Friday, November 17, 2023

(វីដេអូ) សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ជប់លៀងអបអរសាទរជោគជ័យការរៀបចំជាម្ចាស់ផ្ទះនិងការប្រកួត កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម

 CMF:

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣,

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី
កីឡាករ/ការិនី សិល្បៈករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី!

ថ្ងៃនេះរូបខ្ញុំ និងភរិយាមានកិត្តិយស និងសេចក្តីសោមនស្សបានចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី កីឡាករ/ការិនី សិល្បៈករ/ការិនី និងភ្ញៀវកិត្តិយសទាំងអស់នៅក្នុងពិធីជប់លៀងអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នេះ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាទន្ទឹងរង់ចាំរយៈពេល ៦៤ ឆ្នាំ ទោះបីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះទើបតែបានបិទបញ្ចប់ កាលពីខែមិថុនា ឆ្នាំ ២០២៣ ក៏ដោយ ក៏លទ្ធផលស្នាដៃកិត្តិយស និងកិត្យានុភាពជាតិ ដែលកើតចេញពីព្រឹត្តិការណ៍ទាំងនេះ គឺហាក់ដូចជាស្ថិតនៅថ្មីៗ ហើយនៅស្ថិតស្ថិរជានិច្ចនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើង។ តបតាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន​ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បានរាយការណ៍ជូនអង្គពិធីអម្បាញ់មិញ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើន ដែលគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បានសម្រេចបាន។ រាល់មេដាយដែលយើងទទួលបាននៅក្នុងព្រឹត្តិការណ៍នេះ ជាជោគជ័យរបស់កីឡាករ/ការិនី គ្រប់រូប ហើយថែមទាំងជាមោទនភាពដ៏ត្រចេះត្រចង់របស់ប្រជាជនកម្ពុជាផងដែរ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

អាចនិយាយបានថា តាមការចងចាំរបស់ខ្ញុំ មកដល់ពេលនេះ ព្រឹត្តិការណ៍កីឡាអាស៊ានហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាព្រឹត្តិការណ៍ដ៏កម្រនៅកម្ពុជាយើង ដែលទាក់ទាញការចាប់អារម្មណ៍ និងការគាំទ្រពីប្រជាជនទូទាំងប្រទេសក្នុងពេលតែមួយ។ និយាយរួម កីឡាអីក៏ដោយ បើសូម្បីតែអ្នកដែលអត់ស្គាល់កីឡាក៏តាមមើលដែរ បានន័យថាពិសេសហើយ។ ជាក់ស្តែង ព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម ទាំងព្រឹត្តិការណ៍បើក និងព្រឹត្តិការណ៍ការប្រកួតនេះ ប្រជាជនយើងទូទាំងប្រទេស មិនថាអ្នកចូលចិត្តវិស័យកីឡា ឬមិនធ្លាប់(មើលកីឡា សុទ្ធតែបានតាមដាន)។ នៅក្នុងផ្ទះខ្ញុំក៏អញ្ចឹងដែរ។ គ្រួសារខ្ញុំអត់ធ្លាប់លេងកីឡាបាល់ទះអីទេ។ ដល់ម៉ោងកីឡាកម្ពុជាប្រកួតគាត់អត់ឲ្យខ្ញុំដូរប៉ុស្តិទេ។ បានន័យថាមានការគាំទ្រនិងការតាមដាន។

