Monday, January 22, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពឱ្យបន្តប្រុងប្រយ័ត្នចំពោះមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូច


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ នៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារឱ្យយើង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ។


នៅក្នុងសារលិខិតជូនពររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) សម្តេចធិបតីនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះយោធិនទាំងអស់ ដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយក៏បានសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាសន្តរបស់ប្រជាជន ក្នុងខណៈដែលប្រទេសមួយចំនួនក្នុងពិភពលោក កំពុងប្រឈម និងរងគ្រោះដោយសារសង្រ្គាម អំពើភេរវកម្ម និងព្រឹត្តិការណ៍សន្តិសុខផ្សេងៗទៀត។


នៅក្នុងសារលិខិតជូនពរដដែលនោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា គោលដៅដ៏សំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសគឺគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ៕










No comments:

Post a Comment