Friday, May 03, 2024

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍៦ចំណុចដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ



នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភា ២០២៤ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ 


នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ប្រធានមន្ទីរសុខាភិបាល ព្រមទាំងលោក លោកស្រីតំណាងអង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ មន្រ្តីរាជការ និងសមាជិកនៃគណៈឆ្មប។


នៅក្នុងទិវាឆ្មបឆ្នាំ២០២៤នេះ ប្រធានបទនេះពិតជាមានន័យសំខាន់ សំដៅលើការពង្រឹងសមត្ថភាពជំនាញបំពេញការងារឆ្មបឱ្យបានល្អជាងមុន ដើម្បីបម្រើសេវាថែទាំព្យាបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនស្ត្រី ទារក កុមារ យុវវ័យផង និងជួយកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុមកលើសុខភាពមាតា ទារក កុមារ និងយុវវ័យផង។


នៅក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចតទៅ៖

១-  គ្រប់គ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន ដែលកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យសុខាភិបាល សូមធ្វើទំនើបកម្មលើកម្មវិធីសិក្សា ដើម្បីឱ្យស្របតាមនិយាមស្តង់ដា និងបញ្ចូលនូវអន្តរាគមន៍គន្លឹះថ្មីៗ ជាពិសេសពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ មណ្ឌលបង្ហាញត្រាប់ បំពាក់ឧបករណ៍សម្ភារសិក្សាទាន់សម័យ 

២- គ្រឹះស្ថានសិក្សាត្រូវស្វែងរក កៀរគរធនធានក្នុងការបណ្តុះបណ្តាលគ្រូ បង្កើនសមត្ថភាពឱ្យបានខ្ពស់ ដោយត្រូវមានគុណវុឌ្ឍខ្ពស់ គុណធម៌ ក្រមសីលធម៌ល្អ

៣- មូលដ្ឋានសុខាភិបាលដែលទទួលនិស្សិតធ្វើកម្មសិក្សា ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្វឹកជំនាញ ការអនុវត្តផ្ទាល់របស់និស្សិត

៤- ការបណ្តុះបណ្តាលបន្តក្នុងពេលបំពេញការងាររបស់ឆ្មប ការអភិបាលតាមដានការអនុវត្តការងារមានសារៈសំខាន់ណាស់ ហើយត្រូវធ្វើបន្តជាប់ជាប្រចាំ

៥- ឆ្មបទាំងអស់ ត្រូវតែចុះបញ្ជីជាមួយគណៈវិជ្ជាជីវៈ ត្រូវបំពេញគ្រប់លក្ខខណ្ឌដើម្បីទទួលបានអាជ្ញាបណ្ណ  ក៏ដូចជាបន្តសុពលភាពអាជ្ញាបណ្ណ អនុវត្តការងារឱ្យបានត្រឹមត្រូវ និងត្រូវគោរពឱ្យបាននូវក្រមសីលធ៌មវិជ្ជាជីវៈ

៦- ក្នុងពេលដែលមានអាកាសធាតុក្តៅខ្លាំង សូមអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសសូមយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះ ទារក កុមារ មនុស្សចាស់ ដូចបានជូនតាម «សេចក្តីជូនព័ត៌មានស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ៕









No comments:

Post a Comment