Thursday, September 28, 2023

ទស្សនៈ៖ ទោះបីរងវិបត្តិសកល តែរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រឹងប្រែងដំឡើងប្រាក់ឈ្នួលជូនកម្មករ


(ភ្នំពេញ)៖ វិបត្តិសកលកើតចេញពីជំងឺកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងការប្រកួតប្រជែងផ្នែក​ពាណិជ្ជ​កម្មរបស់ប្រទេសមហាអំណាច បានធ្វើឱ្យប្រទេសជាច្រើនជួបនឹងស្ថានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ហើយមាន​ឱន​ភាពសេដ្ឋកិច្ចផងដែរ។ ស្ថានភាពបែបនេះ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ីជាអ្នកផលិត​ផ្នែកសម្លៀក​បំពាក់ ស្បែកជើង កាបូប និងសម្ភារៈតាមខ្លួនជាដើម ធ្លាក់ចុះការបញ្ជាទិញជាច្រើន។

ក្នុងស្ថានភាពបែបនេះ ប្រទេសជាអ្នកផលិតទាំងនោះ ក៏បានសម្រេចផ្អាកការដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិតរយៈពេលប៉ុន្មានជា២ ទៅ៣ឆ្នាំចុងក្រោយនេះ។

នៅកម្ពុជាបើទោះបីស្ថិតក្នុងស្ថានភាពបែបណា ក្រោមស្មារតីគិតគូរពីជីវភាព និងការលំបាករបស់កម្មករ និយោជិតនោះ រាជរដ្ឋាភិបាល​កម្ពុជា បានរិះរកគ្រប់វិធី ដើម្បីដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត ទោះបីតិច ឬច្រើនក្តី។ ជាក់ស្តែង​នៅថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាទើបសម្រេចបានលទ្ធផលនៃការដំឡើងប្រាក់​ឈ្នួលអប្បបរមា ឬប្រាក់ខែ​គោល​ទាបបំផុតជូនកម្មករ និយោជិតសម្រាបឆ្នាំ២០២៤ ចំនួន២០៤ដុល្លារ បន្ទាប់ពីបើកការចរចាយ៉ាង​ស្វិត​ស្វាញចំនួន​២០លើក។ ប្រាក់ឈ្នួលនេះ ឡើង​លើស​ប្រាក់​ឈ្នួលឆ្នាំ២០២៣ ចំនួន ៤ដុល្លារ។ ក្នុងនោះប្រាក់​ឈ្នួល២ដុល្លារជាការព្រមព្រៀងពីភាគីនិយោជក ហើយ​២​ដុល្លារ​​ទៀត ជាការសម្រេចឧបត្ថម្ភបន្ថែម​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការដំឡើងប្រាក់ឈ្នួលនេះមិនច្រើន តែជារង្វាន់​ដ៏ធំ​របស់រាជរដ្ឋាភិបាលជូនកម្មករ និយោជិត ក្នុងស្ថានភាពពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

លទ្ធផលនៃការដំឡើងប្រាក់ឈ្នួលនេះ ជាការបង្ហាញឱ្យឃើញច្បាស់ពីការគិតគូររបស់រាជរដ្ឋាភិបាល ជា​ពិសេស​​​​​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកម្មករ និយោជិត។ លទ្ធផលនេះ ក៏បាននាំ​មកនូវ​ក្តីពេញ​ចិត្ត និង​ការសាទរពីសំណាក់កម្មករ និយោជិតផងដែរ។ ពួកគេបានមើលឃើញថា ការដំឡើងប្រាក់ឈ្នួលពិត​ណាស់​មិន​ច្រើន តែក្នុងកាលៈទេសៈស្ថានភាពសេដ្ឋកិច្ចជួបវិបត្តិដូចពេលបច្ចុប្បន្ន គឺជារឿងដ៏វិសេសវិសាល​សម្រាប់​ពួក​គេ​។ តាមរយៈការដំឡើងប្រាក់ឈ្នួល ៤ដុល្លារនេះ នឹងធ្វើឱ្យប្រាក់បន្ថែមម៉ោងរបស់ពួកគេបានកើន​ឡើង ដូច្នេះប្រាក់ប្រចាំខែក៏នឹងបានខ្ពស់ជាងពេលបច្ចុប្បន្នផងដែរ។

យោងតាមរបាយការណ៍ពីអង្គការផ្នែកការងារ បានបង្ហាញថា ប្រាក់ឈ្នួលកម្មករនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខ្ពស់​ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ដូចជាប្រទេសវៀតណាម មានប្រាក់ឈ្នួលចន្លោះពី ១៣៨​ដុល្លារ ទៅ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៣៩ដុល្លារ, ប្រទេសបង់ក្លាដែស ៧៤ដុល្លារ, ប្រទេសឡាវ ៧៥ដុល្លារ និងប្រទេសមីយ៉ាន់ម៉ា ៦៩ដុល្លារ។

