Wednesday, September 13, 2023

ទូតជប៉ុន សរសើរសម្តេចតេជោ ហ៊ុន សែន រៀបចំការបន្តវេនប្រកបដោយស្ថេរភាព

 លោកអ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជំប៉ុនប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការរៀបចំអ្នកប្រកបដោយស្ថេរភាព និង​សន្តិភាព។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងពេលលោកឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ក្នុងជំនួបនេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្តារ​សេដ្ឋកិច្ច​សង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជាផល​ប្រយោជន៍របស់ប្រជាជន និងប្រទេសកម្ពុជា។

សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់ នៃនាយករដ្ឋ​មន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់អតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូ (Takeshita Noboru) រហូតដល់អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងលោកនាយក​រដ្ឋ​មន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារជាមួយគ្នាជាញឹកញាប់។

លោកឯកអគ្គរាជទូត បានពាំនាំនូវសារអបអរសាទរដោយផ្ទាល់ពីលោក ហ្វូមីយូ គីស៊ីដា ជូន សម្តេច​តេជោ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធ​សាស្ត គ្រប់ជ្រុងជ្រោយ។

លោក ហ្វមីយូ គីស៊ីដា ក៏បានប្ដេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសម្តេច​មហា​ប​វរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងចំណងមិត្តភាព​កម្ពុជា-ជប៉ុន រយៈ​ពេល៧០ឆ្នាំ ប្រទេសទាំងពីរ បានទទួលនូវផលប្រយោជន៍ទៅវិញទៅមកយ៉ាងច្រើន ជា​ពិសេ​ស​​កម្ពុជាទទួលបានការស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាពកំពង់ផែសមុទ្រខេត្តព្រះសីហនុជាដើម។

លោកឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីផែនការសម្ពោធរោងចក្រដំឡើងរថយន្ត Toyota (CKD) នៅឆ្នាំ២០២៤។ លោកឯកអគ្គរាជទូត បានកោតសរសើរចំពោះតួនាទី​ដ៏សំខាន់របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុង​បេស​​សកម្មសន្តិភាពនៅក្នុងតំបន់ និងពិភពលោកតាមទស្សនៈ «មិនយកសង្គ្រាម ដើម្បីបញ្ចប់​សង្គ្រាម» និង «យកកិច្ចសន្ទនាជាមូលដ្ឋានគ្រឹះ នៃសន្តិភាព»






No comments:

Post a Comment