Thursday, May 09, 2024

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងព័ត៌មានចំនួន១៧៣១រូប មានភាពស្អាតស្អំគ្មានសារធាតុញៀនក្នុងខ្លួន

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មានសរុប១៧៣១រូប ដែលបានអញ្ជើញមកធ្វើតេស្តរកសារធាតុញៀននៅទីស្តីការក្រសួងព័ត៌មានកាលពីថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ ទទួលលទ្ធផលអវិជ្ជមានទាំងអស់ ពោលគឺគ្មានមន្ត្រីនៃក្រសួងព័ត៌មានណាម្នាក់ ត្រូវបានរកឃើញថាមានសារធាតុញៀន និងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទេ។ 


ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការរីករាយជាមួយលទ្ធផលដ៏ល្អនេះ និងសូមថ្លែងអំណរគុណដល់មន្ត្រីរាជការក្រសួងព័ត៌មាន ទាំងអស់ដែលបានចូលរួមសហការ និងអនុវត្តកាតព្វកិច្ចនេះប្រកបដោយការទទួលខុសត្រូវ។


ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានបញ្ជូនមន្ត្រីជំនាញមកចូលរួមធ្វើតេស្តរកសារធាតុញៀន ក៏ដូចជាដើម្បីពង្រឹងបន្ថែមលើសមត្ថភាពមន្ត្រីបង្គោល ទទួលបន្ទុកលើការប្រឆាំងគ្រឿងញៀនរបស់ក្រសួងព័ត៌មាន ដើម្បីបន្តអនុវត្តវិធានការនានាក្នុងការទប់ស្កាត់ បង្ការ និងប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។


តាមរយៈរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន បានចាត់តាំងអនុវត្តការធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ចសន្យា សរុបបានចំនួន៥៦,៤៤៥រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀនក្នុងទឹកមូត្រ ចំនួន៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។


ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា០១បប ប្រកបដោយប្រសិទ្ធភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញឲ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕





No comments:

Post a Comment