ភ្នំពេញ៖
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣
ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន
និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅសណ្ឋាគារសូហ្វីតែល
រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីស្តីទីឯកឧត្តមសន្តិបណ្ឌិត
នេត សាវឿន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចការពិការភាព
និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន
នាឱកាសទស្សនាស្តង់ពិព័ណ៌របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។
គូរជម្រាបថា
ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣នេះ គឺជាការបង្ហាញអំពីការទទួលខុស
ត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា និងដើម្បីពង្រឹងការអនុវត្តផែនការសកម្មភាពអូស្លូ
ក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្ដល់វេទិកា
ជូនរដ្ឋភាគីនៃអនុសញ្ញាធ្វើការរាយការណ៍ពីវឌ្ឍនភាពក៏ដូចជា សហគមន៍ដែលរងផលប៉ះពាល់
ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ជនមានពិការភាព។
ឯកឧត្តម
ទេសរដ្ឋមន្ត្រី លើកឡើងផងដែរថាសន្និសីទសាកលលើកទី៣
នឹងប្រព្រឹត្តទៅដោយផ្អែកលើសន្និសីទចំនួនពីរកន្លងទៅ (កូឡុំប៊ី និងហ្វ្រិកដានី)
និងត្រូវ រៀបចំឡើងដោយព្រះរាជាណាចក្រកម្ពុជា តាមរយៈអាជ្ញាធរមីន
ក្រោមថវិកាគាំទ្រសាកលដែលផ្តល់ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុបនិងមានការគាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស
ក្នុង ការអនុវត្តកាតព្វកិច្ចផ្សេងៗក្នុងអនុសញ្ញា
ដែលក្នុងនោះរួមមានជំនួយជនរងគ្រោះផងដែរ។
ថ្លែងក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣
ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម
ក្នុងបរិបទនៃសិទ្ធិជនមានពិការភាពថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន
នាយករដ្ឋមន្ត្រីស្តីទីបានថ្លែងថា
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា
និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១%
សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន
ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ ៧៤៨នាក់ (ស្រី ២៣%)
បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន
និងបុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាពមានចំនួន ៥ ៨៣៩នាក់ (ស្រី ៦៦%)
បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត
សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម
វប្បធម៌ កីឡា និងសកម្មភាពនានាដែលបង្ហាញថាគ្មានការរើសអើងចំពោះជនដែលមានពិការភាព
នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជាយើង
និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ
គឺព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអគ្នេយ៍លើកទី១២ ដែលហៅកាត់ថា អាស៊ានប៉ារ៉ាហ្គេម
ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន
នាយករដ្ឋមន្ត្រីស្តីទីបានរអំពាវឱ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព
រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន
និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
នាយករដ្ឋមន្ត្រីស្តីទី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន
បានបន្តអំពាវនាវឱ្យមានការចូលរួមអនុវត្ត
និងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ច្បាប់ស្តីពីកិច្ចការពារ
និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីន
ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ
ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ
និងគ្រប់កម្រិត ហើយចូលរួមលើកទឹកចិត្ត
និងជ្រើសរើសជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ
និងវិស័យឯកជនបន្ថែមទៀត ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំឱ្យចូលរួមធ្វើការផ្សព្វផ្សាយស្តីពីការគោរពសិទ្ធិ
និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព
រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕
No comments:
Post a Comment