Wednesday, October 04, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានបង្ហាញនូវទឹកចិត្តរំភើបរីករាយ ដែល
សម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម ខណៈពេលគាប់ជួនចៃដន្យ ដែលនាថ្ងៃដដែលនេះមួយឆ្នាំមុន ពោលគឺនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ានូអែល ម៉ារេរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីអំពីជំហររបស់រដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះកម្ពុជាថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ ថ្វីបើភូមិសាស្ត្រនៃប្រទេសយើងទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងដ៏កក់ក្តៅរបស់ប្រជាជាតិទាំងពីរ នៅជិតគ្នាជានិច្ច ។ ក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើន ជាអាទិ៍៖ វិស័យសុខាភិបាល, កសិកម្ម, និងវិស័យសក្តានុពលផ្សេងៗទៀត។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់
រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការជិតស្និទ្ធក្នុងរយៈពេលនៃការបំពេញការងារការទូតរបស់លោកជំទាវនៅកម្ពុជា អស់រយៈកាលកន្លងមកនេះ និងក្នុងនាមរដ្ឋាភិបាល និងប្រជាជនគុយបា លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់បញ្ជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ហង់ ជួនណារ៉ុន តំណាងជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77+China នៅទីក្រុងហាវ៉ាណា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកជំទាវឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការអរគុណជូនចំពោះ ឯកឧត្តមប្រធានាធិបតី Miguel Díaz-Canel Bermúdez ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានរឭកផងដែរអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំងពីរ នាពេលថ្មីៗនេះ ។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាលនោះកម្ពុជាមិនមានមិត្តភក្តិច្រើននៅឡើយ ហើយប្រទេសគុយបាបានក្លាយជាមិត្តដ៏ល្អ ហើយមិត្តភាពនេះក៏បានបន្តរហូតមកដល់បច្ចុប្បន្ន និងក៏កំពុងបន្តពង្រឹង និងពង្រីកទៅមុខកាន់តែរឹងមាំ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែងជួយគ្នាក្នុងគ្រាលំបាក។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា រួមទាំងការស្នើជំរុញឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ ផងដែរ ។
ជាកិច្ចបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា តបតាមការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតីគុយបា ហើយប្រជាជនគុយបាទាំងអស់នឹងត្រៀមខ្លួនទទួលស្វាគមន៍ សម្តេចធិបតី យ៉ាងកក់ក្តៅបំផុត។ ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពទទួលយកសំណើនេះដោយរីករាយ និងបានបញ្ជាក់អំពីបំណងដូចគ្នានេះ ដោយ សម្តេចធិបតី នឹងស្វែងរកពេលវេលាសមស្របណាមួយ ក្នុងពេលខាងមុខ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia







No comments:

Post a Comment