Thursday, June 27, 2024

ក្រសួងរៀវចំដែនដី និងក្រសួងប្រៃសនីយ៍ ដាក់ឲ្យប្រើប្រាស់ជាផ្លូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី និងប្រព័ន្ធផ្ទេរកម្មសិទ្ធិ

 


ភ្នំពេញ៖ ជាការចូលរួមចំណែក ក្នុងការកាត់បន្ថយនូវការចំណាយ មិនចាំបាច់មួយចំនួននោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសនីយ៍ និងទូរគមនាគម បានបង្កើតនូវកម្មវិធីបច្ចេកវិទ្យាថ្មី គឺប្រជាពលរដ្ឋអាចចុះបញ្ជីដីធ្លីថ្មី ឬផ្ទេរកម្មសិទ្ធិ តាមប្រព័ន្ធអនឡាញ មិនចាំបាច់ទៅផ្ទាល់ដល់កន្លែងមន្ត្រីជំនាញ ដើម្បីស្នើសុំសេវា ។

ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិកត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុង ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ គឺបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការងារដីធ្លី ដែលក្នុងនោះមានការចុះបញ្ជី ឬការផ្ទេរកម្មសិទ្ធិដីធ្លី ពីឪពុកម្ដាយទៅកូនជាដើម បានជួយកាត់បន្ថយលើការចំណាយថវិកា និងពេលវេលារបស់ពលរដ្ឋ ។

ឯកឧត្តម បន្តថា កម្មវិធីនេះ ក៏បានចូលរួមក្នុងការលាក់ការសម្ងាត់ នៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ មានសុវត្ថិភាព មានទំនុកចិត្ត ហើយកម្មវិធីនេះ បានបង្ហាញពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅកម្ពុជា ក្នុងការផ្ដល់សេវាមានភាពលឿន ឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។

ឯកឧត្តម គិត ច័ន្ធគ្រឹះស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា កម្មវិធីនេះ គឺបានចូលរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងផ្ដល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចបាន នូវគោលនយោបាយគន្លឹះ ក្នុងការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត និងបរិយាយកាសគ្មានវិវាទ ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគម មានប្រសាសន៍ថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋភិបាល ក្រសួងប្រៃសនីយ៍ បានស្វាគមន៍នៅតាមក្រសួងស្ថាប័នរបស់ ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យា លើការងារគ្រប់គ្រងទិន្នន័យឯកសារ ឬសេវាកម្មអ្វីមួយ សម្រាប់បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ប៉ុន្តែក្រសួងមិនជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង របស់ក្រសួងស្ថាប័ននានា ។

 ឯកឧត្តម បានបញ្ជាក់ថា ជាក់ស្ដែងដូចជាប្រព័ន្ធបច្ចេកវិទ្យា ដែលមន្ត្រីក្រសួងបានចូលរួមរៀបចំឲ្យក្រសួងរៀបចំដែនដីនេះ គឺចូលរួមផ្នែកបច្ចេកទេសឌីជីថល មិនអាចដឹងនូវរាល់ឯកសារទាំងអស់របស់ក្រសួង ហើយក៏ចូលរួមរក្សាការសម្ងាត់ នៃទិន្នន័យនីមួយៗ ៕





No comments:

Post a Comment