Tuesday, January 16, 2024

ក្រុមហ៊ុន TotalEnergies បង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា

 


(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។


ក្នុងឱកាសនៃជំនួប លោក Patrick POUYANNÉ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកប្រធាន និងជានាយកប្រតិបត្តិ បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល   អគ្គីសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។ 


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និងបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេចក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនី ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ផងដែរ។ សម្ដេចធិបតីក៏បានលើកទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល។




No comments:

Post a Comment