Thursday, November 23, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា

 







សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចចង់ឃើញសន្និសីទស្ដីពី «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់» នេះ ដើរតួនាទីជាវេទិកាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរអនុវត្តន៍ និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ដែលពិធីនេះធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ និងរៀបចំឡើងដោយវិទ្យាស្ថាន CDRI ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ចង់ឃើញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI ជាបន្តបន្ទាប់ និងមិនត្រឹមតែជាការសិក្សាស្រាវជ្រាវ បង្កើនការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា។ 


ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យភាគីទាំងអស់ រួមគ្នាដោះស្រាយបញ្ហាប្រឈមដែលរំពឹងថាកើតមាននៅពេលដែលកម្ពុជា ឆ្លងផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខផងដែរ៕

No comments:

Post a Comment