Wednesday, February 28, 2024

នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក


នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី  ចូលជួបសម្តែងការគួរសម ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្តេចធិបតី ថា គោលបំណងនៃទស្សនកិច្ចនាឱកាសនេះ  គឺដើម្បីជួបពិភាក្សាជាមួយដៃគូ និងភាគីពាក់ព័ន្ធ អំពីការងារនៃការជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដែលតាមរយៈជំនួបនេះ លោកនាយកប្រតិបត្តិបាន បង្ហាញក្តីសង្ឃឹមខ្ពស់ និងសុទិដ្ឋិនិយម ក្នុងការជំរុញ និងប្រែក្លាយទំនាក់ទំនងវិស័យឯកជននៃប្រទេសទាំងពីរ  ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង និងប្រកបដោយលទ្ធផលផ្លែផ្កា។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិបានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងវិស័យឯកជនកម្ពុជា-សហរដ្ឋអាមេរិក ។ 


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិ និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អកម្ពុជា-អាមេរិក ទាំងក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល និងទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដោយផ្តល់នូវទំនុកចិត្តចំពោះវិនិយោគិន តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។ សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបានបានចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នកជួយផ្សព្វផ្សាយអំពីការពិតនៅកម្ពុជា។ ទន្ទឹមនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ លោកនាយកប្រតិបត្តិ បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅព្រះរាជាណចក្រកម្ពុជាផងដែរ ៕








No comments:

Post a Comment