Monday, March 04, 2024

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែល ជា បុត្រ សម្ព័ន របស់ ក្រុមហ៊ុន FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា


នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ដែល មាន ក្រុមហ៊ុន បុត្រ សម្ព័ន  Aegros និងក្រុមហ៊ុន Freshstart Logistics ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។


ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ផងដែរថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ជា បុត្រ សម្ព័ន មួយនៃ Freshstart ដែលជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល។  បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន ព្រមទាំងបានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗក្នុងការគាំទ្រដល់បរិយាកាសវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ការវិនិយោគ ហើយក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមទៀតអំពីកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅមូលដ្ឋាន។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទប្បញ្ញត្តិនានា និងវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថ និងផលិតផលសុខាភិបាលក្លែងក្លាយ។ ជាងនេះទៅទៀត សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូនៅកម្ពុជាបន្ថែមទៀតពាក់ព័ន្ធនឹងបំណងរបស់ក្រុមហ៊ុនលើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ៕





No comments:

Post a Comment