្លាយជាតំបន់មានសន្តិភាព សាមគ្គីភាព និងសហប្រតិបត្តិការ សមដូចអត្ថបទរបស់អ្នកកាសែតដ៏ល្បីឈ្មោះអ៊ីតាលី កាលពីពេលថ្មីៗនេះ ដែល​បានដាក់ចំណង​ជើង​ធំៗថា «សន្តិភាពរាំជាមួយព្រះសិវៈនៅប្រាសាទព្រះវិហារ (La paix danse avec Shiva à Preah Vihear»។ ជាក់ស្តែង គណៈប្រតិភូថៃដែលមានសមាជិក ១៤នាក់ បានឡើងថ្លែងសុន្ទរកថា​មុនគេ គាំទ្រការបង្កើត ICC-ព្រះវិហារ។ រីឯ ឯកអគ្គរដ្ឋទូតអាមេរិកបានចាត់ទុកការបង្កើត ICC-ព្រះវិហារ ជាដំណើរការសន្តិភាពដ៏ប្រពៃ និងជាការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍អំពីវប្បធម៌រវាងគ្នានិងគ្នា (cultural exchange)។ ដោយឡែក ឯកអគ្គរដ្ឋទូតជប៉ុនក៏បានសម្តែងនូវសេចក្តីរីករាយ និងអំណរសារទរចំពោះការបង្កើត ICC-ព្រះវិហារនេះ និងបានប្រកាសអំពីសេចក្តី​សម្រេច​របស់រដ្ឋាភិបាលជប៉ុន ក្នុងការលុបចោលការហាមប្រាមប្រជាពលរដ្ឋជប៉ុនមិនឱ្យទៅតំបន់ប្រាសាទ​ព្រះវិហារ ដែលត្រូវបានដាក់ចេញកាលពីឆ្នាំ២០០៨ បន្ទាប់ពីមានការផ្ទុះអាវុធនៅតំបន់នោះ។ ឯកឧត្តម Hao Ping ក្នុងឋានៈជាប្រធានមហាសន្និបាតអង្គការយូណេស្កូ បានប្រកាសតាមរយៈបទសម្ភាសន៍​នៅប្រាសាទព្រះវិហារ​ថា ឯកឧត្តមអញ្ជើញមកក្នុងនាមប្រទេសចំនួន១៩៥ ជា​សមាជិក​នៃមហាសន្និបាតអង្គការយូណេស្កូ និងបានសម្តែងការប្តេជ្ញាចិត្តដើម្បីជួយជំរុញការងារ​​អភិរក្សប្រាសាទព្រះវិហារ តាមរយៈ ICC-ព្រះវិហារ ហើយឯកឧត្តមថែមទាំងបានមានប្រសាសន៍ថា មិនមែន​តែប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺប្រជាជនពិភពលោកទាំងមូលដែលស្រឡាញ់ប្រាសាទព្រះវិហារ។ នេះ​គឺជាជោគជ័យដ៏ធំធេងថ្មី​មួយ​ទៀត​សម្រាប់វិស័យ​បេតិកភណ្ឌរបស់កម្ពុជា បន្ថែមលើ សមិទ្ធផល​​​ជាច្រើននៅក្នុងក្របខ័ណ្ឌនៃ ICC-អង្គរ ដែលបានសហការយ៉ាងជិតស្និទនិងមាន​ប្រសិទ្ធភាព​​​​​​ជាមួយ​អាជ្ញាធរអប្សរា អស់រយៈពេលជាង២០ឆ្នាំមកនេះ ក្នុងការអភិរក្ស​និងអភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ហើយក្របខ័ណ្ឌ ICC-អង្គរនេះ ត្រូវបានពិភពលោកចាត់ទុកជាគំរូ​និងបានយក​ទៅ​អនុវត្ត​នៅបណ្តាប្រទេសមួយចំនួនថែមទៀតផង។ ផ្អែកលើជោគជ័យទាំងនេះ កិត្យានុភាពជាតិ និង​ទំនាក់ទំនងល្អនៅក្នុងមជ្ឈដ្ឋានបេតិកភណ្ឌពិភពលោក កម្ពុជាយើងមានសង្ឃឹមថា រមណីយដ្ឋាន​សំបូរព្រៃគុក ដែល​​​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននិងកំពុងរៀបចំបញ្ចប់សំណុំឯកសារស្នើសុំ​ចុះបញ្ជី​ជាបេតិកភណ្ឌ​​​​ពិភពលោក​នៅពេលខាងមុខឆាប់ៗនេះ នឹងទទួលបាន​ការគាំទ្រ​សម្រាប់​ការចុះ​ប​ញ្ជី​ជាបេតិកភណ្ឌពិភពលោកដោយជោគជ័យ។

