Tuesday, October 31, 2023

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចមិនយកភាស៊ី និងថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ

សេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានប្រកាស ពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កន្លងមក ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេច លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ប៊ុន ចាំណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យអនុវត្តនូវសារាចរណែនាំខាងលើ ឱ្យបានម៉ឺងម៉ាត់បំផុត នាឱកាសពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅរាជធានីភ្នំពេញ។
ដើម្បីពង្រឹង និងចៀសវាងជនខិលខូចមួយចំនួន ឆ្លៀតឱកាសដើរប្រមូលថវិកា ក្រោមរូបភាពប្រមូលភាស៊ី ពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័ត ពីអាជីវករនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ គណៈកម្មការផ្សារ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និង អាជីវកម្មប្រមូលចំណូលអនាម័យ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖
១- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត សារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីពីការលុបការបង់ថ្ល ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងករណីមាន បុគ្គលណាទាមទារ ឬបង្ខិតបង្ខំឱ្យបងប្អូនអាជីវករបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗ ផ្ទុយពីការកំណត់ក្នុង សារាចរខាងលើ ត្រូវធ្វើការឃាត់ខ្លួនជាបន្ទាន់ ដើម្បីអនុវត្តទោសទណ្ឌតាមច្បាប់ជាធរមាន។
២- ក្រុមហ៊ុន ឬអ្នកវិនិយោគធ្វើអាជីវកម្មប្រមូលភាស៊ី និងចំណូលអនាម័យគ្រប់ប្រភេទ ដែលទទួល បានសិទ្ធិវិនិយោគស្របច្បាប់ ត្រូវគោរព និងណែនាំដល់ភ្នាក់ងារប្រមូលចំណូលរបស់ខ្លួនឱ្យអនុវត្ត តាមសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយមិនត្រូវប្រមូល ភាស៊ី ឬកម្រៃផ្សេងៗ ពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តជាដាច់ខាត។ ក្នុងករណីមិនអនុវត្តតាមខ្លឹមសារនៃសារាចរខាងលើ នឹងឈានដល់ការលុបកិច្ចសន្យាវិនិយោគ។
៣- បងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ មិនត្រូវបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗជូនទៅភ្នាក់ងារប្រមូលភាស៊ី ឬជនខិលខូចណាមួយឡើយ ហើយត្រូវលក់ដូរនៅតាម ទីតាំងដែលអាជ្ញាធរផ្សារបានរៀបចំជូន ចៀសវាងការលក់ដូរនៅតាមដងផ្លូវ ដែលនាំឱ្យប៉ះពាល់ ដល់សោភណភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
៤- ក្នុងករណីមានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗតាមគ្រប់រូបភាពខុសពីសារាចរ លេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល សូមបងប្អូនអាជីវកររាយការណ៍ ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត ឬ Hotline 1299 ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្ក បានទាន់ពេលវេលា៕










No comments:

Post a Comment