Wednesday, May 15, 2024

អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា-ចិន មានសន្ទុះកើនឡើង តាមរយៈព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា



ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបពិភាក្សការងារជាមួយឯកឧត្តម លីវ ហុងឈាន (H.E. Mr. Liu Hongjian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខា នៃគណៈកម្មាធិការបក្សក្រុងគុនមីញ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។


នាឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ជាពិសេសនៅខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញ ក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម។ ទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរ មានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញ អាចមកទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាទៅខេត្តសៀមរាបផងដែរ។


ទន្ទឹមនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះ ស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ។ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់។ ព្រមទាំងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមានទអគារខ្ពស់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈមនោះ គឺបញ្ហាកកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ នៅក្នុងការងារនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយឲ្យបានប្រសើរឡើង។ ជាគម្រោងរបស់សាលារាជធានីភ្នំពេញ យើងចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះយើងកំពុងតែរកដៃគូ ដើម្បីបង្កើតនៅទីក្រុងរណបថ្មីមួយដែលជាទីក្រុងវៃឆ្លាត។


ជាមួយគ្នានោះ ឯកឧត្តម លីវ ហុងឈាន បានថ្លែងថា រាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ច្រើន ពួកយើងខ្ញុំស្រឡាញ់រាជធានីភ្នំពេញ។ ទីក្រុងគួនមីញ និងរាជធានីភ្នំពេញ បានមានទំនាក់ទំនងល្អជាបងប្អូនជាច្រើនឆ្នាំមកហើយ ហើយនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ ទីក្រុងគុនមិញនិងមានកម្មវិធីដ៏ធំមួយ ដែលកម្មវិធីនេះទីក្រុងគុនមីង សូមអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងគុណមិញ។ 


ជាបំណងរបស់ឯកឧត្ដម គឺចង់ឲ្យប្រជាជននៃទីក្រុងគុនមីញ មកទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជានៅកម្ពុជាឲ្យបានច្រើន ហើយក៏មានបំណងឲ្យប្រជាពលរដ្ឋកម្ពុជា ទៅទេសចរណ៍នៅទីក្រុងគុនមីញ ដើម្បីបានមើលការស្រស់ក៏ដូចជា ថ្មសមុទ្រនៅទីក្រុងគុនមីញឲ្យបានច្រើនផងដែរ។


នៅក្នុងឱកាសនោះដែរ ឯកឧត្តម លីវ ហុងឈាន ក៏បានលើកឡើង ពីស្ថានភាពទូទៅរបស់ទីក្រុងគុនមីញផងដែរ។ ទីក្រុងគុនមីញមានស្រុក ខណ្ឌចំនួន១៤ ដូចរាជធានភ្នំពេញដែរ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង៨លាននាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ១៥អង្សាសេ ជាទីក្រុងដែលមានផ្ការស្រស់ដែលអាចនាំផ្កាស្រស់ ចេញទៅក្រៅប្រទេសបានប្រមាណ១៣៥ពាន់លានដើម ក្នុងមួយឆ្នាំ ។ ទីក្រុងនេះ ក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំង ពិសេសលើវិស័យទេសចរណ៍៕








No comments:

Post a Comment