លោកជំទាវ  ឯកឧត្តម អស់លោក លោកស្រី
ទន្ទឹមនឹងសមិទ្ធផលជាច្រើន ដែលយើងសម្រេចបាននៅក្នុងវិស័យវប្បធម៌នាពេលកន្លងមក យើង​​​ក៏​នៅមានបញ្ហាប្រឈមជាច្រើនផងដែរ ដោយហេតុថា ការថែរក្សាអភិរក្ស និងអភិវឌ្ឍ​បេតិកភណ្ឌ​​​វប្បធម៌ គឺជាកិច្ចការគ្មានទីបញ្ចប់ ប្រកបដោយវិសាលភាពធំធេង ដែលត្រូវការនូវ​ធនធាន​​មនុស្សប្រកបដោយចំណេះដឹងនិងជំនាញពិតប្រាកដ ព្រមទាំងថវិកាសមស្រប។ ជាងនេះ​ទៅ​ទៀត វាទាមទារ​នូវការខិតខំប្រឹងប្រែងជាប់ជាប្រចាំពីក្រសួង​ ស្ថាប័នពាក់ព័ន្ធ និងការចូលរួម​យ៉ាងសកម្ម​​ពីសំណាក់ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ វិស័យឯកជន និងមហាជន។

បន្ថែមលើអ្វីដែលអង្គសន្និបាតបានពិភាក្សា ខ្ញុំសូមផ្តល់ជា​អនុសាសន៍​​​​ខ្លះៗ ដូចខាងក្រោម៖
        -  ត្រូវបន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស​ក្នុងវិស័យ​វប្បធម៌និងវិចិត្រសិល្បៈ​​ ដោយយកចិត្តទុកដាក់ទាំងបរិមាណនិងគុណភាពនៃការបណ្តុះបណ្តាល នៅក្នុងក្របខ័ណ្ឌនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ ឬសាលា​សិល្បៈ​ភូមិភាគ ដើម្បីសម្រិតសម្រាំងអ្នកបន្តវេន​ពីក្នុងចំណោមអ្នកដែលមានចំណង់ចំណូលចិត្ត​ និង​ទេពកោសល្យសិល្បៈ។

       - ត្រូវបន្តពង្រឹងការគ្រប់គ្រង  និងការរៀបចំតំ​ប​ន់​បេតិក​ភណ្ឌវប្បធម៌ រមណីយដ្ឋាន​វប្បធម៌​និងប្រវត្តិសាស្ត្រ ​ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅថែរក្សាអភិរក្សនូវមរតក​វប្បធម៌​​ដ៏មានតម្លៃរបស់ជាតិផង និងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ផង។ ចំពោះ​មុខ​ ក្រសួង​ត្រូវ​គិត​គូរ​អំពី​​ការ​រៀប​ចំបង្កើត​អាជ្ញាធរដើម្បីទទួល​បន្ទុក​អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក។ ការរៀបចំតំបន់រមណីយដ្ឋានឱ្យបានល្អ ក៏អាចធ្វើឱ្យកម្ពុជាក្លាយជាទីកន្លែងសម្រាប់ការថតខ្សែ​ភាព​​យន្ត​អន្តរជាតិ ផងដែរ។

