Friday, November 03, 2023

អាជ្ញាធរជាតិអប្សរា ជួសជុលគំនូរបុរាណព្រះវិហារវត្តរាជបូណ៌ ក្រោមការឧបត្ថម្ភថវិការបស់រដ្ឋាភិបាលឥណ្ឌា



រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។


ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨នៃគ្រីស្ដសករាជ។ ទាំងស្ថាបត្យកម្ម និងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិត និងមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។ នៅលើជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយដែលទាមទារឱ្យមានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់។


រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណនោះថា លោកជំទាវក៏ដូចជាពលរដ្ឋកម្ពុជា គឺពិតជាមានមោទនភាពបំផុត ដែលបានចូលរួមក្នុងគម្រោងអភិរក្ស និងជួសជុលផ្ទាំងគំនូរបុរាណដ៏មានតម្លៃ និងកិត្យានុភាព។

លោកជំទាវ ភឿង សកុណា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកជំទាវជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារគំនូរដ៏មានអត្ថន័យ និងមានតម្លៃទាំងនេះនៅតែរឹងមាំ។


លោកជំទាវបណ្ឌិត ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា ដេវីយ៉ានី ខូប្រាកេឌី (Devyani KhoBragade)ក៏មានប្រសាសន៍ដែរថា ការគាំទ្រលើគម្រោងអភិរក្ស និងជួសជុលគំនូរបុរាណក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ការគោរព និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ។


តាំងពីឆ្នាំ២០០៥មក អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិរក្ស និងថែរក្សាសំណង់ទាំងឡាយរបស់វត្តរាជបូណ៌ ហើយចាប់ពីឆ្នាំ២០១៤-២០២០ វត្តរាជបូណ៌ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌជាតិកម្ពុជា៕


























អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក ហ៊ុំ រិទ្ធី/ រ៉ូ សុវណ្ណដារដ្ឋ

No comments:

Post a Comment