Saturday, April 20, 2024

សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលផ្តល់​សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

 [ផ្តើមសេចក្តីអធិប្បាយ ១]

អម្បាញ់ម៉ិញបានជួបជាមួយអ៊ំពូមីង អ្នកគ្រូពេទ្យលោកគ្រូពេទ្យ មានអារម្មណ៍ថាដូចចូលឆ្នាំមិនទាន់ចប់ … សូមកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្ត ជាពិសេសទីរួមខេត្តតែម្តងដែលបានរៀបចំពិធីសង្ក្រាន្តចូលឆ្នាំថ្មីដោយជោគជ័យ ហើយរលូន មានភាពសប្បាយរីករាយអធិកអធម។ គេសួរថាហេតុអីបានអត់ធ្វើអង្គរសង្រ្កាន្តឆ្នាំនេះ? (មិន)ចាំបាច់រៀបចំអង្គរសង្រ្កាន្តទេ។ អង្គរសង្រ្កាន្តឬមួយក៏សង្រ្កាន្តសៀមរាប សង្រ្កាន្តកំពង់ធំ សង្រ្កាន្តអី គឺធ្វើឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរ។ សំខាន់គឺការរៀបចំប្រព្រឹត្តទៅដោយសប្បាយរីក​រាយគ្មានបញ្ហាអ្វីកើតឡើង។ ខ្ញុំសូមអរគុណ ហើយក៏សូមអបអរសាទរចំពោះជោគជ័យរបស់ខេត្តនៅក្នុងការដំណើរការនៃការរៀបចំនេះ ជាការរួមគ្នារបស់ប្រជាពលរដ្ឋយើង។

(១) អគារមជ្ឈមណ្ឌលផ្តល់​សេវាវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាកាដូឆ្នាំថ្មីពីប្រជាជនជប៉ុន

សម្រាប់ការសម្ពោធថ្ងៃនេះយើងក៏អាចចាត់ទុកថាជាសមិទ្ធផលឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមួយនៅក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាពលរដ្ឋដែលនៅជុំវិញនេះ ដែលនឹងប្រើប្រាស់សេវាវះកាត់ហើយក៏សូមអរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងតាមរយៈឯកឧត្តអគ្គរដ្ឋទូត ផ្តាំអរគុណដល់រដ្ឋាភិបាលនិងប្រ​ជាជនជប៉ុន ដែលសមិទ្ធផលនេះកើតឡើងគឺដោយសារការជួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ យើងអាចចាត់ទុកថាជាកាដូឆ្នាំថ្មីរបស់ប្រជាជនកម្ពុជាពីប្រជាជនជប៉ុន។ សមិទ្ធផលសុខភាពនេះគឺព្យាបាលម្នាក់សប្បាយរាប់លាននាក់។ បើម្នាក់ជា ខ្លួនឯងសប្បាយចិត្តគ្រួសារសប្បាយចិត្ត ហើយមានសុភមង្គល បើប្រជាពលរដ្ឋយើងមានសុខភាពល្អ ប្រទេសជាតិមានកម្លាំងពលកម្មដែលរឹងមាំជួយប្រទេសជាតិ។ អញ្ចឹងរីកចម្រើនធំ។ សមិទ្ធផលនៅក្នុងវិស័យសុខាភិបាលនេះគឺមានសារៈសំខាន់។

(២) ​ជាមួយការបំពាក់សមត្ថភាពវះកាត់កម្រិតខ្ពស់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបអាចវះកាត់ខួរក្បាលបាន

ខ្ញុំសូមអបអរសាទរជូនចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងបណ្តាខេត្តនៅជុំវិញ ដែល(ទទួលបាននូវ)សេវាមួយចំនួន ក្រោយពីការរៀបចំនិងបំពាក់សមត្ថភាពវះកាត់កម្រិតខ្ពស់នេះ ជាផលអត្ថប្រយោជន៍បន្ថែមទៀត ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការព្យាបាលសុខភាព។ អម្បាញ់មិញ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តបានរៀបរាប់អំពីសមត្ថភាពរបស់ពេទ្យនៅទីនេះ ដែលយើងអាចធ្វើការវះកាត់ខួរក្បាលបាន និងព្យាបាលវះកាត់គ្រឿងក្នុងមួយចំនួន វារលែងតែបេះដូង មហារីក ដែលយើងមិនទាន់ធ្វើ។ យើងនឹងបន្តជំហានទៅមុខទៀត។ មានសេ​វាព្យាបាលមួយចំនួននៅទីនេះ សេវាខ្លះគឺមិនអាចចាំយូរទេ ដូចជាដាច់សសៃឈាមមិនអាចចាំមួយម៉ោង ឬ ២ម៉ោងបានទេ។ (ពេលវេលាកំណត់ភាព)ខុសគ្នារវាងរស់និងស្លាប់។ អញ្ចឹង នេះគឺជាសមិទ្ធផលថ្មីសំរាប់ប្រជាពលរដ្ឋ … សង្ឃឹមថាមិនមានអ្នកឈឺច្រើន។ តែយើងបង្កា នៅក្នុងករណីដែលចាំបាច់ បើសិនជាមានតម្រូវការ។ អញ្ចឹងការកសាងពង្រឹងនូវសមិទ្ធផលសុខាភិបាលនេះសំខាន់។

[ផ្តើមសេចក្តីអធិប្បាយ ២]

(៣) លើកកម្ពស់សុខភាពមនុស្សជាគោលដៅចំបងដើម្បីធានាការអភិវឌ្ឍដោយចីរភាព

ឯកឧត្ដម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ត្រឹមត្រូវណាស់។ ការយកចិត្តទុកដាក់លើការពង្រឹងនិងលើកកម្ពស់សុខភាពមនុស្សជាគោលដៅចម្បងដែលអាចឲ្យយើងធានាបាននូវការអភិវឌ្ឍដោយចីរភាព។ ការអភិវឌ្ឍវិស័យសុខាភិបាលនេះសំខាន់ ហើយដើរតួនាទីសំខាន់នៅក្នុងការរៀបចំបណ្ដុះបណ្ដាលទាំងធនធានមនុស្ស គ្រឿងបំពាក់ ហើយជាពិសេស សមត្ថភាពមន្ទីរពេទ្យយើងតែម្ដង។ នេះជាកិច្ចការសំខាន់របស់រាជរដ្ឋាភិបាល។ សម្រាប់ការពង្រឹងសេវាសុខាភិបាល អភិក្រមមួយគឺការធ្វើទំនើបកម្មនិងលើកកម្ពស់សមត្ថភាពក្នុងការផ្ដល់សេវាជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់​។ ជាច្រើនឆ្នាំណាស់មកហើយ រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍនិងបង្កើនសមត្ថភាពនេះ ជាពិសេសពេទ្យថ្នាក់ជាតិ ពេទ្យនៅរាជធានីភ្នំពេញ ក្នុងការព្យាបាល និងបំពាក់ឧបករណ៍ទំនើប។ រីឯការបណ្ដុះបណ្ដាលពេទ្យ យើងក៏បានច្រើនដែលមានសមត្ថភាពជួយព្យាបាលជំងឺកម្រិតធ្ងន់និងស្មុគស្មាញ ជំងឺមហា​រីក និងការវះកាត់បេះដូង។

