Friday, May 17, 2024

ឯកឧត្តម វង្សី វិស្សុត ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នៅខេត្តកំពង់ធំ



កំពង់ធំ៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តកំពង់ធំ។ ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមរួមពីណាក់ឯកឧត្តម ស្វាយ ស៊ីថា, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម នាង ផាត, ឯកឧត្តម ស៊ុំ សន្និសិទ្ធ, លោកជំទាវ សាយ សំអាត, លោកជំទាវ  ឃួន ឃុនឌី និងឯកឧត្តម ងួន រតនៈ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបេក្ខជនក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អង្គបោះឆ្នោត និងសកម្មជន យុវជនគណបក្សយ៉ាងច្រើនកុះករចំនួន ២០០៧ នាក់។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាទិវាដ៏នក្ខត្តឫក្ស ដែលយើងបានមកជួបជុំគ្នាយ៉ាងច្រើនកុះករ នៅក្នុងក្របខណ្ឌនៃខេត្តកំពង់ធំរបស់យើង ដើម្បីប្រារព្វពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតមួយដ៏សំខាន់មួយ នៅក្នុងដំណើរការប្រជាធិតេយ្យនៅកម្ពុជា។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា ពិតមែនតែការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ប៉ុន្តែជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតគឺជាតំណាងរបស់ប្រជាជន និងទទួលបានសម្លេងឆ្នោតគាំទ្រផ្ទាល់ពីប្រជាជន។ ហើយការជួបជុំគ្នារបស់យើងនាពេលនេះ ក៏បង្ហាញនូវកម្លាំងសាមគ្គីភាព, ភាពខ្លាំង និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងមានភាពចាស់ទុំខាងនយោបាយ ក្នុងបុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជានៃយើង។

ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានបន្តលើកឡើងទៀតថា ក្នុងនាម សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត ព្រមទាំងក្នុងនាមឯកឧត្តមផ្ទាល់, ឯកឧត្តម បានសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ ក្នុងការបម្រើប្រជាជន  និងការចូលរួមអភិវឌ្ឍខេត្តកំពងធំរបស់យើង ក៏ដូចជាការចិញ្ចឹមចលនា ដើម្បីទាក់ទាញការគាំទ្របន្ថែមពីប្រជាជន និងការកសាងកម្លាំងនយោបាយនៅតាមមូលដ្ឋាននានា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នារយៈពេលកន្លងមក ជាពិសេសការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលយើងទទួលបានជ័យជំនះលើសពីការរំពឹងទុក។

ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលជានិច្ចជាកាលតែងតែរួមសុខរួមទុក្ខជា មួយប្រជាជន បម្រើប្រជាជន ការពារប្រជាជន ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជាជំហានៗ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយកំពុងឈានទៅមុខ យ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹម លើគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា បាន និងកំពុងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំតាមគ្រប់រូបភាព ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងដើម្បីកសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំលើគន្លងនីតិរដ្ឋ មានការគោរពសិទ្ធិមនុស្ស មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ 

ក្នុងស្មារតីនេះ ឯកឧត្តម វង្សី វិស្សុត  បានអំពាវនាវដល់លោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្តកំពង់ធំ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដូចគ្នានឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាក់ជាមិនខាន ដើម្បីដើម្បីបន្ដរក្សាសន្ដិភាព និងកសាងសង្គមកម្ពុជាឱ្យរុងរឿងល្បាញល្បី និយាយជារួម និងនិយាយដោយឡែក ដើម្បីការប្រែប្រួលមុខមាត់នៃខេត្តកំពង់ធំរបស់យើង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានអរគុណដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមដ៏ច្រើនកុះករនាថ្ងៃដ៏មហាវិសេសវិសាលនេះ និងសូមផ្តាំផ្ញើឱ្យសមាជិសមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌, សេចក្តីថ្លៃថ្នូរ, រក្សាបាននូវវិន័យ, សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ដើម្បីធ្វើឱ្យបរិយាកាស និងដំណើរការនៃការបោះឆ្នោតក្នុងមូលដ្ឋានខេត្តកំពង់ធំ បានប្រព្រឹត្តិទៅដោយរលូន, គ្មានអំពើហឹង្សា, ដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌៕ 


















No comments:

Post a Comment