Friday, September 15, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រាបទូលថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ពីគម្រោងជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគីរវាងកម្ពុជា និង ចិន

នាល្ងាចថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន, ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះប្រទាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ។ នាឱកាសដ៏ថ្លៃថ្លានេះ, សម្តេចធិបតី និង លោកជំទាវបណ្ឌិត ក៏បានក្រាបបង្គំទូលសួរអំពីព្រះរាជសុខភាព និងគោរពថ្វាយព្រះពរ ដល់ព្រះអង្គទាំងទ្វេ ។
ជាមួយគ្នានេះដែរ, សម្តេចធិបតី បានក្រាបទួលថ្វាយព្រះអង្គទាំងទ្វេ អំពីដំណើរទស្សនកិច្ចផ្លូវការដែល សម្តេចធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី គ្រោងនឹងជួបសម្តែងការគួរសមដោយឡែកជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តម ចាវ ឡឹជី ប្រធានសភាតំណាងប្រជាជនចិន ។ សម្តេចធិបតី ក៏គ្រោនឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង ផងដែរ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគីរវាងកម្ពុជា និង ចិន ។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការសម្តេចធិបតី នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។
ដោយ៖ ទទក











No comments:

Post a Comment