Monday, May 20, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ ២០-៣០ ឆ្នាំខាងមុខ យើងនឹងលែងមានសាក្សីរស់ទៀតហើយ គឺមានតែពឹងលើឯកសារប្រវត្តិសាស្ត្រដែលទាមទារឱ្យមានការបកស្រាយច្បាស់លាស់និងមានការឯកភាពគ្នា


នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នអ្នកដែលរងគ្រោះដោយផ្ទាល់និងធ្លាប់ឆ្លងកាត់សង្រ្គាមគឺជាសាក្សីរស់ ដែលយើងអាចដឹងពីតថភាពនិងការវិត្តនៃសង្គមរបស់យើងនៅពេលនោះ ប៉ុន្តែនៅ ២០-៣០ឆ្នាំខាងមុខ អត់មានទេ គឺមានតែការរៀនសូត្រពីឯកសារប្រវត្តិសាស្ត្រប៉ុណ្ណោះ។ ដូច្នេះយើងចាំបាច់ត្រូវមានការឯកភាពគ្នាទៅលើឯកសារ និងការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីឱ្យកូនខ្មែរបានយល់ច្បាស់ និងចងចាំច្បាស់ដោយគ្មានភាពស្រពិចស្រពិលអំពីប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអប់រំពីអំពើប្រល័យពូជសាសន៍ក៏ជាយន្តការទប់ស្កាត់អំពីប្រល័យពូជសាសន៍បានដែរ ដោយយើងត្រូវធានាឱ្យបាននូវការថែរក្សាទិដ្ឋភាពរូបវ័ន្ត និងអរូបីយនៃប្រវត្តិសាស្រ្តដោយរក្សានូវទីតាំងឧក្រិដ្ឋកម្មនិងភស្តុតាងនានា ក៏ដូចជាការនិទានប្រវត្តិសាស្រ្តដោយផ្ទាល់ ហើយយើងក៏ខិតខំផ្សព្វផ្សាយពីការពិតដ៏សែនលំបាកទាំងនេះទៅកាន់មនុស្សជំនាន់ក្រោយផងដែរ។


ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀនមុខវិទ្យាប្រវត្តិសាស្ត្រមួយនេះត្រូវដាក់បញ្ចូលយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋនិងឯកជន ដោយរាប់ចាប់ពីអនុវិទ្យាល័យដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់ត្រូបចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍នៅក្នុងសាលារៀនទូទាំងប្រទេស៕






No comments:

Post a Comment