        ៣- ត្រូវបន្តយកចិត្តទុកដាក់បង្កើនធនធានមនុស្សសម្រាប់ការគ្រប់គ្រង និង​លើក​ស្ទួយ​​​សកម្មភាព​​​​វប្បធម៌របស់ជនជាតិ​ភាគតិច និងជនជាតិដើមភាគតិច និងភាពផ្សេងគ្នានៃ​វប្បធម៌   ជាពិសេសនៅតាមតំបន់ដាច់ស្រយាល​។

        ៤- គួរជំរុញការបង្កើតមជ្ឈមណ្ឌលវប្បធម៌នៅតាមរាជធានី ខេត្ត ដើម្បីបង្ហាញពីប្រពៃណី ទំនៀមទំលាប់ និងរបៀបរបប​រស់នៅរបស់ប្រជាជន​ខ្មែរ ក៏ដូចជាភាពសម្បូរណ៍បែបនៃវប្បធម៌ខ្មែរ​  សំដៅ​ផ្សព្វ​ផ្សាយ និងចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងស្រទាប់​យុវជន។ គួរយកចិត្តទុកដាក់ដល់ការពង្រឹង  និងពង្រីកសកម្មភាព​វប្បធម៌នៅតាមវត្តអារាម  ដូចជាចំណេះដឹង​អំពីល្បែង​និងរបាំ​ប្រជាប្រិយ ប្រពៃណី និងសកម្មភាពវប្បធម៌នានា ពីព្រោះទីវត្តអារាមបានដើរតួនាទី​យ៉ាង​សំខាន់​​នៅក្នុងសង្គមខ្មែរ ជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយ និងថែរក្សាអភិរក្សវប្បធម៌​របស់​ជាតិ ​​តាំង​ពី​យូរលង់ណាស់មកហើយ។

        ៥- ត្រូវបន្តយកចិត្តទុកដាក់បង្កើនការផលិត និងការផ្សព្វផ្សាយផលិតផល​វប្បធម៌ សិល្បៈទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម តាមរយៈការជំរុញ​ការរៀបចំ​មហោស្រព ការតាំងពិព័រណ៌ និងការបង្ហាញស្នាដៃថ្មីឱ្យបានច្រើន ទាំងកម្រិតជាតិនិងអន្តរជាតិ សំដៅបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក បង្កើនគុណភាព​ស្នាដៃ និងផលិតផល​សិល្បៈ​វប្បធ​ម៌ឱ្យ​កាន់តែមានលក្ខណៈទាក់ទាញ និងមានគុណភាពប្រកួតប្រជែង​ខ្លាំង​ឡើងៗ។ ជាមួយគ្នានេះ គួររិះរក​វិធី​ជំរុញ​លើកទឹកចិត្តដល់ការផលិតខ្សែភាពយន្ត និងសិល្បៈខែ្មរទាំងបរិមាណ និងគុណភាព ក្នុង​គោលដៅ​​កាត់​បន្ថយការនាំចូលសិល្បៈ និងភាពយន្តបរទេស។

        - ត្រូវបន្តយកចិត្តទុកដាក់ដល់ការកសាងបញ្ជីសារពើភណ្ឌ និងធ្វើផែនទីកំណត់​ធនធាន​វប្បធម៌ ពីព្រោះការងារនេះមានសារសំខាន់ខ្លាំងណាស់ មិនគ្រាន់តែដើម្បីដឹងអំពីសក្តានុពលវប្បធម៌​របស់​ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានឯកសារដ៏រឹងមាំ​សម្រាប់ការទាមទារយកមកវិញ​នូវ​វត្ថុបុរាណដែលត្រូវបានលួច ឬចរាចរដោយខុសច្បាប់ ។

