Wednesday, January 17, 2024

ក្រុមហ៊ុនធំរបស់ប្រទេសឥណ្ឌូនេស៊ីស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា


នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។


ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប នៅកម្ពុជា។  


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងសហការី និងអរគុណចំពោះក្រុមហ៊ុន Lippo Group ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និង ឥណ្ឌូនេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ក៏បានជម្រាបជូន លោកនាយកប្រតិបត្តិ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាពលើការកសាងធនធានមនុស្សជាមួយការយកចិត្តទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។ 


បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះវិនិយោគិនបរទេស។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕





No comments:

Post a Comment