Tuesday, September 05, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំកិច្ចគាំទ្រពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្រាប់គម្រោង នៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ទៅកាន់សិង្ហបុរី

 


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំកិច្ចគាំទ្រពី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្រាប់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រទៅកាន់សិង្ហបុរី។

ការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។

សំណើភាគីកម្ពុជា បានធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម (Dato' Seri Anwar_bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅរដ្ឋធានីហ្សាកាតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នារសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ, លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ហើយភាគីម៉ាឡេស៊ី មានជំនឿថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចមហាបវរធិបតី។

ទន្ទឹមនេះ, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការគោរពកោតសរសើរចំពោះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អរបស់ម៉ាឡេស៊ី ហើយរូប លោកផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី តែងចាត់ទុកសម្ដេចតេជោ ជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួលដែលប្រទេសម៉ាឡេស៊ី បានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុង ប្រទេសម៉ាឡេស៊ី ។

បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា បន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ាឡេស៊ីក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល, ការងារនិង ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ចំពោះវិស័យសន្តិសុខថាមពល, សម្តេចមហាបវរធិបតី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។

ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។

ជាចុងបញ្ចប់សម្តេចមហាបវរធិបតី ក៏បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និងសមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ៕







No comments:

Post a Comment