Thursday, January 22, 2015

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន៖ ការបង្កើត ICC-ព្រះវិហារ ជាជោគ​ជ័យ​ថ្មី​​របស់​​កម្ពុជា​​ក្នុង​​វិស័យ​​បេតិកភ័ណ្ឌ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ បានថ្លែងឲ្យ​ដឹង​ថា ការ​ប្រកាស​បង្កើតគណៈកម្មាធិការ​សម្របសម្រួល​អន្តរ​ជាតិ ​សម្រាប់រមណីយដ្ឋាន​ប្រាសាទ​ព្រះ​វិហារ (ICC-ព្រះវិហារ) ​កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅក្នុង​សម័យ​ប្រជុំ​ដំបូងនៅ​​ខេត្ត​សៀម​រាប ដោយមានប្រទេស​ចិន និង​ឥណ្ឌា​ជា​សហ​ប្រធាន ត្រូវ​បាន​ចាត់​ទុក​ថា ជា​ជោគ​ជ័យ​ដ៏​ធំធេង​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា បន្ទាប់​ពីការ​តស៊ូ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អស់​រយៈពេល ១៤ឆ្នាំ (២០០១-២០១៤) ក្នុង​ការចុះ​បញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក។​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា នេះ​គឺជាជោគជ័យ​ដ៏ធំធេងថ្មី​មួយ​ទៀត​សម្រាប់វិស័យ​បេតិកភណ្ឌ​របស់ក​ម្ពុជា បន្ថែមលើសមិទ្ធផល​ជាច្រើន​នៅ​ក្នុង​ក្រប​ខ័ណ្ឌនៃ ICC-អង្គរ ដែល​បានសហការ​យ៉ាងជិតស្និទ និងមាន​ប្រសិទ្ធភាព​ជាមួយ​អាជ្ញាធរជាតិ​អប្សរា​អស់រយៈ​ពេល​ជាង ២០ឆ្នាំ​មកនេះ ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍ​រមណីយ​ដ្ឋាន​អង្គរ ហើយ​ក្របខ័ណ្ឌ ICC-អង្គរនេះ ត្រូវ​បាន​ពិភព​លោកចាត់​ទុក​ជាគំរូ​និងបាន​យក​ទៅ​អនុវត្ត​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ថែម​ទៀត​ផង។

ការ​វាយ​តម្លៃរបស់​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីបិទ​សន្និបាត​បូក​សរុប​ការ​ងារវប្បធម៌ឆ្នាំ២០១៤ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥ នៅ​សាល​សន្និសីទ​ចតុមុខ​។

ក្នុង​ឱកាស​នោះ ក្នុង​នាម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​ថ្លែង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​ការគ្រប់​លំដាប់​ថ្នាក់​នៃក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ព្រមទាំងការ​រួមចំណែក​របស់​បណ្តា​ក្រសួង ស្ថាប័​ន វិស័យ​ឯកជន និង​ដៃគូអភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិជាពិ​សេស​អង្គការ​យូណេស្កូ ក្នុង​បុព្វហេតុ​អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌវប្ប​ធម៌​ខ្មែរ។  ជា​ពិសេស ការ​កោតសរសើរ​ដ៏ស្មោះ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ អ្នក​គ្រូ សាស្ត្រា​ចារ្យ និងព្រឹទ្ធាចារ្យសិល្បៈវប្បធម៌​ទាំងអស់​ដែល​ជាមរតកមនុស្ស​រស់ ក្នុង​ការ​លើក​ស្ទួយវិស័យ​សិល្បៈវប្បធម៌​ជាតិឲ្យ​រស់​ឡើង​ចាប់​ពី​ក្រោយ​ថ្ងៃរំដោះ ៧មករា ឆ្នាំ​១៩៧៩ និង​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ជាលំដាប់​ដូច​សព្វ​ថ្ងៃ​នេះ។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បច្ចុប្បន្ន បេតិក​ភណ្ឌ​វប្បធម៌សំខាន់ៗរបស់យើង មិន​ត្រឹម​តែជា​កេតនភណ្ឌ​របស់ជាតិ​ដែល​ត្រូវ​បាន​បន្សល់ទុកដោយ​បុព្វបុរសខ្មែរ​ជាច្រើនតំណមកប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ត្រូវបាន​ចាត់​ទុកជាធនធាន​សេដ្ឋកិច្ច​មួយ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់ផងដែរ ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ។ ជាក់​ស្តែងវិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទាំង​មូល​បាន​ក្លាយ​ជាក្បាល​ម៉ាស៊ីន​នៃកំណើន​សេដ្ឋ​កិច្ច ដោយ​បានរួម​ចំណែក​រហូត​ដល់​ប្រមាណ​ជា១៦% នៃផលិតផល​ក្នុង​ស្រុក​សរុប (GDP) និងបាន​បង្កើត​ការងារ​ជូន​ប្រជា​ជន​ដោយ​ផ្ទាល់​ជាង ៥០០​ពាន់ និង​ដោយ​ប្រយោល​រាប់​សិប​ពាន់​ផ្សេង​ទៀត កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ​ខណៈ​ដែល​មាន​ភ្ញៀវ​ទេស​ចរ​បរទេស​ប្រមាណ ៤,៥លាននាក់ បាន​ចូល​មក​ទស្សនា​កម្ពុជា ក្នុងនោះ​ប្រមាណ​ ២លាន​នាក់​ បាន​ទៅ​ទស្សនា​តំបន់​សៀម​រាប​អង្គរ។