ក្រោយពីថ្ងៃបើកព្រឹត្តិការណ៍ ចុះទៅបំពេញការងារកម្មវិធីផ្សេងៗនៅទូទាំងប្រទេស បានជួបប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តឆ្ងាយៗ ខ្ញុំតែងតែសួរថា លោកតាលោកយាយ អ៊ំ ពូ មីង បានឃើញកីឡាទេ។ ភាគច្រើនណាស់ ឬសឹងតែទាំងអស់ថាបានតាមដាន បានតាមមើល។ អញ្ចឹង ព្រឹត្តិការណ៍នៃការប្រកួតនេះ មិនត្រឹមតែជាការប្រកួតកីឡានោះទេ ប៉ុន្តែសម្រាប់កម្ពុជាយើងគឺជាមោទនភាពមួយ ដែលប្រជាជាតិយើងទាំងមូលរួមគ្នា មិនថាចាស់ មិនថាក្មេង មិនថាអ្នកនៅរាជធានីភ្នំពេញ ឬនៅជនបទទេ គឺតាមដាននិងគាំទ្រ។ នេះហើយគឺជាសមិទ្ធផលរួមនិងភាពជោគជ័យនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលយើងបានធ្វើម្ចាស់ផ្ទះដោយជោគជ័យ។

មិនតែប៉ុណ្ណោះ (យើងដណ្តើមបាន)មេដាយកើនដល់ទៅ ២៨២ (ក្នុងការប្រកួតកីឡាស៊ីហ្គេម)។ ពីមួយឆ្នាំមុនយើងបានតែ ៦៣។ កីឡាប៉ារ៉ាហ្គេមបានទៅដល់ ៧៣ នៅក្នុងមេដាយនេះ។ នេះហើយជាមោទនភាពរបស់យើងដែលកើតចេញពីការគាំទ្រ និងបំផុសនូវស្មារតីនៃកីឡានេះ។ ខ្ញុំថាជាព្រឹត្តិការណ៍ដែលមានការចាប់អា​រម្មណ៍ខ្ពស់ ហើយព្រឹត្តិការណ៍តិចណាស់ដែលអាចមានចាប់អារម្មណ៍ និងមានការគាំទ្រផុសផុលបែបនេះ។ គឺជាស្មារតីជាតិតែម្តង។ សូមអបអរសាទរចំពោះភាពជោគជ័យនេះ

[បញ្ចប់សេចក្ដីអធិប្បាយ១]

ខណៈដែលយើងកំពុងអបអរសាទរនូវសមិទ្ធផលទាំងនេះ យើងក៏មិនអាចបំភ្លេចឡើយនូវសមិទ្ធផលទាំងនេះ មិនអាចកើតឡើងប្រសិនបើគ្មានការចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសក្រោមការដឹកនាំដ៏ភ្លឺថ្លានិងមាន ចក្ខុវិស័យចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាក្រុមការងាររៀបចំដែលមានឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន និងថ្នាក់ដឹកនាំរបស់គណៈកម្មការរៀបចំក្នុងការជំរុញ។ ជាពិសេសគឺពីបងប្អូនកីឡាករ ពីគណៈកម្មការជំនាញ បងប្អូនកីឡាករ/ការិនី គ្រូបង្វឹក សិល្បៈករ/ការិនី បងប្អូនយុវជនស្ម័គ្រចិត្ត ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ និងកងក​ម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចំណាយកម្លាំង និងពេលវេលាចូលរួមញាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធឹកអធម និងកាន់តែទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

ចំពោះកីឡាករ/ការិនី និងគណៈកម្មការ តាមខ្ញុំដឹងគឺតាំងពីចប់ប្រកួតស៊ីហ្គេមទី៣១ (ដោយនិយាយ)ពាក្យសាមញ្ញគឺត្រូវចាក់សោរ ឬចូលប្រមូលផ្តុំ ព្រោះយើងការពារ២​៖ ទី១ គឺការពារជំងឺកូវីដ-១៩ ការឆ្លងរីករាលដាលនឹងធ្វើឱ្យប៉ះពាល់ដល់ការត្រៀមលក្ខណៈហ្វឹកហ្វឺនរបស់យើង។ ទី២ គឺការប្រមូលផ្តុំនៅក្នុងការហ្វឹកហ្វឺនដើម្បីបំប៉នកម្លាំង។ ការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះប្រកួតត្រូវការរយៈពេលវែង … មានប្អូនៗសិស្សានុសិស្សមួយចំនួនក៏បានចូលរួម។ មានគោលការណ៍ឱ្យមករៀនកន្លែងនេះតែម្តង យោងតាមរបាយការណ៍ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី(រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា)។ មកបង្រៀន មករៀននៅទីនេះពេលហ្វឹកហ្វឺនតែម្តង។

