Tuesday, October 17, 2023

គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» បោះមួយជំហានទៀតហើយ, រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុនចិន សិក្សាលំអិត មុនឈានដល់ការចរចាចុះកិច្ចព្រមព្រៀងសាងសង់


(ប៉េកាំង, ចិន)៖ ជារឿងដ៏រីករាយបំផុត នៅពេលនេះគម្រោងសាងសង់ «ព្រែកជីកហ្វូណន​តេជោ» ដែលជា​គម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា បានបោះ​ជំហាន​​​ទៅមុខមួយជំហានទៀតហើយ ដោយរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ច​ព្រម​ព្រៀង​អនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតបន្ថែមលើគម្រោងមួយនេះ មុនឈានដល់ការចរចា​ឈានទៅចុះកិច្ច​ព្រម​ព្រៀងសាងសង់ ដែលជាដំណាក់កាលចុងក្រោយ។

ពិធីចុះហត្ថលេខាអនុញ្ញាតឱ្យក្រុមហ៊ុនចិន សិក្សាលំអិតទៅលើគម្រោងដ៏មានសារៈសំខាន់​ខាង​លើ ត្រូវបានធ្វើឡើងនៅ​ល្ងាច​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ក្រោមអធិបតីភាពរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នេះ ត្រូវបាន​ចុះ​​ហត្ថលេខារវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC)។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពីប្រទេសចិនមកថា ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាការបើកផ្លូវឱ្យក្រុមហ៊ុន CRBC សិក្សាលំអិតលើគម្រោងនេះក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងជាមួយអារម្មណ៍រំភើប និងរីករាយ ដោយ​ចាត់ទុកការចុះហត្ថលេខានៅថ្ងៃនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិត​ទៀត​លើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងបង្ហាញក្តីរំពឹងថា គម្រោងខាងលើអាចនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤ បើមិនមានអ្វីប្រែប្រួលទេនោះ។

ក្នុងពិធីនោះ ក៏មានការចុះហត្ថលេខាលើពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia និងពិធីចុះហត្ថលេខារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) លើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាផងដែរ។

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ និងបន្តមកនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់​សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

តាមការ​សិក្សា បានបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ប្រជាពលរដ្ឋខ្មែរ បានបង្ហាញការសាទរជាខ្លាំងចំពោះគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ និង​សមុទ្ររបស់កម្ពុជានេះ។ ពួកគេក៏ចង់ឱ្យគម្រោងមួយនេះ លេចចេញជារូបរាងក្នុង​ពេល​ឆាប់ៗ​ខាងមុខផងដែរ៕










No comments:

Post a Comment