សមិទ្ធិផល​នេះ ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន មាន​ប្រសាសន៍ ចាត់​ទុក​ថា គឺ​ដោយ​សារមាន​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​វិស័យវប្បធម៌ និង​មាន​ការគិតគូរ​យ៉ាងច្បាស់​លាស់ក្នុង​ការ​ការ​ពារ​អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ប្រកប​ដោយចីរភាព​ដោយឈរ​លើ​គោល​ការណ៍ «អភិរក្ស​ដើម្បី​អភិវឌ្ឍ​និង​អភិវឌ្ឍ​ដើម្បី​អភិរក្ស» សំដៅ​ទាញ​យក​ប្រយោជន៍​សមស្របសម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជាតិ និងផ្ទេរមរតក​ដ៏មាន​តម្លៃ​នេះ​ដល់​ជំនាន់​ក្រោយ​ៗ​ទៀត។ ជាពិសេស​គឺ​សុខ​សន្តិភាព ដែល​កើត​ឡើង​ដោយ​សារ​ការ​ដាក់​ចេញ​នយោបាយ​ឈ្នះឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន។

អនុវត្ត​តាម​ពាក្យ​ស្លោក កម្ពុជា៖ព្រះជា​រាជាណាចក្រនៃ​វប្បធម៌ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ក៏​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន ៩ចំណុច ជូន​អង្គ​សន្និបាតដើម្បី​លើក​កម្ពស់​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​វប្បធម៌ ដែល​រួម​មាន៖

-ត្រូវ​បន្ត​ជំរុញ​ការបណ្តុះ​បណ្តាល និង​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​។

-ត្រូវ​បន្ត​ពង្រឹង​ការ​គ្រប់គ្រង និង​ការរៀប​ចំ​តំបន់​បេតិក​ភណ្ឌវប្បធម៌ រមណីយ​ដ្ឋាន​វប្បធម៌​និង​ប្រវត្តិ​សាស្ត្រ ឱ្យ​បានកាន់​តែប្រសើរ​ឡើង​បន្ថែម​ទៀត សំដៅ​ថែរក្សា​អភិរក្សនូវ​មរតក​វប្បធម៌​ដ៏មានតម្លៃ​របស់ជាតិ​ផង និង​ប្រែក្លាយ​ជាគោលដៅ​ទេសចរណ៍​វប្បធម៌​ផង។ ចំពោះ​មុខ​ ក្រសួង​ត្រូវ​គិត​គូរ​អំពី​ការ​រៀប​ចំបង្កើត​អាជ្ញាធរដើម្បី​ទទួល​បន្ទុក​អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក។ ការរៀប​ចំតំបន់​រមណីយ​ដ្ឋាន​ឱ្យ​បាន​ល្អ ក៏​អាចធ្វើ​ឱ្យកម្ពុជា​ក្លាយ​ជា​ទីកន្លែង​សម្រាប់​ការថតខ្សែ​ភាព​យន្ត​អន្តរជាតិ ផងដែរ។

-ត្រូវ​បន្ត​យក​ចិត្តទុក​ដាក់​បង្កើន​ធនធាន​មនុស្ស​សម្រាប់​ការគ្រប់​គ្រង និង​លើក​ស្ទួយ​សកម្មភាព​វប្បធម៌​របស់ជនជាតិ​ភាគតិច និង​ជនជាតិ​ដើមភាគតិច និង​ភាព​ផ្សេងគ្នានៃ​វប្បធម៌ ជា​ពិសេស​នៅតាម​តំបន់​ដាច់​ស្រយាល​។