(៤) វេជ្ជសាស្ត្រកម្ពុជាវះកាត់ជោគជ័យ អាស្រ័យមានការបំពាក់ឧបករណ៍និងការបណ្ដុះបណ្ដាលសមត្ថភាព

កន្លែងខ្លះ ខ្ញុំសុំសរសើរ។ (ពាក់ព័ន្ធនឹង)ពេទ្យស្ម័គ្រចិត្ត កន្លងទៅយើងបញ្ជូន(និងព្យាបាល)អ្នកជំងឺបេះដូង។ មិនមែនមានបញ្ហាបេះដូង(ដោយឈឺចិត្ត) តាមអនឡាញនោះជារឿងមួយទៀត តែនេះជាអ្នកដែលមានជំងឺបេះដូង អាចជំងឺបេះដូងពីកំណើតឬ​មួយដោយមូលហេតុផ្សេងៗកន្លែងខ្លះធ្ងន់មែនទែន។ ធម្មតាមានការពិគ្រោះយោ​បល់​ពេទ្យរបស់យើង តាម teleconference អីផ្សេងៗ ដែលវាយតម្លៃពីពេទ្យក្រៅប្រទេសថា នៅសល់សមត្ថភាពដែលអាចវះកាត់ជោគជ័យតែ ២០% ទេ។ ពេលខ្លះ វាយតម្លៃរហូតដល់ពេទ្យនៅក្រៅប្រទេស​ ដូចជាពេទ្យនៅបា​រាំងថា ២០% តែពេទ្យបេះដូងរបស់យើងវះកាត់ដោយជោគជ័យ។ សំរាប់ការវះកាត់ជំងឺខួរក្បាល ភ្នែក ត្រចៀក បំពង់ក ក៏ដូចគ្នា (អាស្រ័យដោយ)យើងបំពាក់(ឧបករណ៍) និងការបណ្ដុះបណ្ដាលសមត្ថភាពបានច្រើន។

(៥) ពង្រឹងវិស័យសុខាភិបាលនិងមន្ទីរពេទ្យ ដើម្បីលើកស្ទួយសុខភាពប្រជាពលរដ្ឋ

នេះគឺជាការលើកស្ទួយសុខភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹង​វិស័យសុខាភិបាលនិងមន្ទីរពេទ្យ។ យើងក៏មានការបើកឲ្យចូលរួមពីវិស័យឯកជនផងដែរ ប៉ុន្តែទីនេះ ខ្ញុំនិយាយក្នុងក្របខ័ណ្ឌរដ្ឋ។ អញ្ចឹងការពង្រឹងសុខភាពប្រជាពលរដ្ឋ គឺត្រូវពង្រឹងពេទ្យ។ ពីដើមឡើយ យើងមានការព្យាបាលដោយទៅរកគ្រូផ្លុំ ការព្យាបាលបែបបុរាណ ឬមួយយ៉ាងណា។ កន្លងទៅ ដូចខ្ញុំឧស្សាហ៍លើក មានអ្នកជំងឺមួយចំនួនរត់ទៅរកព្រះសង្ឃ។ ព្រះសង្ឃប្រាប់ថា អា​ត្មាឈឺក៏រត់ទៅពេទ្យដែរ។ អញ្ចឹងចង់មិនចង់ ការព្យាបាលផ្នែកវិទ្យាសាស្រ្តនេះជាកត្តាមួយដែលពិតប្រាកដដែលយើងអាចធ្វើបាន ហើយពង្រឹងបាន។ អ្វីដែលសំខាន់ គឺការពង្រឹងសមត្ថភាព ហើយការពង្រីកនូវវិសាលភាព។

(៦) ពង្រីកសមត្ថភាពថែទាំនិងព្យាបាលហ្នឹងកន្លែង និងរុញសេវាកៀកទៅប្រជាពលរដ្ឋ

យើងមិនពង្រឹងតែមួយកន្លែងទេ។ យើងពង្រីកវិសាលភាព​ដោយរុញឲ្យកៀកនឹងប្រជាពលរដ្ឋ។ នេះជាអភិក្រមក្នុងការពង្រីកសមត្ថភាពព្យាបាល។ ពង្រីកទាំងសមត្ថភាពនៅនឹងកន្លែង បានន័យថាពីមុន យើងអាចបាន ១០០គ្រែ ឥឡូវយើងអាចព្យាបាលឡើងដល់ ៣០០គ្រែ កន្លែងនេះអម្បាញ់មិញដូចជាបាន ២០០គ្រែបន្ថែមទៀត។ ​ថ្ងៃក្រោយអាចនឹងពង្រីកទៅជា ២តំបន់ … ប៉ុន្តែ (យើងក៏)ពង្រីកសមត្ថភាពដោយរុញឲ្យ(សេវាព្យាបាលនិងថែ​ទាំ)ទៅដល់មូលដ្ឋាន យើងមិនអាចប្រមូលផ្ដុំតែនៅរាជធានីភ្នំពេញនោះទេ។ ជំហានមួយ យើងធ្វើនៅថ្នាក់ជាតិ។ ឥឡូវយើងចាប់ផ្ដើមរុញឲ្យសេវាទៅដល់មូលដ្ឋាន ទៅតាមកម្រិតនិងសមត្ថភាពដែលយើងអាចធ្វើបាន។

(៧) បណ្តុះបណ្តាលធនធានមនុស្ស ធ្វើទំនើបកម្ម បំពាក់បច្ចេកវិទ្យា ពង្រីកសេវាព្យាបាលនិងថែទាំសុខភាព

យើងអាចធ្វើការពង្រីក(សេវាព្យាបាលនិងថែទាំសុខភាព)តាមអភិក្រមបាន ដោយសារការពង្រឹងសមត្ថភាព ជាពិសេសទំនើបកម្ម និងការបំពាក់នូវសមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់ បច្ចេកវិទ្យាខ្ពស់ ដែលទាំងនេះមិនមែនជាងាយស្រួលទេ រាប់ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស។ មានថវិកាទិញ ទិញម៉ាស៊ីន scanner មក។ ការផ្ញើ ត្រូវការពេល ៦ខែ ឬមួយឆ្នាំធ្វើបាន ប៉ុន្តែមិនអាចយកអ្នកឯកទេសធម្មតា មិនជំនាញទៅប្រើប្រាស់ scanner ទេ។ ក្នុងមួយឆ្នាំ អាចមានថវិការៀបចំនិងបំពាក់ bunker ព្យាបាលមហារីកបាន ប៉ុន្តែបើគ្មានពេទ្យឯកទេសជំ​នាញ យើងមិនអាច(ធ្វើអោយជោគជ័យទេ។ អញ្ចឹង ផ្អែកទៅលើមូលដ្ឋាននៃតម្រូវការនិងពេលវេលាក្នុងការកសាងទាំងធនធានមនុស្ស ទាំងការបំពាក់ ទាំងថវិកា យើងត្រូវពិនិត្យមើលលទ្ធភាពជាក់ស្ដែង។

