ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ (Xinhua) បានចុះផ្សាយឲ្យដឹងកាលពីថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ នេះថា ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលកើនឡើង ៤៧% ពីចំនួន ២៣៦.៣៤១នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរ បានឱ្យដឹងថា រមណីយដ្ឋានមួយនេះរកចំណូលបាន ១៦.៥លានដុល្លារ ពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ ពោលគឺកើនឡើង ៤៧% ពី ១១.១ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ មានទំនុកចិត្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មជាផ្លូវការកាលពីខែវិច្ឆិកា នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅឧទ្យានអង្គរបានកាន់តែច្រើន។ លោកសុភ័គ បានបន្តថា អាកាសយានដ្ឋានអន្តរជាតិមួយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេស។ ជាមួយនឹងផ្លូវរត់ប្រវែង 3,600 ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E នេះ បច្ចុប្បន្នគឺជាអាកាសយានដ្ឋានធំជាងគេរបស់ព្រះរាជាណាចក្រ ហើយក៏ជាច្រកអន្តរជាតិដ៏សំខាន់មួយទៅកាន់ប្រាសាទអង្គរវត្តផងដែរ៕
No comments:
Post a Comment