Monday, September 04, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ធ្វើឡើង​ក្រោម​​មូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដោយនឹងផ្តោត​លើការជំរុញ​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការ​ពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍​សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំ​សហគមន៍អាស៊ានប្រកប​ដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បី​សម្រេច​បាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និង​សេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សា​លើ​ទស្សន​វិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាក្តីបារម្ភរួម។

ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចធិបតី ហ៊ុន ម៉ា​ណែត ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេច​នា​យ​ក​​រដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក​សំខាន់ៗ​មួយចំនួនទៀត៕



No comments:

Post a Comment