(៨) ជាគោលដៅ មន្ទីរពេទ្យគ្រប់ខេត្តមានសមត្ថភាពព្យាបាលនិងថែទាំសុខភាពកំរិតខ្ពស់ ចំពោះមុខពង្រឹងពេទ្យថ្នាក់តំបន់

ទៅថ្ងៃក្រោយ គោលដៅធំគឺយើងចង់ឲ្យគ្រប់ខេត្តទាំងអស់មានសមត្ថភាពកម្រិតខ្ពស់ ប៉ុន្តែតើយើងអាចពង្រីក(ក្នុងពេលតែមួយ)ក្នុង ២៥រាជធានី/ខេត្ត បានទេ? មិនទាន់បានទេ។ ជំហានដំបូងគឺពង្រីកពេទ្យតំបន់ … ជាជាងពង្រីកម្ដង ២៥(រាជធានី/ខេត្ត)។ យើងពង្រីកម្ដងអាច ១ ឬ ២ នៅជំហានដំបូង អាចមានតំបន់ ៥ ទៅ ៦ ដើម្បីទទួលបំ​ពេញឲ្យពេទ្យនៅរាជធានីភ្នំពេញ … ហើយបានរៀបចំតាំងពីអាណត្តិមុន។ សម្ដេចតេជោ បានដាក់ចេញជាគោលការណ៍ជូន ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដឹកនាំអនុវត្ត។ យើងបានរៀបចំគោលដៅ ដាក់នូវយុទ្ធសាស្រ្តនេះ។នៅក្នុងរបាយការណ៍របស់ឯកឧត្ដម រដ្ឋមន្រ្តី ឈាង រ៉ា ​ឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុន ក៏បានបញ្ជាក់ហើយថា សំរាប់ពេទ្យខេត្តសៀមរាបនេះ យើងបានឯកភាពគ្នានិងចុះកុងត្រារៀបចំជាពេទ្យតំបន់​ ដើម្បីធានាជួយរែកពន់(ការផ្តល់សេវាព្យាបាលនិងថែទាំសុខភាពនៃ)ពេទ្យនៅភ្នំពេញ ដោយរុញសេវាកម្រិតខ្ពស់​ឲ្យដល់កៀកប្រជាពលរដ្ឋ ជាជាងអ្នកសៀមរាបដឹកតាម Ambulance ៣ ឬ ៤ម៉ោង ទៅភ្នំពេញ … ឬអ្នកខេត្តកំពង់ធំ អ្នកខេត្តព្រះវិហារ (ដែលប្រើពេលច្រើនម៉ោង)ដឹកទៅដល់(ភ្នំពេញ)នោះពិបាក យើងអាចរុញមកទីនេះ ហើយអាចទទួលបានសេវា។

(៩) ឥណទានជប៉ុន ១៤១ លានដុល្លារ អភិវឌ្ឍពេទ្យតំបន់២ នៅសៀមរាបនិងកំពង់ចាម

កាលពីខែមីនាកន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងឱ្យរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ចំនួន ១៤១ លានដុល្លារ ដើម្បីអភិវឌ្ឍពេទ្យតំបន់២ គឺមួយនៅខេត្តសៀម​រាប និងមួយទៀតនៅខេត្តកំពង់ចាម។ បន្ទាប់ពីគំរោងពីរនេះ យើងនឹងពង្រីកទៅតំបន់ផ្សេងទៀត មុននឹងឈានទៅដល់(គោលដៅមាន)តាមខេត្តនីមួយៗ។ តាមផែនការ គំរោងនឹងចាប់ផ្ដើមធ្វើនៅឆ្នាំនេះ ហើយនៅឆ្នាំ ២០៣០ ទីនេះនឹងអាចក្លាយទៅជា(មន្ទីរពេទ្យកំរិត)តំបន់ ។ ឥឡូវយើងឃើញអគារនេះរាងខ្ពស់។ បន្តិចទៀតនឹងទាបវិញហើយ ព្រោះគម្រោងថ្មីមានមួយ ៨ជាន់ និងមួយ ៥ជាន់ ហើយធំជាងនេះថែមទៀត។ មិនមែនធំតែអគារទេ តែមានការបំពាក់គ្រឿងឧបករណ៍ខាងក្នុងទៀតផង។ ចូលមក បងប្អូនអាចឃើញប៉ាណូនៅក្រៅ មានគ្រឿងបំពាក់ទំនើបប៉ុណ្ណេះ គ្រាន់បើហើយ ប៉ុន្តែនៅពេលដែលពេទ្យតំបន់យើងធ្វើហើយ នឹងមានការបំពាក់កាន់តែទំនើបជាងនេះទៅទៀត។

(១០) រៀបចំបណ្ដុះបណ្ដាលពេទ្យ ត្រៀមបម្រើការក្នុងមន្ទីរពេទ្យតំបន់

ក្រសួងសុខាភិបាលត្រូវរៀបចំបណ្ដុះបណ្ដាលពេទ្យឲ្យហើយ កុំចាំដល់ធ្វើអគារហើយ ទើបរៀបចំបណ្ដុះបណ្ដាលពេទ្យ។ បើ​មិនអញ្ចឹង នឹងត្រូវបញ្ជូនពេទ្យមកពីភ្នំពេញ ព្រោះមកកន្លែងនេះ ពាក្យថាតំបន់ មិនមែនតែខេត្តសៀមរាបទេ មានអ្នកព្រះវិហារ កំពង់ធំ ជួនកាលមកពីស្ទឹងត្រែង ឧត្ដរមានជ័យអី នឹងមកកន្លែងនេះ។ អញ្ចឹងបរិមាណច្រើន។ (សំរាប់មន្ទីរពេទ្យ)នៅស្រុកកោះធំ (ខេត្តកណ្តាល) ឯកឧត្ដម ឈាង រ៉ា បានទូរស័ព្ទមកប្រាប់ថា ពេទ្យនេះផ្តល់សេវាមិនមែនសំរាប់តែ​​អ្នកកោះធំទេ គឺមកពីបណ្តាឃុំ/ស្រុក និងខេត្តជុំវិញហ្នឹង។ ពេទ្យក៏យំ អ្នកជំងឺក៏យំ។ អ្នកជំងឺយំដោយសារសប្បាយចិត្តបានពេទ្យព្យាបាលអោយជា។ ឯពេទ្យ ម៉ោងធ្វើការវែងពេក ចាំបាច់ត្រូវខ្ចីពេទ្យខ្លះពីភ្នំពេញ។ អញ្ចឹង យើងមានពេលវេលារៀបចំរើសពេទ្យជំនាញត្រៀម ដើម្បីប្រើប្រាស់ឧបករណ៍ ព្រោះតែពេលមន្ទីរពេទ្យបើកហើយ មានឧបករណ៍ហើយ ត្រូវមានពេទ្យដើម្បីព្យាបាលជូនប្រជាពលរដ្ឋ។

(១១) សមិទ្ធផលជាក់ស្ដែង ព្យាបាលមនុស្សម្នាក់ជា គ្រួសារមានសុភមង្គល ជាកម្លាំងរឹងមាំសំរាប់សេដ្ឋកិច្ចជាតិ

