Wednesday, September 27, 2023

អគ្គនាយកដ្ឋានពន្ធដារ ឆ្លើយតបការលើកទ្បើងថា «រដ្ឋគិតតែយកពន្ធ ខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត»

 (ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកទ្បើងថា «រដ្ឋគិតតែយកពន្ធ ខណៈប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត», អគ្គនាយកដ្ឋានពន្ធដារតាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន បានលើកពីការផ្តល់ការអនុគ្រោះពន្ធស្ទើរគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការវិនិយោគ និងជីវភាពពលរដ្ឋ។

អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ស្របពេលដែលអគ្គនាយកដ្ឋានពន្ធដារ ពង្រឹងទៅលើការប្រមូលចំណូល ដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលក៏បានគិតគូរខ្ពស់ ពីការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញ នូវវិធានការលើកទឹកចិត្តជាច្រើន ជាបន្តបន្ទាប់ និងស្ទើរគ្រប់វិស័យ។

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ដើម្បីជួយម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ការអនុគ្រោះជាច្រើន តាមរយៈ ការដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធរួមមាន៖

* ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញ របស់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មតូចតាច គ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួន របស់អ្នកជាប់ពន្ធ ដែលត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាស

* កំណត់បន្ថែមការផ្គត់ផ្គង់មួយចំនួន ជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូលសំរាម យន្តការនេះមានគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ

* ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ ដែលត្រូវបង់ដើម្បីជាការលើកទឹកចិត្ត សហគ្រាសតូចៗ ក្នុងការប្រកបអាជីវកម្ម

* ការលុបចោលពន្ធសត្តឃាត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ លើសាច់សត្វដែលជាអាហារមូលដ្ឋាន សម្រាប់ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត

* ការដាក់ចេញនូវវិធានគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូចក្នុងកិច្ចប្រតិបត្តិការអាជីវកម្មតូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ

* ការកាត់បន្ថយជាច្រើនលើក នូវមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស តាមរយៈការដំទ្បើង ជាបន្តបន្ទាប់នូវកម្រិតអប្បបរមានៃប្រាក់បៀវត្ស ត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូល ដែលត្រូវជាប់ពន្ធលើប្រាក់ចំណូល ដើម្បីធានាថាមន្ត្រីរាជការសាធារណៈ និងកម្មករ-និយោជិត ដែលទទួលបានប្រាក់បៀវត្ស ឬប្រាក់ឈ្នួលអប្បបរមា មិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ

* ការលុបការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ចំពោះយានយន្តមួយចំនួន ជាអាទិ៍ ទោចក្រយានយន្ត, ត្រីចក្រយានយន្ត, ជលយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋទូទៅ

* ការអនុគ្រោះពន្ធប្រថាប់ត្រា ចំពោះការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់ញាតិ

* ការលុបចោលពន្ធប្រថាប់ត្រា លើលិខិតគតិយុត្ត ស្តីពីការបង្កើតក្រុមហ៊ុន

* ការកែសម្រួលពន្ធតែមប្រិ៍ ដោយលើកលែងការអនុវត្ត ចំពោះលិខិតគតិយុត្តមួយចំនួន ជាអាទិ៍ លិខិតស្នើសុំពាក់ព័ន្ធនឹងវិស័យអប់រំ, ស្នើសុំចូលបម្រើការងារ, សំបុត្រអត្រានុកូលដ្ឋាន។ល។ និង

* ការកែសម្រួលអត្រាការប្រាក់ប្រចាំខែ ចំពោះពិន័យពីការកំណត់ពន្ធទ្បើងវិញ និងការបង់ពន្ធយឺតយ៉ាវនៃប្រាក់ពន្ធដែលបង់ខ្វះ ដើម្បីសម្រួលអត្រាការប្រាក់ តាមស្ថានភាពទីផ្សារជាក់ស្តែង, បន្ធូរបន្ថយបន្ទុករបស់វិស័យឯកជន និងសម្រួលកិច្ចពាណិជ្ជកម្ម។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀត តាមវិស័យសំខាន់ៗ ក្នុងនោះមានជាអាទិ៍៖

* គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP)

- ការអនុគ្រោះពន្ធ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ជាពិសេស លើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធ លើប្រាក់ចំណូលតាមអត្រាកំណើន ត្រឹមកម្រិត ២៥%, ៥០%, និង ៧៥% សម្រាប់រយៈពេល ២ឆ្នាំជាបន្តបន្ទាប់ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ

- ការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញ របស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរ និងកាបូបដៃ និងឧស្សាហកម្មផលិតមួក

- វិធានការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សកម្មភាព កាត់ដេរ និងតម្រឹម របស់គម្រោងវិនិយោគមានលក្ខណ-សម្បត្តិគ្រប់គ្រាន់ (QIP)

- ការអនុគ្រោះឱ្យព្យួរទុកជាបណ្តោះអាសន្ន នូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល របស់សហគ្រាសឧស្សាហកម្ម ផ្នែកវាយនភ័ណ្ឌកាត់ដេរ

* វិស័យមូលបត្រ

- វិធានការលើកទឹកចិត្តផ្នែកពន្ធ ដល់វិស័យមូលបត្រ ជាពិសេសការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥០% នៃពន្ធលើប្រាក់ចំណូល ត្រូវបង់សរុបសម្រាប់រយៈពេល ៣ឆ្នាំ, ការអនុគ្រោះបំណុលពន្ធ, និងការបន្ថយពន្ធកាត់ទុក ៥០% ការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់និងទិញ-លក់មូលបត្រ

* វិស័យហិរញ្ញវត្ថុ
- ការព្យួរទុកជាបណ្តោះអាសន្ន នូវការអនុវត្ត អាករលើតម្លៃបន្ថែម (VAT) លើសេវាដែលមិនមែនជាមូលដ្ឋានខាងហិរញ្ញវត្ថុ
- ការអនុគ្រោះពន្ធកាត់ទុកលើការទូទាត់ការប្រាក់លើប្រាក់កម្ចីពីបរទេសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

* វិស័យកសិកម្ម
- ការលើកទឹកចិត្តពន្ធបន្ថែមចំពោះការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្ករនាំចេញ
- ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូលនិងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម
- ការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើការនាំចេញអង្ករ
- ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព (ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម)
- ការលើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ
- ការព្យួរប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះវិស័យកសិកម្ម (ផលិតផលកសិកម្មដែលត្រូវទទួលបានការអនុគ្រោះរួមមាន ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំទ្បូងមី និងកៅស៊ូ)
- ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ

* វិស័យអប់រំ
- ការលើកលែងពន្ធដារសម្រាប់គ្រឹះស្ថានសិក្សា ដោយលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធអប្បបរមា, អាករលើតម្លៃបន្ថែម, និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ រហូតដល់ឆ្នាំ២០២៨

* វិស័យទេសចរណ៍
- ការលើកលែងការអនុវត្តកាតព្វកិច្ចពន្ធដារសម្រាប់ភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍

* វិស័យសំណង់
- ការអនុញ្ញាតឱ្យសហគ្រាសសំណង់បង់ប្រាក់ពន្ធតាមការគណនាជាក់ស្តែងនៃគម្រោងនីមួយៗជាមុន
- វិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី

* វិស័យអចលនទ្រព្យ
- ការលើកលែងពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យស្ថិតក្នុងភូមិសាស្រ្តមួយចំនួន
- ការលើកទឹកចិត្តចំពោះវិស័យអចលនទ្រព្យ ជាពិសេស ការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ និងការបង្កើនរយៈពេលបង់ពន្ធជាកញ្ចប់ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋាន

* ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យសំខាន់ៗជាច្រើនទៀត

បន្ថែមពីនេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ រាជរដ្ឋាភិបាលបានអនុម័តលើយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលរួមបញ្ចូលវិធានការសម្រួលខាងសារពើពន្ធមួយចំនួនទៀត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត ចាំបាច់នានាក្នុងការជំរុញការអនុវត្ត៕
















No comments:

Post a Comment