Wednesday, July 17, 2024

ជាកិច្ចឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំគណបក្ស Komeito ដែលបានអបអរសាទរ សម្តេច ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ បានសម្តែងនូវសេចក្តីរីករាយ និងអរគុណចំពោះរូបថតអនុស្សាវរីយ៍ថ្ងៃខួបកំណើតរបស់សម្តេច ក្នុងឆ្នាំ២០១៧ ដែលរៀបចំដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ។


សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តម​ YAMAGUCHI ចំពោះការរំលឹកពី​ដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង ៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជា កំពុងមានសង្រ្គាមនៅឡើយ និង សូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។​ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ឯកឧត្តម​ គឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ​ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។


សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេច បន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។

សម្ដេចបានមានប្រសាសន៍ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះ មានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ​ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។  


សម្តេចតេជោ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាព ពិតប្រាកដ។

សម្តេច បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន ។ តាមរយៈគណបក្ស Komeito សម្តេចសូមស្នើជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន២០២៥” ក៏ ដូចជាជួយដល់អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលបញ្ជូនកម្មសិក្សាមកទទទួលការបណ្តុះបណ្តាលនៅកម្ពុជា។ ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ។

ទោះបីជាមានការផ្តល់ជំនួយច្រើនពិតមែន ប៉ុន្តែ សម្តេចតេជោ សង្កេតឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ ​សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី កំពុងរៀបចំបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង ។ សម្ដេចចង់ឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានោះ សម្ដេច ពិតជារីករាយចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនទៅជា ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានមោទនភាព ដែលបានធ្វើការជាមួយជប៉ុនអស់រយៈពេល៣៤ឆ្នាំកន្លងមកនេះ ។ សម្ដេចក៏បានសម្តែងនូវក្តីមោទនភាពដែលបានបើកទ្វារឱ្យជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញមកកម្ពុជាមុនគេ។

ឯកឧត្តម YAMAGUCHI បានថ្លែងអំណរគុណសម្តេចតេជោ និងបានកត់ត្រាយ៉ាងច្បាស់លាស់ពីទស្សនៈប្រកបដោយគតិបណ្ឌិតរបស់សម្តេច អំពីគុណតម្លៃនៃសន្តិភាព ដាច់ខាតត្រូវមានសន្តិភាព ទើបអាចធ្វើការដោះមីន​ អភិវឌ្ឍប្រទេស និងមាននីតិរដ្ឋបាន។ ចំពោះការជំរុញវិនិយោគជប៉ុនមកកម្ពុជា ឯកឧត្តម នឹងពាំនាំខ្លឹមសារនេះទៅដល់រដ្ឋាភិបាលជប៉ុន និងជាពិសេស ទៅរដ្ឋមន្រ្តីសាធារណការជប៉ុន ដែលជាសមាជិកគណបក្ស Komeito ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ឱ្យបានច្រើន និងសម្បូរបែបថែមទៀត ដែលជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគ។ ឯកឧត្តម ក៏សូមគោរពជូនពរ ក្នុងឱកាសខួបកំណើត សម្តេចតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ សូមសម្តេច មានសុខភាពល្អរឹងមាំ និងជោគជ័យសម្រាប់ភារកិច្ចថ្មីនេះ។


ជាទីបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះពាក្យពេចន៍ជូនពរ ខួបកំណើតរបស់សម្តេច ​ និង ជូនឯកឧត្តមប្រធានពរគណៈប្រតិភូ និងសហការីទាំងអស់ សូមទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅ​កម្ពុជាក្នុងឱកាសនេះ និងសង្ឃឹមថា ឯកឧត្តមប្រធានគណៈប្រតិភូ និងបន្តអញ្ជើញមកកាន់ប្រទេសកម្ពុជាសាជាថ្មីម្ដងទៀត ដើម្បីឃើញពីការអភិវឌ្ឍរបស់កម្ពុជានាពេលខាងមុខ៕





No comments:

Post a Comment