Wednesday, September 06, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា


(ភ្នំពេញ)៖ នៅទីក្រុងហ្សាការតា​​ ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទីពុធ ទី៦ កញ្ញា ២០២៣នេះ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា។

កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ដឹកនាំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោក ចាស់ស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់​ព្រះចៅ​ស៊ុល​តង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សន​សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និង​លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយ​មន្ត្រី​ជាន​ខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។

កិច្ចប្រជុំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រ​ខាង​កើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេត​ការណ៍។ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូល​រួមនៅក្នុង​កិច្ចប្រជុំនេះផងដែរ។

ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ក្រោយការកោះប្រជុំផ្លូវការលើកដំបូង រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀងសហប្រតិបត្តិការ​សេដ្ឋ​កិច្ច អាស៊ាន-កាណាដា (ACECA) ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ច​សហ​ប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកទេសរវាងភាគីទាំងពីរ។

នៅឆ្នាំ២០២០ ការដោះដូរទំនិញទៅមក រវាងអាស៊ាន និងកាណាដា មានចំនួន ១៦,២ពាន់លាន​ដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ៕

No comments:

Post a Comment