        - ត្រូវបន្តសិក្សាស្រាវជ្រាវអំពីបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបី ដែលកំពុងប្រឈម​នឹង​ការបាត់បង់ ដើម្បីចងក្រងទុកជាឯកសារ ដូចជា តាមរយៈការសិក្សាស្រាវជ្រាវ​ជាលក្ខណៈ​វិទ្យា​សាស្ត្រ និងការប្រមែប្រមូលព័ត៌មាន ចំណេះដឹង និងចំណេះធ្វើពីព្រឹទ្ធាចារ្យ ចាស់ទុំ និងអ្នកមាន​ចំណេះជំនាញក្រៅប្រព័ន្ធ សំដៅថែរក្សាអភិរក្សបេតិកភណ្ឌដ៏មានតម្លៃទាំងនោះឱ្យបានគង់វង្ស។

        -  ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានស្រាប់ និងកសាង​បទដ្ឋានគតិយុត្តថ្មីដែលចាំបាច់បន្ថែមទៀត ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍ​វប្បធម៌ជាតិ​ប្រកបដោយចីរភាព។

         - ក្នុងកាលៈទេសៈដែលវិភាជន៍ថវិការដ្ឋនៅមានកម្រិត ហើយការងារមានទំហំធំធេង ក្រសួង​​​ត្រូវធ្វើសនិទានកម្ម និងកំណត់ជា​អាទិភាព​នូវកម្មវិធី​ការងារ​របស់ខ្លួន ហើយទន្ទឹមនឹង​នោះ គួរបន្តស្វះ​ស្វែង​រក​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ជាតិនិងអន្តរជាតិ អង្គការ សមាគម និង​វិស័យ​ឯកជន សំដៅកៀរគរការចូលរួម​គាំទ្រ​កាន់តែសកម្មបន្ថែមទៀត ដូចដែលក្រ​សួង​ធ្លាប់បានអនុវត្ត​កន្លងមក ដោយឈរលើគោលការណ៍​​​​​​​​ «រដ្ឋគាំទ្រ ដៃគូឯកជន​ជាអ្នកអនុវត្ដ» ស្របតាម​គោល​នយោបាយ​ជាតិ​ស្តីពី​វិស័យវប្បធម៌។

លោកជំទាវ  ឯកឧត្តម អស់លោក លោកស្រី
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមទាំងការរួមចំណែករបស់បណ្តាក្រសួង ស្ថាប័​ន វិស័យ​ឯកជន និង​ដៃគូអភិវឌ្ឍ​​ន៍ជាតិនិងអន្តរជាតិ ជាពិ​សេស​អង្គការយូណេស្កូ ក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ខ្មែរ។  ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរដ៏ស្មោះ និងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះ​លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងព្រឹទ្ធាចារ្យសិល្បៈវប្បធម៌​ទាំងអស់ ដែល​បានរួមចំណែកយ៉ាងសកម្មក្នុងការបង្ហាត់​បង្រៀន​ ផ្ទេរចំណេះជំនាញដល់យុវជន​ដែលជាអ្នកបន្តវេន​ និង​សូមលើកទឹកចិត្តឱ្យបន្តចលនា​នេះ ទៀត។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរលោកជំទាវ ឯកឧត្តម អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គល​ក្នុង​ក្រុមគ្រួសារ។

        ខ្ញុំសូមប្រកាសបិទសន្និបាតបូកសរុបការងារវប្បធម៌ឆ្នាំ២០១៤ និងលើកទិសដៅការ​ងារ​​​ឆ្នាំ​២០១៥ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាពេលនេះ។
សូមអរគុណ!

របាយការណ៍ លោកជំទាវ ភឿង សកុណា ថ្លែង​ក្នុង​ពិធី​បិទ​សន្និ​បាត​​បូក​​សរុប​​ការ​ងារ​​វប្ប​ធម៌​​ឆ្នាំ២០១៤ និង លើក​ទិស​​ដៅ​ការងារ​​សម្រាប់​ឆ្នាំ​២០១៥