នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកជំទាវ រ៉ូអៃដា អ៊ែល ហេក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបបានផ្តោតទៅលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងរាជ រដ្ឋាភិបាលកម្ពុជាជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) រួមមាន សកម្មភាពនានា តួនាទី និងសមិទ្ធផលដែលការិយាល័យ OHCHR សម្រេចបាននៅកម្ពុជា រយៈពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ រ៉ូអៃដា អ៊ែល ហេក បានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាង៣ទសវត្សរ៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលនេះបង្ហាញឱ្យឃើញពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយយន្តការអង្គការសហប្រជាជាតិ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងទទួលយកអនុសញ្ញាអន្តរជាតិ៨ ក្នុងចំណោមអនុសញ្ញាអន្តរជាតិ៩ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះលម្ហពលរដ្ឋ និងនយោបាយ និងសិទ្ធិសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជា។
លោកជំទាវ រ៉ូអៃដា អ៊ែល ហេក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាកន្លងមក។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងបន្តផ្តល់ជំនួយបច្ចេកទេសជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សប្រជាជនកម្ពុជា។
ជាទីបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជារីករាយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍សមភាព និងអធិបតេយ្យរបស់រដ្ឋ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
No comments:
Post a Comment