ការត្រៀមលក្ខណៈទៅជាពេទ្យតំបន់ នឹងជាកាដូបន្ថែមទៀតសម្រាប់អ្នកសៀមរាប និងប្រជាជនប្រមាណ ៣លាននាក់ក្នុងខេត្តជុំវិញនេះ ជាសមិទ្ធផលដ៏ធំដែលយើងនឹងទទួលបាននៅក្នុងពេលមិនយូរខាងមុខ ជាការវិវឌ្ឍក្នុងវិស័យសុខាភិបាល។ នេះគឺជាសមិទ្ធផលពិត មិនចេញតែគោលនយោបាយនៅលើក្រដាសទេ គឺចេញលើដីតែម្ដង។ នេះជាសមិទ្ធផល(ផ្តល់សេវា)ព្យាបាលនៅកន្លែងនេះក៏ពិតមែន ប៉ុន្តែសូមចែកការសប្បាយរីក​រាយទៅទូទាំងប្រទេស ដែលថា ព្យាបាលមនុស្សម្នាក់ជា ឲ្យមួយគ្រួសារមានសុភមង្គល ព្យាបាលមនុស្សមា្នក់មានសុខភាពល្អ ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន …។

(១២) មន្ទីពេទ្យតំបន់នឹងពង្រីកការគ្រប់គ្រងនិងផ្តល់សេវាវេជ្ជសាស្ត្រមានស្រាប់ បង្កើតសេវាឯកទេសថ្មី

តាមរបាយការណ៍ ក្នុងគម្រោងមន្ទីរពេទ្យតំបន់នោះ គឺ ទី១ ពង្រីកការផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងផ្ដល់សេវាវេជ្ជសាស្រ្តដែលមានស្រាប់ ឲ្យកាន់តែធំឡើង ដូចជាការបង្កើនចំនួនគ្រែអ្នកជំងឺជាដើម។ ទី២ បង្កើតសេវាឯកទេសថ្មីដែលមិនធ្លាប់មាននៅក្នុងពេទ្យ ដូចជារុញសេវាព្យាបាលជំងឺវះកាត់បេះដូង ការវះកាត់សរសៃឈាមតាមគ្រប់មធ្យោបាយ សេវាព្យាបាលជំងឺមហារីក ព្យាបាលវះកាត់ និងប្រើថ្នាំគីមី … ដែលក្នុងស្ថានភាពបច្ចុប្បន្ន បើត្រូវការព្យាបាលជំងឺនេះ បើមិនទៅប្រទេសជិតខាងគឺទៅភ្នំពេញ។ បន្តិចទៀតយើងបង្កើតនៅទីនេះ ក៏ដូចជានៅកំពង់ចាម អ្នកដែលនៅជុំវិញនឹងបានទទួលផល។ សេវាវះកាត់ធំៗ ស្មុគស្មាញដែលប្រើបច្ចេកវិទ្យាដូចជាវះកាត់ខួរក្បាល វះកាត់ទ្រូង សួត ដែលបានអនុវត្តហើយ ទៅមុខយើងនឹងបំពាក់ឧបករណ៍កាន់តែទំនើបនិងងាយស្រួល។ ការវះកាត់កាន់តែទំនើប វះកាត់ខ្លះគេលែងវះហើយ គេចោះកាត់ប្រមាត់អីហ្នឹង។ កាលមុនទាល់​តែបើកទ្រូង។ ឥឡូវចោះតែ ៣ រុន … បេះដូងអីឥឡូវគេរុញសរសៃ(ស្ទែន)ចូល។ ឥឡូវមិនដឹងម៉េចឱ្យតែងាកសួរសុទ្ធមានប៉ុន្មានគ្រាប់ក្នុងខ្លួនហើយ។ សួរទៅ ២គ្រាប់ អ្នកខ្លះ ៥គ្រាប់ … អញ្ចឹងទំនើបកម្មត្រូវតែធ្វើ ការនាំចូលនូវបច្ចេកវិទ្យាថ្មីដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើងត្រូវតែធ្វើ។

(១៣) ទេវតាផ្តល់ការព្យាបាលជាសះស្បើយដោយការបន់ស្រន់ តាមរយៈគ្រូពេទ្យ

ការដាក់ទិសដៅធ្វើការបណ្តុះបណ្តាលនេះធំណាស់។ គ្មានអីសំខាន់ជាងជីវិតទេ។ គ្មានអីមានតម្លៃជាជីវិតទេ។ ពេទ្យដើរតួនាទីរបស់ទេវតា ដោយសារអ្នកជំងឺ ប្រជាពលរដ្ឋទៅបន់ស្រន់ម្តងៗ សុំឱ្យតែសុខភាពល្អ។ បើសិនជាឪពុកម្តាយឈឺធ្ងន់ បន់ឱ្យតែគាត់ឆាប់ជា ឱ្យសង្គ្រោះជីវិត។ បើលឺតែគាត់មាន Cancer គឺព្រួយបារម្ភណាស់ បន់ឱ្យតែធ្វើម៉េចព្យាបាលឱ្យបាន។ អញ្ចឹង ពេទ្យឯកទេសនេះហើយគឺជាអ្នកដើរតួ។ ប្រជាពលរដ្ឋទៅបន់ព្រះមែន ប៉ុន្តែគាត់ក៏មកពេទ្យដែរ។ អញ្ចឹងព្រះឬមួយទេវតា អាចផ្តល់ការពិតបាន តាមរយៈគ្រូពេទ្យរបស់យើង។ រាជរដ្ឋាភិបាលដាក់ទិសដៅនេះ ដើម្បីបង្កើនសមត្ថភាព បង្កើនលទ្ធភាព បង្កើនប្រសិទ្ធភាព តាមរយៈការវិនិយោគទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ បំពាក់ឧបករណ៍ទំនើបស្រាវជ្រាវបណ្តុះបណ្តាលបន្ថែម ជាទិសដៅសំខាន់។ ក្រៅពីនោះ យើងមានការពង្រឹងសេវាផ្សេងៗ ទៀត ដូចជា សេវាមន្ទីរពិសោធន៍កម្រិតខ្ពស់ ការជួសជុលនៅហ្នឹងកន្លែង … តែសំខាន់បំផុតគឺបង្កើតជាអត្ថប្រយោជន៍ពីការកាត់បន្ថយគ្រោះថ្នាក់ពីការបញ្ជូនអ្នកជំងឺផ្លូវឆ្ងាយ និងជួយសម្រាលសម្ពាធទៅពេទ្យនៅរាជធានីភ្នំពេញ។

(១៤) មន្ទីរពេទ្យកាន់តែរវល់ដោយសារចំនួនប្រជាជនកើន និងវិទ្យាសាស្ត្រសុខាភិបាលជួយមនុស្សឱ្យអាយុវែង