ចំពោះកីឡា/ការិនី ២៦រូប ដែលបានទទួលមេដាយ មាស ប្រាក់ និងសំរិទ្ធ នៅ​(ក្នុងការប្រកួត)កីឡាស៊ីហ្គេមលើកទី៣២ កន្លងទៅនេះ ហើយឆ្នាំនេះត្រូវប្រឡងបាក់ឌូប្លិ៍ ល្ងាចមិញគឺ ឯកឧត្តម ហង់ជួន ណារ៉ុន បានស្នើសុំគោលការណ៍អោយជាប់ស្វ័យប្រវត្តិ។ ខ្ញុំបានចារឯកភាពល្ងាចមិញ ជាការលើកទឹកចិត្ត។ ប្អូនៗប្រឹងប្រែងដើម្បីយកមេដាយជូនជាតិហើយខិតខំរៀនផង។ ខ្ញុំគិតថាសមណាស់ហើយ។ កាលពីឆ្នាំកីឡាលើកទី៣១ សម្តេចតេជោក៏បានផ្តល់ប្រ​គល់ជូន ៨នាក់ ជាការលើកទឹកចិត្តឱ្យសមស្របទៅតាម(ការប្រឹងប្រែង)នេះ។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ទន្ទឹមនេះការប្រកួតកីឡាអាស៊ី-អាគ្នេយ៍ លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ របស់យើង ក៏នឹងមិនអាចប្រព្រឹត្តិឡើងទៅបានឡើយបើយើងគ្មាន ពហុកីឡដ្ឋាន « មរតកតេជោ » ដ៏ធំស្កឹមស្កៃជាប្រវត្តិសាស្ត្រនេះ។ ពហុកីឡនេះជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីងភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ បើសិនជាគ្មានការជួយគាំទ្រពីរដ្ឋាភិបាលចិន ក្នុងការកសាងពហុកីឡដ្ឋាននេះ យើងក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះផងដែរ។ នៅក្នុងន័យនេះតាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលចាត់ទុកកម្ពុជាជា «មិត្តដែកថែប» «មិត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នឹងតែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យកីឡាផងដែរ។ ខ្ញុំក៏សូមអរគុណចំពោះបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានចូលរួមនៅក្នុងការជួយទៅដល់កម្ពុជាទាំងផ្នែកបច្ចេកទេស និងគ្រប់ផ្នែកទាំងអស់ ដើម្បីយើងអាចដំណើរការ ការប្រតិបត្តិនេះដោយជោគជ័យ ក៏ដូចជាបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករ និងក្រុមការងារជំនាញមកចូលរួម ដើម្បីដឹកនាំការប្រកួតនេះឱ្យបានជោគជ័យប្រកបដោយស្មារតីមិត្តភាព និងសហប្រតិបត្តិការខ្ពស់។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! យើងបានជ្រើសរើសយកពាក្យស្លោកដ៏ត្រឹមត្រូវបំផុតសម្រាប់ការប្រកួតកីឡាអាស៊ី-អាគ្នេយ៍ លើកទី ៣២ នេះដែលនោះគឺ « កីឡារស់ក្នុងសន្តិភាព »។យើងបានជ្រើសយកពាក្យស្លោកនេះ ព្រោះយើងយល់ថាគុណតម្លៃនៃសុខសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្ដាប្រទេសទាំងអស់ ប៉ុន្តែគុណតម្លៃនេះពិតជាងាយណាស់ដែលត្រូវបានគេមើលរំលង។ ជាក់ស្ដែងដោយសារសង្គ្រាមស៊ីវិល ប៉ុន្មានទសវត្សមុននេះ កម្ពុជាធ្លាប់តែរុងរឿងហើយថែមទាំងធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា GANEFO លើកទី២ ដែលជាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក នៅឆ្នាំ១៩៦៦ នាសម័យសង្គមរាស្ត្រនិយម បានវិនាសខ្ទេចខ្ទំ បានក្លាយជាវាលពិឃាតដ៏គួរឱ្យខ្លាចរអា ខណៈដែលវិស័យកីឡារបស់យើងបានបាត់បង់ស្ទើរតែទាំងស្រុង។ កីឡាករ/ការនីយើង ស្ទើរទាំងអស់ត្រូវបានបាត់បង់ជីវិត យើងចាំបាច់ត្រូវខិតខំប្រមូលអតីតកីឡាករ/ការនី ដែលរស់នៅសេសសល់ពីការកាប់សម្លាប់ ចូលមកមកបម្រើការងារនិងស្ដារវិស័យកីឡាឡើងវិញរហូតយើងមានធនធាន អត្តពលិកនិងហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងមានសមត្ថភាពចូលរួមឡើងវិញ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាកម្រិតជាតិ តំបន់ និងអូឡាំពិកដូចសព្វថ្ងៃនេះ។