សម្រាប់កម្ពុជាវិញ កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលមធ្យមពី ២១៧ដុល្លារ ទៅ២៥៩ដុល្លារក្នុងមួយខែ ដោយមិនទាន់គិតពីប្រាក់ថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងអត្ថប្រយោជន៍ពីបេឡេជាតិ​របប​សន្តិ​សុខសង្គម។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗហើយនោះ ក៏បានខិតខំ​រួម​ចំណែកកាត់បន្ថយបន្ទុកចំណាយរបស់កម្មករ និយោជិតជាបន្តបន្ទាប់ដូចជា៖

* បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ ជំនួសបងប្អូន​កម្មករ​និយោជិត ១០០ភាគរយ ក្នុងផ្នែកថែទាំសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០ភាគរយ ក្នុង​ផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា ៦ដុល្លារ ក្នុង ១ខែ និងអាចរក្សាបាននូវ​សន្តិ​សុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារហូតដល់ពេលចូល​និវត្តន៍។ កម្មករនិយោជិតឱ្យតែបានបង់ភាគទានប្រាក់សោធនយ៉ាងតិច ១២ខែ នៅពេលអាយុ ៦០ឆ្នាំ នឹង ទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាពរហូតដល់ទទួលមរណភាព។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលកម្មករនិយោជិត និងវិស័យឯកជនទទួល​បានរបបសន្តិសុខ​សង្គម ជាពិសេសរបបសោធននិវត្តន៍ ដូចមន្ត្រីសាធារណៈដែរ។ ជារួមបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាន​គិតគូរដល់សុខុមាលភាព របស់បងប្អូនកម្មករនិយោជិតពេញមួយជីវិត តាំងពីកើត ចាស់ជរា និងទទួល​មរណ​ភាព។

គិតចាប់ពីឆ្នាំ២០១៨ រហូតដល់ត្រឹមខែសីហា ឆ្នាំ២០២៣ មានកម្មករ និយោជិត បានទៅព្យាបាល​ជំងឺជា​ច្រើន​លើក និងច្រើនករណីដោយមិនចាំបាច់បង់ប្រាក់ ដែលគិតជាសរុបស្មើនឹងជាង ១៣,៦លានករណី ស្មើនឹងទឹក​ប្រាក់​ប្រមាណជិត ៣៨២លានដុល្លារ។

ចំពោះកម្មករនិយោជិតជាស្រ្តីបានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធគាំពារសង្គម គឺកម្មវិធី​ផ្តល់​ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម ២ឆ្នាំ។ ក្នុងនោះមុនពេល​សម្រាល ទទួលបានការឧបត្ថម្ភចំនួន ៤លើក និងក្រោយពេលសម្រាលចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល។ នៅពេលសម្រាលកូន ទទួលបានប្រាក់​ឧបត្ថម្ភ​បន្ថែមចំនួន ៨០ម៉ឺនរៀល។ ជាសរុបរាជរដ្ឋាភិបាល បានជួយឧបត្ថម្ភជាសាច់ប្រាក់ចំនួន ១លាន ៩សែន ២ម៉ឺនរៀល ដល់កម្មការិនី តាំងពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។

ដោយឡែកសម្រាប់អ្នកមានកូនភ្លោះ ២នាក់ គឺទទួលបានប្រាក់បន្ថែមចំនួន ៤០ម៉ឺនរៀល និងភ្លោះ ៣នាក់ ទទួលបានប្រាក់បន្ថែមចំនួន ៨០ម៉ឺនរៀល។ លើសពីនេះ អ្នកមានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភ​បន្ថែមចំនួន ៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

បច្ចុប្បន្នកម្មករនិយោជិតជាស្ត្រី ដែលឈប់សម្រាកលំហែរមាតុភាពចំនួន ៩០ថ្ងៃ នឹងទទួលបានប្រាក់ឈ្នួល​រហូតដល់ ១២០ភាគរយ ក្នុងនោះ ៥០ភាគរយ ទទួលបានពីនិយោជក និង ៧០ភាគរយ ទៀតទទួលបានពី ប.ស.ស.។

តាមអ្វីដែលបានគូសរំលេចនេះ គឺស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ​ស្ថាន​ភាពជីវភាពរបស់កម្មករ និយោជិត តាមរយៈយន្តការបង្កើនប្រាក់ឈ្នួល និងកាត់បន្ថយការចំណាយ​ប្រចាំ​ខែ​​របស់ពួកគេ ដើម្បីរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ការណ៍នេះ ក៏បានឆ្លុះបង្ហាញឱ្យឃើញច្បាស់​ពី​សុច្ឆន្ទៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តោតជា​សំខាន់ទៅលើជីវភាព និងការងារសម្រាប់ប្រជាពលរដ្ឋ៕

ដោយ៖ វ៉ាន់ សារាយ
ប្រភព៖ Fresh News

No comments:

Post a Comment