នៅរាជធានីភ្នំពេញ សូម្បីតែពេទ្យកាល់ម៉ែត ដែលធ្វើប៉ុន្មានជាន់ក្រោយហ្នឹងក៏ដាក់អត់គ្រាន់ដែរ។ នៅតែមានខ្វះបន្ទប់​ ព្រោះអ្នកជំងឺទៅច្រើន។ បើបានតាមតំបន់ហើយ ថ្ងៃក្រោយតាមខេត្តមួយៗ មានសមត្ថភាព ដើម្បីទទួលព្យាបាលមនុស្សកាន់តែច្រើន ម្យ៉ាងដោយសារចំនួនប្រជាពលរដ្ឋកាន់តែច្រើនដល់ ១៧លាននាក់។ យើងចេញពី ប៉ុល ពត មាន ៥លាននាក់ ឥឡូវមាន ១៧លាននាក់។ ខ្ញុំមិនអាចហាមប្រជាជនមិនឱ្យមានកូនទេ ហើយយើងមិនដាក់កំណត់ថាត្រូវតែមានកូន ១ កូន២ ឬ៣ ផាកវិន័យនោះទេ។ យើងលើកទឹកចិត្តត្រូវតែមានកូន។ ទី២ ដោយ​សារ​វិទ្យាសាស្ត្រសុខាភិបាលរីកចម្រើន ប្រជាពលរដ្ឋយើងអាយុកាន់តែវែង។ អញ្ចឹងអ្នកកើតថ្មីក៏កើន ប្រជាពល​រដ្ឋយើងដែលទទួលបានការព្យាបាលជាប្រចាំក៏ធានា(សុខភាពនិងការរំពឹងរស់)។ ដូចនេះ យើងមានតម្រូវការគ្រប់កម្រិត ដោយសារបរិមាណកាន់តែច្រើន បូកផ្សំជាមួយគោលដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលអា​ណត្តិទី៧ ដែលដាក់ចេញនូវគោលនយោបាយ/កម្មវិធីជាច្រើន ពង្រីកវិសាលភាពឈានទៅដល់ការគ្របដណ្តប់ជាសកលវិស័យសុខាភិបាល។

(១៥) ការធានានិងជម្រុញសេវាសុខាភិបាលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាននឹងជួយកាត់បន្ថយអត្រាស្លាប់

នេះបានន័យថា ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ទៅថ្ងៃមុខនឹងមានការជួយ​ជាសេវាសុខាភិបាល និងការជួយធានាក្នុងកម្រិតណាមួយ អាស្រ័យតាមលទ្ធភាព ជាលក្ខណៈស្ម័គ្រចិត្ត ជាលក្ខណៈចូលរួមបដិភាគ ជាលក្ខណៈឯកជន ជាលក្ខណៈរដ្ឋជួយ ឬយ៉ាងណា ដើម្បីយើងធានាអនុវត្តគោលការណ៍ … អញ្ចឹងបើមានកម្មវិធីនោះហើយ ត្រូវធានាសេវាសុខាភិបាល កាត់បន្ថយអត្រាស្លាប់របស់ប្រជាពលរដ្ឋ តាមរយៈការកាត់​បន្ថយពេលវេលា(ក្នុងការដឹកជញ្ជូនអ្នកជំងឺ)។ ពេលខ្លះ ជំងឺសំខាន់ៗ ដូចជាវះកាត់បេះដូងជាដើម ដែលចាំ​បាច់​ត្រូវវះកាត់ភ្លាមៗ ព្រោះខុសពេលគ្នាតែបន្ដិចគឺមានគ្រោះថ្នាក់ (ហើយយើងអាចសង្គ្រោះបាន ដោយ)មិនចាំបាច់បញ្ជូន(ទៅរកសេវានៅទីឆ្ងាយ) … ដូចជាករណីពិនិត្យឃើញថាដាច់សរសៃឈាមបេះដូង ធ្វើការព្យាបាល(ភ្លាមបាន)។ ការជម្រុញសេវាទាំងនេះមកកៀកប្រជាពលរដ្ឋនៅមូលដ្ឋាននឹងជួយកាត់បន្ថយនូវអត្រាស្លាប់។

(១៦) មន្ទីរពេទ្យសមត្ថភាពទំនើបអាចផ្ដល់សេវាសុខាភិបាលដល់ទេសចរជាតិនិងអន្តរជាតិ

ក្រៅពីនោះ ការកសាងមន្ទីរពេទ្យ(មានសមត្ថភាព)នៅទីនេះ ក៏នឹងជួយផ្ដល់សេវាដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលេងសៀមរាប។ អញ្ចឹង ខេត្តសៀមរាប ជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ ហើយអាទិភាពគឺទេសចរណ៍នេះឯង ដែលមានភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិមកច្រើន។ ចូលឆ្នាំនេះ (អ្នកមកលេងនៅសៀម​រាប​មាន)ដូចជាជាង ១,២ លាននាក់។ អូតែលទាំងអស់បើកទេ? មានអូតែលផ្កាយមួយពាន់ទេ? ពេលដែលបុកមកច្រើនពេក អត់អូតែល ក្រាលកន្ទេល មើលផ្កាយមួយពាន់។ សង្ស័យមានហើយ ព្រោះអ្នកខ្លះគាត់(មិនស្នាក់នៅផ្ទះសំណាក់ទេ)។ គាត់មកអញ្ចឹង ដាក់តង់មកតែម្ដង ខ្ជិល(រកផ្ទះសំណាក់)។ ស្រួល។ ជាពិសេសក្មេងៗ (ព្រោះ)អត់ទាំងគេងផង ៣ថ្ងៃហ្នឹង។

ខ្ញុំកាលពីក្មេង អាយុ ៣០ឆ្នាំជាង ក្នុង ២-៣ថ្ងៃនេះ អត់គេងអី អត់បញ្ហា … ទៅមុខទៀត (ភ្ញៀវទេសចរ)កាន់តែច្រើន។ អញ្ចឹងការត្រៀមលក្ខណៈសម្រាប់ផ្ដល់នូវសេវាសុខភាពកម្រិតខ្ពស់មានគុណភាព ជាកិច្ចការ​សំខាន់។ ទេស​ចរជាច្រើនធ្វើដំណើរទៅក្រៅប្រទេស ឧទាហរណ៍ គាត់មានធានារ៉ាប់រងរបស់គាត់។ Insurance គាត់ហ្នឹង គឺធ្វើដៃគូតែជាមួយពេទ្យដែល(មានសមត្ថភាពព្យាបាលក្នុង)កម្រិតណាមួយ បើមិនអញ្ចឹងទេ ហោះទៅប្រទេសជិតខាងរកការព្យាបាល។ អញ្ចឹង សេវាយើងកាន់តែទំនើប យើងអាចផ្ដល់(សេវាសុខាភិបាល)ជូនបាន … អញ្ចឹងផល មិនមែនតែអ្នកសៀមរាបនិងអ្នកនៅជុំវិញនេះទេ ដោយទាំងអ្នកណាទាំងអស់ដែលមកខេត្តសៀមរាប (ដែល)នឹងត្រូវការព្យាបាលនៅទីនេះ។

(១៧) ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីជាមន្ទីរពេទ្យថ្នាក់តំបន់ទៅថ្ងៃមុខ