ក្នុងន័យនេះប្រសិនបើគ្មានសុខសន្តិភាព ដែលត្រូវបានកសាងយ៉ាងលំបាក ដោយសម្ដេចតេជោស្ថាបនិកមគ្គទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ក៏ដូចជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះគ្រប់រូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើដើមទុនដើម្បីស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ​ និងការអភិវឌ្ឍពីបាតដៃទទេនោះទេ យើងក៏នឹងគ្មានថ្ងៃនេះ យើងគ្មានថ្ងៃដែលយើងអាច​ធ្វើជាម្ចាស់ផ្ទះ នៃ(ការ) ប្រកួតកីឡាកម្រិតអន្តរជាតិនេះបានដែរ។ ប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្រ្គាម ហើយយើងដែលជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានបានប្រកបដោយសុភមង្គល ហើយអាចលេងកីឡាឬទស្សនាកីឡាលេងយ៉ាងសប្បាយរីករាយដូចសព្វថ្ងៃនេះទេ។ ដូច្នេះកីឡាពិតជារស់នៅក្នុងសន្តិភាព។ យើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះបានបញ្ចប់ក៏ដោយ។

ជាមួយគ្នានេះ ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ មិនត្រឹមតែបានបានបង្ហាញទៅកាន់អន្តរជាតិ អំពីការរីកចម្រើនរបស់កម្ពុជានៅក្រោយសង្គ្រាមទេ ក៏ដូចជាបង្ហាញនូវអត្តសញ្ញាណ និងបេតិភណ្ឌជាតិមួយចំនួន ដូចជាប្រសាទអង្គរនិងកីឡា ល្បុក្កតោនោះទេ។ ព្រឹត្តិការណ៍នេះក៏បានបំផុសស្មារតីស្រលាញ់ជាតិ ស្រលាញ់កីឡា ស្រលាញ់សុខភាពនិងចលនាជាតិនិយមយ៉ាងផុសផុល ដល់បងប្អូនជនរួមជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ៗរូបឱ្យចងចាំឡើងវិញថា កម្ពុជាពិតជាជាតិមួយថ្កើងថ្កាន មានអរិយធម៌ខ្ពង់ខ្ពស់ យើងគ្រប់គ្នាត្រូវតែមានមោទនភាព។ តាមរយៈការចូលរួមគាំទ្ររបស់បងប្អូនជនរួមជាតិគ្រប់វ័យ គ្រប់ស្រទាប់ ជីវភាពនិងគ្រប់និន្នាការនយោបាយទាំងក្នុងនិងក្រៅប្រទេស​ ព្រឹត្តិការណ៍នេះបានបំផុសចលនាស្មារតីស្រលាញ់ជាតិ ដល់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ថែមទាំងជំរុញឱ្យខ្មែរគ្រប់រូបកាន់តែមានសាមគ្គីភាព និងកាន់តែជិតស្និទ្ធរវាងគ្នាទៅវិញទៅមក។

