Wednesday, October 18, 2023

សកម្មភាពដ៏មមាញឹកនៃការរៀបចំប្រព័ន្ធដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្ត



ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងស្ដារសម្អាតប្រឡាយតាមបណ្ដោយផ្លូវកៅស៊ូជុំវិញប្រាសាទ អង្គរ។ មុនមានការស្ដារសម្អាតនេះ ប្រឡាយនេះមានសំរាម កំណកដីក្រាស់ ស្លឹកឈើ ដែលធ្វើឱ្យស្ទះដល់លំហូរទឹក និងមានទឹកដក់ថែមទៀតដែលធ្វើឱ្យមានបរិស្ថានមិន ស្អាត។


សកម្មភាពខាងលើនេះ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣មក ដោយក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានចុះធ្វើការរៀបចំប្រព័ន្ធប្រឡាយដោះទឹកភ្លៀង និងធ្វើការសម្អាតកំណកដី សំរាម ស្លឹកឈើចេញដើម្បីកុំឱ្យស្ទះដល់លំហូរទឹកនៅពេលដែលមានភ្លៀងខ្លាំងម្ដងៗ។ រហូតមកដល់ពេលនេះ ក្រុមការងារនៅកំពុងមមារញឹកបន្តស្ដារសម្អាត និងរៀបចំប្រព័ន្ធដោះទឹកនៅតាមបណ្តោយផ្លូវកៅស៊ូជុំវិញប្រាសាទអង្គរវត្តឱ្យដំណើរការល្អឡើងវិញ។


ក្រោយពេលការងារស្ដារសម្អាតនេះរួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថានឹងធ្វើឱ្យបរិស្ថានស្អាត និងមានសោភណ្ឌភាព ស្រស់ស្អាតដែលជាទីទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះបន្ថែម៕




















អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

No comments:

Post a Comment