ការពង្រឹងសមត្ថភាពពេទ្យនៅទីនេះ ជាជំហានមួយនៃការចូលរួមក្នុងការកសាងសមត្ថភាពជាពេទ្យតំបន់នៅថ្ងៃក្រោយ គឺជាការកសាងមូលដ្ឋានយូរអង្វែងសម្រាប់សុខភាពរបស់ប្រជាជនយើងនៅមូលដ្ឋាន និងអ្នកទាំងអស់គ្នាដែលមកទីនេះ។ គឺជាកិច្ចការមួយយើងដែលត្រូវបន្តទៀត … ហើយអ្នកដែលចូលរួមនៅទីនេះត្រូវអបអរសាទរទាំងអស់គ្នា។ និយាយអញ្ចឹង មិនមែនបានន័យថា ពេទ្យស្អាតឱ្យប្រជាជនឈឺនោះទេ។ ឱ្យប្រជាជនកាន់តែមានសុខភាពល្អ បង្កបង្កើតការងារឱ្យបានច្រើនទើបជាកិច្ចការសំខាន់។ តែបើសិនជាយើងជៀសមិនផុតពីឈឺ ក៏យើងមិនព្រួយបារម្ភ។ យើងមានពេទ្យមានគុណភាពនៅក្បែរខ្លួន កាន់តែមាន(ទំនុកចិត្តព្យាបាល)។

[ផ្តើមសេចក្តីអធិប្បាយ ៣]

(១៨) គ្រោងថវិកា ១៧០ លានដុល្លារ ពង្រឹងមណ្ឌលសុខភាព/ពេទ្យបង្អែកស្រុក ២០២៤ ដល់ ២០២៧

ដូចឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកអម្បាញ់មិញ ក្រៅពីជួយពេទ្យខេត្ត ជប៉ុនក៏បានជួយពង្រឹងនូវសមត្ថភាពពេទ្យបង្អែកស្រុក។ អភិក្រមមួយក្នុងការពង្រឹងវិស័យសុខាភិបាលនៅអាណត្ដិនេះ គឺការពង្រឹងការផ្ដល់​សេវាសុខាភិបាលនៅមូលដ្ឋានតាមមណ្ឌលសុខភាពនិងពេទ្យបង្អែកកំរិតមួយ កម្រិតពីរ កម្រិតបី។ នេះជាការដំណើរស្របគ្នា។ បានន័យថា ​ពីក្រោមឡើងលើ គឺពីមណ្ឌលសុខភាព ពីពេទ្យបង្អែកស្រុក និងការធ្វើទំនើបកម្ម ពិពិធកម្ម ពង្រីកសមត្ថភាព ពីលើចុះក្រោម ឬពីថ្នាក់ជាតិ មកតំបន់ ក្នុងពេលជាមួយគ្នា។ នៅក្នុងកិច្ចការងារនេះ កាលពីថ្ងៃទី ១៧ (មេសា) ៣ថ្ងៃមុននេះ ខ្ញុំបានចុះហត្ថលេខាផ្ដល់គោលការណ៍រួចហើយលើការអនុវត្ដផែនការសកម្មភាពក្នុងការពង្រឹងវិធានគន្លឹះ ពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកស្រុកពីឆ្នាំ ២០២៤ ដល់ ២០២៧ ដែលត្រូវការថវិកាជាង ១៧០ លានដុល្លារ …។

(១៩) គោលដៅធំ ៤ ពង្រឹងសមត្ថភាពមណ្ឌលសុខភាព/ពេទ្យបង្អែកស្រុក

(ការពង្រឹងសមត្ថភាពមណ្ឌលសុខភាព/ពេទ្យបង្អែកស្រុក) មានគោលដៅធំ ៤ គឺ ទី១ កែលំអរគុណភាពផ្ដល់សេវាតបតាមការរំពឹងទុករបស់ប្រជាជន … ទី២ បង្កើនសមត្ថភាពសង្គ្រោះបឋម និងសង្គ្រោះបន្ទាប់ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ទោះបីយើងមានពេទ្យបង្អែកនៅទីនេះ ទោះបីមានពេទ្យតំបន់នៅទីនេះក៏ដោយ ប៉ុន្ដែបើគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមួយឆ្ងាយត្រូវការសមត្ថភាពព្យាបាលបន្ទាន់ សង្រ្គោះបន្ទាន់នៅនឹងកន្លែង ហើយដើម្បីព្យាបាលនៅហ្នឹងកន្លែងបន្ទាន់ជាបឋម ទើបមានលទ្ធភាពបញ្ជូន EMS មកទីនេះបន្ថែមទៀត។ ទី៣ បង្កើនលទ្ធភាពជួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជាពិ​សេសផ្ដោតលើប្រជាជននិងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ … ទី៤ បង្កើនបុគ្គលិកតាមមណ្ឌលសុខភាពដើម្បីមណ្ឌលសុខភាពនីមួយៗ អាចផ្ដល់សេវាជាប់ជាប្រចាំ … បានន័យថាអត់ឈប់ ២៤ម៉ោងក្នុងមួយថ្ងៃ, ៧ថ្ងៃក្នុងមួយសប្ដាហ៍ជូនប្រជាពលរដ្ឋ។ នេះគឺជាគោលដៅបួន ដែលយើងរៀបចំសំរាប់បួនឆ្នាំនេះ។

(២០) រើសបុគ្គលិកពេទ្យបន្ថែមជិត ២០០០នាក់រាយតាមមណ្ឌលសុខភាព និងគិតគូរពីការសង្គ្រោះបថម

ឥឡូវ ឱ្យរើសពេទ្យបន្ថែមជិត ២០០០នាក់ទៀត ដើម្បីដាក់ទៅតាមមណ្ឌលសុខភាពមួយចំនួន។ សង្ឃឹមថាទៅថ្ងៃមុខនឹងអាចឡើងដល់(ចំនួន)ជាគោលដៅរបស់ក្រសួងសុខាភិបាលដាក់ចេញ គឺមណ្ឌលសុខភាពនីមួយៗបើកធ្វើការ មិនបិទទ្វារ ហើយមានពេទ្យនៅប្រចាំការ។ មិនមែនបើកតែទ្វារ តែមិនមានពេទ្យទេ។ ប្រជាពលរដ្ឋទៅដល់ម៉ោង ១០យប់ក៏មាន(ពេទ្យ), ម៉ោង ១ភ្លឺ បើបន្ទាន់ក៏មាននៅកន្លែងហ្នឹង ហើយបំពាក់មធ្យោបាយបញ្ជូន EMS តាមរថយន្តសង្គ្រោះបន្ថែមទៀត … ឥឡូវផ្លូវយើងល្អហើយ ប៉ុន្តែត្រូវគិតគូរពីមធ្យោបាយទប់នៅហ្នឹងកន្លែងមួយជំហាន។ បើសិនជាមានអីបន្ទាន់ ព្យាបាលបឋមនៅហ្នឹងកន្លែង ព្រោះការសង្គ្រោះបឋមសំខាន់។ កាលនៅហ្វឹកហ្វឺនកងទ័ពជំនាញ ការសង្គ្រោះបឋមសំខាន់។ បើមានរបួសអី កន្លែងទីលានហ្នឹងហើយជាកន្លែងដែលទប់ឈាមកុំឱ្យហូរ។ បើរវល់តែដឹកទៅពេទ្យឆ្ងាយ(នឹងលំបាកសង្គ្រោះ)។ កន្លែងហ្នឹងត្រូវចេះ ត្រូវបណ្ដុះបណ្ដាលជំនាញឱ្យបាន។