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះ ក្លាយជាកំណត់ត្រាប្រវត្តិថ្មីមួយទៀតរបស់កម្ពុជា។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកីឡាករ/ការនីកម្ពុជា ដែលបានរួមគ្នាដណ្ដើមបានមេដាយមាសជាច្រើនពុំធ្លាប់មានពីមុនមក ជាពិសេសចំពោះវីរកីឡាការនី ស៊ន សៀវម៉ី, ខាន់ ចេសា, ប៉ាល់ ឆរស្មី, កីឡាករ បឺត សង្ឃឹម, អ្នកស្រី ឌុច ចត្ថា, កីឡាការនីអត្តពលកម្មជនពិការ ក្រុមកីឡាបាល់បោះរទេះនារី និងក្រុមកីឡាបាល់ទះជនពិការបុរស ជាដើម។ ខ្ញុំក៏សូមកោតសរសើរចំពោះកីឡាករ/កានី ដទៃទៀតទាំងអស់ទោះមិនបានមេដាយមាសក៏ដោយ តែក៏បានបង្ហាញទៅពិភពលោកនូវឆន្ទៈនិងស្មារតី កីឡាអូឡាំពិកដែលមិនរុញរា ឬបោះចោលការប្រកួតទោះដឹងថាមិនអាចយកឈ្នះក៏ដោយ។ ស្មារតីត្រូវបានបង្ហាញជាពិសេសដោយកីឡាការនី ប៊ូ សំណាង ដែលបានរត់កាត់ភ្លៀង ផ្គរ រហូតដល់គោលដៅទោះមកដល់ទីផ្ដាច់ព្រ័ត្រក្រោយគេក៏ដោយ។ ត្រូវបានបានបណ្ដាញសារព័ត៌មានអន្តរជាតិធំៗ បណ្ដាញផ្សព្វផ្សាយធំៗនានា ធ្វើការចុះផ្សាយនិងមានទស្សនារហូតទៅដល់ជាង ២ ០០០ លានដង។

ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិល្បៈករ/ការនី ប្អូនៗយុវជនស្ម័គ្រចិត្តក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូននិងជោគជ៍យ។ ការចូលរួមរបស់បងប្អូន ជាកាយវិការដ៏គួរឱ្យគោរព ខ្ញុំសង្ឃឹមថាបទពិសោធន៍នៃព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាការចង់ចាំដ៏ល្អរបស់បងប្អូនទៅអ្នកជំនាន់ក្រោយ។ ជាពិសេសស្មារតីនឹងបានឃើញម្ដងទៀតនៅពេលដែលយើងធ្វើម្ចាស់ផ្ទះនៅកីឡាអាស៊ានយុវជននៅឆ្នាំ ២០២៩ ខាងមុខ។ យើងអាចនិយាយបានថាជំនួបនារាត្រីដ៏សែនមនោរម្យនេះ គឺជាការបិទបញ្ចប់នូវព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទោះបីយើងបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែរាល់ទង្វើនិងសកម្មភាព និងអនុស្សាវរីយ៍ល្អៗដែលយើងបានសាងរួមគ្នា និងជាមួយគ្នាគឺនៅតែចងចាំស្ថិតស្ថិរ និងកត់ត្រាទុកក្នុងបេះដូងរបស់យើងគ្រប់ៗគ្នាជានិច្ច។

ជាទីបញ្ចប់រូបខ្ញុំ និងភរិយា សូមគោរពជូនពរសម្ដេចពិជ័យសេនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស កីឡាករ/ការនី សិល្បៈករ/ការនីទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំឃ្លៀងឃ្លាតឡើយ។ កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា៕

No comments:

Post a Comment