-គួរ​ជំរុញ​ការបង្កើត​មជ្ឈមណ្ឌល​វប្បធម៌​នៅ​តាម​រាជធានី ខេត្ត ដើម្បី​បង្ហាញ​ពី​ប្រពៃណី​ទំនៀមទំលាប់ និង​របៀបរបប​រស់នៅ​របស់​ប្រជាជន​ខ្មែរ។

-ត្រូវ​បន្ត​យកចិត្តទុក​ដាក់​បង្កើន​ការ​ផលិត និង​ការផ្សព្វ​ផ្សាយ​ផលិតផល​វប្បធម៌ សិល្បៈ​ទស្សនីយភាព សិល្បៈ​សូនរូប និង​សិល្បៈសិប្បកម្ម តាម​រយៈ​ការជំរុញ​ការ​រៀប​ចំ​មហោស្រព ការ​តាំង​ពិព័រណ៌ និង​ការបង្ហាញ​ស្នាដៃថ្មី​ឱ្យបាន​ច្រើន​ទាំងកម្រិត​ជាតិ និង​អន្តរជាតិ​ជាមួយគ្នា​នេះ គួររិះរក​វិធី​ជំរុញ​លើកទឹកចិត្ត​ដល់ការ​ផលិត​ខ្សែភាពយន្ត និងសិល្បៈ​ខែ្មរ​ទាំង​បរិមាណ និងគុណភាព ក្នុង​គោលដៅ​កាត់​បន្ថយការ​នាំ​ចូល​សិល្បៈ និង​ភាព​យន្តបរទេស។

-ត្រូវ​បន្តយក​ចិត្ត​ទុកដាក់​ដល់​ការកសាង​បញ្ជី​សារពើភណ្ឌ និង​ធ្វើផែនទី​កំណត់​ធន​ធាន​វប្បធម៌។

-ត្រូវ​បន្ត​សិក្សា​ស្រាវជ្រាវ​អំពី​បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និងអរូបី​ដែលកំពុង​ប្រឈម​នឹង​ការបាត់​បង់ ដើម្បី​ចងក្រង​ទុក​ជាឯកសារ សំដៅ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​ទាំងនោះ​ឱ្យ​បានគង់វង្ស។

-ត្រូវ​បន្តពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទដ្ឋានគតិយុត្ត​ដែល​មានស្រាប់ និង​កសាង​បទ​ដ្ឋាន​គតិយុត្តថ្មី​ដែល​ចាំបាច់​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​ការអភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ជាតិ​ប្រកបដោយ​ចីរភាព។

-ក្នុង​កាលៈទេសៈ​ដែល​វិភាជន៍​ថវិការដ្ឋ​នៅ​មាន​កម្រិត ហើយ​ការងារ​មាន​ទំហំធំ​ធេង ក្រសួង​ត្រូវ​ធ្វើសនិទានកម្ម និង​កំណត់ជា​អាទិភាព​នូវកម្មវិធី​ការងារ​របស់ខ្លួន ហើយ​ទន្ទឹម​នឹង​នោះ គួរ​បន្តស្វះ​ស្វែង​រក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​អង្គការ សមាគម និង​វិស័យ​ឯកជន សំដៅ​កៀរគរ​ការចូលរួម​គាំទ្រ​កាន់​តែ​សកម្ម​បន្ថែម​ទៀត ដូច​ដែលក្រ​សួង​ធ្លាប់បានអនុវត្ត​កន្លងមក ដោយឈរ​លើ​គោល​ការណ៍​ «រដ្ឋ​គាំទ្រ​ដៃ​គូឯកជន​ជាអ្នក​អនុវត្ដ»ស្របតាម​គោល​នយោបាយ​ជាតិ​ស្តីពី​វិស័យវប្បធម៌។

លោក​ជុំ​ទាវ ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សន្និបាត​បូក​សរុប​ការ​ងារវប្បធម៌ឆ្នាំ២០១៤ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥ បានឯកភាពកំណត់​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​សរុប ចំនួន ៤៨១សកម្មភាព សម្រាប់​ឆ្នាំ២០១៥​ខាង​មុខ​នេះ៕











No comments:

Post a Comment