(២១) ពង្រឹកសមត្ថភាពសុខាភិបាលពីថ្នាក់ជាតិមកតំបន់/ពេទ្យបង្អែក/មណ្ឌលសុខភាព តាមអភិក្រមពីលើមកក្រោម

ជួសជុលហេដ្ឋារចនាសម្ព័ន្ធ បំពាក់ឧបករណ៍បណ្ដុះបណ្ដាលពេទ្យ បំពាក់ថ្នាំពេទ្យ ធ្វើឱ្យមានគុណភាព និងសម្ភារៈដើម្បីឱ្យកាន់តែល្អនៅតាមមណ្ឌលសុខភាព និងពេទ្យបង្អែក។ យើងនឹងធ្វើកិច្ចការនេះជាជំហានបណ្ដើរៗ។ ការកសាងនិងពង្រឹងវិស័យសុខាភិបាល យើងយកគោលការណ៍ធ្វើពីលើមកក្រោម គឺពីថ្នាក់ជាតិ ឥឡូវមកថ្នាក់តំបន់ (ព្រោះត្រូវការ)កម្រិតបច្ចេកវិទ្យាព្យាបាលកម្រិតខ្ពស់ ត្រូវការធនធានច្រើន ត្រូវការគ្រឿងបំពាក់ថ្លៃ និងមនុស្សជំនាញខ្ពស់។ ពេលជាមួយគ្នា យើងក៏មិនភ្លេចពង្រឹងការព្យាបាលនៅមូលដ្ឋាន នៅថ្នាក់មណ្ឌលសុខភាពនិងពេទ្យបង្អែកស្រុក។ ពីរនេះត្រូវធ្វើជាមួយគ្នា។ យើងអត់ចាំបាច់ទៅពង្រីកការព្យាបាលនៅពេទ្យបង្អែកស្រុកទេ ឬមណ្ឌលសុខភាពទេ យើងយកនៅថ្នាក់ខេត្តបានទៅថ្ងៃក្រោយ។ ឥឡូវយើងធ្វើថ្នាក់តំបន់។ ប៉ុន្តែការព្យា​បាល​មួយចំនួនទៀតដែលចាំបាច់បន្ទាន់ យ៉ាងហោចណាស់ពេទ្យបង្អែកស្រុក សំរាប់សេវាសង្គ្រោះបឋម ចំពោះអ្នកគ្រោះថ្នាក់ អ្នកឈឹធ្ងន់ៗ …។

(២២) គ្រោងថវិកាជាតិប្រមាណជិត ១០០០លានដុល្លារសម្រាប់ពង្រឹងវិស័យសុខាភិបាលទាំងមូល

ក្រោយចូលឆ្នាំវិស័យសុខាភិបាលបានការដូរថ្មីៗច្រើន ហើយនឹងបន្តមានច្រើនទៀត ព្រោះនឹង(កាដូទាំងនោះនឹងត្រូវ)ចែកជូនទៅដល់ប្រជាពលរដ្ឋ។ យើងបានធ្វើ និងចរចាគ្នាច្រើន។ យើងមាន(ក្រសួង) ៣ដែលជាគោលដៅ គឺមុខងារសាធារណៈ អប់រំ និងសុខាភិបាល។ ឥឡូវ សុខាភិបាលដើរមុនហើយ។ ចេញកញ្ចប់ថវិកា ចេញផែនការសកម្មភាពសម្រាប់អនុវត្ត។ សម្រាប់ ៤ឆ្នាំនេះ ១៧០លានជាង ដាក់ឱ្យអនុវត្តសម្រាប់ពង្រឹងពេទ្យនៅមូលដ្ឋាន … នេះគឺសម្រាប់គម្រោងប៉ុន្មានទាំងនេះ។ ប៉ុន្តែ ក្នុងវិស័យសុខាភិបាលទាំងមូល ថវិកាជាតិគឺច្រើនសម្រាប់ទម្លាក់មកដូចជាជិតប្រមាណ ១០០០លានដុល្លារសម្រាប់ពង្រឹងការព្យាបាលជូនប្រជាពលរដ្ឋ។ នេះយើងអត់បូកជាមួយនឹងការបញ្ចេញថវិកាសម្រាប់ជាកម្មវិធីជំនួយសង្គមផ្សេងៗ ដូចជាការជួយប្រជាពលរដ្ឋក្រីក្រ បណ្ណសមធម៌សុខាភិបាល រដ្ឋចេញការជួយដល់ប្រជាពលរដ្ឋ(ងាយរង)ហានិភ័យដែលពាក់ព័ន្ធទៅហ្នឹងជំងឺកូវីដ-១៩ និងហានិភ័យនានា។ យើងបានចំណាយ ១៤០០លានដុល្លាររួចទៅហើយ … ការចំណាយនេះធំ។

(២៣) បង្កើនវិនិយោគលើវិស័យសុខាភិបាល ដើម្បីសុខភាពនិងសុភមង្គលរបស់ប្រជាពលរដ្ឋនិងជាតិ

នេះគឺជាចំណាយចាំបាច់ដើម្បីសុខភាពនិងសុភមង្គលរបស់ប្រជាពលរដ្ឋ និងសុខភាពរបស់ជាតិ ព្រមទាំងភាពរឹងមាំ ដែលត្រូវការមនុស្សមានសុខភាពល្អ។ យើងត្រូវបន្តធ្វើការវិនិយោគលើវិស័យសុខាភិបាល មិនដកថយទេ។ ដូចគ្នាហ្នឹងវិស័យអប់រំ។ មានវិស័យមួយចំនួនបានថយ។ កាលពីនៅមានសង្គ្រាម ក្រសួងការពារជាតិ(ទទួលបានការវិនិយោគ)ធំ ក្រោយមកយើងបន្ថយ។ តែវិស័យអប់រំ និងសុខាភិបាលគឺបង្កើន។ សម្រាប់អាណត្តិថ្មីនេះ គឺនឹងបន្តបង្កើនបន្ថែមទៀត ឱ្យកាន់តែមានគុណភាពនិងភាពប្រសើរឡើង ទំនើបកម្មកាន់តែខ្ពស់ដើម្បីឱ្យវិស័យសុខាភិបាល និយាយដោយឡែក(កាន់តែមានប្រសិទ្ធភាព)។ ជួយសេនាទេវតា ឬជួយពេទ្យរបស់យើង ដើម្បីបំពេញភារកិច្ចជួយមនុស្សលោកឱ្យបានច្រើន។ ខ្ញុំថា ទេវតាព្រះអង្គស័ក្កិសិទ្ធ ក៏លោកជួយសេនារបស់គាត់ដើម្បីជួយព្យាបាលមនុស្សឱ្យជា ឱ្យរស់រានមានជីវិត អាយុវែងនៅជួបជុំគ្រួសារដែរ។ ទឹកដីអង្គរជាទឹកដីស័ក្កិសិទ្ធ អញ្ចឹងកិច្ចការទាំងអស់នេះគឺជាអ្វីដែលយើងធ្វើរួមគ្នា។

[ផ្តើមសេចក្តីអធិប្បាយ ៤]

នៅក្នុងឱកាសនេះផងដែរ សម្រាប់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ៦៣៨ នាក់ ម្នាក់ៗថវិកា ១០​ ម៉ឺនរៀល អ្នកជំងឺកំពុងសម្រាកព្យាបាល ៣៦៧ នាក់ ម្នាក់ៗថវិកា ២០​ ម៉ឺនរៀល ជូនលោកគ្រូអ្នកគ្រូ ១៨៨ នាក់ ម្នាក់ៗថវិកា ៥ ម៉ឺនរៀល ក្មួយៗសិស្សានុសិស្ស ៥៤៨ នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ ក្បាល ប៉ិច ១ ដើម ថវិកា ១ ម៉ឺនរៀល ជូនយុវជនកាយឫទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា ១៥០ នាក់ថវិកា ២ ម៉ឺនរៀល ។ ជូនវិទ្យាល័យ ១០ មករា ថវិកា ២ លានរៀល មន្ទីរពេទ្យបង្អែកខេត្តសៀមរាបថវិកា ១០ លានរៀល សាលាក្រុងសៀមរាបថវិកា ២ លានរៀល ហើយក្រុមគ្រូពេទ្យប្រចាំការក្នុងពិធីថវិកា ៣ លានរៀលផងដែរ សូមអរគុណ។

[ចប់]



Selected Comments Samdech Moha Bovor Thipadei Hun Manet,
at the inauguration of the Siem Reap Provincial Referral Hospital
[Unofficial and translations]
***********

CMF:

[1]

(1) Siem Reap Referral Hospital’s Surgery Service Center Building – a New Year’s gift from the Japanese people

[…] We consider (the Siem Reap Provincial Referral Hospital Surgery Service Center Building) a New Year’s achievement of the health sector for the people of Siem Reap and around […] I thank the Japanese Ambassador, and through His Excellency the Ambassador, on the Cambodian people’s behalf, I thank the Japanese government and people for making this achievement possible […] considering it a New Year’s gift from the Japanese people to the Cambodian people. This health achievement will translate a person’s joy of recovering from illness to the happiness of millions – to oneself, to the family, to the people, because healthy people help being strong workforce for the nation […] (the Siem Reap Provincial Referral Hospital) can perform brain surgery and treatment of some internal organ surgery […] we will continue to move forward (to cover more) […] however, I do not wish to see many patients coming for treatment but it is better to have such a capable hospital to turn to in case of need […]

[2]

(2) Promoting human health is the main goal to ensure sustainable development

Focusing on strengthening and promoting human health is the main goal that enables us to ensure sustainable development. The development of the health sector is important and playsa crucial role in the training of human resources, equipment, and especially the capacity of the hospital […] by which the people’s health will improve through our effort to strengthen the health sector and hospitals. We also have the private sector involved, but here, I am speaking within the framework of the state’s effort. To strengthen the health of the people is to strengthen the physicians or to expand the scope (of health care and treatment) by moving closer to the people. This is an approach to expand the treatment capacity, both on-site treatment capacity and capacity building to provide (treatment and care services) to the locals, rather than concentrating only in Phnom Penh […]

(3) All provincial hospitals possess high-level healthcare and treatment capacity in the long run

In the future, the big goal is that we want all provinces to have a high level of capacity, but we cannot expand them in all 25 capitals/provinces (at the same time). The first step is to expand the regional hospital […] (so that they have the capacity to provide care and treatment) to relieve pressure from demand in Phnom Penh […] and this effort has been organized since the previous term […] the Ministry of Economy and Finance, on behalf of the Royal Government, last March, signed a US$ 141 million loan agreement from the Government of Japan through JICA to develop two regional hospitals – one in Siem Reap and one in Kampong Cham. After accomplishing the two projects, we will expand the effort to other areas before reaching (the targets set) in each province. According to the plan, the project will start this year and by 2030, this medical facility will become a regional level (hospital) […]

(4) Organize training for doctors to work in regional hospitals

This is an achievement (that provides) treatment services in this city and province, but please allow me to share the joy across the country that treating a person to regain good health from sickness is to grow happiness in his/her family and to contribute healthy workforce to the national economy […] the hospital project will firstly expand the ease of management and provide existing medical services, such as increasing the number of beds, and secondly, create new specialized services, such as cardiac surgery, vascular surgery by all means, cancer treatment, chemotherapy services, etc., which are not in existence here before. This is to increase capacity, and with capacity, it increases efficiency by investing in infrastructure, modern equipment, research and training […]

(5) Bringing health services closer to local people will help reduce mortality

In the future, each provincial hospital will be able to do more for the people […] the first reason is because the population will increase to 17 million […] and secondly, due to the progress of health sciences, our people will live longer […] on this note, we are craving for every needs […] the seventh legislative term Royal Government has put in place a number of policies/programs to expand the scope of global health coverage […] in the confidence that by ensuring that health services, the country will reduce mortality causing by taking time (in transporting patients) […] or by bringing these services closer to local people will help reduce mortality. In addition, the construction of a hospital (capable to do such job) will also help provide services to national and international tourists visiting Siem Reap, the potential tourism destination […] strengthening medical capacity here in Siem Reap is a step contributing to building capacity as a regional hospital in the future, or building a long-term foundation for the health of the local people and everyone who comes […]

[3]

(6) Japan helps strengthen the capacity of the district referral hospitals

In addition to assisting this provincial hospital, Japan also helps strengthen the capacity of the district referral hospitals. One approach to strengthen the health sector in this term is to strengthen the provision of basic health services in health centers and referral hospitals at level-1, level-2 and level-3. They coincide […] on the 17th (of April), signed the policy guidelines on the implementation of the key action plan to strengthen the health centers and district referral hospitals from 2024 to 2027, which requires more than 170 million dollars […]

(7) improve quality service, first aid capacity, help with life-long diseases, and more staff for health centers and district hospitals

(In strengthening the capacity of health centers/district referral hospitals,) there are four main goals – firstly, improve the quality of services to meet the expectations of the people […]; secondly, increase the first aid capacity and subsequently, proper medical attention and in a timely manner to reduce lethal cases […]; thirdly, increase the ability to help people related to diseases such as high blood pressure, diabetes, especially focusing on people and poor families and vulnerable families […]; and fourthly, increase staff in health centers for each health center to be able to provide regular services – 24/7 […] we have allowed recruitment of nearly 2,000 more physicians and/or nurses for placements in the health centers […] and eventually will reach (the number required) as the target of the Ministry of Health […] though we have better road now, we still have to think of ways to stop to provide immediate medical attention on the spot. If there is an emergency, such first aid on the spot because is important […]

(8) At war, more spent on defense; in peace more invest in health and educationIn the health sector as a whole, the national budget, a bulk of national fund has been made available – nearly US$ 1 billion, to strengthen and improve treatment capacity for the people. This did not count in the release of funds for various social assistance programs, such as helping the poor, the state health equity card, assistance issued to the (vulnerable) people, the risks associated with Covid-19 disease and the like. We have spent already US$ 1.4 billion […] a necessary expense for the health and happiness of the people and the health of the nation that needs healthy people. We must continue to invest in the health sector as in the education.During the war, the Ministry of National Defense (received a big part of the national budget) […] and for this new term, we will continue to increase the quality and further modernize the health sector (even more effectively) […]./.

No comments:

Post a Comment